មេឃុំ​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន​ខេត្តកំពង់ធំ ប្ដេជ្ញា​បម្រើ​ពលរដ្ឋ​ឱ្យ​បាន​ល្អ ក្រោយ​ពី គ.ជ.ប ប្រកាស​លទ្ធផល​ឆ្នោត​ជា​ផ្លូវការ

0:00 / 0:00

មេឃុំជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន​ខេត្តកំពង់ធំ ប្តេជ្ញា​ចិត្ត​បម្រើ​ប្រជាពលរដ្ឋ​មូលដ្ឋាន​អស់​ពី​សមត្ថភាព ដោយ​មិន​រើសអើង​និន្នាការនយោបាយ​ឡើយ។ ការ​ប្ដេជ្ញា​ចិត្ត​នេះ ធ្វើ​ឡើង​ក្រោយ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ កាល​ពី​ថ្ងៃ​ទី​២៦​មិថុនា។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​គណបក្ស សហការ​គ្នា​ធ្វើ​យ៉ាង​ណា​បំពេញ​កាតព្វកិច្ច​បម្រើ​ពលរដ្ឋ​ឱ្យ​បាន​ល្អ ទៅ​តាម​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត។

មេឃុំ​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន​ខេត្តកំពង់ធំ បាន​ប្ដេជ្ញា​ចិត្ត​​ក្នុង​ការ​បម្រើ​ប្រជា​ពល​រដ្ឋ ដោយ​ភាព​ស្មោះ​ត្រង់ មិន​ពុក​រលួយ ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​ពួក​គេ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។

មេឃុំ​មក​ពី​គណ​បក្ស​ភ្លើង​ទៀន ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក​ លោក ពឹង សុហន់ ឲ្យ​អាស៊ី​សេរី​ដឹង​ថា ​លោក​នឹង​យក​អំណាច ដែល​បាន​មក​ពី​សំឡេង​គាំទ្រ​របស់​ពលរដ្ឋ ទៅ​បម្រើ​សហគមន៍​ដោយ​ភាព​ស្មោះត្រង់ និង​មិន​រើសអើង​និន្នាការ​នយោបាយ​ឡើយ។ លោក​បន្ត​ថា គោលការណ៍​ដែល​ពលរដ្ឋ​នៅ​មូលដ្ឋាន​លោក​ចង់​បាន​បំផុត​មាន​ពីរ​ចំណុច​គឺ ការ​ផ្ដល់​សេវា​សាធារណៈ​ប្រកប​ដោយ​តម្លាភាព គ្មាន​អំពើ​ពុករលួយ កេង​ប្រវ័ញ្ច​ពី​ពលរដ្ឋ​ក្រៅ​ប្រព័ន្ធ​ច្បាប់ និង​ការ​ការពារ​ដីធ្លី​ពលរដ្ឋ​ពី​ការ​រំលោភបំពាន​របស់​អ្នក​មាន​អំណាច។ លោក​ថា លោក​នឹង​ចុះ​តាម​មូលដ្ឋាន ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​ផល​លំបាក និង​ភាព​ចាំបាច់ ដែល​ពលរដ្ឋ​ត្រូវ​ការ ដើម្បី​ជា​ការ​តប​ស្នង​នូវ​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ ដែល​បាន​បោះ​ឆ្នោត​ជូន​លោក៖ «ក្នុង​អាណត្តិ ៥ឆ្នាំរបស់ខ្ញុំនេះ ចិត្ត​ខ្ញុំ​អត់​ចង់​បាន​ទេ ខ្ញុំ​ចង់​បាន​តែ​បម្រើ​រាស្ត្រ ធ្វើ​ម៉េច​ឱ្យ​រាស្ត្រ​សប្បាយ​ចិត្ត ហើយ​នឹង​បម្រើ​គាត់ ដែល​គាត់​ទុក​ចិត្ត​លើ​យើង។ បើ​យើង​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន អត់​គិត​ពី​គាត់ ( ពលរដ្ឋ ) បាន​តែ​មួយ​អាណត្តិ​ហ្នឹង បើ​ធ្វើ​តែ​របៀប​ហ្នឹង»

