កូនមន្ត្រីបក្សប្រឆាំងនៅខេត្តបាត់ដំបងរិះគន់របបក្រុងភ្នំពេញ ដែលចាប់ឪពុកពិការដាក់គុកព្រៃសដោយអយុត្តិធម៌

កូនស្រីរបស់សកម្មជនគណបក្សប្រឆាំងនៅស្រុកសំឡូត ខេត្តបាត់ដំបង អំពាវនាវដល់មន្ត្រីអង្គការសង្គមស៊ីវិលនៅកម្ពុជា ឱ្យជួយស៊ើបអង្កេតរកយុត្តិធម៌ដល់ឪពុករបស់លោកស្រី ដើម្បីឱ្យតុលាការដោះលែងគាត់ឱ្យមានសេរីភាពឡើងវិញ។ លោកស្រីអះអាងថា មន្ត្រីតុលាការក្រុងភ្នំពេញចាប់ឪពុក របស់លោកស្រីជាជនពិកាដាក់គុកព្រៃសដោយអយុត្តិធម៌ និងមិនអាចទទួលយកបានឡើយ។
កូនស្រីលោក ម៉ែន យ៉ន អនុប្រធានគណបក្សសង្គ្រោះជាតិស្រុកសំឡូត គឺលោកស្រី យឿន ស្រីយ៉ា ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី១៤ តុលាថា ឪពុករបស់លោកស្រីមិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ ដោយគាត់ពិកាជើងស្ដាំ នៅតែផ្ទះជុំក្រុមគ្រួសារ និងមិនបានធ្វើសកម្មជននយោបាយនោះទេ។ លោកស្រីបន្តថា លោកស្រីស្រក់ទឹកភ្នែកនៅពេលបានជួបឪពុកនៅក្នុងតុលាការរាជធានីភ្នំពេញ ព្រោះលោកស្រីគិតថា តុលាការគ្រាន់តែចាប់ឪពុក និងមន្ត្រីបក្សប្រឆាំងខេត្តបាត់ដំបង ៣នាក់ផ្សេងទៀត មកសាកសួរធម្មតា រួចដោះលែងវិញ តែខុសពីការរំពឹងទុក គឺសមត្ថកិច្ចបានបញ្ជូនពួកគាត់ទៅឃុំខ្លួននៅពន្ធនាគារព្រៃសវិញនៅរសៀលថ្ងៃទី១៣ តុលា៖ «និយាយទៅពេលជួបពុកខ្ញុំ គឺខ្ញុំយំ។ ប៉ុន្តែខ្ញុំឆ្ងល់ក៏បានសួរថា ពុកឯងមានរឿងអីបានជាគេនាំមកភ្នំពេញ? គាត់ថា ឪមិនមានរឿងអីទេ កូនឯងមិនបាច់យំទេ! ដល់ពេលល្ងាចគេបញ្ជូនគាត់ទៅព្រៃស។ ពេលនោះឪពុកខ្ញុំក៏យំដូចគ្នាខ្ញុំដែរ គឺវាអយុត្តិធម៌ពេក។ និយាយទៅឪពុកខ្ញុំមិនដែលបានបង្ហោះសាររឿងនយោបាយទេ តែកាលពីថ្ងៃកាន់បិណ្ឌវេនទី២ គាត់បានទៅជួបជុំគ្នា ៤នាក់ ហើយមានលួចថតបង្ហោះហ្វេសប៊ុក ដោយគាត់មិនដឹងរឿង»។
ប៉ូលិសក្រសួងមហាផ្ទៃបានចាប់ខ្លួនក្រុមប្រឹក្សាខេត្តបាត់ដំបងគណបក្សសង្គ្រោះជាតិ លោក ឌឹម សារឿន និងលោក ឡី សុខុន ព្រមទាំងសមាជិកប្រតិបត្តិស្រុកសំឡូត លោក សុក ផាត និងអនុប្រធានគណបក្សសង្គ្រោះជាតិស្រុកសំឡូតលោក ម៉ែន យ៉ន នៅឯខេត្តបាត់ដំបង កាលពីថ្ងៃទី១២ តុលា រួចក៏បានបញ្ជូនទៅសាកសួរនៅរាជធានីភ្នំពេញនៅរសៀលក្នុងថ្ងៃដដែល។
ចៅក្រមស៊ើបសួរអមសាលាដំបូងរាជធានីភ្នំពេញលោក កូយ សៅ បានចោទប្រកាន់អ្នកទាំង៤ ពីបទរួមគំនិតក្បត់ជាតិ ពាក់ព័ន្ធនឹងគម្រោងចូលរួមអមដំណើរប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិលចូលស្រុកនៅថ្ងៃទី៩ វិច្ឆិកា។
មន្ត្រីអង្គការសង្គមស៊ីវិលធ្វើការងារផ្នែកសិទ្ធិមនុស្សចាត់ទុកការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះថា ជារឿងនយោបាយ ច្រើនជាងការអនុវត្តច្បាប់។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា មានប្រសាសន៍ថា ការបង្ហោះសារក្នុងហ្វេសប៊ុក និយាយរឿងនយោបាយមិនខុសច្បាប់ឡើយ ព្រោះជាសិទ្ធិសេរីភាពរបស់ពលរដ្ឋម្នាក់ៗ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ មន្ត្រីសង្គមស៊ីវិលរូបនេះ បន្តថា ការចោទប្រកាន់មកលើមន្ត្រីបក្សប្រឆាំងបែបនេះ ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាការបំភិតបំភ័យដល់ប្រជាពលរដ្ឋឱ្យពួកគាត់មិនហ៊ានសម្ដែងមតិរឿងនយោបាយ៖ «អីចឹងហើយបានយើងស្នើថា ជម្លោះនយោបាយ អាជ្ញាធរមិនគួរណាយករឿងនេះទៅពាក់ព័ន្ធនឹងស្ថាប័នយុត្តិធម៌ទេ ពីព្រោះកន្លងមកកាលស្ថានភាពនយោបាយធូរស្រាល អ្នកទោសនយោបាយ ត្រូវបានដោះលែងវិញ។ អីចឹងហើយបានជាយើងខ្ញុំថា គួរតែមានការគិតគួរទៅដល់សេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមនៃលទ្ធិប្រជាធិបតេយ្យ ឬក៏ចូលរួមយ៉ាងសកម្មនៃជីវភាពនយោបាយហ្នឹងឯង ដែលច្បាប់កំពូលយើងមានចែង»។
គិតមកដល់ថ្ងៃទី១៤ ខែតុលា របបក្រុងភ្នំពេញ បានចាប់ និងឃុំខ្លួនសកម្មជនបក្សប្រឆាំងចំនួន ៤៥នាក់ ប៉ុន្តែម្នាក់ត្រូវបានដោះលែងវិញ បន្ទាប់ពីបានសារភាពតាមការចង់បានរបស់អាជ្ញាធរក្រុងភ្នំពេញ។ ដោយឡែក មានសកម្មជនចំនួន ១៨០នាក់ផ្សេងទៀត ត្រូវបានកោះហៅទៅបំភ្លឺ និងត្រូវសមត្ថកិច្ចតាមចាប់ខ្លួនជាបន្តបន្ទាប់ ដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។ រីឯសកម្មជនបក្សប្រឆាំងជាច្រើននាក់ផ្សេងទៀត បានរត់ភៀសខ្លួនរកកន្លែងមានសុវត្ថិភាព ដើម្បីគេចចេញពីការតាមយាយី និងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធររបបក្រុងភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។