រាជរដ្ឋាភិបាលសម្រេចតែងតាំងអភិបាលរងខណ្ឌដូនពេញ លោក សុខ ពេញវុធ ជាអភិបាលខណ្ឌនេះ ជំនួសលោក គួច ចំរើន ដែលទើបផ្លាស់ប្ដូរតំណែងទៅជាអគ្គនាយករង អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។
ការសម្រេចតែងតាំងនេះ ធ្វើឡើងតាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលចុះថ្ងៃទី២ ធ្នូ។
លោក សុខ ពេញវុធ ត្រូវបានគេសង្កេតឃើញថា លោកតែងតែដឹកនាំក្រុមប្រជាការពារ ឬសន្តិសុខខណ្ឌនេះ ទៅរារាំង និងបង្ក្រាបរាល់សកម្មភាពតវ៉ារបស់សកម្មជនដីធ្លីកន្លងមក។
កាលពីឆ្នាំ២០១៣ លោក សុខ ពេញវុធ និងបក្សពួក ត្រូវបានសកម្មជនបឹងកក់ជាង ១០នាក់ ប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទប៉ុនប៉ងមនុស្សឃាត និងបង្ករបួសស្នាមក្បែររមណីយដ្ឋានវត្តភ្នំ។
បណ្ដឹងកាលណោះ អ្នកបឹងកក់ បានចោទប្រកាន់លោក សុខ ពេញវុធ និងបក្សពួកថា បានប្រើគ្រាប់ឃ្លី និងគ្រាប់កាំកង់ បាញ់បំបែកហ្វូងបាតុកររបស់ពួកគេ ដែលអង្គុយស្មិងស្មាធិ៍ ទាមទារឲ្យដោះលែងតំណាងសហគមន៍បឹងកក់ លោកស្រី យ៉ោម បុប្ផា ពីពន្ធនាគារ។ ប៉ុន្តែកាលពីខែតុលា ឆ្នាំ២០១៦ នេះ តុលាការក្រុងភ្នំពេញ បានហៅដើមបណ្ដឹងទៅសាកសួរ ហើយបញ្ជាក់ថា អ្នកប្ដឹងទាំងនោះមិនទាន់បានដាក់ភស្តុតាងគ្រប់គ្រាន់នៅឡើយ។
ចំពោះការដកតំណែងអភិបាលខណ្ឌដូនពេញ របស់លោក គួច ចំរើន ទៅកាន់នៅក្រសួងមហាផ្ទៃ វិញនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិនបញ្ជាក់ពីមូលហេតុនៃការដកតំណែងនេះឡើយ។ លោក ខៀវ សុភ័គ អះអាងថា សម្រាប់តំណែងរបស់មន្ត្រីគ្រប់រូប មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាមួយដែលត្រូវកាន់រហូតនោះទេ គឺតែងមានការផ្លាស់ប្ដូរជាធម្មតា។
ចំណែកលោក គួច ចំរើន ក៏ឲ្យអាស៊ីសេរី ដឹងថា លោកសប្បាយចិត្តដែលរដ្ឋាភិបាលដំឡើងឋានៈដល់លោក ឲ្យទៅកាន់តួនាទីជាអគ្គនាយករងនៃក្រសួងមហាផ្ទៃ។
លោក គួច ចំរើន ជាអតីតអភិបាលខណ្ឌមានជ័យ ហើយលោកបានប្ដូរមកកាន់ជាអភិបាលខណ្ឌដូនពេញ កាលពីឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។