តើ​កម្ពុជា​សម្រេចបាន​សមិទ្ធិ​ផល​អ្វី​ខ្លះ​ ៤០​ឆ្នាំ​​ក្រោយ​​ព្រឹត្តិការណ៍​​ចម្រូងចម្រាស់​​ថ្ងៃ​​ទី ៧ ​មករា ១៩៧៩?​

0:00 / 0:00

ជា​រៀងរាល់​ឆ្នាំ​ឲ្យ​តែ​ដល់​ថ្ងៃ​ប្រាំពីរ​មក​រា​ម្តង​ៗ​ ​អ្នកនយោបាយ​ ​និង​ពលរដ្ឋ​ខ្មែរ​មក​ពី​គ្រប់​និន្នាការ​នយោបាយ​ ​និង​មជ្ឈដ្ឋាន​ ​តែង​បង្ហាញ​ទស្សនៈ​ផ្ទុយគ្នា​ជុំវិញ​ព្រឹត្តិការណ៍​នេះ​ ​និង​សមិទ្ធិ​ផល​នានា​ដែល​ព្រឹត្តិការណ៍​នេះ​ ​បាន​នាំមក​ជូន​ប្រជាជាតិ​ខ្មែរ​ នា​ពេល​សព្វ​ថ្ងៃ​។ ​មាន​មតិ​ខ្លះ​រិះគន់​ថា​ ​អ្នកដឹកនាំ​បក្ស​កាន់អំណាច​តែងតែ​បកស្រាយ​អំពី​ថ្ងៃ​ប្រាំពីរ​មក​រា ​ដើម្បី​កេង​ចំណេញ​នយោបាយ​ ​ដោយ​សំអាង​ថា​ ​ខ្លួន​ជា​អ្នក​រំដោះ​ពលរដ្ឋ​ខ្មែរ​ឲ្យ​រួចផុត​ពី​វាល​ពិឃាត​ខ្មែរ​ក្រហម​ ​ចំណែក​មតិ​ខ្លះ​ទៀត​ថា​ថ្ងៃ​ប្រាំពីរ​មក​រា ​គឺ​ថ្ងៃ​ដែល​វៀតណាម​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា​។​ ក្រៅពី​ការបកស្រាយ​យក​ចំណេញ​នយោបាយ​ ​និង​យក​ត្រូវតែ​រៀង​ៗ​ខ្លួន​នេះ​ ​តើ​កម្ពុជា​សម្រេចបាន​សមិទ្ធិ​ផល​អ្វី​ខ្លះ​ក្នុង​រយៈពេល ៤០ ឆ្នាំ​ ក្រោយ​ព្រឹត្តិការណ៍​ចម្រូងចម្រាស់​ថ្ងៃ​ទី ០៧ ​មករា ១៩៧៩ នេះ​?​

សម្រាប់​ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ​ ​ដែល​បាន​ឡើង​កាន់អំណាច​ និង​រក្សា​អំណាច​បាន​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ​ ​ពួកគេ​ចាត់ទុក​ថ្ងៃ​ ៧ មក​រា ​ជា​ថ្ងៃ​កំណើត​ទី​ពីរ ​ជា​ទិវា​បុណ្យ​ជាតិ​ ​និង​ជា​ថ្ងៃ​ដែល​នាំឲ្យ​កម្ពុជា​​​សម្រេចបាន​អ្វីៗ ​ទាំង​អស់​​នា​ពេល​​បច្ចុប្បន្ន​​នេះ។ ​អ្វីៗ ​ដែល​មាន​ចំពោះ​មុខ​នេះ​ ​គេ​នាំគ្នា​សន្មត​ថា ​ជា​ ​«​សច្ចភាព​ប្រវត្តិសាស្ត្រ​»​ ​មិន​អាច​ប្រកែក​បាន​។ ​លើស​ពី​នេះ​ទៅ​ទៀត​ ​ពួក​គេ​ក៏​មិន​អល់​អែក​នឹង​ហៅ​ក្រុម​អ្នក​ទាំងឡាយណា​ដែល​ប្រឆាំង​នឹង​ថ្ងៃ​នេះ​ ​ថា​ជា​ក្រុម​មនុស្ស​ «រមិល​គុណ ​អគតិ ​វង្វេង​ប្រវត្តិសាស្ត្រ​» ​ជា​អ្នកគាំទ្រ​ ​ឬ​ចង់​ឲ្យ​របប​ខ្មែរ​ក្រហម​ ​ឬ​អំពើ​ប្រល័យ​ពូជសាសន៍​ វិល​មក​ជា​លើក​ទី២ ជាដើម៖ «​ ជ័យជម្នះ​ ៧ ​មករា ​បាន​សង្រ្គោះ​អាយុ​ជីវិត​ប្រជាជន​ដែល​នៅ​សេសសល់​ពី​ការកាប់​សម្លាប់​បាន​ទាន់​ពេលវេលា​ ,​ ​បាន​នាំមក​ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិសេរីភាព​គ្រប់​យ៉ាង​ ​ដែល​ត្រូវ​បាត់បង់​ទាំងស្រុង​ក្នុង​របប ​ប៉ុល ​ពត​ ,​ ​បាន​ធ្វើឲ្យ​រាល់​តម្លៃ​ទាំង​ខាង​ស្មារតី​ ​និង​សម្ភារៈ​របស់​ប្រជាជាតិ​ខ្មែរ​ដែល​ត្រូវបាន​កសាង​ពូន​ជ្រំ​នៅក្នុង​ប្រវត្តិសាស្រ្ត​រាប់​ពាន់​ឆ្នាំ​មកហើយ​របស់​ខ្លួន​នោះ​ ​បាន​រស់​ឡើងវិញ​ ​និង​បាន​រួម​វិភាគទាន​ដ៏​សកម្ម​ដល់​សន្តិភាព​ ​និង​សន្តិសុខ​ក្នុង​តំបន់​។ ​ជ័យជម្នះ​ ៧ ​មករា ​បាន​ផ្តល់​កំណើត​ទី​ពីរ​ដល់​ប្រជាជន​កម្ពុជា​ ​និង​បាន​ផ្តល់​ក្តីសង្ឃឹម​ចំពោះ​អនាគត​របស់​ប្រទេសជាតិ​ ​នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្រ្ត​ដែល​គ្មាន​កម្លាំង​ណា​អាច​មក​បំភ្លៃ​ ​បំផ្លើស ​និង​បំផ្លាញ​បាន​ឡើយ​។​ »​

ទោះជា​បែបនេះ​ក្តី​ ​ក៏​មាន​ការរិះគន់​ចំ​ៗ​ថា​ ​ថ្ងៃ​ប្រាំពីរ​មក​រា ​បាន​ក្លាយជា​ថ្ងៃ​ដែល​ក្រុម​មេដឹកនាំ​នៃ​របប​ក្រុង​ភ្នំពេញ​ យក​មក​ធ្វើជា​ជំនួញ​នយោបាយ​ ​ដើម្បី​កេង​ចំណេញ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ចម្រូងចម្រាស់​ដែល​ពួក​គេ​ព្យាយាម​បំភ្លៃ​។ ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ ​លោក​ ហ៊ុន ​សែន ​តែងតែ​ផ្តល់​អំណះអំណាង​ម្តង​ហើយ​ម្តង​ទៀត​ថា​ ​ថ្ងៃ​ប្រាំពីរ​មក​រា ​ជា​ថ្ងៃ​រំដោះ​កម្ពុជា​ឲ្យ​រួចផុត​ពី​របប​ខ្មែរ​ក្រហម​ ​ដែល​លោក​ថា ​ពេល​នោះ​កម្ពុជា​បាន​ក្លាយជា​ ​«​គុក​ឥត​ជញ្ជាំង​» ​ជា​ «​វាល​ពិឃាដ​ដ៏​សាហាវ​ឃោរឃៅ​បំផុត​» ​ជា​ ​«​សមុទ្រ​ឈាម​ ​និង​ទឹកភ្នែក​របស់​ប្រជាជន​ខ្មែរ​»​។ ​លោក​ក៏​បាន​ទម្លាក់​កំហុស​ទាំងស្រុង​នៃ​ភ្នក់ភ្លើង​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ ​ថា​បណ្តាល​មកពី​ពួក​ខ្មែរ​សាធារណរដ្ឋ​របស់​លោក​សេនាប្រមុខ​ ​លន់​ ​នុល ​ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​ កាលពី​ថ្ងៃ​ទី ១៨ ​មីនា ១៩៧០ ​ក្នុង​អ្វី​មួយ​ដែល​លោក​ហៅ​ថា​ ​តាម​ខ្សែ​ញាក់​របស់​បរទេស​ ​ដែល​លោក​ចង់​សម្តៅ​ទៅ​ក្រុម​ប្រទេស​លោក​ខាងលិច​ ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​។​

ក៏ប៉ុន្តែ​ ​ការសម្រេច​ទម្លាក់​កំហុស​ទៅលើ​តែ​របប​លោក​ លន់​ នុល ​និង​ក្រុម​ប្រទេស​លោក​ខាងលិច​ពីសំណាក់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​បច្ចុប្បន្ន​នេះ​ ​ជា​ការបរាជ័យ​ដ៏​ធំធេង​មួយ​ក្នុង​ការពិនិត្យមើល​គ្រប់​ស្រទាប់​នៃ​បញ្ហា​ទាំងអស់​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​ ​ស្រប​ពេល​ដែល​កម្ពុជា​ ​ក៏​ដូចជា​បណ្តា​ប្រទេស​ដទៃទៀត​កំពុង​ហែល​ឆ្លងកាត់​ព្យុះ​ព្យោមា ​និង​ក្លាយជា​ជនរងគ្រោះ​នៃ​សង្គ្រាម​ត្រជាក់​របស់​ប្រទេស​មហា​អំណាច​ ​ដោយសារតែ​លទ្ធផល​មិន​ដាច់ស្រេច​នៃ​សង្គ្រាម​លោក​លើក​ទី​ពីរ​ ​ដែល​គេ​មិន​ត្រូវ​មើល​រម្លង​។ ​ជា​លទ្ធផល​ ​ពិភពលោក​ត្រូវ​បែងចែក​ជា​ពីរ​ ​ប្លុក​គឺ​ ​ប្លុក​ប្រជាធិបតេយ្យ​ ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ ​និង​ក្រុម​ប្រទេស​លោក​ខាងលិច​ និង​ប្លុក​កុម្មុយនិស្ត​ដឹកនាំ​ដោយ​អតីត​សហភាព​សូវៀត ​និង​ចិន​ជាដើម​។ ​មាន​ការចោទសួរ​ថា​ ​តើ​កម្ពុជា​របស់​សម្តេច​សីហនុ​នៅ​មុន​ការធ្វើ​រដ្ឋ​ប្រហារ​របស់​លោក​សេនាប្រមុខ​ ​លន់​ ​នល់​ ​បាន​រក្សា​អព្យាក្រឹត្យភាព​របស់​ខ្លួន​បាន​កម្រិត​ណា ​ខណៈ​ដែល​មាន​ការផ្អៀង​កាន់តែ​ខ្លាំង​ទៅ​រក​ប្លុក​កុម្មុយនិស្ត ​ការកាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​ ​និង​ការអនុញ្ញាតឲ្យ​ពួក​វៀត​កុង​របស់​វៀតណាម​ខាងជើង​ប្រើប្រាស់​ទឹកដី​កម្ពុជា​ ​ជា​ឈ្នាន់​នៃ​សង្គ្រាម​របស់​ខ្លួន​នោះ​?​ ​ប្រសិនបើ​គ្មាន​រដ្ឋ​ប្រហារ​របស់​លោក​លន់​នល់​ ​តើ​ប្រាកដ​ទេ​ថា​កម្ពុជា​គ្មាន​សង្គ្រាម​ ហៀរ​ចូល​ពី​វៀតណាម​? ​តើ​នរណា​ជា​អ្នកបង្កើត​ក្រុម​ខ្មែរ​ក្រហម​ ​ហើយ​ប្រសិនបើ​គ្មាន​ការជួយជ្រោមជ្រែង​ពី​ប្លុក​កុម្មុយនិស្ត​ចិន​ ​និង​វៀតណាម​ ​តើ​ក្រុម​ខ្មែរ​ក្រហម​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​មកកាន់អំណាច​បាន​ដែរ​ឬ​ទេ​?​ ​ជា​ការពិត​ណាស់​ ​ក្រុម​របស់​លោក​ ហ៊ុន ​សែន ​ពិតជា​មិន​ចង់​រវីរវល់​បកស្រាយ​នូវ​ចម្ងល់​ប្រវត្តិសាស្ត្រ​ទាំងនេះ​ទេ​ ​ព្រោះ​ទីបំផុត​ទៅ​ ​កេរ​ដំណែល​ប្រវត្តិសាស្ត្រ​នេះ​ ​នឹង​ជៀស​មិន​ផុត​ពី​ធ្លាក់​មក​លើ​ចៅហ្វាយ​នាយ​ធំ​បច្ចុប្បន្ន​របស់​ខ្លួន​ ​ដែល​ជា​បង​ធំ​បង្អែក​ គឺ​ចិន​ ​និង​វៀតណាម​តែម្តង​នេះ​ឯង​។​

ក្រុម​អ្នកវិភាគ​សង្គម​ និង​នយោបាយ​ ​មើល​ឃើញ​ថា​ ​ក្នុង​ឱកាស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​អន្តរកាលនោះ​ លោក​ ហ៊ុន ​សែន ​មិន​អៀនខ្មាស់​ ក្នុង​ការក្រសោប​យក​អំណាច​ សមិទ្ធិ​ផល​នានា​ផ្តាច់​មុខ​នោះ​ទេ​។ ​លោក​អះអាង​ថា​ ​ការផ្លាស់ប្តូរ​ដ៏​ធំធេង​រយៈពេល ៤ ទស្សវត្សរ៍​នៃ​ការកសាង​សង្គម​ពី​បាត​ដៃ​ទរ​ទេ​នេះ​ ​បាន​មក​ដោយសារតែ​គុណ​បុណ្យ​ប្រាំពីរ​មករា​នេះ​ឯង​។ ​សមិទ្ធិ​ផល​ធំ​ៗ​ចំនួន ៥ ​ដែល​លោក​មិន​អល់​អែក​នឹង​លើកឡើង​ ​រួមមាន​ ​ការប្រែក្លាយ​កម្ពុជា​៖​ ​ពី​វាល​ពិឃាដ ​សង្គ្រាម​រ៉ាំរ៉ៃ​ មក​ជា​សន្តិភាព​ ​និង​សេរីភាព​ប្រកប​ដោយ​ភាពសុខុដុម​រមនា ​ពី​របប​ផ្តាច់ការ​ប៉ុល​ពត ​មក​ ប្រកាន់ខ្ជាប់​គោលការណ៍​ប្រជាធិបតេយ្យ ​សេរី​ពហុ​បក្ស ​លើក​តម្កើង​សិទ្ធិ​ ​និង​សេចក្តីថ្លៃថ្នូរ​មនុស្ស​ មាន​នីតិរដ្ឋ​ ​និង​អធិបតេយ្យ​ពេញលេញ​មិន​អាច​រំលោភបំពាន​បាន​ ពី​ការហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​ ​និង​នយោបាយ​ មក​ជា​ការធ្វើ​សមាហរណកម្ម​យ៉ាង​សកម្ម​ក្នុង​តំបន់​ ​និង​ពិភពលោក​ពេញ​សិទ្ធិ​ ​ស្មើ​មុខ​ស្មើ​មាត់​ជាមួយ​ប្រទេស​ដទៃ​នៅលើ​ឆាក​ ​និង​កិច្ចការ​អន្តរជាតិ​ ​ពី​ការធ្លាប់​មាន​កងកម្លាំង​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជាជាតិ​ មក​ជា​ប្រទេស​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ទៅ​ក្រៅ​ប្រទេស​វិញ​ ​និង​ពី​សេដ្ឋកិច្ច​ខ្ទេចខ្ទី​ ​មក​សម្រេច​កំណើន​សេដ្ឋកិច្ច​មាន​កំណើន​ជា​មធ្យម​ ៧ ភាគរយ​ ​ក្នុង​មួយ​ឆ្នាំ​ៗ​។​

ក៏ប៉ុន្តែ​ ​ផ្ទុយពី​ការអះអាង​របស់​លោក​ ហ៊ុន ​សែន ​សម្រាប់​ក្រុម​អ្នកនយោបាយ​ប្រឆាំង​វិញ​ ​ពួកគេ​មើល​មិន​ឃើញ​ពី​គុណសម្បត្តិ​នៃ​ថ្ងៃ​នេះ​ឡើយ​ ​ដោយ​ចាត់ទុក​ថ្ងៃ​នេះ​ ​ជា​ថ្ងៃ​ដែល​វៀតណាម​លើក​ទ័ព​ជាង ១ សែន​នាក់​ចូល​មក​ឈ្លានពាន​កម្ពុជា​ ​រួច​បន្ត​ត្រួតត្រា​កម្ពុជា​តាម​បែបផែន​មិន​ខុសពី​ការដាក់​អាណានិគម​ដោយ​ផ្ទាល់​អស់​រយៈពេល​មិន​តិច​ជាង ១ ទស្សវត្សរ៍​ ​ទើប​ប្រទេស​នេះ​សុខចិត្ត​ដក​ទ័ព​ចេញ​ទៅ​វិញ​ ក្រោយ​រង​សម្ពាធ​ ​និង​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​។

ក្រុម​អ្នកនយោបាយ​ប្រឆាំង​យល់​ថា​ ​ថ្ងៃ​ ៧ មក​រា ​គួរតែ​ជា​ថ្ងៃ​កាន់មរណទុក្ខ​ ​ព្រោះ​​កម្ពុជា​សព្វ​ថ្ងៃ​ ​មិន​យូរ​មិន​ឆាប់​អាច​មាន​វាសនា​​មិន​ខុសពី​ទឹកដី​កម្ពុជា​ក្រោម​ ​ដែល​បាន​ធ្លាក់​ចូល​ក្រោម​ការគ្រប់គ្រង​របស់​វៀតណាម​ ​ដោយសារតែ​គោល​នយោបាយ​​បញ្ជ្រៀប​ ​និង​កំលាយ​ពូជសាសន៍​ ​និង​ប្រជាសាស្ត្រ​រយៈពេល​យូរ​អង្វែង​ដែល​ប្រទេស​នេះ​បាន​អនុវត្ត​ ​ក្នុងពេល​ដែល​ខ្លួន​បាន​ត្រួតត្រា​កម្ពុជា​រយៈពេល ១ទស្សវត្សរ៍​​ទី៨០ ​ដូច​អ្វី​ដែល​សម្តេច​ នរោត្តម​ សីហនុ ​ព្រះបរម​រតន​កោដ្ឋ ​ធ្លាប់​មាន​ព្រះរាជ​បន្ទូល​កាលពី​អំឡុង​ដើម​ទស្សវត្ស​រ៍​​ទី៨០ ​ហើយ​ត្រូវបាន​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​ សម ​រង្ស៊ី​ យក​មក​បង្ហោះ​ផ្សាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ កាលពី​ពេល​កន្លងទៅ​៖ «​ យួន​វា​បញ្ចូល​យួន​ទៅក្នុង​កងទ័ព​ ហេង​ សំរិន​។ ​ហេតុ​អ្វី​បាន​ជា​យួន​វា​និយាយ​ប្រាប់​គេ​ឯង​ក្នុង​ពិភពលោក​ថា ​វា​អាចនឹង​ចេញពី​ប្រទេស​ខ្មែរ​បាន​ក្នុង ៦ឆ្នាំ​ទៀត​ ?