ព្រះអង្គ បូរ បេត និមន្ត​ចាកចេញ​ពី​ប្រទេសថៃ​ដោយ​សុវត្ថិភាព ​​ទៅជ្រកកោន​នៅលើ​ទឹកដីសេរីភាព​នៃ​ប្រទេសស៊្វីស

0:00 / 0:00

ព្រះអង្គ បូរ បេត បាន​និមន្ត​ចាកចេញ​ពី​ប្រទេសថៃ​ដោយ​សុវត្ថិភាព​ហើយ​កាលពី​យប់​រំលង​អធ្រាត្រ​ថ្ងៃទី១២ ខែធ្នូ។ ពេលនេះ ព្រះអង្គ​កំពុង​គង់​នៅលើ​យន្តហោះ​ធ្វើដំណើរ​ឆ្ពោះទៅ​កាន់​ប្រទេស​ស៊្វីស (Switzerland) ជា​ទឹកដី​សេរីភាព​ដែល​ព្រះអង្គ​ទទួលបាន​សិទ្ធិជ្រកកោន​ផ្នែកនយោបាយ។

ព្រះអង្គ​មាន​សង្ឃដីកា​ប្រាប់វិទ្យុអាស៊ីសេរី នៅមុន​ពេល​និមន្ត​ឡើង​យន្តហោះ​​ថា ពេលនេះ​ព្រះអង្គ​មាន​សុវត្ថិភាព​ស្ទើរតែ ១០០ភាគរយ។ ព្រះអង្គ​បញ្ជាក់​ថា អាជ្ញាធរ​អន្តោប្រវេសន៍​ថៃ បាន​អនុញ្ញាត​ឱ្យ​ព្រះអង្គ​ចាកចេញ​ពី​ប្រទេសថៃ ក្រោយពី​មាន​កិច្ចសម្របសម្រួល និង​ការឃ្លាំមើល​ពី​តំណាង​ស្ថានទូត​​ស៊្វីស​​ប្រចាំ​ប្រទេសថៃ ការិយាល័យ​​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិជនភៀសខ្លួន (UNHCR) និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch)។

ព្រះអង្គ បូរ បេត មាន​សង្ឃដីកា​ថា នៅពេល​ដែល​ព្រះអង្គ​ទៅដល់​ទឹកដី​នៃ​ប្រទេសស៊្វីស ព្រះអង្គ​នឹង​និមន្ត​ទៅគង់​នៅវត្ត​ជាមួយ​ព្រះតេជព្រះគុណ លួន សុវ៉ាត។ ព្រះ​អង្គ​​ប្តេជ្ញា​ថា ព្រះអង្គ​នឹងនៅតែ​បន្ត​ធ្វើ​សកម្មភាព​ចូលរួម​ជួយ​សង្គម​កម្ពុជា​ដដែល ​បើទោះបីជា​ព្រះអង្គ​ទៅដល់​ប្រទេស​ស៊្វីស​ហើយ​ក៏ដោយ៖ « ចំណាប់អារម្មណ៍​អាត្មា​ពេលនេះ និយាយទៅ អាត្មា​នៅតែ​រឹងមាំ​ដដែល ហើយ​សប្បាយចិត្ត​ដែរ​ ដោយសារ​បើសិនជា​យើង​រស់នៅ​លើទឹកដី​ថៃទៀត គេ​នឹង​ចាប់បញ្ជូន​យើង​ទៅស្រុក​ខ្មែរវិញ។ គេទុក​ឱ្យ​អាត្មា​នៅ​បាន​យ៉ាងយូរ​ត្រឹម​មួយខែ ដាច់ខែនេះ​អ៊ីចឹង។ ដល់ពេល​ខាង​ទូត ខាងអង្គការ​គេ​ជំរុញ​អាត្មា​ភ្លាម​មានន័យថា ចំណាប់​អារម្មណ៍​ពេលនេះ​សប្បាយចិត្ត តែ​ការងារ​ដែល​យើង​ធ្លាប់ធ្វើ​កន្លងមក ការតស៊ូ​មតិ ការពារ​ព្រៃឈើ ហើយ​នឹង​បញ្ហា​ដីធ្លី​នៅស្រុកខ្មែរ​ជាដើម ជាពិសេស​ គឺបញ្ហា​ស្ថានការណ៍​នយោបាយ គឺ​អាត្មា​នៅតែចូលរួម នៅតែ​តាមដាន នៅតែ​និយាយ នៅតែ​សរសេរ​ផុស​តាមបណ្តាញ​សង្គមហ្វេសប៊ុក តិចឬច្រើន​យ៉ាងណា តែអាត្មា​នៅតែ​បញ្ចេញ​មតិ​​ពី​ហ្នុង​មក »

