គ្រោះថ្នាក់​​កើត​ចេញ​​ពី​​ការ​​ប្រៀប​ប្រដូច​​មនុស្ស​​ទៅ​​នឹង​​សត្វ​តិរច្ឆាន​​របស់​​ខ្មែរក្រហម

0:00 / 0:00

នៅថ្ងៃ​ទី១៧ មេសា​នេះ ​កាល​ពី ៤៧ឆ្នាំ​មុន កងទ័ព​ឧទ្ទាម​ខ្មែរក្រហម​ដឹក​នាំ​ដោយ សាឡុត ស ឬ ប៉ុល ពត វាយ​ដណ្ដើម​បាន​ទីក្រុង​ភ្នំពេញ​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ ដឹកនាំ​ដោយ​លោក សេនា​ប្រមុខ លន់ នល់។ ពេល​ឡើង​កាន់​​អំណាច​ភ្លាម ខ្មែរក្រហម​ពុំ​បាន​ចាប់​ផ្ដើម​ផ្សះផ្សា​ជាតិ ក្រោយ​សង្គ្រាម​បង្ហូរ​ឈាម​ខ្មែរ​គ្នា​ឯង​រយៈ​ពេល​ជាង ៥ឆ្នាំ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ខ្មែរក្រហម​បាន​បណ្ដេញ​មនុស្ស​ចេញ​ពី​ទីក្រុង និង​​សម្លាប់​អតីត​ទាហាន និង​មន្ត្រី​នៃ​រដ្ឋការ​នៃ​របប​មុន។ ពួក​គេ​បាន​សាប​ព្រោះ​មនោគមន៍​វិជ្ជា​ជ្រុល​និយម​នៃ​បដិវត្តន៍​កុម្មុយនិស្ត ដោយ​បញ្ឆេះ​កំហឹង និង​លាប​ពណ៌​ខ្មែរ​គ្នា​ឯង​ឱ្យ​មាន​ការ​ស្អប់ខ្ពើម​គ្នា។ ខ្មែរក្រហម​បាន​ហៅ​អ្នក​ដែល​មាន​មតិ​ផ្ទុយ​ពី​ខ្លួន​ថា ជា​ខ្មាំង​បដិវត្តន៍ ឬ​ជា​សត្រូវ​របស់​ប្រជាជន។ កាន់​តែ​គ្រោះថ្នាក់​ទៅ​ទៀត​នោះ គឺ​ខ្មែរ​ក្រហម​បាន​ប្រៀបប្រដូច​មនុស្ស ដែល​ខ្លួន​មិន​ពេញ​ចិត្តជា​សត្វតិរច្ឆាន ជា​មេរោគដែលត្រូវ​កម្ចាត់​ចោល។

តើ​​ការលាបពណ៌ និងការប្រៀបប្រដូច​មនុស្ស​ជា​​មេរោគចង្រៃ​ អាចបង្ក​គ្រោះថ្នាក់​បែប​ណា​ដល់​សង្គម​ជាតិ?

តែ​ក្នុង​រយៈ​ពេល​ជិត ៤ឆ្នាំ ក្រោយ​ឡើង​កាន់​អំណាចនៅ​ថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ១៩៧៥ របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម ធ្វើ​ឱ្យ​បាត់បង់​ជីវិត​មនុស្ស​ជិត ២លាន​នាក់។ ទោះ​មាន​ភស្តុតាង​បញ្ជាក់​ពី​ឧក្រិដ្ឋកម្ម​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ក្ដី ក៏​មេ​ដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម មិន​ដែល​ទទួល​ស្គាល់​ថា មាន​ការ​កាប់​សម្លាប់​ប្រជាជន​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ទទួល​ស្គាល់​ថា មាន​ការ​សម្លាប់​ខ្មាំង​បដិវត្តន៍ ​ជា​មេរោគ​ចង្រៃ ដែលត្រូវ​បោស​សម្អាត​ចេញ​ពី​សង្គម​កម្ពុជា។

ខ្មែរក្រហម​បាន​បែងចែក​ខ្មាំង​ជា​ពី​រប្រភេទ គឺ​ខ្មាំង​ខាង​ក្នុង និង​ខ្មាំង​ខាង​ក្រៅ។ ខ្មាំង​ខាង​ក្នុង គឺ​ប្រជាជន​ខ្មែរ​ខ្លួន​ឯង ដែល​មិនយល់​ស្រប​តាម​មាគ៌ា​បដិវត្តន៍​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា។ រីឯ​ខ្មាំង​ខាង​ក្រៅ​វិញ គឺ​សំដៅ​ដល់​ជន​បរទេស ដូចជា វៀតណាម និង​ចក្រពត្តិ​អាមេរិក ជា​ដើម។ គណបក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​ជា​អង្គការ​ដឹក​នាំ​កំពូល​នៃ​របប​ខ្មែរក្រហម តែង​បារម្ភ​អំពី​អ្វី​ដែល​ពួក​គេ​ហៅ​ថា "ខ្មាំង​ស៊ី​រូង​ផ្ទៃ​ក្នុង"។

នាយក​មជ្ឈមណ្ឌលឯកសារ​កម្ពុជាលោក ឆាំង យុ ឱ្យ​ដឹង​ថា កម្មាភិបាល​ខ្មែរក្រហម​បាន​យក​ពាក្យ​ខ្មាំង​នេះ​មក​បកស្រាយ និង​អនុវត្ត​តាម​អំពើ​ចិត្ត បណ្ដាល​ឱ្យ​មនុស្ស​ស្លូត​ត្រង់​រាប់ម៉ឹន​នាក់​ត្រូវបាន​ចោទ​ប្រកាន់ លាប​ពណ៌ និង​​សម្លាប់ចោល៖ «ពាក្សថា ខ្មាំងហ្នឹងវាមានន័យទូលំទូលាយ វាបណ្ដាលឱ្យអ្នកខាងក្រោមហ្នឹងយកបកស្រាយទៅតាមខ្លួនគិតឃើញនៅក្នុងមូលដ្ឋាន ហើយដើម្បីការតួនាទីតំណែងរបស់ខ្លួនដែរ។ អញ្ចឹងហើយបានពាក្យ ថា​ខ្មាំងនេះត្រូវបានមើលឃើញច្រើនសឹងតែគ្រប់ប្រជាជនទាំងអស់ ជាពិសេសអ្នកដែលជម្លៀសចេញពីទីក្រុងភ្នំពេញគឺជាខ្មែរតែម្ដង។ ម្លោះហើយអនុញ្ញាកម្មាភិបាលថ្នាក់ក្រោមហ្នឹងចាប់ចង សួរចម្លើយ ធ្វើទារុណកម្មចំពោះជនដែលគិតផ្ទុយពីខ្លួន។ ខ្មែរក្រហមដឹងទុកជាមុន​ថា មានប្រជាជនជាច្រើនមិនពេញចិត្តនឹងបដិវត្តន៍ អញ្ចឹងចាត់វិធានការរហូតដល់សម្លាប់បុគ្គលនោះ ឬប្រជាជននោះតែម្ដង ពីព្រោះខ្មែរក្រហមគិត​ថា ខ្មាំងមិនមែនមានន័យថា ប្រជាជនកម្ពុជាទេ»

