មន្ត្រីសង្គមស៊ីវិលធ្វើការងារផ្នែកបោះឆ្នោតស្នើអ្នកតំណាងរាស្ត្រឱ្យយកចិត្តទុកដាក់បំពេញតួនាទីឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមដោះស្រាយបញ្ហា ដែលពលរដ្ឋជាម្ចាស់ឆ្នោតកំពុងជួបប្រទះ។ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាឆ្លើយតបថា អ្នកតំណាងរាស្ត្របានបំពេញការងារយ៉ាងសស្រាក់សស្រាំ ដើម្បីជួយដល់រដ្ឋាភិបាលក្នុងពេលកម្ពុជាកំពុងជួបប្រទះការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩នេះ។ ប៉ុន្តែទោះជាយ៉ាងណាអ្នកឃ្លាំមើលថាតំណាងរាស្រ្តត្រូវពិនិត្យមើលសំណើពលរដ្ឋ តាមដានការអនុវត្តរបស់រដ្ឋាភិបាល ដែលជាការងារស្នូលមិនមែនផ្ដោតតែទៅលើការចែកអំណោយឱ្យពលរដ្ឋឡើយ។
មន្រ្តីផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល (COMFREL) ស្នើឱ្យតំណាងរាស្ត្រតាមដានការងារអនុវត្តច្បាប់របស់រដ្ឋាភិបាល ការបង្កើតក្របខ័ណ្ឌគោលនយោបាយ និងពិនិត្យថវិកាជាតិ ដែលត្រូវយកមកប្រើប្រាស់ ដើម្បីជួយដល់ពលរដ្ឋនៅពេលមានវិបត្តិជំងឺកូវីដ-១៩។
លោក កន សាវាង្ស បន្តថាតួនាទីអ្នកតំណាងរាស្ត្រមិនមែនធ្វើតែកិច្ចការមនុស្សធម៌ចែកអំណោយដល់ពលរដ្ឋទេ គឺត្រូវពិនិត្យកិច្ចការធំៗ របស់ជាតិ ធានាថារដ្ឋាភិបាលបានបំពេញការងារត្រឹមត្រូវតាមច្បាប់ ការពារផលប្រយោជន៍ពលរដ្ឋ និងគោរពសិទ្ធិមនុស្ស៖ « ទោះជាការអនុវត្តរបស់អាជ្ញាធរយ៉ាងណាក៏ដោយ តំណាងរាស្ត្រត្រូវតែបំពេញបន្ថែមទៀតជាពិសេស តំណាងរាស្ត្របានបង្កើតជាច្បាប់ពាក់ព័ន្ធនឹងកូវីដនេះតែម្ដងនៅក្នុងដំណាក់កាលកូវីដនេះ។ អ៊ីចឹងហើយ បើសិនជាអ្នកតំណាងរាស្រ្តអាចពិនិត្យមើលនូវ ការប្រឈមទាំងឡាយ ដែលកើតឡើងពីការអនុវត្តនេះ ឬអ្វីដែលអាចកើតឡើងនេះ តំណាងរាស្ត្រអាចមានភារកិច្ច នៅក្នុងការជជែកជាមួយអង្គនីតិប្រតិបត្តិ ទៅលើអ្នករដ្ឋមន្ត្រី ឬមន្ត្រី ដែលទទួលខុសត្រូវ ឬផ្នែកអ៊ីចឹង។ ឧទាហរណ៍ ដូចការលើកឡើងពាក់ព័ន្ធនឹងថវិកាជាដើមអ៊ីចឹង។ យើងដឹងហើយថា ថវិកាមានការអនុម័ត ដើម្បីចាយបានគឺ សភាជាអ្នកអនុម័តអំពីថវិកាជាតិ។ តាមខ្ញុំដឹងគឺ ថវិកាបម្រុងទុកហ្នឹងគឺមានប្រមាណ២០ភាគរយសម្រាប់ផែនការរបស់រដ្ឋាភិបាលក្នុងការចំណាយបម្រុងទុកហ្នឹង។ ទន្ទឹមនឹងហ្នឹងដែរជាការពិតតំណាងរាស្ត្រ មិនមានតួនាទីចុះទៅចែកអំណោយអីទេ។ ការចែកអំណោយគឺ ជារឿងសប្បុរសធម៌ ផ្ទាល់ខ្លួនរបស់តំណាងរាស្ត្រជារឿងមួយផ្សេង។ ប៉ុន្តែរឿងសំខាន់គឺពិនិត្យមើលពីផលប៉ះពាល់ ដូចជាឧបមាថា រឿងគោលនយោបាយ របស់រដ្ឋ ដែលជួយទំនុកបម្រុង នៅក្នុងមូលដ្ឋានតំបន់ ដែលបិទខ្ទប់កំពុងរងផលប៉ះពាល់ហ្នឹងថាតើស្អីដែលអាចតំណាងរាស្ត្រជួយបានជាជំនួយបន្ថែមទៅដល់តំណាងរាស្ត្រ ដើម្បីជួយទៅដល់អ្នកមានវិបត្តិ ព្រោះមានហ្វេសប៊ុកខ្លះលើកឡើងពីផលប៉ះពាល់ត្រូវការជំនួយ ដែលរដ្ឋមិនបានជួបប្រទះ មិនទាន់បានជួយ ឬបានជួយហើយ តែនៅខ្វះចន្លោះមិនទាន់បានគ្រប់គ្រាន់ » ។
