ទាក់ទងនឹងសកម្មភាពបូមខ្សាច់សមុទ្រនៅមូលដ្ឋានទ័ពជើងទឹករាមសហរដ្ឋអាមេរិកបញ្ជាក់គោលជំហរជាថ្មីថាការវិវត្តចុងក្រោយនេះកំពុងគំរាមកំហែងដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកភាគីពាក់ព័ន្ធសន្តិសុខតំបន់និងអធិបតេយ្យភាពរបស់កម្ពុជា។
ទីភ្នាក់ងារព័ត៌មានរ័យទ័រ (Reuters) ដែលបានដកស្រង់សំដីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកដែលបានលើកឡើងថាការសាងសង់មូលដ្ឋានជើងទឹករាមការសាងសង់មូលដ្ឋានជើងទឹករាមដែលជាជំនួយរដ្ឋាភិបាលចិននិង សកម្មភាពបូមខ្សាច់យ៉ាងជ្រៅនៅក្នុងសមុទ្រនេះគឺជាគោលដៅដ៏ចាំបាច់សំរាប់ការចូលចតនៃនាវាយោធាធំៗនៅមូលដ្ឋានទ័ពជើងទឹករាម និងជាផ្នែកមួយនៃកិច្ចព្រមព្រៀងសំងាត់រវាងរដ្ឋាភិបាលកម្ពុជានិងចិនកាលពីឆ្នាំ២០១៩កន្លងមក។
សហរដ្ឋអាមេរិកបានព្យាយាមប្រឆាំងចំពោះការពង្រីកអំណាចរបស់ប្រទេសចិននៅក្នុងតំបន់ដោយការវាតទីយកទឹកដីយ៉ាងធំទូលាយនិងការពង្រីកយោធានៅសមុទ្រចិនខាងត្បូងជាដើម។

សហរដ្ឋអាមេរិកមានក្តីបារម្ភជាខ្លាំងចំពោះការប្រើប្រាស់មូលដ្ឋានជើងទឹករាមរបស់ចិននិងទទូចជាថ្មីទៀតសុំឲ្យរដ្ឋាភិបាលកម្ពុជាមានតម្លាភាពពេញលេញចំពោះចេតនាណាមួយនៃគម្រោងនៅរាមនេះនិងតួនាទីរបស់រដ្ឋាភិបាលរបស់ចិនដែលកំពុងដើរតួនាទីសំខាន់ក្នុងគម្រោងសាងសង់នេះ។ចំពោះស្ថានភាពទឹករាក់បច្ចុប្បន្ននៅរាមនេះមានន័យថាគេអាចប្រើប្រាស់ចំពោះនាវាយាមល្បាតតូចៗប៉ុណ្ណោះប៉ុន្តែការបូមខ្សាច់យ៉ាងជ្រៅក្នុងសមុទ្រគឺប្រើប្រាស់កប៉ាល់ឬនាវាធំៗសំរាប់ទាំងកងទ័ពជើងទឹកកម្ពុជានិងចិន។
កាលពីខែមិថុនាកន្លងមកនេះរដ្ឋមន្ត្រីការពារជាតិលោក ទៀ បាញ់ ធ្លាប់បានបញ្ជាក់ថាទោះបីជាចិនចំណាយប្រាក់សំរាប់សាងសង់នៅមូលដ្ឋាននេះក្តីប៉ុន្តែគ្រប់ប្រទេសអាចប្រើប្រាស់មូលដ្ឋានជើងទឹករាមនេះបាន។
សហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសដាក់ទណ្ឌកម្ម មន្ត្រីយោធាជាន់ខ្ពស់កម្ពុជាពីររូប ជុំវិញការប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធនឹងគម្រោងសាងសង់ និងកែលម្អកំពង់ផែកងទ័ពជើងទឹករាមនៅក្រុងព្រះសីហនុ។ មន្ត្រីយោធាជាន់ខ្ពស់កម្ពុជាទាំងពីររូបនោះ រួមមាន នាយឧត្ដមសេនីយ៍ ចៅ ភិរុណ ដែលមានតួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្ដមនាវី ទៀ វិញ ដែលមានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។