មន្រ្តីគណបក្ស​ប្រឆាំង​ប្រតិកម្ម​សារ​ព្រមាន​លោក ហ៊ុន សែន ឱ្យ​កង​កម្លាំង​នគរបាល​បង្រ្កាប​ពលរដ្ឋ​មាន​និន្នាការ​ផ្ទុយ

0:00 / 0:00

មន្រ្តី​គណបក្ស​​សង្រ្គោះជាតិ​​ចោទ​​ប្រកាន់​​បក្ស​កាន់​​អំណាច​​ថា កំពុង​រៀប​ចំ​​បន្តកាន់​​អំណាច​​ផ្តាច់​ការ ដោយ​ផាត់​ចោល​​សម្លេង​​ប្រជាពលរដ្ឋ​ដែល​​ចង់​​ឱ្យ​មាន​​ការ​ផ្លាស់​ប្តូរ​​តាម​ការ​​បោះឆ្នោត​​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ កំពុង​រស់​នៅ​​សហរដ្ឋ​អាមេរិកលោក អ៊ំ សំអាន ថ្លែងថា គណបក្ស​ប្រឆាំង​តស៊ូ​អហិង្សា និង​​ជំរុញ​​ឱ្យ​មាន​ការ​​បោះឆ្នោត​​ដោយ​​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​ឆន្ទៈ​ម្ចាស់​ឆ្នោត ដើម្បី​កុំ​ឱ្យ​លោក ហ៊ុន សែន ងាក​ចេញ​ពី​គន្លង​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស។ លោក​បន្តថា ​ការ​លើកឡើង​របស់​លោក ហ៊ុន សែន នេះ​គឺ​មាន​បំណង​រៀប​ចំការ​បោះឆ្នោត​បង្រ្គប់​កិច្ច ដើម្បី​បន្ត​កាន់​អំណាច​ផ្តាច់​ការ​តវង្ស​ត្រកូល ព្រោះ​លោក ហ៊ុន សែន ដឹង​ថា​ពលរដ្ឋ​មិន​បោះឆ្នោត​គាំទ្រ។

មន្រ្តី​គណបក្ស​ប្រឆាំង​​រូបនេះ​មើល​ឃើញ​ថា ​មេដឹកនាំ​នគរ​បាល​ជាតិ​មួយ​ចំនួនបាន​ចូល​ដៃ​នឹង​លោក ហ៊ុន សែន បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស ដែល​​ធ្វើឱ្យ​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប បាន​ដាក់​ទណ្ឌ​កម្ម​ជាបន្ត​បន្ទាប់​មក​លើ​របប​នេះ។ ប៉ុន្តែ​លោក​ថា ​មន្រ្តី​គរបាល​មួយ​ចំនួន​ក៏​មិន​ពេញចិត្ត​ចំពោះ​ការ​ដឹកនាំ​​របស់​​លោក ហ៊ុន សែន ព្រោះ​ពួក​គាត់​ក៏​យល់​អំពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ៖ «កង​នគរ​បាល​ជាតិ​មួយ​ចំនួន​ជា​ពិសេស​មេៗ​មួយ​ចំនួន​គឺ ដើម្បី​រក្សា​អំណាច​ បុណ្យ​ស័ក្តិ​របស់​គាត់​ហ្នឹង​ផ្គាប់​ចិត្ត​លោក ហ៊ុន សែន បានរំលោភ​សិទ្ធិ​មនុស្ស បាន​ចូល​រួម​បំផ្លាញ​ប្រជាធិបតេយ្យ ចឹង​បាន​ជា​មាន​ការដាក់​ទណ្ឌ​កម្ម ប៉ុន្តែ​យើង​ឃើញ​កន្លង​មក​នេះ​ខាង​កង​កម្លាំង​ប្រដាប់​អាវុធថ្នាក់ក្រោម​ហ្នឹង គឺ​ថា​នគរបាលមាន​ការ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​យ៉ាង​ច្រើន​ថ្វីត្បិត​គាត់​មិន​បាន​ចេញ​ឈ្មោះ​ក៏​ដោយ »

Election_Commun_2017.jpg
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សំឡឹងមើល​ហឹប​ឆ្នោត ក្រោយពី​បាន​បោះឆ្នោត​រួច​ក្នុងអំឡុង​ការបោះឆ្នោត​ឃុំ-សង្កាត់ នៅក្នុង​ខេត្តកណ្តាល ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ (រូប៖ HRW/Reuters)

ការ​លើក​​ឡើង​នេះ​​បន្ទាប់​ពីលោក ហ៊ុន សែន បញ្ជាក់​ក្នុង​សារ​ជូនពរ​កង​កម្លាំងនគរបាល​ជាតិ​ក្នុង​ឱកាស​រំឭក​ខួប​អនុស្សាវរីយ៍ ៧៦ ថ្ងៃ​កំណើត​នគរបាលជាតិ​កម្ពុជា។ កម្ពុជា​ត្រូវ​ត្រៀម​រៀប​ចំការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណាត្តិ​ទី៥ ឆ្នាំ​២០២២។ លោក​ចោទ​ថា ក្រុម​ឧទ្ទាម​ក្បត់​ជាតិ​ចង់វាយ​ប្រហារ ការ​រៀប​ចំបោះ​ឆ្នោត​នេះ។ លោក​ថា ​ស្ថាន​ការណ៍ទោះ​បី​តិចឬ​ច្រើន ផ្ទាល់​ឬ​ប្រយោល សុទ្ធ​តែ​មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ផ្ទៃ​ក្នុង ដែលបញ្ហា​ទាំង​អស់​នេះ តម្រូវ​ឱ្យ​កង​​កម្លាំង​​នគរ​បាល​ជាតិ ទប់​ស្កាត់ និង​បង្រ្កាបឱ្យ​ទាន់​ពេល​វេលា។