ឆ្លើយតបនឹងរឿងនេះ តំណាងរាស្ត្រមណ្ឌលបាត់ដំបងគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន អះអាងថា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានបំពេញការងារជាប្រចាំ មិនដែលធ្វេសប្រហែស ជួយទៅដល់ពលរដ្ឋ ជួយដល់ការងាររបស់រដ្ឋាភិបាលជាប់ជានិច្ច៖ « ការផ្ដល់អំណោយ គឺចាំបាច់ណាស់ នៅពេលដែលពលរដ្ឋខ្វះខាត ដើម្បីធ្វើយ៉ាងម៉េចឱ្យគាត់បានភ្លាមអោយបានទាន់ពេលវេលា កុំឱ្យគាត់ដាច់ស្បៀង។ អ៊ីចឹងហើយ អ្នកតំណាងរាស្ត្របានធ្វើកិច្ចការងារហ្នឹងយ៉ាងច្រើន។ យើងឃើញអ្នកតំណាងរាស្ត្រសស្រាក់សស្រាំ លោកជំទាវ ឡោក ខេង លោកធ្វើជាប់រហូត សូម្បីតែម៉ាស់ ក៏ទិញទៀត យកទៅជូនប្រជាពលរដ្ឋនៅក្នុងកន្លែង ដែលគាត់ទទួលខុសត្រូវនៅខណ្ឌច្បារអំពៅ។ ឯកឧត្ដម កែប ជុតិមា ក៏គាត់សស្រាក់សស្រាំណាស់ដែរ។ លោកជំទាវ ម៉ាណាវី មានដើមកំណើតជាខ្មែរឥស្លាម ការងារដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋខ្វះខាតក្នុងផ្នែកខ្មែរឥស្លាមគាត់សស្រាក់សស្រាំខ្លាំងណាស់។ នៅរាជធានីភ្នំពេញហ្នឹងអ្នកតំណាងរាស្ត្រទាំង១២នាក់ហ្នឹងមិនដែលមិនយកចិត្តទុកដាក់ទេ។ ក្នុងនាមជាតំណាងគណបក្សប្រជាជនកម្ពុជា យើងមិនធ្វើដូចភ្លៀងមួយមេ ២មេ ហើយចប់នោះទេ យើងធ្វើការងារនេះដូចភ្លៀងរលឹម យើងធ្វើជាប់រហូត។ យើងទៅជិតប្រជាពលរដ្ឋយើងក្នុងរយៈពេល ៣ខែវ៉ាកង យើងមិនដែលនៅរាជធានីទេ អ្នកតំណាងរាស្ត្រ ដែលមកពីខេត្ត គាត់តែងត្រឡប់ទៅខេត្តវិញ។ ព្រោះរឿងអីបានយើងធ្វើរហូត ? គឺជាការចង់ឈ្នះចង់ចាញ់ ដើម្បីគ្រប់គ្រងអំណាចហ្នឹងយើងទៅបម្រើប្រជាពលរដ្ឋវិញ។ បើយើងមិនឈ្នះឆ្នោតទេយើងគ្មានលទ្ធភាពទៅបម្រើពលរដ្ឋទេ គេមិនអោយយើងទៅបម្រើទេ » ។
បើទោះជាយ៉ាងនេះក្ដី ចំពោះអតីតសមាជិកសភា នៃរដ្ឋវិកតូរីយ៉ា (Victoria) នៅក្នុងប្រទេសអូស្ត្រាលី លោក ហុង លឹម វិញ មើលឃើញដែរថា អ្នកតំណាងរាស្ត្រទាំង១២៥នាក់នៅក្នុងសភាឯកបក្ស របស់គណបក្សប្រជាជនកម្ពុជា នៅពេលបច្ចុប្បន្ននេះមិនបានអនុវត្តតួនាទីរបស់ខ្លួនបានត្រឹមត្រូវឡើយ។ លើសពីនេះបានបណ្ដែតបណ្ដោយអោយរដ្ឋាភិបាលអាចធ្វើបាបពលរដ្ឋតាមអំពើចិត្ត ដូចករណីប្រើរំពាត់វាយពលរដ្ឋ ដែលចេញក្រៅផ្ទះនៅក្នុងតំបន់បិទខ្ទប់នាពេលកន្លងទៅនោះជាដើម៖ « នៅអូស្ត្រាលីនេះគេទើបតែចុះផ្សាយថ្មីៗថា អ្នកឯងកើតជំងឺកូវីដនៅស្រុកខ្មែរ មិនកើតក៏ដោយបើចេញពីផ្ទះត្រូវគេវាយនឹងរំពាត់ផ្ដៅ បើនៅក្នុងផ្ទះនឹងអត់បាយក្រហាយទឹក។ ស្ដាប់ទៅវាថា យើងកើតកំណើតជាខ្មែរហ្នឹង វាឈឺចាប់សម្បើមណាស់ វាខ្មាសអៀនសម្បើមណាស់។ ដូច្នេះការដែលលើកឡើង ដោយសារគ្មានវត្តមានគណបក្សប្រឆាំងដែលមានឥទ្ធិពល