ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ថា លោក ហ៊ុន សែន ជា​មេ​ដឹក​នាំ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​លើ​អាយុ​ជីវិត​ប្រជា​ពលរដ្ឋ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ក្រៅ​ប្រទេស រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា មិន​ចេះ​ទទួល​ខុស​ត្រូវ​លើ​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ ហើយ​គិត​តែ​រក​វិធី​ការពារ​អំណាច​របស់​ខ្លួន។ ការ​លើក​ឡើង​នេះ បន្ទាប់​​ពី​​ពលរដ្ឋ​ទាំង​នោះ មើល​ឃើញ​ថា ក្នុង​ពេល​វីរុស​កូរ៉ូណា កំពុង​រាតត្បាត​ខ្លាំង​ជុំវិញ​ពិភព​លោក បែរ​ជា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មិន​ព្រម​បិទ​ជើង​ហោះ​ហើរ និង​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញ​ពី​ប្រទេស​ចិន ដូច​ដែល​រដ្ឋាភិបាល​ប្រទេស​នានា កំពុង​ធ្វើ​នោះ​ទេ។

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ និង​រស់​នៅ​ឯ​ក្រៅ​ប្រទេស លើក​ឡើង​ថា ពួក​គេ​ហួស​ចិត្ត ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​យក​ចិត្ត​ទុក​ដាក់​ការពារ ហើយ​ថែម​ទាំង​ប្រមាថ​អាយុ​ជីវិត​ប្រជា​ពលរដ្ឋ​ខ្មែរ​ខ្លួន​​ឯង​ទៀត​ ទាក់ទង​នឹង​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ពី​ប្រទេស​ចិន។

សកម្មជន​បក្ស​ប្រឆាំង​មួយ​រូប ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ លោក រិន រដ្ឋ បាន​បន្ទោស​ធ្ងន់ៗ ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ដែល​សម្រេច​ចិត្ត ដោយ​មិន​គិតគូរ​អំពី​អាយុ​ជីវិត​របស់​ប្រជា ពលរដ្ឋ​ជា​សំខាន់ ដូច​រដ្ឋាភិបាល​ប្រទេស​ថៃ។ លោក​បន្ត​ថា ការ​មិន​ផ្អាក​ជើង​ហោះ​ហើរ និង​មិន​ជម្លៀស​និស្សិត​ខ្មែរ​ដែល​កំពុង​ជាប់​នៅ​តំបន់​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​ក្នុង​ប្រទេស​ចិន​នោះ គឺ​កាន់​តែ​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន សុខ​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់ ដោយសារ​វីរុស​កូរ៉ូណា ប៉ុន្តែ​មេ​ដឹក​នាំ​ក្រាញ​អំណាច​រូប​នេះ មិន​ព្រម​បាត់បង់​ទំនាក់ទំនង​ជាមួយ​ចិន​នោះ​ទេ ដើម្បី​ឲ្យ​ប្រទេស​មហា​អំណាច​កុម្មុយនិស្ត​មួយ​នេះ ធ្វើ​ជា​ខ្នង​បង្អែក​ការពារ​អំណាច​របស់​ខ្លួន៖«រដ្ឋាភិបាល​ថៃ គេ​មាន​ផែនការ​ច្បាស់លាស់ គេ​យក​ពលរដ្ឋ​គេ​ជា​ធំ ហើយ​គេ​ទប់​ស្កាត់​វីរុស​កូរ៉ូណា​ដូច​ជា​បិទ​ជើង​យន្តហោះ​ជាមួយ​ចិន ហើយ​យក​យន្តហោះ​ទៅ ដឹក​ជន​ជាតិ​គេ​ពី​ចិន​មក​វិញ ដូច្នេះ​រដ្ឋាភិបាល​គេ​ទទួល​ខុស​ត្រូវ​ណាស់ ប៉ុន្តែ​យើង​ក្រឡេក​មើល​កម្ពុជា​យើង​វិញ គឺ​ខុស​គ្នា។ ខុស​គ្នា​ត្រង់​ថា ពិភពលោក ព្រួយ​បារម្ភ​ជាមួយ​វីរុស​កូរ៉ូណា ប៉ុន្តែ​លោក ហ៊ុន សែន អត់​មាន​ព្រួយ​បារម្ភ​ទេ អត់​មាន​បិទ​ជើង​យន្ត​ហោះ ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​ជន​ជាតិ​ចិន​ចូល​ស្រុក​ខ្មែរ​ទៀត។ ខ្ញុំ​មាន​ការ​សោក​ស្ដាយ​ណាស់ ចំពោះ​វិធានការ​របស់​លោក ហ៊ុន សែន មិន​គិត អំពី​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ»។

ពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត​រស់​នៅ​ក្នុង​ប្រទេស​ជប៉ុន គឺ​លោកស្រី ម៉ូរី ប៉ូរ៉ា សង្កេត​ឃើញ​ថា វិធានការ​ការ​ទប់​ស្កាត់​វីរុស​កូរ៉ូណា​របស់​រដ្ឋាភិបាល​ជប៉ុន ខុស​គ្នា​ឆ្ងាយ​ដូច​មេឃ និង​ដី បើ​ប្រៀបធៀប​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ លោកស្រី ពន្យល់​ថា ក្រោយ​ប្រទេស​ចិន​ផ្ទុះ​វីរុស​កូរ៉ូណា​ភ្លាម គឺ​រដ្ឋាភិបាល​ជប៉ុន បាន​បញ្ជូន​យន្តហោះ​ទៅ​ដឹក​ពលរដ្ឋ​របស់​ខ្លួន​មក​ប្រទេស​ជប៉ុន​វិញ ហើយ​ពិនិត្យ​ថែទាំ​ពលរដ្ឋ​ទាំង​នោះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត ។ លើស​ពី​នេះ លោក​ស្រី​ថា រដ្ឋាភិបាល​ជប៉ុន បាន​ចាត់​វិធានការ​តឹងរ៉ឹង​នានា ដូចជា ផ្អាក​ជើង​ហោះហើរ​ជាមួយ​ចិន​បណ្ដោះអាសន្ន ដើម្បី​កុំ​ឲ្យ​ជន​ជាតិ​ចិន នាំ​មេរោគ​ដ៏​កាច​សាហាវ​មួយ​នេះ ចូល​ប្រទេស​ជប៉ុន និង ចម្លង​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ព្រម​ទាំង​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ជប៉ុន​ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន​ផង​ដែរ។ ផ្ទុយ​ទៅ​វិញ​លោក​ស្រី​ថា រដ្ឋាភិបាល​កម្ពុជា​ហាក់ បាន​ចាត់​ទុក​អាយុ​ជីវិត​របស់​ពលរដ្ឋ​ខ្មែរ​ជា​រឿង​លេង​សើច ដោយ​មិន​ព្រម​ផ្អាក​ជើង​ហោះ​ហើរ​ជា​មួយ​ចិន​ហើយ ថែម​ទាំង​បង្គាប់​ឲ្យ​និស្សិត​ខ្មែរ កុំ​ចាក​ចេញ​ពី​ប្រទេស​ចិន ដើម្បី​រួម​សុខ​រួម​ទុក្ខ​ជាមួយ​ប្រជាជន​ចិន ដែល​កំពុង​មាន​ជំងឺ​ឆ្លង​ទៅ​វិញ ដែល​នេះ​ជា​រឿង​ដ៏​គួរ​ឱ្យ​ខក​ចិត្ត៖ «ខ្ញុំ​មើល​ទៅ​គាត់ (លោក ហ៊ុន សែន) អត់​ដែល​យក​ចិត្ត​ទុក​ដាក់​អំពី​សុខភាព សុខ​ទុក្ខ និង​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទេ ។បើ​គាត់​ជា​មេ​ដឹក​នាំ ដែល​ស្រលាញ់​ប្រជា​ពលរដ្ឋ​ខ្លួន គាត់​មិន​ប្រើ​ពាក្យ​សម្តី​ចឹង​ទេ ត្រូវ​មាន​វិធានការ​ដូច​ប្រទេស​គេ​ផ្សេងៗ។ ខ្ញុំ​ហួស​ចិត្ត​មិន​ដឹង​ថា រក​ពាក្យ​អី​និយាយ​មិន​ឃើញ ។បើ​គាត់​ចង់​រួម​សុខ​រួម​ទុក្ខ គឺ​ឲ្យ​គ្រួសារ​របស់ គាត់​ទៅ​រួម​សុខ​រួម​ទុក្ខ​ទៅ កុំ​រុញ​ឲ្យ​ពលរដ្ឋ​ដែល​គ្នា​ភ័យ​ខ្លាច»។

ស្រដៀង​គ្នា​នេះ ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង គឺ​យុវជន ឡេង វណ្ណៈ រៀបរាប់​ថា លោក​សោក​ស្ដាយ​ដែល​កម្ពុជា​មាន​មេ​ដឹក​នាំ​ដូច​លោក ហ៊ុន សែន ដែល​លោក​​ចាត់​ទុក​ថា ជា​មនុស្ស​អសមត្ថភាព និង​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​អំពី​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​តាំង​ពី​ដើម​មក។ ពលករ​រូប​នេះ ឲ្យ​ដឹង​ថា នៅ​ពេល​មាន​ករណី​ផ្ទុះ​វីរុស​កូរ៉ូណា​ពី​ប្រទេស​ចិន ឆ្លង​រីក​រាលដាល​ពេញ​ពិភព​លោក​បែបនេះ គឺ​រដ្ឋាភិបាល​កូរ៉េ បាន​យក​ចិត្ត​ទុក្ខ​ខ្លាំង​បំផុត ដើម្បី​ការពារ​សុខុមាលភាព និង​អាយុ​ជីវិត​របស់​មនុស្ស​គ្រប់​រូប ដែល​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ៖ « រដ្ឋាភិបាល​ខ្មែរ សព្វ​ថ្ងៃ​នេះ អសមត្ថភាព ឬ​ក៏​ម៉េច​មិន​ដឹង​ទេ ព្រោះ​ខ្ញុំ​យល់​ឃើញ​ថា គាត់​យក​ជីវិត​របស់​ប្រជាពលរដ្ឋ​ទៅ​លេង​សើច​ជាមួយ​ជំងឺ ដែល​ពិភព​លោក គេ​ខ្លាច​ព្រួយ​បារម្ភ។ យើង​ដឹង​ទាំង​អស់​គ្នា ហើយ​គួរ​តែ​ស្តី​បន្ទោស​ទៅ​រដ្ឋាភិបាល ដែល​យក​ជីវិត​ពលរដ្ឋ​ទៅ​លេង​សើច​អ៊ីចឹង។ មិន​ដឹង​ថា គាត់ ( លោក ហ៊ុន សែន ) ជា​មនុស្ស​ល្ងង់ ឬ​ធ្វើ​ល្ងង់​នោះ​ទេ »

ពលករ​ខ្មែរ​រូប​នេះ មាន​មន្ទិល​សង្ស័យ​ថា នៅ​កម្ពុជា​អាច​មាន​អ្នក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម បង្ក​ដោយ​វីរុស កូរ៉ូណា​លើស​ពី​ម្នាក់ ព្រោះ​កម្ពុជា​មាន​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ច្រើន​បូក​រួម​ទាំង​អ្នក​ដែល​មក​រក​ស៊ី និង​រស់​នៅ​កម្ពុជា​ទៀត​ផង ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ទំនង​ជា​លាក់​បាំង​ព័ត៌មាន