អាមេរិក​ផ្ដល់​ជំនួយ ១៨​លាន​ដុល្លារ​មក​កម្ពុជា​វិញ តែ​មិន​បាន​ទទួល​ស្គាល់​ថា ការ​បោះឆ្នោត​ត្រឹមត្រូវ​ទេ

ដោយ សុជីវី
2023.09.30
អាមេរិក​ផ្ដល់​ជំនួយ ១៨​លាន​ដុល្លារ​មក​កម្ពុជា​វិញ តែ​មិន​បាន​ទទួល​ស្គាល់​ថា ការ​បោះឆ្នោត​ត្រឹមត្រូវ​ទេ ជំនួប​រវាងលោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត (ស្ដាំ) និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) នាវិមានសន្តិភាព កាលពី​ថ្ងៃទី២៧ កញ្ញា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

ទោះ​ផ្ដល់​ជំនួយ ១៨លាន​ដុល្លារ​មក​កម្ពុជា​វិញ អាមេរិក​មិន​បាន​ទទួល​ស្គាល់​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​ត្រឹម​ត្រូវ និង​យុត្តិធម៌​នោះ​ទេ។ អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ការ​ផ្ដល់​ជំនួយ​ឱ្យ​ទៅ​កម្ពុជា​វិញ​នេះ គឺ​ដោយសារ​អាមេរិក​មិន​ចង់​ឱ្យ​កម្ពុជា​រង​ឥទ្ធិពល​ចិន​កាន់​តែ​ខ្លាំង​តែ​ប៉ុណ្ណោះ។

ទី​ភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) មិន​បាន​អះអាង​ថា ការ​លែង​បង្កក​កញ្ចប់​ជំនួយ ១៨​លានដុល្លារ​អាមេរិក ទៅ​ដល់​កម្ពុជា គឺជា​ការ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត កាល​ពី​ថ្ងៃ​ទី២៣ ខែ​កក្កដា នោះ​ឡើយ។

ទី​ភ្នាក់​ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២៨ កញ្ញា ថា ការ​ផ្ដល់​ជំនួយ​របស់​សហរដ្ឋអាមេរិក (USA) ធ្វើ​ឡើង​ដើម្បី​ផល​ប្រយោជន៍​ដោយ​ផ្ទាល់​ទៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​អាកាសធាតុ និង​ដើម្បី​លើក​កម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​កម្ពុជា​តែ​ប៉ុណ្ណោះ។ USAID បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​ផ្ដល់​ជំនួយ​ឡើង​វិញ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក ក្នុង​គោល​បំណង​លើក​កម្ពស់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​បាន​រស់នៅ​ក្នុង​ប្រទេស​ដែល​មាន​ការ​រីក​ចម្រើន ឯករាជ្យ និង​លទ្ធិប្រជាធិបតេយ្យ ខណៈ​សំឡេង​ប្រជាពលរដ្ឋ​ពី​គ្រប់​ភាគី​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់។ ទោះ​ជា​យ៉ាង​ណា ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ មិន​បាន​បញ្ជាក់​ថា ការ​ផ្ដល់​ជំនួយ​វិញ​នេះ គឺជា​ការ​ទទួល​ស្គាល់​​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ខែ​កក្កដា នៅ​កម្ពុជា​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID)បែប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក ខ្មែរថាមស៍ (Khmer Times) កាល​ពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា ថា ការ​ផ្ដល់​ជំនួយ​១៨​លាន​ដុល្លារ​ដែល​អាមេរិក​បាន​បង្កក​វិញ​នោះ គឺជា​ការ​បញ្ជាក់​ថា សហរដ្ឋអាមេរិក​ទទួល​ស្គាល់​លទ្ធផល​ការ​បោះឆ្នោត កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី។