​ ​យ៉ាង​យូរ ១០ឆ្នាំ​។ ​ហេតុ​អ្វី​ក៏​អាយួន​ វា​និយាយ​អ៊ីចឹង​ ? ​បាន​ជា​វា​និយាយ​អ៊ីចឹង ​ពីព្រោះ​​វា​​យក​​ពេល​វេលា​ ៦, ៧, ៨, ៩, ១០ឆ្នាំ​ហ្នឹង​ ​ដើម្បី​បញ្ចូល​យួន​ដែល​ចេះ​វាយតប់​អី ​វា​បញ្ចូល​ទៅ​ឲ្យ​ហេង​សំរិន ​កាន់តែ​ច្រើន​ឡើង​ ក្នុង​ឋានៈ​ជា​ខ្មែរ​។ ​យួន​ប៉ុន្តែ​កាន់​កាត​ខ្មែរ​ ​ហើយ​ដល់ ៦ ឆ្នាំ​ទៀត​ ៧ ឆ្នាំ​ទៀត​ ​ពេលណា​វា​ថា​ ​វា​អាច​ចេញ​បាន​ ​គឺ​ថា​កងទ័ព​វា​មិន​មែន​ ៥០ ពាន់​នាក់​ទេ​ ១០០ ពាន់​នាក់​ កងទ័ព​ហេង​សំរិន ​ប៉ុន្តែ​មិន​មែន​ខ្មែរ​ទេ ​ព្រោះ​វា​ដឹង​ថា​ ខ្មែរ​មិន​វាយ​ទេ ​ខ្មែរ​មិន​បម្រើ​ប្រយោជន៍​​យួន​​ទេ​។ ​ខ្មែរ​ភាគ​ច្រើន​មិន​​បម្រើ​ប្រយោជន៍​​យួន​​ទេ​ ​ម្លោះ​​ហើយ​​វា​​បញ្ចូល​​យួន​ វា​​បញ្ចូល​​យួន​​ឲ្យ​​ច្រើន​​ចូល​​ទៅ​ក្នុង​​ទ័ព​ ហេង ​សំរិន​ ហ្នឹង​​ »។​

បន្ថែម​ពីលើ​នេះ​ ​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ដាក់​ជា​សំណួរ​ថា​ ​ប្រសិនបើ​វៀតណាម​ពិត​ជា​មាន​ចេតនា​ចង់​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​ពីរ​បប​ខ្មែរ​ក្រហម​មែន​នោះ​ ហេតុ​អ្វី​បាន​ជា​វៀតណាម​មិន​ដក​ទ័ព​ចេញ​ភ្លាម​ៗ​ក្រោយពេល​ខ្លួន​បាន​លើក​ទ័ព​មក​លុកលុយ​កម្ពុជា​ ​ក្រោម​ស្លាក​ថា​មក​ជួយ​ ​ជួយ​រំដោះ​ពលរដ្ឋ​ខ្មែរ​ពី​វាល​ពិឃាត​នោះ​?​ ​ហេតុ​អ្វី​បាន​ជា​វៀតណាម​មិន​ស្នើ​ទៅ​សហគមន៍​អន្តរជាតិ​ ​ជាពិសេស​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​មក​រួមគ្នា​មក​ជួយ​រំដោះ​កម្ពុជា​ ​និង​គ្រប់គ្រង​ជា​បណ្តោះអាសន្ន​នា​ពេល​នោះ​?​ ​ហេតុ​អ្វី​បាន​ជា​វៀតណាម​ ​បង្ខំឲ្យ​កម្ពុជា​ចុះ​សន្ធិសញ្ញា​ព្រំដែន​ដី​គោក​ដី​ទឹក​ជាមួយ​ខ្លួន​ជាបន្តបន្ទាប់​ ​នៅ​ឆ្នាំ ១៩៨៣ ​និង ១៩៨៥ ​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ស្ថិត​ក្រោម​ការត្រួតត្រា​បែប​អណានិគម​របស់​ខ្លួន​នោះ​?​ ​តើ​វៀតណាម​ឆ្លើយ​យ៉ាង​ដូចម្តេច​ដែរ​ចំពោះ​ផែនការ​បង្ហូរ​ជនជាតិ​ខ្លួន​មក​ក្នុង​កម្ពុជា​ ​ការអនុវត្ត​ផែនការ​ «​ក ៥ » ​ដែល​អង្គការ​ យូមែន​ រ៉ៃត៍​ វ៉ច្ឆ ​ធ្លាប់​រាយការណ៍​ថា​ ​យ៉ាងហោចណាស់​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ក្នុង​ចំណោម​មនុស្ស​ជិត​ ១ លាន​នាក់​ ត្រូវបាន​គេ​បង្ខំឲ្យ​បម្រើ​ផែនការ​ ​"​ក ៥ " ​នេះ​ ​ស្លាប់​ដោយ​ជាន់​មីន ​ជំងឺ​គ្រុនចាញ់​ ​និង​អត់​អាហារ​ ​ហើយ​ដែល​អ្នក​ទាំងនោះ​ ​ភាគ​ច្រើន​ជា​សិស្ស​ និស្សិត​ ​គ្រូបង្រៀន​ ​យុវជន​ និង​ពលរដ្ឋ​សាមញ្ញ​។ ​ក៏​មាន​ការលើកឡើង​ដែរ​ថា​ ​ក្រោយពេល​ដែល​ខ្លួន​លុកលុយ​កម្ពុជា​ហើយ​នោះ​ វៀតណាម​បាន​រឹបអូស​យក​ និង​ដឹកជញ្ជូន​ជ័យ​ភណ្ឌ ​និង​រតនៈ​សម្បត្តិ​ខ្មែរ​រាប់​ភ្លេច​ ​ទៅ​ស្រុក​ខ្លួន​វិញ​។​

ក្នុង​រយៈពេល ៤០ ឆ្នាំ​កន្លងមក​នេះ​ ​សំនួរ​ទាំង​នេះ​ ​ពុំ​ទាន់​មាន​ការបកស្រាយ​ច្បាស់លាស់​ ​អាច​ជឿ​ទុកចិត្ត​បាន​ ​ឬ​កំពុង​ស្ថិត​ក្នុង​ភាពស្រពេចស្រពិល​នៅឡើយ​។​

បន្ថែម​ពីលើ​នេះ​ ការណ៍​ដែល​របប​លោក​ ហ៊ុន ​សែន​ ហ៊ាន​លើកឡើង​ថា​ ​ដោយសារតែ​ថ្ងៃ​ប្រាំពីរ​មករា​នេះ​ ​ទើប​នាំឲ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ ​សេរីភាព​ នីតិរដ្ឋ​ ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដូច​សព្វ​ថ្ងៃ​នេះ​ ​គឺជា​ការបំភ្លៃ​ប្រវត្តិសាស្ត្រ​ស្រស់​ៗ​ ​ដោយ​លោក​បាន​ជាន់​ឈ្លី ​និង​មិន​ឲ្យ​តម្លៃ​ទៅលើ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ធំ​មួយ​ទៀត​ ​ដែល​នោះ​គឺ​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ ​តុលា ១៩៩១ ។ ​ប្រសិនបើ​បក្សពួក​លោក​ ហ៊ុន ​សែន ​និង​វៀតណាម​ពិត​ជា​មាន​ភាពស្មោះសរ​ជាមួយ​ពលរដ្ឋ​ខ្មែរ​មែន ​ហេតុអ្វី​បាន​ជា​ពួកគេ​មិន​នាំគ្នា​បើក​ ​ឬ​ចាប់ផ្តើម​អនុវត្ត​ឲ្យ​មាន​ប្រជាធិបតេយ្យ ​សេរីភាព​ នីតិរដ្ឋ​ ​និង​សេដ្ឋកិច្ច​ទីផ្សារ​សេរី​នេះ​ ភ្លាម​ៗ​នៅ​ក្រោយ​ថ្ងៃ ៧ មករា ១៩៧៩ តែម្តង​ទៅ​?​ ​ប្រសិនបើ​គ្មាន​ព្រឹត្តិការណ៍​ថ្ងៃ​ទី ២៣ ​តុលា ​ឆ្នាំ ១៩៩១ នោះ​ទេ​ ​តើ​វៀតណាម​សុខចិត្ត​ដក​ទ័ព ១ សែន​នាក់​របស់​ខ្លួន​ និង​ដក​អណានិគម​របស់​ខ្លួន​រយៈពេល ១០ ឆ្នាំ​ដោយ​ស្រួល​ៗ​ពី​កម្ពុជា​ដែរ​ឬ​ទេ​?​ ​ទាំងនេះ​ ​គេ​នៅ​មិន​ទាន់​គិត​ពី​ការណ៍​ដែល​វៀតណាម​បាន​លេង​ល្បែង​ឆ្ពិន​ភ្នែក​អន្តរជាតិ​តាមរយៈ​ការដក​ទ័ព​ចេញ​ជា​រូបភាព​ខាងក្រៅ​ ​ខណៈ​រក្សា​បន្ត​ដាក់​ ​និង​បង្ហូរ​ចូល​ជនជាតិ​ខ្លួន​មក​កម្ពុជា​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ​?​