ឬ​អាច​មក​ពី​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​ខ្សោយ​ពុំ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ពិនិត្យ​រក​ឃើញ​រោគ​សញ្ញា នៃ​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​នេះ៖ «ប្រទេស​ថៃ ប្រទេស​ផ្សេងៗ គេ​រក​ឃើញ​មេរោគ​កូរ៉ូណា​ជា​បន្ត​បន្ទាប់ ចម្លែក​អី​តែ​ស្រុក​ខ្មែរ នៅ​តែ​មាន​មួយ​ករណី ទាំង​ដែល​មាន​ជន​ជាតិ​ចិន​ចេញ​ចូល​នឹង​គេ​ដែរ ហើយ​មាន​ជន​ជាតិ​ចិន​មក​ពី​វូហាន ៣ពាន់​នាក់​ទៀត។ ខ្ញុំ​គិត​ថា គេ​បិទ​ព័ត៌មាន​កុំ​ឲ្យ​យើង​ដឹង កុំ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច»។

អាស៊ីសេរី បានព្យាយាមទាក់ទង​សុំ​ការ​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ​ពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ពីរ​រូប គឺ អ្នកស្រី ឱ វណ្ណឌីន និង​លោក លី សូវ៉ាន់ ព្រម​ទាំង​អ្នក​នាំ​ពាក្យ​ក្រសួងការ​បរទេស លោក កុយ គួង ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ​នោះ​ទេ នៅ​ថ្ងៃ​ទី៣ ខែ​កុម្ភៈ។

ជំងឺ​រលាក​ប្រព័ន្ធ​ដង្ហើម ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ថ្មី​នេះ បាន​ផ្ទុះឡើង​នៅ​ទីក្រុង​វូហាន ខេត្ត​ហ៊ូបេ (Hubei) ប្រទេស​ចិន ចាប់​តាំងពី​ចុងខែ​ធ្នូ ឆ្នាំ២០១៩ ។ គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ វីរុស​កូរ៉ូណា បាន​សម្លាប់​មនុស្ស ៣៦០នាក់​ក្នុង​ប្រទេស​ចិន និង​ម្នាក់ទៀត​នៅ​ប្រទេស​ហ្វីលីពីន ហើយ​អ្នក​ឆ្លង​វីរុស​នេះ បាន​កើន​ដល់​ជិត ២ម៉ឺន​នាក់​ហើយ ។ ករណី​ឆ្លង​មេរោគ​នេះ បាន​រីក​រាលដាល ដល់​ប្រទេស​ចំនួន ២៦ នៅ​លើ​ពិភពលោក រួម​ទាំង​ប្រទេស​ចិន​ផង​ដែរ ។ អង្គការ​សុខភាព​ពិភពលោក ប្រកាស​ដាក់​ករណី​ផ្ទុះ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ជា​បញ្ហា​អាសន្ន​សាកល​ផ្នែក​សុខភាព។

ទោះ​ជា​យ៉ាង​ណា រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រកាស​ថា អាជ្ញាធរ​កម្ពុជា​ពុំ​មាន​វិធានការ​បិទ​ជើង​ហោះហើរ និង​ជម្លៀស​និស្សិត​ខ្មែរ​ពី​ប្រទេស​ចិន​នោះ​ទេ ក្រោម​ហេតុ​ផល​ថា ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន ហើយ​លោក​ពុំ​ខ្វល់​ចំពោះ​អ្វី​ដែល​​​រដ្ឋាភិបាល​ប្រទេស​នានា​កំពុងតែ​ធ្វើ​នោះ​ទេ ។ លោក ហ៊ុន