សង្គមស៊ីវិលច្រានចោលការចោទប្រកាន់ថា ពួកគេនៅពីក្រោយខ្នងនៃការតវ៉ារបស់ពលរដ្ឋ
2020.11.28
សង្គមស៊ីវិល និងអ្នកតវ៉ាដោយសន្តិវិធីច្រានចោលការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា សង្គមស៊ីវិលជាអ្នកញុះញង់ប្រជាពលរដ្ឋឲ្យតវ៉ា។ ពួកគេយល់ថា ការលើកឡើងនេះ គឺជាការគេចវេះមិនទទួលខុសត្រូវលើបញ្ហាដែលកើតឡើងលើប្រជាពលរដ្ឋ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា មន្ត្រីសង្គមស៊ីវិល និងមេធាវីមួយចំនួនមានក្រមសីលធម៌ត្រឹមត្រូវ ហើយពាក្យពេចន៍ដែលពួកគេនិយាយប្រាប់ពលរដ្ឋ គឺជាការផ្តល់ជំនួយផ្នែកច្បាប់ មិនមែនជាការញុះញង់ដូចការលើកឡើងរបស់លោក ហ៊ុន សែន នោះទេ។ លោកថា ការថ្លែងសារបែបនេះ គឺជាការគំរាមកំហែង និងរឹតត្បិតសិទ្ធិសេរីភាពរបស់អង្គការក្រៅរដ្ឋាភិបាលក្នុងការអនុវត្តការងារ ព្រោះប្រសាសន៍របស់លោក ហ៊ុន សែន មានឥទ្ធិពលលើមន្ត្រីមូលដ្ឋាន ដោយពួកគេអាចបន្តរឹតបន្តឹង និងតាមដានសកម្មភាពរបស់មន្ត្រីសង្គមស៊ីវិលជាដើម៖ «ក្នុងក្រមព្រហ្មទណ្ឌ គឺបទញុះញង់ គឺញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ មានន័យថា យើងទៅញុះញង់ក្រុមណាមួយឲ្យទៅធ្វើខុសច្បាប់ ប៉ុន្តែបើសិនជាយើងទៅអប់រំគាត់ ឲ្យគាត់ចេះគោរពច្បាប់ ឲ្យគាត់ចេះប្រើប្រាស់សិទ្ធិសេរីភាព ខ្ញុំថា អាហ្នឹងមិនមែនជាអំពើញុះញង់ទេ។ អាហ្នឹងយល់ៗច្រឡំគ្នាកន្លែងហ្នឹងហើយត្រង់ហ្នឹងហើយបាទ! ប្រហែលជាអាចមានការភ័ន្តច្រឡំត្រង់ផងហ្នឹង»។
ការលើកឡើងរបស់មន្ត្រីសិទ្ធិមនុស្សរូបនេះ គឺជាការឆ្លើយតបទៅនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងនៅពេលថ្មីៗនេះ ដោយចោទប្រកាន់អង្គការក្រៅរដ្ឋាភិបាល និងមេធាវីមួយចំនួនថា បានធ្វើសកម្មភាពញុះញង់ប្រជាពលរដ្ឋ ដើម្បីឲ្យធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។ លោកបន្តថា លោកលើកទឹកចិត្តឲ្យពួកគេផ្ដល់ជំនួយផ្លូវច្បាប់ ឬការពារក្តីជូនជនក្រីក្រ ជាជាងការញុះញង់ប្រជាពលរដ្ឋ៖ «មានអង្គការមួយចំនួន និងមេធាវីខ្លះក៏ឆ្លៀតឱកាសរុញឲ្យមានបាតុកម្មផ្ទុះឡើង។ យើងលើកទឹកចិត្តឲ្យផ្តល់ជំនួយផ្លូវច្បាប់ ឬការពារក្តីជូនជនក្រីក្រ តែយើងមិនលើកទឹកចិត្តឲ្យអ្នកធ្វើសកម្មភាពញុះញង់ ដើម្បីរុញឲ្យធ្វើបាតុកម្មនោះទេ អ្នកអាចយល់។ រឿងខ្លះរុញពីកំពង់សោម រុញពីកោះកុង រុញពីក្រចេះ មិនមែនយើងមិនដឹងទេ»។