អតីត​ប្រធាន​សភា​ប្រជាជន​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក នួន ជា មុន​សាលាក្ដី​ខ្មែរ​ក្រហម​ចាប់​ខ្លួន នៅ​ឆ្នាំ២០០៧ លោកតែបាន​និយាយ​ប្រាប់​អ្នក​កាសែត Journeyman TV នៅ​ផ្ទះ​របស់​លោក​ក្នុង​ខេត្ត​ប៉ៃលិន​ថា ការ​សម្លាប់​ខ្មែរ​គ្នា​ឯង​នៅ​ពេល​នោះ ពិត​ជា​កើត​មាន ប៉ុន្តែ​ពួក​គេ​ជា​ខ្មាំង ដែល​ក្បត់​ជាតិ​ខ្លួន​ឯង។ លោក នួន ជា និយាយ​ទាំង​មោទនភាព​ថា កម្ពុជា​រស់​មក​ដល់​សព្វ​ថ្ងៃ គឺ​ដោយសារ​ខ្មែរ​ក្រហម​បាន​បោស​សំអាត​ពួក​ក្បត់​ទាំង​នោះ៖ «ខ្ញុំមិនហៅកម្មាភិបាលអីទៀតទេពីព្រោះពួកនេះវាក្បត់ ជាភ្នាក់ងាររបស់បរទេស។ ប៉ុល ពត គាត់មិនមែនជាឃាតកទេ គាត់សម្លាប់ ដោះស្រាយមនុស្សដែលក្បត់ជាតិ ក្បត់ប្រជាជន លក់ដីឱ្យបរទេស [តើ] ដឹងជំហរវៀតណាមច្បាស់ទេ? ប៉ុន្មានរយឆ្នាំហើយដែលគេចង់លេបយកកម្ពុជា? បើទុកពួកហ្នឹង បាត់ប្រទេសជាតិ ស្លាប់ប្រជាជន គ្មានកម្ពុជាសល់មកដល់ឥឡូវទេ។ ខ្ញុំដូចគ្មានការសោកស្ដាយទេ ខ្ញុំសោកស្ដាយជាតិខ្ញុំជាង ស្ដាយមាគ៌ា ស្ដាយគោលជំហររបស់កម្ពុជាប្រជាធិបតេយ្យ ខ្ញុំស្ដាយ»

មេ​ដឹក​នាំ​កំពូល​ខ្មែរ​ក្រហម តែងសង្ស័យ​ថា ការ​ធ្វើ​បដិវត្តន៍​សង្គម​និយម​មិន​សូវ​ចម្រើន​ទៅ​មុខនោះ គឺ​ដោយសារ​តែមាន​ចលនា​រំខាន​របស់​ខ្មាំង​ខាង​ក្រៅ និង​ខ្មាំង​ខាង​ក្នុង ដែល ប៉ុល ពត ហៅ​ថា "ក្បាល​យួន​ខ្លួន​​ខ្មែរ" ឬ​ពពួក​សត្វ​តិរច្ឆាន ដែល​ត្រូវ​បោស​សម្អាត។ ក្នុង​ពេល​ថ្លែង​សុន្ទរកថា ទៅ​កាន់​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​មក​ពី​តាម​បណ្ដា​ខេត្ត នៅ​ក្នុង​ខែធ្នូ ឆ្នាំ១៩៧៦ នា​ទី​ក្រុង​ភ្នំពេញ ប៉ុល ពត បាន​ថ្លែង​សារ​ដ៏​គួរ​ឱ្យ​ព្រឺព្រួច​ ថាពួកយើងត្រូវបង្កើនកម្ដៅដើម្បីដុតកម្ទេចខ្មាំងលាក់មុខ៖ « បក្ស​របស់​យើង​មាន​ជំងឺ​ផ្ទៃក្នុង​ជា​យូរ​ឆ្នាំ​មក​ហើយ គឺ​តាំង​ពី​សម័យ​តស៊ូ​មក​ម្ល៉េះ។ នោះ​ក៏​ដោយ​សារ​តែ​កម្ដៅ​បដិវត្តន៍​របស់​យើង​នៅ​ពេល​នោះ​មិន​ទាន់​ក្ដៅ​ពេញ ទើប​យើង​មិន​អាច​ស្វែងរក​ឃើញ​មេរោគ​ចង្រៃ​ទាំង​នោះ។ ឥឡូវនេះ ក្នុង​គ្រា​ដែល​បដិវត្តន៍​សង្គម​និយម​របស់​យើង​រុល​ទៅ​មុខ យើង​អាច​មើល​ឃើញ​មេរោគ​ចង្រៃ​អាក្រក់​ទាំង​នោះ។ ប្រសិន​បើ​យើង​កប់​មេរោគ​ចង្រៃ​ទាំង​នោះ ពួក​វា​នឹង​បង្ក​ភាព​ស្អុយ​រលួយ​ចេញ​ពី​ក្នុង​មក​បំផ្លាញ​យើង​ទៀត។ ពួក​វា​នឹង​បំផ្លាញ​សង្គម បំផ្លាញ​បក្ស និង​បំផ្លាញ​កងទ័ព​របស់​យើង"។ ខ្សែ​ក្បត់​ដែល​យើង​ទើប​បាន​កម្ទេច​ថ្មីៗនេះ ពួក​វា​បាន​មាន​ផែនការ​សម្ងាត់​តាំង​ពី​នៅ​សម័យ​តស៊ូ​មក​ម្ល៉េះ [ប៉ុន្តែ] ក្នុង​ឆ្នាំ១៩៧៦ ពេល​ដែល​បដិវត្តន៍​វណ្ណៈ​របស់​យើង​មាន​សន្ទុះ​ខ្លាំង​ក្លា ទើប​ធ្វើ​ឱ្យ​មេរោគ​ចង្រៃ​ជា​ច្រើន​ទាំង​នោះ​ងើប​ក្បាល​ឱ្យ​យើង​ឃើញ ដែល​យើង​ត្រូវ​កម្ទេច​ចោល»