សែន ថែមទាំង បង្គាប់​កុំ​ឱ្យ​និស្សិត​ខ្មែរ​វិល​មក​កម្ពុជា​វិញ​ដោយ​ខ្លួន​ឯង ដោយ​ត្រូវ​នៅ​រួមសុខ​រួម​ទុក្ខ​ជាមួយ​ប្រជាជន​ចិន ហើយ​លោក​ថែម​ទាំង​អំពាវនាវ​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ភ័យ​ជ្រុល​ហួស​ហេតុ​ពេក​ផង​ដែរ៖ «អត់​មាន​តម្រូវការ​នៃ​ការ​ជម្លៀស​និស្សិត​ខ្មែរ មកកាន់​កម្ពុជា​ទេ ដោយ​យើង​ទុក​នៅ​ទីនោះ ដែល​ជា​ការ​រួមសុខ​រួម​ទុក្ខ​ជាមួយគ្នា ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។ បើ​ជម្លៀស​និស្សិត មិន​ចាំបាច់​សុំ​អាហារូបករណ៍​ចិន​ទៅទៀត​ទេ ច្បាស់​ជា​ចិន​នឹង​មិន​ឱ្យ​ទេ​។ អាហ្នឹង​ខ្ញុំ​ប៉ាន់ស្មាន​ទុក ខ្ញុំ​មិន​ដឹង​ថា​ចិន​គាត់​គិត​យ៉ាងម៉េច​ទេ​។ ក៏ប៉ុន្តែ​សម្រាប់​ខ្ញុំ បើ​ខ្ញុំ​ជា​ចិន ខ្ញុំ​អត់​ឱ្យ (​ អាហារូបករណ៍​ ) អ្នកឯង​ទៀត​ទេ ព្រោះ​ពេល​ស្រួល​អ្នក​ឯង​មក​រក​ខ្ញុំ ពេល​លំបាក​អ្នក​ឯង​រត់ចោល​ខ្ញុំ​។ បើ​ខ្ញុំ​ជា ស៊ី ជីន​ពីង ឬ លី ឃើ​ឈាង គឺ​ខ្ញុំ​អត់​ឱ្យ​ទេ !»។

ឆ្លើយ​តប​នឹង​ការ​ប្រកាស​បែបនេះ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​រិះគន់​លោក ហ៊ុន សែន ថា ជា​មេដឹកនាំ​ដែល​គិត​​តែ​ពី​រឿង​រណប​ចិន ដើម្បី​ការពារ​អំណាច​ផ្ដាច់​ការ និង​ពុក​រលួយ ហើយ​សុខ​ចិត្ត​​ទទួល​យក​ហានិភ័យ​​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​​ដោយសារ​ជំងឺ​មក​ពី​ប្រទេស​ចិន។ លោក​ថា​ សូម្បី​តែ​ប្រទេស​វៀតណាម រុស្ស៊ី និង​ប្រទេស​មួយ​ចំនួន ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ជា​មួយ​ប្រទេស​ចិន ក៏​ពួក​គេ​បាន​សម្រេច​បិទ​ព្រំដែន មិន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន ចូល​មក​ក្នុង​ប្រទេស​គេ​ដែរ ដើម្បី​ជៀសវាង​ការ​ឆ្លង​ជំងឺ​ថ្មី​នេះ។ លោ​ក សម រង្ស៊ី ស្ដី​បន្ទោស​របប​ដឹក​នាំ​សព្វ​ថ្ងៃ​ដែល​​នៅតែ​អនុញ្ញាត​ឱ្យ​អ្នក​​ទេសចរណ៍ និង​​អ្នក​​ដំណើរ​ពី​ប្រទេស​ចិន អាច​ចេញ​ចូល​កម្ពុជា​បាន​តាម​ចិត្ត​ ទោះជា​ពិភពលោក​ទាំងមូល​បាន​ប្រកាស​ភាព​អាសន្ន ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ពី​​ប្រទេស​ចិន​ក៏​ដោយ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា មានប្រសាសន៍ថា អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ គឺ​ជា​រឿង​សំខាន់​បំផុត