អាស៊ីសេរី​​​មិន​​អាច​​​ទាក់​ទងអ្នក​នាំ​​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិលោក ឆាយ គឹមខឿន ដើម្បី​​​សុំ​​​ការ​​​បញ្ជាក់​រឿង​​​នេះ បាន​​ទេ នៅ​ថ្ងៃទី​១៥ ខែឧសភា។

របប​លោក ហ៊ុន សែន បាន​​រំលាយ​​គណបក្ស​​សង្គ្រោះជាតិ​​ដែល​​មាន​​អ្នក​​គាំទ្រ​ជិត​​ពាក់​កណ្តាល​​ប្រទេស កាល​​ពី​ចុង​ឆ្នាំ២០១៧ រួច​​រៀប​​ចំ​ការ​បោះ​ឆ្នោត​ដោយ​​ប្រមូល​យក​​​អាសនៈ​សភា​ទាំង​ស្រុង​​មក​​កាន់​​កាប់​​តែ​ម្នាក់​​ឯង។ របប​នេះ​​បាន​​បំបិទ​សិទ្ធិ​​ថ្នាក់​ដឹកនាំ​​គណបក្ស​​ប្រឆាំង​​ចំនួន​​ ១១៨ នាក់ មិន​​ឱ្យ​​ធ្វើ​នយោ​បាយ​រយៈ​ពេល​​៥ ឆ្នាំ និង​​ដក​ហូត​​យក​​អាសនៈពី​​ថ្នាក់​​មូលដ្ឋាន​​រហូត​​ដល់​​ថ្នាក់​ជាតិ​​របស់​​បក្ស​​សង្គ្រោះជាតិ​​ទៅ​​ចែក​​គ្នា​​កាន់​​កាប់។ មកដល់​​ពេល​​នេះ ថ្នាក់ដឹកនាំ និង​​សកម្មជន​បក្ស​ប្រឆាំង​​​ជា​ច្រើន​រូប កំពុង​​ជាប់​​បណ្តឹង​នៅ​​តុលាការ ក្រោម​​បទ​ចោទញុះញង់ និង​​រួម​​គំនិត​ក្បត់ ក្នុង​​នោះ​​មួយ​​ចំនួន​​កំពុង​​ជាប់​​ឃុំ​​ក្នុង​ពន្ធនាគារ រត់​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ជា​ដើម។

Election_2016.jpeg
ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ចាក់​អង្រែលើ កាល​ពី​​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦ ដែល​បច្ចុប្បន្ន ត្រូវ​បាន​តុលាការ​បញ្ជា​ឱ្យ​បិទ​ចោល។ (រូប៖ RFA)

ជុំវិញ​​រឿង​​នេះ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា កង​កម្លាំង​នគរ​បាលជាតិ ដើរ​តួនាទី​រក្សា​​សន្តិសុខ​​សុវត្ថិភាព​​ជូន​​សង្គម​​ជាតិ​​ដោយ​​មិន​​រើស​អើងគណបក្ស​​នយោបាយ ប៉ុន្តែ​​មន្រ្តី​​មួយ​​ចំនួន​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ផង​ដែរ។ លោក​បន្តថា​មន្រ្តី​ដែល​ប្រព្រឹត្ត​ខុស គួរ​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ដើម្បីប្រជាពលរដ្ឋ​ទទួល​បាន​យុត្តិធម៌ និង​សិទ្ធិ​ស្មើ​គ្នា ដោយ​គ្មាន​ការ​រើស​អើងនិន្នាការ​នយោបាយ៖ «ជា​បុគ្គល​ជា​កង​កម្លាំង​ណា​ដែល​ធ្វើ​ខុស​ច្បាប់​រំលោភបំពាន​ទៅ​លើ​ប្រជា​ពលរដ្ឋ​ហ្នឹង អនុវត្ត​តាម​ផ្លូវ​ច្បាប់​ដូច​ពលរដ្ឋ​ទៅ កង​កម្លាំងនគរ​បាល​ហ្នឹង​ត្រូវ​តែ​អនុវត្ត​តួនាទី​របស់​ខ្លួន​ការពារ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ឱ្យ​ស្មើ​គ្នា​គ្រប់​រូប ដោយ​មិន​មាន​ការ​រើស​អើង​និន្នាការ​នយោ​បាយ​ទេ ប្រសិន​ជា​ពួក​គាត់​មាន​បញ្ហា ឬ​ក៏​មាន​​បទ​ល្មើស​កើត​ឡើង ត្រូវ​អនុវត្ត​ឱ្យ​ស្មើ​គ្នាចំពោះ​ពួក​គាត់​ហើយ​ទទួល​ភាព​យុត្តិធម៌​ក៏​ដូច​ជា​សិទ្ធិ​ស្មើ​គ្នា »

លោក អំ សំអាត បញ្ជាក់ថា​ រដ្ឋាភិបាល​រង​ការ​រិះគន់​ពី​សហគន៍​អន្តរជាតិ ពិសេស​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ទាក់​នឹង​ការ​បង្រ្កាប​ និងការ​ចោទ​ប្រកាន់​លើ​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់។ លោកក៏បាន​ជំរុញ​ឱ្យអ្នក​នយោបាយ​គ្រប់​ភាគី​គួររក​ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ ដើម្បី​ឈានទៅ​រក​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។