អ្នកជាប់ឃុំ​បក្ស​ប្រឆាំង​ស្នើ​លោក ហ៊ុន សែន ឱ្យ​ដោះលែង​ពួក​គេ​ដោយ​គ្មាន​លក្ខខណ្ឌ​ដោះដូរ

0:00 / 0:00

សកម្មជន​គណបក្ស​ប្រឆាំង​មួយ​ចំនួន ដែល​កំពុង​ជាប់ឃុំ​ស្នើ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​តុលាការ​ដោះលែង​អ្នកទោស​មនសិការ​ឱ្យ​មាន​សេរីភាព ដោយ​គ្មាន​ការ​ដាក់​លក្ខខណ្ឌ​ដោះដូរ។ សំណើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ដោះ​លែង​អ្នក​ជាប់ឃុំ ដែល​ជា​សកម្មជន​គណបក្ស​ប្រឆាំង​តម្រូវ​ឱ្យ​និយាយ​ទម្លាក់​កំហុស​លើ​ខ្លួន​ឯង និង​សុំទោស​លោក ហ៊ុន សែន ទើប​អាច​រួចផុត​ពី​ការ​ជាប់​ឃុំ​បាន។

សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​ប្រាប់​ប្រពន្ធ និង​កូនៗ ថា ពួក​គាត់​នៅតែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​តុលាការ​ផ្តល់​ភាព​ស្អាតស្អំ​ដល់​អ្នកទោស​នៅ​ក្នុង​ករណី​រឿង​នយោបាយ​ទាំងអស់​គ្មាន​លក្ខណៈ​តម្រូវ​ឱ្យ​ទទួល​កំហុស​ដែល​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​នោះ។

កូនស្រី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រាជធានី​ភ្នំពេញ​លោក ហេង ច័ន្ទសុទ្ធី គឺ​កញ្ញា ហេង បុរី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៥ ខែមិថុនា​ថា ថ្ងៃ​នេះ គឺ​ជា ខួប​បី​ឆ្នាំ ដែល​ឪពុក​របស់​កញ្ញា​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​​ពន្ធនាគារ​ក្នុង​រឿង​នយោបាយ​ដោយ​អយុត្តិធម៌ និង​ឈឺចាប់​មិន​អាច​បំភ្លេច​បាន​នោះ​ទេ។ កញ្ញា​រៀបរាប់​ថា​ជីវិត​អ្នកទោស​មនសិការ​នៅ​កម្ពុជា​ដូច​ជា​ឪពុក​របស់​នាង គឺ​លោក ហេង ច័ន្ទសុទ្ធី បាន​លះបង់​ក្ដី​សុខ​ផ្ទាល់​ខ្លួន សុខ​ចិត្ត​រង​ទុក្ខវេទនា​ផ្លូវ​កាយ និង​ចិត្ត​នៅ​ក្នុង​គុក​ដោយ​រក្សា​ជំហរ​រឹងមាំ​ស្មោះត្រង់​នឹង​ជាតិ ប៉ុន្តែ​ឪពុក​របស់​កញ្ញា​មិន​សុំ​ទោស​លោក ហ៊ុន សែន ដើម្បី​ទម្លាក់​កំហុស​លើ​ខ្លួន​ឯង​នោះ​ឡើយ។

កញ្ញា ហេង បុរី៖ «ខ្ញុំ​ចង់​ឱ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ដោះលែង​គាត់​ដោយ​មិន​មាន​លក្ខខណ្ឌ​អ្វី​ទាំង​អស់ ពីព្រោះ​គាត់​មិនមែន​ជា​ជន​ជាប់​ចោទ ឬ​ឧក្រិដ្ឋជន​ទេ គឺ​គាត់​ជា​ជន​រង​គ្រោះ ដែល​ត្រូវ​រង​ភាព​អយុត្តិធម៌​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​មិន​ទាន់​ផ្តល់​យុត្តិធម៌​ដល់​គាត់​នៅ​ឡើយ​ទេ អ៊ីចឹង​រដ្ឋាភិបាល​ត្រូវ​ដោះលែង​គាត់​ដោយ​គ្មាន​លក្ខខណ្ឌ និង​មិន​ឱ្យ​គាត់​សុំទោស​ឡើយ»។