ទស្សនាវដ្ដី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឈ្មោះ «ទង់​បដិវត្តន៍» ​ ​បាន​ចេញ​ផ្សាយ​មួយ​ខែ​ម្ដង គឺសម្រាប់​អប់រំ​បំពាក់បំប៉ន​ស្មារតី​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរក្រហម។ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ បញ្ជាក់​ថា ទស្សនាវដ្ដី​នេះ តែង​មាន​សំណេរ​ប្រៀបប្រដូច​ខ្មាំង ឬ​មនុស្ស ដែល​ខ្មែរក្រហម​មិន​ពេញ​ចិត្ត​ទៅ​នឹង​សត្វ​ធាតុ ដែល​ទុក​ក៏​មិន​ចំណេញ ដក​ចេញ​ក៏​មិន​ខាត៖ « សៀវភៅទង់បដិវត្តន៍ដែលខ្ញុំអាន សរសេរពាក្យធ្ងន់ៗណាស់បាទក្នុងការហៅមនុស្សម្នាក់ យើងស្ដាប់ទៅយើងគិតថា ហៅមនុស្សជាសត្វមិនមែនហៅមនុស្សទេ​ ជាសត្វតិរច្ឆានអីចឹងគឺមាន។ ហើយក្នុងការប្រើពាក្យសំដីទៅលើអ្នកទោសដែលជាស្ត្រីអីហ្នឹងក៏ដូចគ្នាដែរ ក្នុងក្រសែភ្នែករបស់ឌុចហ្នឹងគឺជាមនុស្សមមិនល្អ គឺជាដង្កូវរបស់សង្គម ជាមូលហេតុដែលធ្វើបដិវត្តន៍បរាជ័យ អញ្ចឹងត្រូវកម្ចាត់ចោល»។​

ការ​ប្រៀបប្រដូច​មនុស្ស​ទៅ​ជា​សត្វតិរច្ឆាន ឬ​ជា​មេរោគ​ចង្រៃ​អ្វី​មួយ គឺ​ជា​ការ​បន្ទាប​បន្ថោក​តម្លៃ​មនុស្ស​ឱ្យ​ស្មើ​នឹង​សត្វ​ធាតុ ធ្វើ​ឱ្យ​បាត់បង់​ភាព​ថ្លៃថ្នូរ​ជា​មនុស្ស។ ប្រវត្តិសាស្ត្រ​បង្ហាញ​ថា នៅ​ពេល​អាជ្ញាធរ​រដ្ឋ ឬ​បុគ្គល​ស្ថិត​ក្នុង​អំណាច​រដ្ឋ ចាត់​ទុក​មនុស្ស​ក្រុម​ណា​មួយ ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ថា ជា​សត្វ​ធាតុ​នោះ វាតែងបណ្ដាលឱ្យកើតមានអំពើហិង្សានិង​ការ​កាប់​សម្លាប់ ពីព្រោះ​ពួក​គេ​​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ និង​ធនធាន​រដ្ឋ ដើម្បី​ឃោសនា​ញុះញង់​ឱ្យ​មាន​ការ​ស្អប់ខ្ពើម ឈាន​ដល់​ការ​កម្ទេច ឬ​បំបាត់​ក្រុម​មនុស្ស ដែល​ពួក​គេ​ហៅ​ថា ជា​សត្វតិរច្ឆាន ឬ​អមនុស្ស​នោះ។