កាល​ពី​ពេល​កន្លង​ទៅ សហរដ្ឋ​អាមេរិក​​បាន​ប្រកាស​ថា ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា​មិន​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​នោះ​ឡើយ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក ម៉ាត់ហ្ស៊ូ មីលើរ៍ (Matthew Miller​) ថ្លែងប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២​៥​ កក្កដា ថា អាមេរិក​នឹង​កាត់ផ្ដាច់​កម្មវិធី​ផ្ដល់​ជំនួយ​មួយ​ចំនួន​ដែល​គិត​ជា ទឹក​ប្រាក់​ប្រមាណ ១៨លាន​ដុល្លារ ហើយ​ការ​កាត់​ផ្ដាច់​ជំនួយ​នេះ ក៏​អាច​នឹង​បន្ត​ទៅ​ឆ្នាំ​ក្រោយៗ​ទៀត​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា ក្រោយ​ពី​បាន​ជួប​អនុ​រដ្ឋមន្ត្រី​ការបរទេស​ស្តីទី​​របស់​សហរដ្ឋ​អាមេរិក​ អ្នក​ស្រី វ៉ិកតូរីយ៉ា នូលែន (Victoria Nuland) ​កាល​ពី​ថ្ងៃ​ទី២២ ខែ​កញ្ញា​ ឆ្នាំ​២០២៣ នៅ​បុរីញូវយ៉ក (New York) លោក​ ហ៊ុន ម៉ាណែត​ បាន​ប្រកាស​ថា​ សហរដ្ឋអាមេរិក​បាន​ផ្ដល់​ជំនួយ ១៨លាន​ដុល្លារ​ឡើងវិញ ហើយ​លោក​នាយករដ្ឋមន្ត្រី​ថ្មី​រូប​នេះ ថែម​ទាំង​បាន​សួរ​សំណួរ​បែប​ចំអក​ទៅ​កាន់​អ្នក​រិះគន់​រដ្ឋាភិបាល​ផង​ដែរ។

លោក ហ៊ុន ម៉ាណែត៖ «ឥឡូវ​សួរ​ថា ជា​សារ​នយោបាយ​យ៉ាងម៉េច អា​ហ្នឹង​អ្នក​ដែល​រិះ​គន់​រៀបរាប់​ទៅ កាត់​យល់​ទៅ បើ​អាមេរិក​ផ្ដល់​ជំនួយ​ត្រឡប់​មកវិញ នៅ​ពេល​ដែល​ដំបូង​គេ​ផ្អាក​ដោយសារ ការ​បោះ​ឆ្នោត​នេះ​មាន​បញ្ហា​មួយ​ចំនួន ប៉ុន្តែ​ឥឡូវ​គេ​ផ្ដល់​ឱ្យ​វិញ ដើម្បី​ធ្វើ​កិច្ច​ការ​បន្ត​ទៀត ពង្រឹង​ទំនាក់​ទំនង​ទៀត អា​ហ្នឹង​គួរ​កាត់​យល់​ហើយ​បង​ប្អូន​នៅ​ទីនេះ តើ​ទំនាក់​ទំនង​កម្ពុជា អាមេរិក យ៉ាងម៉េច»?

ជុំវិញ​រឿង​នេះ អ្នក​វិភាគ​នយោបាយ បណ្ឌិត សេង សារី យល់​ឃើញ​ថា ការ​ផ្ដល់​ជំនួយ​១៨លាន​ដុល្លារ​ពី​សហរដ្ឋអាមេរិក​វិញ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​អំពី​គោល​នយោបាយ​ការបរទេស​របស់​សហរដ្ឋអាមេរិក ទៅ​រក​លោក ហ៊ុន ម៉ាណែត ដោយ​លោក​ចាត់​ទុក​ថវិកា​ជំនួយ​នេះ គឺជា​តម្លៃ​សំបុត្រ​ដែល​ដាក់​នៅ​លើ​តុ​ដើម្បី​ចរចា។ លោក​បន្ត​ថា ផល​ចំណេញ​នយោបាយ​សំខាន់​តែ​ម្យ៉ាង​ដែល​សហរដ្ឋអាមេរិក​ចង់​បាន​នោះ​គឺ សហរដ្ឋអាមេរិក​មិន​ចង់​ឃើញ​កម្ពុជា​ធ្លាក់​កាន់​តែ​ជ្រៅ​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​ប្រទេស​ចិន។

អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា លោក ហ៊ុន ម៉ាណែត គួរ​ចាប់​ផ្ដើម​បើក​លំហ​ប្រជាធិបតេយ្យ និង​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស តាមរយៈ​ការ​ដោះលែង​សកម្មជន​នយោបាយ និង​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់​ឃុំ​ដោយ​អយុត្តិធម៌​ទាំង​អស់​ឱ្យ​មាន​សេរីភាព​វិញ ជាជាង​បន្ត​ខ្វល់ខ្វាយ​ការ​ទទួល​ស្គាល់​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ទៅលើ​ភាព​ត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត ព្រោះ​លោក​មិន​អាច​បំភ្លៃ​ប្រវត្តិសាស្ត្រ នៃ​ការ​ឡើង​កាន់​អំណាច​តាមរយៈ​ការ​ធ្វើ​នយោបាយ​ទុច្ចរិត នឹង​ការ​ជ្រោមជ្រែង​សព្វ​បែប​យ៉ាង​របស់​ឪពុក​លោក​នោះ​បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
អត្ថបទពេញនិយម
នយោបាយ
អ្នកឃ្លាំមើល​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​ចិន​ គឺ​ជា​ការ​ពង្រឹង​អំណាច និង​ស្វែង​រក​កម្ចី​ពី​ចិន​បន្ថែម
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។