ស្រដៀងគ្នា​នេះ​ដែរ ប្រពន្ធ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក វឿង សំណាង គឺ​លោកស្រី ទៀង ចិន្តា ថ្លែង​ថា តុលាការ​តែង​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជា​មនុស្ស​ស្លូតត្រង់​ដាក់​ពន្ធនាគារ​ដោយ​គ្មាន​កំហុស ផ្ទុយ​ទៅ​វិញ​សំណុំ​ទាំង​នោះ បើ​សិន​អ្នកទោស​មនសិការ​លើក​ដៃ​សុំ​ទោស​ប្រមុខ​មេ​បក្ស​កាន់​អំណាច​បែរជា​ទទួល​បាន​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​ភ្លាមៗ ទៅ​វិញ។ លោកស្រី​យល់​ថា ការណ៍​ដែល​ដាក់​លក្ខខណ្ឌ​ដូច្នេះ គឺ​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​សកម្មជន​បក្ស​ប្រឆាំង​ដែល​តស៊ូ​លះបង់​ជាប់​គុក​រាប់​ឆ្នាំ ដើម្បី​បុព្វហេតុ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ លោកស្រី ទៀង ចិន្ដា ស្នើ​ដល់​រដ្ឋាភិបាល​ដោះលែង​ប្ដី​លោកស្រី និង​សកម្មជន​ជាប់ឃុំ​ដែល​នៅ​សេសសល់​ក្នុង​គុក​ឱ្យ​មាន​សេរីភាព​ដោយ​កុំ​ដាក់​លក្ខខណ្ឌ​ដើម្បី​បាន​នៅ​ក្រៅ​ឃុំ។

លោកស្រី ទៀង ចិន្ដា៖ «ចាប់​មនុស្ស​ដែល​អត់​មាន​កំហុស​ដាក់​ក្នុង​គុក​ហើយ បង្ខំ​ឱ្យ​គ្នា​សុំ​ទោស ឬ​ធ្វើ​លិខិត​សុំទោស ដើម្បី​ដោះដូរ​សេរីភាព។ អ៊ីចឹង​សួរ​ថា ស្មារតី​អ្នក​ស្នេហា​ជាតិ​គេ​អាច​ធ្វើ​ទៅ​រួច​បាន​ទេ។ ខ្ញុំ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​សេរីភាព​ដល់​គ្រួសារ​ខ្ញុំ​វិញ ដោយ​គ្មាន​ការ​ដោះដូរ ដូចជា​ធ្វើ​លិខិត​សុំទោស ឬ​ចុះចូល​ដើម្បី​ផ្តល់​សេរីភាព គឺ​គាត់​អត់​ត្រូវ​ការ​ទេ។ ប៉ុន្តែ គាត់​ត្រូវ​ការ​យុត្តិធម៌ និង​ការ​ផ្តល់​សេរីភាព​ដល់​ពួក​គាត់​វិញ»។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និង​អ្នកនាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ ដើម្បី​បញ្ជាក់​ជុំវិញ​រឿងនេះ​បាន​ទេ​​ នៅថ្ងៃ​ទី៥ ខែមិថុនា។