មេ​ដឹក​នាំ​ផ្ដាច់ការ​អាល្លឺម៉ង់ អាឌុល ហ៊ីត្លែរ (Adolf Hitler) ដែល​យល់​ថា ជន​ជាតិ​អាល្លឺម៉ង់​ជា​កំពូល​មនុស្ស​នោះ បាន​ឃោសនា​ឱ្យ​មាន​ការ​រើសអើង​ស្អប់​ខ្ពើម​ជន​ជាតិ​ជ្វីស (Jewish) ដោយ​ហៅ​ជន​ជាតិ​ជ្វីស​ថា ជា​សត្វ​កណ្ដុរ ជា​មេរោគ​វីរុស និង​ជា​សត្វល្អិត​ស្មោកគ្រោក ដែល​ចង្រៃ ហើយ​បើ​ទុក​នៅ នឹង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​អាល្លឺម៉ង់​ចុះ​ទន់​ខ្សោយ។ កង​កម្លាំង​សន្តិសុខ​អាល្លឺងម៉ង់ ក្រោម​ការ​ដឹក​នាំ​របស់ អាឌុល ហ៊ីត្លែរ ពី​ឆ្នាំ១៩៣៣ ដល់ ឆ្នាំ១៩៤៥ បាន​សម្លាប់​ជន​ជាតិ​ជ្វីស (Jewish) សរុប​ចំនួន​ប្រមាណ ៦លាន​នាក់។

នៅ​ប្រទេស​រ្វាន់ដា (រវ៉ាន់ដា) (Rwanda) ឯណោះ​វិញ ជម្លោះ​ជាតិ​សាសន៍ និង​ការ​បន្ទាបបន្ថោក​មនុស្ស​ទៅ​នឹង​សត្វតិរច្ឆាន​នេះ ក៏​បាន​ឈាន​ដល់​ការ​សម្លាប់​មនុស្ស​រង្គាល​ដែរ ដែល​ភាគ​ច្រើន​នៃ​ជន​រងគ្រោះ គឺ​ជន​ជាតិ​ភាគ​តិច​ទុតស៊ី (Tutsi)។ ជនជាតិ​ហ៊ូទូ (Hutu) ដែល​ដឹក​នាំ​ប្រទេស​រ្វាន់ដា បាន​ឃោសនា និង​ចលនា​ឱ្យ​មាន​ការ​ស្អប់​ខ្ពើម​ជាតិ​សាសន៍​ទុតស៊ី ដោយ​ហៅ​ជនជាតិ​មួយ​នេះ​ថា ជា ‘សត្វ​កន្លាត’។ នៅ​ឆ្នាំ១៩៩៤ ដោយ​មាន​ការ​បើក​ដៃ និង​ចូលរួម​យ៉ាង​សកម្ម​ពី​ភ្នាក់ងារ​រដ្ឋ​ផង ប្រជាជនហ៊ូទូ បាន​សម្លាប់​ជនជាតិ​ភាគ​តិច​ទុតស៊ី ជិត ១លាន​នាក់ តែ​ក្នុង​រយៈ​ពេល​ប្រមាណ ១០០ថៃ្ង ពីព្រោះ​ពួក​គេ​គិត​ថា ខ្លួន​សម្លាប់​សត្វ​កន្លាត មិន​មែន​សម្លាប់​មនុស្ស​ទេ។

