ពល​រដ្ឋខ្មែរ​នៅ​អូស្ត្រាលី​ថា ការ​ធ្វើ​បាតុកម្ម​បាន​ជោគជ័យ ​ព្រោះ​រដ្ឋាភិបាល​អូស្រ្តាលី​មិន​បញ្ជូន​អគ្គរដ្ឋទូត​ចូលរួម​ក្នុង​កិច្ចប្រជុំ​សភា​ថ្ងៃ​ដំបូង​នោះ​ទេ

0:00 / 0:00

សហគមន៍ខ្មែរនៅអូស្ត្រាលីអះអាងថា បាតុកម្មរបស់​ពួកគេទទួល បាន​ជោគជ័យព្រោះរដ្ឋាភិបាល​អូស្ត្រាលី​សម្រេច​មិន​បញ្ជូន​អគ្គរដ្ឋទូត ឬ​តំណាង​ទូត​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្ងៃ​ដំបូង​នោះ​ទេ។ ការ​សម្រេច​របស់​រដ្ឋាភិបាល​អូស្រ្តាលី​បែប​នេះ ស្រប​ពេល​ដែល​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ធ្វើ​បាតុកម្ម​ស្នើសុំ​មិន​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​បញ្ជូន​អគ្គរដ្ឋទូត​របស់​ខ្លួន​ចូលរួម​កិច្ចប្រ​ជុំសភា​ថ្ងៃ​ដំបូង​នៃ​របប​ក្រុង​ភ្នំពេញ។

ក្រុម​បាតុករ​ខ្មែរ​អូស្រ្តាលីឲ្យ​ដឹង​ថា ខណៈ​ក្រុម​បាតុករ​ជួប​ជុំ​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ថ្ងៃ​ទី៤ ខែកញ្ញា ក្រសួង​ការ​បរទេស​អូស្ត្រាលី​បាន​ផ្តល់​ដំណឹង​មក​ក្រុម​បាតុករ​ថា រដ្ឋាភិបាល​អូស្ត្រាលី​សម្រេច​មិន​បញ្ជូន​អគ្គរដ្ឋទូត ឬ​តំណាងទូត​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ថ្ងៃ​ដំបូង​នោះ​ទេ។

តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលីប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម ជា​អ្នក​ផ្តួចផ្តើម​ការ​ធ្វើ​បាតុកម្ម​នេះ ឲ្យ​អាស៊ី​សេរី​ដឹង​ថា បាតុករ​ជាង ២០០នាក់​បាន​ចូលរួម​ក្នុង​ការ​ធ្វើ​បាតុកម្ម​នេះ។ លោក​យល់​ថា ចំនួន​បាតុករ គឺ​មាន​ច្រើន​ព្រោះ​ការ​ទាមទារ​នេះ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ធ្វើការ ហើយ​កន្លែង​បាតុកម្ម​ក៏​នៅ​ឆ្ងាយ​ពី​មូលដ្ឋាន​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​រស់នៅ។ លោក​ឲ្យ​ដឹង​ទៀត​ថា តំណាងរាស្រ្ត រដ្ឋមន្រ្តី និង​មន្រ្តី​ក្រសួង​ការ​បទេស​អូស្រ្តាលី​បាន​ចេញ​មក​ទទួល​ញត្តិ​របស់​បាតុករ៖ «»

ការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅអូស្រ្តាលីនៅពេលនេះ ក្រៅពីស្នើមិនឲ្យ​រដ្ឋាភិបាល​អូស្ត្រា លី​បញ្ជូន​អគ្គរដ្ឋទូត​របស់​ខ្លួន​ចូលរួម​កិច្ចប្រជុំ​សភា​ថ្ងៃ​ដំបូង​នៃ​របប​ក្រុង​ភ្នំពេញ​ហើយ វា​ក៏​ជា​ការ​ទាមទារ​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី​មិន​ឲ្យ​ទទួល​ស្គាល់​របប​ថ្មី​របស់​លោក ហ៊ុន សែន ដែល​គណៈ រដ្ឋមន្រ្តី​ថ្មី​នឹង​កើត​ឡើង​ក្រោយ​មួយ​ថ្ងៃ​នៃ​ការ​ប្រជុំ​សភា​លើក​ដំបូង​ថ្ងៃ​ទី៥ ខែកញ្ញា។ បាតុកម្ម​នេះ​ដែរ ក្រុម​បាតុករ​ក៏​បាន​ផ្ញើសារ​ទៅ​របប​ក្រុង​ភ្នំពេញ​អនុញ្ញាត​ឲ្យ​មាន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ និង​ត្រូវ​ដោះ​លែង​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ គឺ​លោក កឹម សុខា។

បាតុករម្នាក់និយាយក្នុងពេលធ្វើបាតុកម្ម​នោះ​ថា លោក​រំពឹង​ថា ការ​ទាមទារ​របស់​លោក​នៅ​ថ្ងៃ នេះ​នឹង​ជំរុញ​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​កម្ពុជា​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។ លោក​ថា ក្នុង​នាម​លោក​ជា​កូន​ខ្មែរ​ម្នាក់ លោក​នៅ​តែ​ចូលរួម​ទាមទារ​បន្ត​ទៀត រហូត​ដល់​របប​លោក ហ៊ុន សែន ដើរ​មក​ផ្លូវ​ត្រឹម​ត្រូវ​ឡើង​វិញ៖ «»

ខណៈ​របប​ក្រុង​ភ្នំពេញ​រៀបចំ​បើក​កិច្ច​ប្រជុំ​រដ្ឋសភា​នីតិកាល​ទី៦​ ថ្ងៃ​ដំបូង​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ​ ក្រោម​ព្រះរាជ​វត្តមាន ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហមុនី ដែល​ទ្រង់​គង់​ជា​រាជាធិបតី។ ក្រុម​ប្រទេស​មហា​អំណាច និង​ប្រធិបតេយ្យ​ធំៗ រួមមាន ស្ថានទូត​អាមេរិក និង​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ប្រកាស​ខ្លួន​ថា មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ទេ។

អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​នៃ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន និយាយ​ថា ការ​សម្រេច​មិន​ចូលរួម​ប្រជុំ​របស់​ស្ថានទូត​ណា​មួយ គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ភ្ញៀវ​ប៉ុណ្ណោះ ព្រោះ​សភា​កម្ពុជា​នៅ​តែ​បន្ត​កិច្ចប្រជុំ និង​ភាព​ស្រប​ច្បាប់​របស់​ខ្លួន​ដដែល។

ទោះ​បែប​នេះ​ក្តី លោក ហុង លីម តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលីប្រចាំ​រដ្ឋ​វិកតូរីយ៉ា (Victoria) លោក ហុង លីម យល់​ថា អវត្តមាន​របស់​តំណាង​ទូត​នៃ​ក្រុម​ប្រទេស​អូស្រ្តាលី និង​ប្រទេស ប្រជាធិបតេយ្យ​ក្នុង​ពិធី​បើក​រដ្ឋសភា​ក្លែងក្លាយ​របស់​លោក ហ៊ុន សែន នេះ គឺ​ជា​ការ​ទះ​កំផ្លៀង មុននឹងលោក ហ៊ុន សែន ស្រាតខោដើរទៅចូលរួមក្នុងកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ និងសហគមន៍​អឺរ៉ុបនាចុងខែកញ្ញាខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។