កូន​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​រតនគិរី​ទទូច​ដល់​ប៉ូលិស​ឱ្យ​ដោះលែង​ឪពុក ដើម្បី​បាន​ចូល​រួម​បុណ្យ​ភ្ជុំបិណ្ឌ

0:00 / 0:00

កូន​ស្រី​របស់​សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​រតនគិរី​ទទូច​ដល់​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ដោះលែង​ឪពុក​របស់​លោក​ស្រី​ឱ្យ​មាន​សេរីភាព​វិញ​ ដើម្បី​បាន​ជួបជុំ​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ។ កូន​ស្រី​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា ឪពុក​របស់​លោក​ស្រី​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ឡើយ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ យល់​ថា ការ​ចាប់​ខ្លួន​របស់​សមត្ថកិច្ច​នេះ គឺ​ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​ដល់​សកម្មជន​គណបក្ស​ប្រឆាំង​ឱ្យ​ភ័យ​ខ្លាច​ ដើម្បី​កុំ​ឱ្យ​ពួកគេ​ទៅ​ទទួល​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ។

កូនស្រី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​រតនគិរី​លើក​ឡើង​ថា​ មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​ចាប់​ឪពុក​របស់​លោក​ស្រី​យក​ទៅ​ដាក់​ឃុំ​ឃាំង​ដោយ​អយុត្តិធម៌​បំផុត។

កូន​ស្រី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​អូរយ៉ាដាវ​លោក​ស្រី ងិន គង្គា​ ប្រាប់​អាស៊ី​សេរី​ នៅ​រសៀល​ថ្ងៃ​ទី២៣ កញ្ញា​ថា លោក​ស្រី​បាន​ទៅ​សុំ​ជួប​ឪពុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​ជា​ច្រើន​លើក​ច្រើន​សារ​ កាល​ពី​ថ្ងៃ​ទី២១ កញ្ញា​ ប៉ុន្តែ​មន្ត្រី​ប៉ូលិស​ប្រចាំ​ការ​នៅ​ទី​នោះ​មិន​អនុញ្ញាត​ឱ្យ​លោក​ស្រី​បាន​ចូល​ជួប​ឪពុក​នោះ​ទេ។ លោក​ស្រី​ហៅ​ទង្វើ​របស់​មន្ត្រី​ប៉ូលិស​នេះ​ ថា​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដ៏​អាក្រក់​បំផុត​មក​លើ​គ្រួសារ​របស់​លោក​ស្រី ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ លោក​ស្រី​សង្កត់​ធ្ងន់​ថា ក្នុង​រដូវ​បុណ្យ​កាន់​បិណ្ឌ​បែប​នេះ សូម្បី​ពពួក​​​ប្រេត និង​អសុរកាយ​ទាំង​ឡាយ ដែល​មាន​នៅ​ក្នុង​ជំនឿ​ព្រះពុទ្ធ​សាសនា ក៏​ត្រូវ​បាន​ដោះ​លែង​​ឱ្យ​មាន​សេរីភាព​ ដើម្បី​បាន​ទៅ​ទទួល​កុសល​ផល​បុណ្យ​ ដែល​ញាតិសន្ដាន​របស់​ពួកគេ​បាន​ឧទ្ទិស​ឱ្យ​ដែរ​ ក៏​ប៉ុន្តែ​​​លោក​ស្រី​ថា​មន្ត្រី​ប៉ូលិស​បែរ​ជា​ចាប់​ឪពុក​​លោក​ស្រី​ដាក់​ឃុំឃាំង​ធ្វើ​ឱ្យ​ព្រាត់ប្រាស​ប្រពន្ធ​កូន​ទៅ​វិញ៖ «បើ​សិន​ខ្ញុំ​ដឹង​ថា​ពុក​ខ្ញុំ​មាន​រឿង​អី​ខុស​យ៉ាង​ម៉េចៗ ដែល​ថា​យើង​ទទួល​បាន​ តែ​នេះ​ខ្ញុំ​និង​ម៉ាក់​របស់​ខ្ញុំ​អត់​ដឹង​រឿង​អី​សោះ​ គេ​ថា​មេ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​ឪពុក​ខ្ញុំ។ ខ្ញុំ​គិត​ថា​ពេល​ខែ​បុណ្យ​ទាន​គ្រួសារ​គេ​នៅ​ជុំ​គ្នា​ហើយ​ហេតុ​អី​បាន​ធ្វើ​គ្រួសារ​ខ្ញុំ​ ខ្ញុំ​គិត​ថា​សូម្បី​តែ​ប្រេត​ ក៏​ដោះ​លែង​ដែរ​ តែ​ពុក​ខ្ញុំ​មាន​កំហុស​អី ? ខ្ញុំ​អត់​ដឹង​អី​សោះ​បែរជា​ជាប់​ឃុំ​អីចឹង​ ក្រឡេក​មើល​គ្រួសារ​គេ គេ​សប្បាយ​រីករាយ​ណាស់​គេ​ជុំ​គ្នា​ តែ​ឯង​ម៉េច​អីចឹង »

លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​រតនគិរី ​លោក​ងិន សុផាត​ និង​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បានលុង​ លោក​ ធឿន ប៊ុនធន ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី២១ កញ្ញា។ លោក​ស្រី​ ងិន គង្គា​ ឱ្យ​ដឹង​ថា មន្ត្រី​ប៉ូលិស​បាន​បញ្ជូន​​ឪពុក​របស់​លោក​ស្រី​ទៅ​សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្ត​ តាំង​តែ​ពី​ព្រឹក​ថ្ងៃ​ដដែល​រហូត​មក​ទល់​ពេល​នេះ​ មិន​ទាន់​ដោះលែង​នៅ​ឡើយ​ទេ។ លោក​ស្រី​ទទូច​សុំ​ឱ្យ​មន្ត្រី​ប៉ូលិស និង​សមត្ថកិច្ច​កិច្ច​ពាក់​ព័ន្ធ​ដោះលែង​ឪពុក​របស់​លោក​ស្រី​ឱ្យ​មាន​​​សេរីភាព​ឡើង​វិញ​ ដើម្បី​បាន​ទៅ​ជួប​ជុំ​គ្រួសារ​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​រួម​គ្នា។

អាស៊ី​សេរី​ពុំ​អាច​ទាក់​ទង​ស្នងការ​នគរបាល​ខេត្ត​រតនគិរី លោក​ យិន ចំណាន ​ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៣ កញ្ញា ដោយ​លោក​ចុច​ផ្ដាច់​ទូរស័ព្ទ​ម្ដង​ហើយ​ម្ដង​ទៀត។

កូន​ស្រី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​រតនគិរី​ លោក​ស្រី​ ងិន​ គង្គា​ ប្រាប់​អាស៊ី​សេរី​នៅ​មុន​ពេល​ផ្សាយ​​នេះ​ថា​ មន្ត្រី​ប៉ូលិស​បាន​បញ្ជូន​ឪពុក​លោក​ស្រី ​និង​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បានលុង​ លោក​ ធឿន ប៊ុនធន ​ទៅ​ដល់​សាលាដំបូង​ខេត្ត​រតនគិរី​នៅ​រសៀល​ថ្ងៃ​ទី២៣ កញ្ញា ដើម្បី​បន្ត​នីតិវិធី​ផ្លូវ​ច្បាប់។ អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​រតនគិរី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ដដែល​នេះ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា​ មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​នេះ គឺ​ជា​រឿង​នយោបាយ ដោយសារ​ពួកគេ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក (Face book) គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ។ លោក​ចាត់​ទុក​ទង្វើ​របស់​មន្ត្រី​ប៉ូលិស​នេះ​ថា ជា​ការ​គំរាមកំហែង​បំភិត​បំភ័យ​មក​លើ​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់។ លោក​សង្កត់​ធ្ងន់​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ និង​ច្បាប់​អន្តរ​ជាតិ ​អនុញ្ញាត​​ឱ្យ​​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​សេរី​ភាព​សម្ដែង​មតិ​និង​ឈឺឆ្អាល​រឿង​នយោបាយ​ដោយ​សេរី៖ «ដូច្នេះ​ខ្ញុំ​គិត​ថា​សកម្មភាព​នៃ​ការ​ចាប់​ខ្លួន​​នេះ​វា​សរ​បញ្ជាក់​អំពី​ការ​រឹតត្បិត​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​កាន់​តែ​ខ្លាំង​ទៅ។ ខ្ញុំ​សុំ​ឱ្យ​រដ្ឋាភិបាល​ពិសេស​តុលាការ​ ត្រូវ​តែ​ពិចារណា​ឱ្យ​បាន​ដិត​ដល់​នៅ​ក្នុង​ការ​យក​ច្បាប់​មក​អនុវត្ត​ចំពោះ​ការ​ប្រើប្រាស់​នៃ​សេរីភាព​ការ​បញ្ចេញ​មតិ​ ណា​មួយ​រដូវ​នេះ​ជា​រដូវ​ភ្ជុំ​បិណ្ឌ​ផង​យើង​គួរ​ថា​កុំ​ឃុំ​ខ្លួន​ពួកគាត់​អី​ ដើម្បី​ពួកគាត់​បាន​ធ្វើ​បុណ្យ​ទាន​ផង »

​​​​​​​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី២៣ កញ្ញា​ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ២៩នាក់​ហើយ ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ខ្លួន និង​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ និង​ច្រើន​នាក់​ទៀត​បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ដោយសារ​តែ​ពួកគេ​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​នយោបាយ​របស់​គណបក្ស​ប្រឆាំង។

លោក នី សុខា លើក​ឡើង​ថា ការ​ចាប់ចង​សកម្មជន​ជន​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​នេះ​ ពុំ​មែន​ជា​ដំណោះ​ស្រាយ​នយោបាយ​ឡើយ។ ផ្ទុយ​ទៅ​វិញ គឺ​កាន់​តែ​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​គាំទ្រ​បក្ស​ប្រឆាំង​ក្ដៅ​ក្រហាយ​ ហើយ​ពួក​គាត់​អាច​នឹង​នាំ​តវ៉ា​ប្រឆាំង​​​នឹង​រដ្ឋាភិបាល ពីព្រោះ​សព្វ​ថ្ងៃ​មាន​ប្រជាពលរដ្ឋ​ជិត​កន្លះ​នគរ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។