ព្រះអង្គ បូរ បេត ថ្លែង​អំណរគុណ​ដល់​ប្រទេស​ស៊្វីស​ ដែល​បាន​យល់ព្រម​ទទួលយក​ព្រះអង្គ​ទៅជ្រកកោន​នៅលើ​ទឹកដី​របស់​ខ្លួន។ ព្រះអង្គ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​អង្គការ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ពលរដ្ឋខ្មែរ​ទាំងអស់​ដែល​បាន​តាមដាន និង​ឃ្លាំមើល​ករណី​ព្រះអង្គ​កាលពី​ពេល​កន្លងមក។ ទន្ទឹមនឹងនេះ ព្រះអង្គ​ស្នើឱ្យ​ប្រទេសថៃ និង​អាជ្ញាធរ​នៃ​ប្រទេស​នេះ ធ្វើយ៉ាងណា​ត្រូវ​តែ​គោរព​សិទ្ធិមនុស្ស ជាពិសេស​ សិទ្ធិ​របស់​ជនភៀសខ្លួន និង​ត្រូវ​បញ្ឈប់​រាល់ការ​ធ្វើទុក្ខបុកម្នេញ​ណាមួយ​មកលើ​ជនភៀសខ្លួន ដែល​គួរតែ​ទទួលបាន​នូវ​កិច្ចគាំពារ​ជាពិសេស ដោយ​មិនត្រូវ​ចាប់​បញ្ជូន​ពួកគេ​ទៅប្រទេស​ដើមវិញឡើយ។ បើពុំនោះទេ ព្រះអង្គ​មាន​សង្ឃដីកា​ថា ប្រទេសថៃ​នឹងរងនូវ​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ។

ព្រះអង្គ បូរ បេត ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់​ព្រះកាយ និង​ផ្សឹក​កាលពី​ថ្ងៃទី១ ខែធ្នូ ទាំងដែល​ព្រះអង្គ​ទទួលបាន​សិទ្ធិជា​ជនភៀសខ្លួន​ពី​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន។ ព្រះអង្គ​ត្រូវបាន​ដោះលែង​ឱ្យ​មាន​សេរីភាពវិញ ​កាលពី​ថ្ងៃទី៣ ខែធ្នូ ក្រោយ​ពី​មាន​ប្រតិកម្ម និង​អន្តរាគមន៍​ជាច្រើនពី​អង្គការអន្តរជាតិ និង​តំណាងរាស្ត្រ​ប្រទេសថៃ​ផង។ ព្រះអង្គបាន​ភៀស​ព្រះកាយ​មកគង់​នៅ​ប្រទេសថៃ កាលពី​ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បី​គេច​ពី​ការតាម​ចាប់​របស់​អាជ្ញាធរ​កម្ពុជា ក្រោយពេល​ព្រះអង្គ​បាន​ចូលរួម​តវ៉ា​ដោយសន្តិវិធី​ទាមទារ​ឱ្យ​ដោះលែង​មេដឹកនាំ​សហជីពលោក រ៉ុង ឈុន។ ក្នុងពេល​គង់នៅ​ប្រទេសថៃ ព្រះអង្គ​តែងតែ​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​រឿង​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ព្រមទាំង​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។