ការ​ប្រៀបប្រដូច​មនុស្ស​ទៅ​នឹង​សត្វតិរច្ឆាន ឬ​ការ​លាប​ពណ៌​គ្នា ដើម្បី​កេង​ចំណេញ​នយោបាយ​នេះ មិន​មែន​កើត​មាន​តែ​ក្នុង​អតីតកាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែនៅ​ក្នុង​បច្ចុប្បន្នកាល​នេះ ក៏​កំពុង​កើត​មាន​ដែរ។ ជាក់​ស្ដែង ក្នុង​ការ​រក​ហេតុផល​សមស្រប​មួយ ដើម្បី​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន យក​មក​ធ្វើ​ជា​ប្រទេស​រណប​របស់​ខ្លួន ប្រធានាធិបតី​ប្រទេស​រុស្សី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) បាន​ចោទ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​អ៊ុយក្រែន ថា ជា​ពួក​ណាស្ស៊ី ជា​ទាហា​របស់ អាឌុល ហ៊ីត្លែរ (Adolf Hitler) ដែល​គំរាម​កំហែង​ដល់​ប្រទេស​រុស្សី។ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ ហាក់​ដូច​គ្មាន​អ្នក​ណា​ជឿ​ឡើយ ពីព្រោះ​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskyy) មិន​ត្រឹម​តែ​មិន​មែន​ជា​ភ្នាក់ងារ​ណាស្ស៊ី​របស់ អាឌុល ហ៊ីត្លែរ​ ប៉ុណ្ណោះទេ ប៉ុន្តែ​គ្រួសារ​ដូនតា​របស់​លោក​ថែម​ទាំង​ស្លាប់​ក្រោម​ស្នាដៃ​របស់​ទាហាន អាឌុល ហ៊ីត្លែរ ក្នុង​សង្គ្រាម​លោក​លើក​ទី២ ទៀត​ផង ពីព្រោះ​គ្រួសារ​របស់​លោក ហ្សេឡេនស្គី ជា​ជន​ជាតិ​ជ្វីស (Jewish) ដែល អាឌុល ហ៊ីត្លែរ លាប​ពណ៌​ថា ជា​សត្វ​កណ្ដុរ និង​ជា​មេរោគ​វីរូស។

ចំណែក​នៅ​កម្ពុជា​បច្ចុប្បន្ន​វិញ ក៏​មាន​ការ​លាប​ពណ៌ និង​ប្រៀបប្រដូច​មនុស្ស​ទៅ​នឹង​សត្វតិរច្ឆាន​ដែរ។ ក្នុងការធ្វើទុកបុកម្នេញ និង​ដាក់​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ឱ្យ​កាន់​តែ​នៅ​ឯកោ រដ្ឋាភិបាល​កម្ពុជា ហៅ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង ដែល​រិះគន់ និង​មិន​ព្រម​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច​ ថាជា​ពួក​ឧទ្ទាម​ទីក្រុង ឬ​ក្រុមឧទ្ទាម​ក្រៅ​ច្បាប់។ រីឯ​ការ​បន្ទាប​បន្ថោក​មនុស្ស​ជា​សត្វ​ធាតុ​វិញ ថ្មីៗ នេះ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ជុំ កុសល បាន​ហៅ​ពលរដ្ឋ​ខ្មែរ ដែល​ចេញ​តវ៉ា​ជា​ប្រចាំ ដើម្បី​រក​យុត្តិធម៌​ឱ្យ​ខ្លួន​ឯង​ផង និង​សង្គម​ផង​នោះ​ថា ជា​មេរោគ​ចង្រៃ។ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី២៩ មីនា ក្នុង​គេហទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ឈ្មោះ Kosal Chum អម​ដោយ​រូបថត​បាតុករ​មួយ​ក្រុម​តូច ដែល​មាន​កញ្ញា សេង ធារី ឈរ​សំដែង​មតិ​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ផង​នោះ លោក ជុំ កុសល ប្រៀបប្រដូច​បាតុករ​អហិង្សា​ទាំង​នោះ​ជា​មេរោគ​សង្គម ដែល​មិន​អាច​ទុក​ឱ្យ​នៅ​តទៅ​ទៀត​ទេ៖ « វីរុស​កូវីដ១៩ ទោះ​បី​ជា​វា​មាន​ឥទ្ធិពល​ក្នុង​ការ​ចម្លង និង​កាច​សាហាវ​យ៉ាង​ណា ក៏​នឹង​ចុះ​ខ្សោយ​បន្តិច​ម្ដងៗ ដោយសារ​ប្រសិទ្ធភាព​វ៉ាក់សាំង និង​ឈាន​ទៅ​បាត់​សូន្យ​ពី​ផែនដី​បាន។ ប៉ុន្តែ​ពពួក​មេរោគ​សង្គម​ប្រភេទ​នេះ ត ពូជ មិន​ចេះ​ចប់ បង្ក​ការ​រំខាន​គ្រប់​ពេល​វេលា​ឲ្យ​តែ​គេ​មាន​ឱកាស។ មេរោគ​នេះ មិន​អាច​បណ្ដែតបណ្ដោយ​ឲ្យ​រំខាន​ក្នុង​សង្គម​បាន​ទេ ព្រោះ​គោលបំណង​សំខាន់​របស់​វា គឺ​ទៅ​បំផ្លាញ​សង្គម​តែ​ម្ដង។ ដូច្នេះ គួរ​តែ​រក​វិធី​ការពារ​វា​កុំ​ឲ្យ​វា​រីកសាយ​ភាយ​ធំ​បាន»