ក្រៅពីលោក ហ៊ុន សែន អាជ្ញាធរ និងក្រុមសន្តិសុខខណ្ឌដូនពេញ ដែលតែងតែរារាំង រុញច្រាន និងគំរាមកំហែងក្រុមស្ត្រីតវ៉ាថ្ងៃសុក្រ ក៏បានចោទចំៗទៅអង្គការសិទ្ធិមនុស្សក្នុងស្រុក និងអង្គការសហប្រជាជាតិខាងផ្នែកសិទ្ធិមនុស្ស (UN) ដែលទៅឃ្លាំមើលការតវ៉ានោះថា ជាអ្នកនៅពីក្រោយខ្នង និងជាអ្នកសម្របសម្រួល ឲ្យក្រុមស្ត្រីឡើងមកតវ៉ាផងដែរ។
ផ្ទុយពីការចោទប្រកាន់នេះ ប្រពន្ធរបស់សមាជិកគណបក្សសង្គ្រោះជាតិ លោក កាក់ កុម្ភារ គឺលោកស្រី ព្រំ ចន្ថា ឲ្យដឹងថា ការតវ៉ានេះ គឺចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋដែលរងគ្រោះផ្ទាល់ដោយការរំលោភបំពានសិទ្ធិសេរីភាព និងរឿងអយុត្តិធម៌ផ្សេងៗលើគ្រួសាររបស់ពួកគេ ដោយមិនពាក់ព័ន្ធនឹងអង្គការក្រៅរដ្ឋាភិបាលនោះទេ។ លោកស្រីបន្តថា ក្រុមសង្គមស៊ីវិលគ្រាន់តែជាអ្នកឃ្លាំមើលការតវ៉ារបស់ពលរដ្ឋប៉ុណ្ណោះ។ លោកស្រីស្នើឲ្យលោក ហ៊ុន សែន បញ្ឈប់ការទម្លាក់កំហុសឲ្យអង្គការក្រៅរដ្ឋាភិបាល ហើយងាកមកដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលរងភាពអយុត្តិធម៌វិញប្រសើរជាង៖ «ចោទប្រកាន់លើសង្គមស៊ីវិលម៉េចកើត រាល់ថ្ងៃខ្ញុំបានពួកគាត់ហ្នឹងតើ គាត់គ្មាននៅពីក្រោយខ្នងពួកខ្ញុំទេ និយាយរួមអត់ទាំងអស់ហ្មង ហើយចោទប្រកាន់លើពួកគាត់អ៊ីចឹងខុសហើយ ខ្ញុំអត់ទទួលស្គាល់ទេ ព្រោះពួកគាត់ដែលបានឃ្លាំមើលពួកខ្ញុំ តាមដានពួកខ្ញុំនេះ គាត់ស្ម័គ្រចិត្តដោយខ្លួនឯង ខ្ញុំគ្មានទៅសុំជំនួយពីគាត់ ហើយក៏មិនដែលផ្ដល់ប្រឹក្សាអីមកឲ្យពួកខ្ញុំដែរ ខ្ញុំចង់និយាយអ៊ីចឹង។ គឺខ្ញុំធ្វើសុទ្ធចិត្ត គឺដូចៗថា ខ្ញុំធ្វើគឺឆន្ទៈពួកខ្ញុំ ព្រោះធម្មតាអូន បាត់ប្តី រងអំពើអយុត្តិធម៌។ រាល់ថ្ងៃមានហ្នឹងស្អី ឥឡូវនេះ បើយើងមិនទៅស្រែក មិនទៅទាមទារសួរថា បានអីមកវិញ។ ខ្ញុំត្រូវតែធ្វើព្រោះរាល់ថ្ងៃឆ្នាំងបាយរបស់ខ្ញុំបោកហើយ បែកអស់ហើយ អ៊ីចឹងបើខ្ញុំមិនធ្វើ ខ្ញុំនៅផ្ទះម៉េចកើត?»។
កន្លងមក ក្រុមអង្គការការពារសិទ្ធិមនុស្សមួយចំនួន ដូចជាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) សមាគមអាដហុក (ADHOC) និងមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) ធ្លាប់បានចេញផ្សាយរបាយការណ៍ឃ្លាំមើលសិទ្ធិមនុស្ស រួមគ្នា ដោយរកឃើញថា រដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ នៅតែគាបសង្កត់ រឹតត្បិត បំភិតបំភ័យធ្ងន់ធ្ងរ លើសិទ្ធិសេរីភាពមូលដ្ឋានរបស់ក្រុមអង្គការសង្គមស៊ីវិល សហជីព និងពលរដ្ឋទូទៅ។ ទាំងអង្គការជាតិ និងអន្តរជាតិ សុទ្ធតែទាមទារឱ្យរបបលោក ហ៊ុន សែន បញ្ឈប់ទង្វើរំលោភបំពានទាំងនេះ និងគោរពសិទ្ធិទាំងឡាយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។