នាយករដ្ឋមន្ត្រីគុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជាហើយ កាលពីរសៀលថ្ងៃទី៤ ខែតុលា ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ ថ្ងៃ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំង ២។ ទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់លោក ហ៊ុន សែន បន្ទាប់ពីលោកបានបំពេញទស្សនកិច្ច នៅប្រទេសគុយបាកាលពីពេលថ្មីៗនេះ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីគុយបា នឹងចូលគាល់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ នៅថ្ងៃទី៥ ខែតុលានេះ លោកនាយករដ្ឋមន្ត្រីគុយបា បានជួបពិភាក្សា ជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា។
កាលពីល្ងាចថ្ងៃទី៤ ខែតុលា លោកនាយករដ្ឋមន្ត្រីគុយបា ក៏បានជួបពិភាក្សាទ្វេភាគីជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបានអញ្ជើញធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាលើវិស័យសុខាភិបាល កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសរបស់ប្រទេសទាំងពីរ។
ក្នុងជំនួបនេះដែរ លោក ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង និងភាពជោគជ័យដែលប្រទេសគុយបាដែលបានទទួលនោះ គឺការស្រាវជ្រាវលើវិស័យសុខាភិបាល និងការផលិតវ៉ាក់សាំង សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ មេដឹកនាំគុយបា ក៏បានអរគុណកម្ពុជាដែលបានផ្ដល់អង្ករចំនួន៦ពាន់តោន ដល់ប្រទេសគុយបាផងដែរ។
រដ្ឋាភិបាលកម្ពុជា និងគុយបា ប្ដេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងវិស័យអប់រំ កីឡា វប្បធម៌ វិស័យព័ត៌មាន ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។