ប្រហែលមកពីមន្ត្រីរាជការស្អប់ខ្ពើមអ្នកតវ៉ាតាមផ្លូវថ្នល់ រហូតដល់ប្រមាថពួកគាត់បែបនេះហើយ ទើបអ្នកតវ៉ាគ្រប់ប្រភេទចេះតែត្រូវកងកម្លាំងសន្តិសុខរំខានយាយី វាយដំឥតស្រាកស្រាន្ដ និងមានរហូតដល់ចាប់ដាក់គុកទៀតផង។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជាលោក ឆាំង យុ ​តែង​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ខ្មែរ​ឱ្យ​រៀន​សូត្រ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដើម្បីយល់ដឹងពីទង្វើ និងភាសាហិង្សារបស់ខ្មែរក្រហម ដើម្បីជួយគ្នាទប់ស្កាត់ កុំឱ្យ​​អំពើអាក្រក់របស់ខ្មែរក្រហមកើតឡើង​ម្ដងទៀត​។ ទោះយ៉ាងណា លោក​ចាត់​ទុក​សំដី​ដ៏​មាន​គ្រោះថ្នាក់​របស់​លោក ជុំ កុសល មិន​តំណាង​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទេ តែ​ជា​ភាសា​ដែលលោកថា ​មិន​គួរ​ចេញ​ពី​មាត់​​មន្ត្រីរាជការទេ។ លោក​បញ្ជក់​ថា ភាសា​បែប​បញ្ឆេះ​កំហឹង និង​​បណ្ដុះ​ការ​ស្អប់​ខ្ពើម​គ្នា គួរ​ត្រូវ​ចៀសវាង ព្រោះ​ការ​ប្រៀបប្រដូច​មនុស្ស​ទៅ​នឹង​មេរោគ​ចង្រៃ​បែប​នេះ មាន​តែ​ប្រើ​ក្នុង​សម័យ​ខ្មែរ​ក្រហមទេ​៖ «ពាក្សទាំងអស់ហ្នឹងវាសម័យឥឡូវគេថា ចរិតអន់បាទ ហាហា! នៅកន្លែងធ្វើការខ្ញុំ កាលណាមិនពេញចិត្តទៅលើការអីមួយគេច្រើនថា ចរិតអន់។ បាទ ការអប់រំជាងរឿងសំខាន់ សេចក្ដីថ្លៃថ្នូរ ប៉ុន្តែក៏គង់នៅមានមួយចំនួនតូចបាទដែលការអប់រំហ្នឹងវានៅខ្សោយក៏វាមានខ្លះដែរ។ ប៉ុន្តែជារួមខ្ញុំគិតថា ក្រៅពីខ្មែរក្រហមគ្មាននរណាដូចខ្មែរក្រហមទាល់តែសោះក្នុងពិភពលោកនេះ ដែលប្រើបប្រាស់ភាសាជាតិ បញ្ចូលមនោគមន៍​វិជ្ជា ដុតកំហឹងឱ្យមនុស្សស្អប់គ្នា សម្លាប់គ្នា អញ្ចឹងចូរជួយគ្នាកែសម្រួលសង្គមយើង។ អញ្ចឹងហើយបានជាខ្ញុំតែរម្លឹកថា អ្នករស់រានមានជីវិតដល់ប្រាំលាននាក់សូមឱ្យមេត្តាប្រាប់រឿងរ៉ាវរបស់ខ្លួនទៅកូនចៅឬអ្នកជិតខាង ពីព្រោះវាសំខាន់ណាស់ក្នុងការជួយដល់សង្គមយើង។ បាទ គាត់អាចប្រាប់ថា​សម័យខ្មែរក្រហម គេនិយយអញ្ចេះ ប្រើពាក្សអសុរស គ្មានសិលធម៌ មិនគោរពចាស់ទុំ»