វាឥតប្រសិទ្ធភាពហ្នឹង គឺ ១២៥នាក់ហ្នឹងជាសមាជិករបស់គណបក្សកាន់អំណាចទាំងអស់ ចង់និយាយថាយើងធ្វើអីក៏ដោយទាំងបំពាន តាមតែអំពើចិត្តយើងរហូត។ ហេតុម៉េចបានជានៅតែបណ្ដោយឱ្យអ្នកកាន់អំណាចអាចធ្វើអ្វីបានស្រេចចិត្តតទៅទៀត។ ការណ៍ដែលធ្វើមកហ្នឹងគេកត់សម្គាល់មក គេស្រងាកចិត្ត គ្រប់គ្នាទាំងអស់ពេញមួយពិភពលោក។ ហើយឥឡូវហ្នឹងលោកនិយាយពីការខិតខំទាំងប៉ុន្មានប្រហែលយើងត្រូវទទួលស្គាល់ការខិតខំហ្នឹង។ ប៉ុន្តែសូម្បីប្រទេសអូស្ត្រាលីបានផ្ដល់ប្រាក់២៨លានដូល្លារ ហើយស្រាប់តែឥឡូវថាអត់មានលុយទេ។ លោកនាយករដ្ឋមន្ត្រីបាននិយាយពីរឿងលុយរាប់ពាន់លានដុល្លារ មាសសាមសែសិបតោនចាំ អត់មានបញ្ហាទេអាកូវីដហ្នឹង ស្រាប់តែហើយស្រែកកោកៗថាអត់មានទេត្រូវខំប្រឹងអត់បាយក្រហាយទឹកទាំងអស់គ្នាយ៉ាងអ៊ីចឹងទៅ គឺជាភាពគួរឱ្យខ្មាសអៀនណាស់អ្នកដឹកនាំយើង ដែលត្រូវទទួលខុសត្រូវចំពោះអាយុជីវិតយើង ចំពោះសុខុមាលភាព ចំពោះជីវិតរបស់អ្នកទាំង ១៦លាននាក់ហ្នឹង ចេញមកសម្ដីរបៀបហ្នឹង។ ចេញមកហ៊ានទៅអួតអាងប្រាប់នាយករដ្ឋមន្ត្រីថ្មីវៀតណាមពីរឿងការណ៍កូនប្រុសរបស់ខ្លួនពូកែដឹកនាំប្រឆាំងនឹងកូវីដ។ តែពូកែប្រឆាំងអី ? ប្រឆាំងរបៀបគេដើរចេញទៅដើរវាយគេតាមផ្លូវ ហើយបង្អត់បាយគេហ្នឹង ?» ។
រដ្ឋាភិបាលលោក ហ៊ុន សែន បានបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅក្នុងខេត្តកណ្ដាលជាផ្លូវការចាប់តាំងពីថ្ងៃទី១៥ ខែមេសាមក។ ចំណែកក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែត និងតំបន់សំខាន់ៗនៅតាមខេត្តមួយចំនួនទៀតដូចជាខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ជាដើមក៏ត្រូវបិទខ្ទប់ជាបន្តបន្ទាប់ដែរ ក្រោយការឆ្លង ជំងឺកូវីដ-១៩បានបន្តរាលដាលទៅដល់ទីនោះ និងកាន់តែច្រើនឡើងៗ។ ពលរដ្ឋជាច្រើននាំគ្នាដង្ហោយសុំ ជំនួយសង្គ្រោះជាបន្ទាន់។ ចំណែកពលរដ្ឋមួយចំនួនទៀត ក៏បាត់បង់ចំណូលសុំឱ្យផ្អាកសងបំណុលធនាគារ ខ្លះទៀតស្នើសុំបញ្ចុះថ្លៃទឹកថ្លៃភ្លើង ខ្លះទៀតសុំបញ្ចុះថ្លៃបន្ទប់ជួលជាដើម។ ក្រៅពីនេះក៏មានបញ្ហាពលរដ្ឋត្រូវមានទោស និងផាកពិន័យដែលល្មើសបម្រាបបិទខ្ទប់ ស្របពេលអ្នកជំងឺកើនច្រើនខ្វះកន្លែងព្យាបាល ព្យាបាលមិនទាន់ពេលវេលាជាដើម។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិរួមទាំងមេដឹកនាំបក្សប្រឆាំងផង បានរិះគន់វិធាននេះ ថា អាជ្ញាធររឹតត្បិតហួសហេតុ និងមិនបានឆ្លើយតបតាមតម្រូវការថវិកា ស្បៀងអាហារបានគ្រប់គ្រាន់ និងទាន់ពេលវេលា ក្នុងពេលដែលរដ្ឋាភិបាលអះអាងថា មានថវិកាបម្រុង មិនតិចជាង១ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាកើតចេញពីវិបត្តិជំងឺកូវីដ-១៩ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។