ប៉ុន្តែ​រយៈ​ពេល​ចុងក្រោយ​នេះ មាន​ការរៀបចំ​ឱ្យ​អ្នកជាប់ឃុំ​ជា​សកម្មជន​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល ធ្វើ​វីដេអូ​ចេញ​ពី​ពន្ធនាគារ សុំទោស​លោក ហ៊ុន សែន ហើយ​អ្នក​ទាំង​នោះ​តែងតែ​ត្រូវ​បាន​តុលាការ​ដោះលែង ឬ​ត្រូវ​បាន​លោក ហ៊ុន សែន ស្នើ​ទៅ​ព្រះមហាក្សត្រ​លើកលែង​ទោស ក្រោយពេល​ពួកគេ​និយាយ​ទម្លាក់​កំហុស​លើ​ខ្លួន​ឯង។ គិត​មកដល់​ពេលនេះ​ក្រុម​អ្នក​លើក​ដៃ​សុំ​ទោស​លោក ហ៊ុន សែន ដើម្បី​បាន​រួចខ្លួន​ទាំង​នោះ មាន​ជិត ៣០នាក់​ហើយ។ អ្នក​ខ្លះ​មិន​ត្រឹម​សុំទោស​យក​រួចខ្លួន​ទេ ប៉ុន្តែ ថែមទាំង​ត្រូវ​បាន​បង្ខំ​សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទទួល​បាន​ការងារ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ ឬ​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​ថែម​ទៀត។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា​សង្គម​ប្រជាធិបតេយ្យ​ពលរដ្ឋ​គ្រប់​មាន​សិទ្ធិ​បញ្ចេញ​មតិ ឬ​ទស្សនៈ និង​គាំទ្រ​បក្ស​នយោបាយ​ណាមួយ​ដែល​ពួកគេ​ពេញចិត្ត​ស្រប​តាម​ច្បាប់។ លោក​យល់​ថា​ការ​សុំ​ទោស​រដ្ឋាភិបាល​ប្តូរ​នឹង​សេរីភាព ឬ​ការ​រក្សា​ជំហរ​មិន​សុំទោស​យ៉ាងណា​នោះ ជា​សិទ្ធិ​របស់​សកម្មជន​ទាំង​នោះ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា​សហគមន៍​ជាតិ និង​អន្តរ​ជាតិ​តែងតែ​ចាត់​ទុក​ការ​ចាប់ និង​ឃុំខ្លួន​សកម្មជន​បក្ស​ប្រឆាំង​កន្លង​មក​ថា ជា​រឿង​នយោបាយ​ច្រើន​ជាង​ការអនុវត្ត​ច្បាប់។ ជាក់​ស្តែង​ករណី​សកម្មជន​បក្ស​ប្រឆាំង ដែល​គ្រាន់តែ​សុំ​ទោស​ហើយ​រួច​ខ្លួន ដែល​បង្ហាញ​កាន់តែ​ច្បាស់​ជា​រឿង​នយោបាយ។

លោក ស៊ឹង សែនករុណា៖ «ករណី​នេះ​រឹតតែ​មិនមែន​ជា​ការអនុវត្ត​ច្បាប់ ពី​ព្រោះ​បើ​សិន​ការ​អនុវត្ត​ច្បាប់​ពិត​ប្រាកដ​មែនទែន មិន​អាច​សុំទោស​រួចខ្លួន​បែប​នេះ​ទេ។ អ៊ីចឹង ករណី​នេះ​ ​ការ​សុំ​ទោស ហើយ​មាន​ការ​លើក​លែង​ទោស មាន​ការ​ទម្លាក់​ចោល​នូវ​បទ​ចោទ​ប្រកាន់​ទាំង​អស់​នេះ គឺ​សុទ្ធ​សឹង​តែ​ជា​ដំណោះ​ស្រាយ​ទៅលើ​បញ្ហា​រឿង​នយោបាយ គឺ​រឿងរ៉ាវ​ទាំង​អស់​ដោយ​សារ​បុព្វហេតុ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នយោបាយ​ហ្នឹងឯង​ដែល​យើង​មើល​ឃើញ​ទាំង​អស់​គ្នា​នា​ពេល​កន្លង​មក​ហ្នឹង»។

មកទល់​ពេល​នេះ មាន​សកម្មជន​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ជាង ៥០នាក់​ទៀត​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយសារ​តែ​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន។ សហគមន៍​ជាតិ និង​អន្តរជាតិ​ថ្កោល​ទោស​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​អំពាវនាវ​ឲ្យ ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​សមាជិក​គណបក្ស​ប្រឆាំង អ្នក​ការពារ​សិទ្ធិ​មនុស្ស ហើយ​ដោះលែង​ពួក​គេ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។