នៅ​ក្រោម​របប​កុម្មុយនិស្ត​ផ្ដាច់ការ​ខ្មែរក្រហម ជីវិត​ពលរដ្ឋ​ខ្មែរ​បាត់អស់​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​ភាព​ជា​មនុស្ស។ ដោយ​គ្មាន​ស្ថាប័ន​តុលាការ​ផង ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​ប្រៀប​ប្រដូច​ជា​សត្វតិរច្ឆាន និង​លាប​ពណ៌​ថា ជា​ភ្នាក់ងារ​សម្ងាត់​បម្រើ​ផល​ប្រយោជន៍​ឱ្យ​បរទេស​នោះ ត្រូវ​បាន​គេ​យក​ទៅ​ប្រហារ​ជីវិត​យ៉ាង​ងាយ​ស្រួល។

មេធាវី​ការិយាល័យ​ក្រុម​អ្នក​ច្បាប់ និង​ទីប្រឹក្សា​អម រិន្ទ លោក សុក សំអឿន សរសេរ​សារនៅ​លើ​ហ្វេសប៊ុក​របស់​លោក​ឈ្មោះ អម រិន្ទ ថាមាន​ពាក្យ​ខ្មែរ​មួយ​ឃ្លា​ពោលថា៖ «បើ​ចង់​វ៉ៃ​ឆ្កែ ឲ្យ​ថា ឆ្កែ​ហ្នឹង​ឆ្កួត។ ដល់​សម័យ ប៉ុល ពត បើ​គេ​ចង់​សម្លាប់​នរណា គេ​ចោទ​ថា អ្នក​នោះ​ជា សេអ៊ីអា ឬ កាហ្សេបេ! តាម​ពិត​សុទ្ធតែ​ជា​វប្បធម៌​លាប​ពណ៌»​។

លោក​បន្ត​ថា៖ « ហេតុ​ដូច​នេះ​ហើយ បាន​ជា​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ កំណត់​ថា កម្ពុជា​ត្រូវ​ប្រកាន់​របប​ប្រជាធិបតេយ្យ សេរីពហុបក្ស និង​ធានា​សិទ្ធិមនុស្ស ដែល​មាន​ចែង​ក្នុង​ឧបករណ៍​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ»

របប​ខ្មែរក្រហម​ដែល​ចាប់​ផ្ដើម​ពី​ខែមេសា ឆ្នាំ១៩៧៥ ដល់​ដើម​ឆ្នាំ១៩៧៩ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ជិត ២លាន​នាក់​ស្លាប់​ដោយសារ​ការ​សម្លាប់ ការអត់អាហារ ជំងឺ និង​ការងារ​បាក់​កម្លាំង។ មាន​តែ​អតីត​មេ​ដឹក​នាំ​ខ្មែរក្រហម ៣នាក់​ប៉ុណ្ណោះ ដែល​សាលាក្ដី​ខ្មែរក្រហម​បាន​ជំនុំជម្រះ​ចប់​ពេញលេញ និង​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ អ្នក​ទាំង​បី​នាក់​នោះ មាន​លោក ខៀវ សំផន ដែល​បច្ចុប្បន្នកំពុង​រស់នៅ​ក្នុង​ពន្ធនាគារ និង​ពីរ​នាក់​ទៀត ដែល​បាន​ស្លាប់​កាល​ពី​ឆ្នាំ២០១៩ និង​ឆ្នាំ២០២០ ទៅ​ហើយ​នោះ គឺ លោកនួន ជា និង កាំង ហ្កេចអ៊ៀវ ហៅ ឌុច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។