ឬ​ជា​អាទិភាព​ទី​មួយ ដូច ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដូច្នេះ​លោក​ថា រដ្ឋាភិបាល ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ការពារ និងដោះ​ស្រាយ​ភ្លាមៗ ដោយ​មិន​អាច​រង់ចាំ​ទាល់​តែ​មាន​អ្នក​ឈឺ​ច្រើន ឬ​មាន​អ្នក​ស្លាប់​នោះ​ទេ។ លោក​មើល​ឃើញ​ថា រដ្ឋាភិបាល​ប្រទេស​នានា ដូច​ជា នៅ​វៀតណាម ថៃ សិង្ហបុរី កូរ៉េ និង​ជប៉ុន​ជា​ដើម ពិត​ជា​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត ក្នុង​ការ​ទប់​ស្កាត់​វីរុស​កូរ៉ូណា កុំ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ពលរដ្ឋ​គេ ស្រប​ពេល​​ប្រទេស​ខ្លះ មិន​ត្រឹម​តែ ហាម​ជន​ជាតិ​ចិន មិន​ឲ្យ​ចូល​ប្រទេស​គេ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ហាម​​ជន​បរទេស​ណា​ក៏​ដោយ ឲ្យ​តែ​មាន​ប្រវត្តិ​ធ្លាប់​នៅ​ប្រទេស​ចិន​ក្នុង​អំឡុង​ពេល ផ្ទុះ​វីរុស​កូរ៉ូណា ក៏​មិន​អនុញ្ញាត​ឱ្យ​ចេញ​ចូល​ប្រទេស​គេ​ដោយ​សេរី​ដែរ។ លោក មឿន តុលា ថ្លែង​បន្ត​ថា ប្រទេស​ណា​ក៏​បារម្ភ​ពី​សេដ្ឋកិច្ច​ដែរ ប៉ុន្តែ​រដ្ឋាភិបាល ត្រូវ​ថ្លឹងថ្លែង​ថា អាយុ​ជីវិត​ពលរដ្ឋ​ម្នាក់ៗ គឺ​សំខាន់​ជាង​លុយ ហើយ​ត្រូវ​តែ​ការពារ​ដាច់ខាត៖«គួរ​តែ​ផ្អាក​ជើង​យន្តហោះ​ពី​ចិន​សិន​ទៅ វា​មិន​មែន​ជា​ការ​រើសអើង​ជន​ជាតិ​ចិន​ទេ សុំ​យក​រឿង​ចែក​គ្នា​ឲ្យ​ដាច់ សូម្បី​តែ​អង្គការ​សុខភាព​ពិភព​លោក គេ​ក៏​បញ្ជាក់​ដែរ​ថា វា​មិន​មែន​ជា​រឿង​មួយ ដែល​ប្រឆាំង​ចិន​ទេ ប៉ុន្តែ​ត្រូវ​តែ​ពួត​ដៃ​គ្នា​ទប់ស្កាត់​វីរុស​នេះ ព្រោះ​កាល​ណា​ជំងឺ​ឆ្លង​កាន់​តែ​ច្រើន​ទៅៗ វា​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ពិភព​លោក​ដែរ។ ជា​ពិសេស ត្រូវ​តាម​ដាន​មើល​ចំណាត់​ការ​ប្រទេស​នានា ជា​ពិសេស ប្រទេស​សិង្ហបុរី គេ​មាន​ចំណាត់​ការ​ល្អ​ណាស់»។

ជា​មួយ​គ្នា​នេះ លោក មឿន តុលា ក៏​សម្ដែង​ការ​សោក​ស្ដាយ​ដែរ ដែល​កាល​ពី​សប្ដាហ៍​មុន លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ថា នឹង​ពុំ​មាន​ការ​ជម្លៀស​និស្សិត​ខ្មែរ​ពី​ប្រទេស​ចិន និង​មិន​ឲ្យ​អ្នក​កាសែត​ពាក់​ម៉ាស់​ការពារ​ក្នុង​ពេល​លោក​ធ្វើ​​សន្និសីទ​កាសែត​ជា​ដើម។ លោក យល់ថា វិធានការ​ជម្លៀស​និស្សិត​ខ្មែរ​ចេញ​ពី​ប្រទេស​ចិន គឺ​ជា​កាតព្វកិច្ច​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ ដើម្បី ជួយ​ពលរដ្ឋ​របស់​ខ្លួន​ពី​គ្រោះថ្នាក់ និង​ថែម​ទាំង​ជួយ​សម្រាល​បន្ទុក​របស់​រដ្ឋាភិបាល​ចិន​ផង​ដែរ។ ចំណែក​រឿង​ពាក់​ម៉ាស់​វិញ លោក​ថា គឺ​ជា​សិទ្ធិ និង​ជា​រឿង​អាយុ​ជីវិត​របស់​គេ ម្នាក់ៗ ហើយ ជា​ពិសេស រដ្ឋាភិបាល​គួរ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​ពាក់​ម៉ាស់​ការពារ​ថែម​ទៀត៖«ខ្ញុំ​ឃើញ​សម្ដេច​នាយក​រដ្ឋមន្ត្រី ថា មិន​មាន​ការ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​វូហាន ហើយ​បើ​សិន​ជា​លោក ស៊ី ជិនពីង វិញ នឹង​មិន​ឲ្យ​អាហារូបករណ៍ និង​ថា គេ​កំពុង​មាន​ទុក្ខ យើង​មិន​គួរ​ចេញ ខ្ញុំ​គិត​ថា យើង​គួរ​កែ​ទម្លាប់​មួយ រឿង​គុណ​ជា​រឿង​ផ្សេង​រឿង​អាយុ​ជីវិត​មនុស្ស​ជា​រឿង​ផ្សិង ដូច​ខ្ញុំ​បាន​លើក​ឡើង​អ៊ីចឹង​ថា អាយុ​ជីវិត​មនុស្ស​ចាត់​ទុក​ជា​អាទិភាព​ទី១។ អា​រឿង​គុណ​ស្រ័យ​យើង​អាច​សង​គុណ​គេ យើង​អាច​ជួយ​គេ ដូចជា វៀតណាម គេ​បាន​ប្រកាស​ផ្ដល់​ថវិកា​មួយ​ចំនួន​ដល់​ចិន ដើម្បី​ជួយ​កម្ចាត់​វីរុស​នេះ ដូច្នេះ​យើង​អាច​ជួយ​តាម​រយៈ​នេះ ប៉ុន្តែ យើង​កុំ​យក​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​យើង ទៅ​ដោះដូរ​ជា​មួយ​អា​គុណ​ស្រ័យ​អស់​ហ្នឹង ឬ​អាហារូបករណ៍​អី​ប៉ុណ្ណឹង។កាល​ណា​យក​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​យើង​ទៅ​ដោះដូរ​ជាមួយ​អា​គុណ​ស្រ័យ​អស់​ហ្នឹង ដូច​ជា អសីលធម៌​ណាស់ អត់​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ពលរដ្ឋ»។

រដ្ឋធម្មនុញ្ញមាត្រា៣៣ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​នៅ​ឯ​បរទេស ត្រូវ​បាន​រដ្ឋ​គាំពារ ហើយ​មាត្រា ៣៥ ចែង​ទៀត​ថា សេចក្ដី​ស្នើ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះ​ស្រាយ​ដោយ​ហ្មត់ចត់​ដោយ​អង្គការ​រដ្ឋ។ ស្រប​តាម​ន័យ​​នេះ សង្គម​ស៊ីវិល​​​​អះអាង​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​កាតព្វកិច្ច​​ជម្លៀស​ក្រុម​និស្សិត​ខ្មែរ​ចំនួន​​២៣ នាក់ ដែល​កំពុង​ជាប់​នៅ​ក្រុង​វូហាន (Wuhan) ទី​ដែល​កំពុង​មាន​ការ​រីករាល​ដាល​ខ្លាំង​នៃ​វីរុស​កូរ៉ូណា ដោយសារតែ​ពួក​​គេ​បាន​ដង្ហោយ​​រក​អន្តរាគមន៍​នេះ​ពី​រដ្ឋាភិបាល​​កម្ពុជា​ម្ដង​ហើយ​ម្ដង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។