បើ​ទោះបីជា​ថ្ងៃ ២៣ ​តុលា ​ឆ្នាំ ១៩៩១ ​បាន​នាំមក​នូវ​របប​ថ្មី​មួយ​ដល់​កម្ពុជា​នៅ​ឆ្នាំ ១៩៩៣ ក៏​ពិត​មែន​តាមរយៈ​អង្គការ​សហ​ប្រជាជាតិ​នោះ​ ​ក៏ប៉ុន្តែ​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​ការគោរព​សិទ្ធិ​មនុស្ស​ ត្រូវបាន​របប​លោក​ ហ៊ុន ​សែន ​គាស់​រម្លើង​ និង​រម្លាយ​ចោល​ជា​ស្ថាពរ​បាត់​ទៅ​ហើយ​ ​ដោយ​ទទួលរង​នូវ​ការថ្កោលទោស​ជុំ​ទិស​ពី​អន្តរជាតិ​។ ​របប​នេះ​ ​បាន​ចោទ​សហគមន៍​អន្តរជាតិ​ពេញ​ៗ​មាត់​ថា​កំពុង​ប្រើប្រាស់​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​សិទ្ធិ​មនុស្ស​ធ្វើជា​លេស ​ដើម្បី​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​។ ​លទ្ធិ​ប្រជាធិបតេយ្យ​ ​នៅ​កម្ពុជា​ក្នុង​យុគសម័យ​ព្រះរាជាណាចក្រ​កម្ពុជា​ទី​ពីរ​នេះ​មាន​ឈ្មោះ​តែ​នៅលើ​ក្រដាស​ មិន​ខុសពី​សម័យ​ខ្មែរ​ក្រហម​ដែល​ដាក់​ឈ្មោះ​ថា​ ​«​កម្ពុជា​ប្រជាធិបតេយ្យ​»​ ​នោះ​ទេ​ ​ហើយ​បច្ចុប្បន្ន​កំពុង​បន្តរ​អិល​ធ្លាក់​ចូលក្នុង​គន្លង​របប​គ្រប់គ្រង​ផ្ដាច់ការរត​ពូជពង្ស​វង្ស​ត្រកូល​មិន​ខុសពី​ប្រទេស​កូរ៉េ​ខាងជើង​នោះ​ឡើយ​ ​ខណៈ​ដែល​លោក​ ហ៊ុន ​សែន​ ​កំពុង​រៀបចំ​ជើង​ព្រួល​ផ្ទេរ​អំណាច​ទៅ​ឲ្យ​កូនប្រុស​ច្បង​របស់​លោក​ ​គឺ​លោក​ ហ៊ុន​ ​ម៉ាណែត ​ឡើង​កាន់អំណាច​បន្ត​វេន​ពី​លោក​ក្នុង​រយៈពេល​មិន​លើស​ពី ១០ ឆ្នាំ​ទៅ​មុខ​នេះ​។ ​ក្រុម​អ្នកការទូត​បរទេស​ ​នាំគ្នា​ហៅ​របប​សព្វ​ថ្ងៃ​នេះ​ថា​ជា​របប​ «​ប៉ុល​ពត​ទី ២»​ដោយសារតែ​របប​នេះ​ ​មិន​ខុសពី​សម័យ​ខ្មែរ​ក្រហម​ មិន​ញញើត​នឹង​លាប​ពណ៌​ក្រុម​ប្រឆាំង​នឹង​ខ្លួន​ថា​ជា​ ​ក្រុម​ ​«​ក្បត់​ជាតិ​» ​ដោយ​ចាត់ទុក​ពួកគេ​ជា​សត្រូវ​របស់​ខ្លួន​ និង​បន្ត​ធ្វើទុក្ខបុកម្នេញ​សព្វគ្រប់​បែបយ៉ាង​ ​រួម​មាន​ការកាប់​សម្លាប់​ ​ការចាប់​និង​ឃុំខ្លួន​តាម​ទំនើង​មក​លើ​ក្រុម​អ្នកប្រឆាំង​ជាដើម​។​

អ្នកជំនាញ​គោលនយោបាយ​បរទេស​លោក​បណ្ឌិត​ ​អៀ ​សុផល​ ​មើល​ឃើញ​ថា​ ៤០ ឆ្នាំ​ក្រោយ​ថ្ងៃ​ប្រាំពីរ​មក​រា ​កម្ពុជា​នៅតែ​បន្ត​ដឹកនាំ​ដោយ​ក្រុម​បុគ្គល​មុខ​ដដែល​ៗ​ ​ដែល​អាច​កាន់អំណាច​បាន​រហូតដល់​ទៅ ១០ ដង​ យូរ​ជាង​សម័យ​ខ្មែរ​ក្រហម​ទៅ​ទៀត​។ ​លោក​ថា​ ​ក្នុង​រយៈកាល​នេះ​ ​ដោយ​មិន​រាប់​ពី​សម័យ​អន្តរកាល​របស់​អ៊ុន​តាក់ ​កម្ពុជា​ ​បាន​ហែល​ឆ្លង​ពី​អាណានិគម​វៀតណាម​ មក​ជា​អាណានិគម​របស់​ចិន ​ខណៈ​វៀតណាម​មិន​សូវ​ជា​សប្បាយចិត្ត​ជាមួយនឹង​ព្រឹត្តិការណ៍​វិវត្ត​នាពេល​ចុងក្រោយ​នេះ​ទេ​ ​ព្រោះថា​នៅ​ទីបំផុត​ទៅ​ វៀតណាម​ដែល​ជា​អ្នកលើក​ទ័ព​មក​ឈ្លានពាន​កម្ពុជា​ ​ហើយ​ឈ្នះ​សង្គ្រាម​កាលនោះ​ ​អាចនឹង​ជួល​កម្ពុជា​ពី​ចិន​វិញ​ម្តង​ ​ដែល​ជា​ម្ចាស់​ពិតប្រាកដ​របស់​កម្ពុជា​នោះ​។ ​លោក​ផ្តល់​អនុសាសន៍​ថា​ ​ក្នុង​កាលៈទេសៈ​នេះ​ កម្ពុជា​ចាំបាច់​ត្រូវតែ​ធ្វើ​ខ្លួនឯង​ឲ្យ​ឯករាជ្យ ​ដោយ​មិន​ត្រូវ​ផ្អៀង​ទៅ​រក​ ​ឬ​កាន់​ជើង​វៀតណាម​ ​ឬ​ចិន​នោះ​ទេ​ ​តែ​កម្ពុជា​ត្រូវតែ​ប្រកាន់ខ្លួន​ជា​កម្ពុជា​និយម​។ ​ជាមួយ​នឹង​ការហូរ​ចូល​យ៉ាង​គំហុក​នូវ​វត្តមាន​របស់​ជនជាតិ​ចិន​មក​កម្ពុជា​ ​ផ្ទៃដី​ខ្មែរ​សរុប​មិន​តិច​ជាង ៤,៦ លាន​ហិកតារ​ដែល​មាន​ទំហំ​ស្មើនឹង​ក្រឡា​ផ្ទៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​ហុល្លង់​មួយ​ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ឈ្មួញ​ចិន​គ្រប់គ្រង​ ក្រោម​រូបភាព​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រោម​កិច្ចសន្យា​ជួល​រយៈពេល​មិន​តិច​ជាង ៥០ ឆ្នាំ​។ ​នេះ​គេ​នៅ​មិន​ទាន់​គិត​ពី​ទំហំ​ដី​ខ្មែរ​ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ឈ្មួញ​វៀតណាម​ និង​ដែល​បាន​បាត់បង់​ទៅ​ខាង​វៀតណាម​ ​ដោយសារតែ​ការបោះ​បង្គោល​ព្រំដែន​ដ៏​ចម្រូងចម្រាស ​ខណៈ​ដែល​របប​លោក​ហ៊ុន​សែន​កំពុង​សម្រុក​ធ្វើឲ្យ​ចប់​សព្វគ្រប់​នៅ​ដំណាច់​ឆ្នាំ ២០១៩ នេះ​។​

៤០ ឆ្នាំ​ក្រោយ​ថ្ងៃ​ប្រាំពីរ​មក​រា ​ព្រឹត្តិការណ៍​នេះ​ ​បាន​បន្ត​នាំ​ពលរដ្ឋ​ខ្មែរ​ឲ្យ​រស់នៅ​ដោយ​បែកបាក់​សាមគ្គី​គ្នា​ ​ឈ្លោះ​ទាស់ទែង​ ​ដណ្តើម​អំណាច​គ្នា​ឥត​ស្រាកស្រាន្ត​។ ​ដោយ​មិន​ខ្ចី​រៀនសូត្រ​ពី​កេរ​ដំណែល​ប្រវត្តិសាស្ត្រ​ ៤០ ឆ្នាំ​ក្រោយមក​ ​គ្មាន​ឡើយ​ការឯកភាព​ជាតិ​ជា​ធ្លុង​មួយ​ ​ឬ​ស្មារតី​ជាតិនិយម​ពិតប្រាកដ​នោះ​ ​ខណៈ​អ្នកនយោបាយ​ខ្មែរ​ និង​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ជា​អ្នក​ចាញ់​ ​និង​បន្ត​ចាញ់បោកបរទេស​ ​ជាពិសេស​ចិន​ ​និង​វៀតណាម​ ក្រោយពី​បាន​ហែល​ឆ្លង​សង្គ្រាម​ស៊ីវិល​រាប់​ទស្សវត្ស​មក​។ ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ជាង​កន្លះ​លាន​នាក់​នៅ​ទូទាំង​ប្រទេស​ បាន​រងគ្រោះ​ដោយសារ​អំពើ​ច្បាម​យក​ដីធ្លី​ ​និង​បណ្តេញ​ចេញ​ដោយ​បង្ខំ​ពីសំណាក់​អាជ្ញាធរ​របប​លោក​ ហ៊ុន ​សែន​។ ​ពលរដ្ឋ​ខ្មែរ​មិន​តិច​ជាង ១ លាន​នាក់​ឡើយ​ ​បន្ត​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការស៊ីឈ្នួល​ដោយ​កម្លាំង​កាយ​នៅ​បរទេស ​ខណៈ​ក្នុង​ស្រុក​ឯណោះ​វិញ​ ​កម្ពុជា​ ​ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​ស្ទើរ​គ្មាន​សល់​ពីសំណាក់​ឈ្មួញ​ចិន​ ​និង​វៀតណាម​ ​ដោយសារតែ​ការបើក​ដៃ​ ​និង​ការប្រព្រឹត្តិ​អំពើ​ពុករលួយ​មហាសាលក្រោម​របប​លោក​ ហ៊ុន ​សែន​៕