ស្រដៀង​គ្នា​នេះ​ដែរ មេឃុំ​ជាប់​ឆ្នោត​មក​ពី​គណ​បក្ស​ភ្លើង​ទៀន ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ លោក យ៉ាប យ៉ូត ឱ្យ​ដឹង​ថា លោក​នឹង​ខិតខំ​បំពេញ​កាតព្វកិច្ច​បម្រើ​ពលរដ្ឋ​ដោយ​ភាព​ស្មោះត្រង់ និង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅ​ឲ្យ​បាន​ល្អ​ប្រសើរ។ លោក​សំណូមពរ​ឱ្យ​គណបក្ស​នយោបាយ​ទាំង​អស់ កុំ​ឱ្យ​រើសអើង​និន្នាការ​នយោបាយ និង​សាមគ្គី​គ្នា​ឡើង​វិញ ដើម្បី​បម្រើ​ពលរដ្ឋ​ដោយ​មនសិការ ស្រប​តាម​ឆន្ទៈ​​ប្រជាពលរដ្ឋ​ដែល​បាន​បោះ​ឆ្នោត​ឱ្យ​ធ្វើ​ជា​មេឃុំ៖ «ខ្ញុំ​នឹង​រួម​សហការ​គ្នា​ជា​មួយ​គណបក្ស ដែល​ជាប់​ឆ្នោត ដែល​នៅ​ក្នុង​ឃុំ​មួយ​ជាមួយ​គ្នា ព្យាយាម​ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​អ្នក​ទាំង​អស់​គ្នា​យល់​ឱ្យ​បាន​អំពី​ការ​បម្រើ​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​បាន​បោះ​ឆ្នោត​ឱ្យ​ហើយ មិន​មែន​ឱ្យ​យើង​មក​អង្គុយ​ឈ្លោះ​គ្នា ឬ​ប្រចាំ​គ្នា​នោះ​ទេ យើង​ហ្នឹង​ធ្វើ​យ៉ាង​ណា ដើម្បី​ឱ្យ​វា​មាន​ការ​ស្រុះស្រួល​គ្នា»

លទ្ធផល​ផ្លូវការ​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ដែល គ.ជ.ប ប្រកាស​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​នាំ​មុខ​គណបក្ស​ផ្សេងៗ ដែល​ទទួល​បាន​តំណែង​មេ​ឃុំ-ចៅ​សង្កាត់​ចំនួន ១ពាន់ ៦រយ ៤៨នាក់ (១.៦៤៨)។ គណបក្ស​ភ្លើង​ទៀន​ ទទួល​បាន​តំណែង​មេឃុំ​ចំនួន ៤នាក់ គឺ​នៅ​ខេត្តកំពង់ធំ​ចំនួន ៣នាក់ និង​ខេត្តកំពង់ចាម​ចំនួន ១នាក់។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៧ មិថុនា ដោយ​ទូរស័ព្ទ​ចូល​ច្រើន​ដង​តែ​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការអភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង យល់​ថា មេឃុំ​ជាប់​ឆ្នោត​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ត្រូវ​សហការ​គ្នា​ធ្វើ​យ៉ាង​ណា​បំពេញ​កាតព្វកិច្ច​បម្រើ​ពលរដ្ឋ​ឱ្យ​បាន​ល្អ ទៅ​តាម​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត ដោយ​ឈរ​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ លោក​យល់​ថា អ្នក​នយោបាយ​ថ្នាក់​ក្រោម​ជាតិ​ទាំង​អស់ គួរ​បង្កើត​វប្បធម៌​បំពេញ​ការងារ​ដោយ​សហការ​គ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព។ លោក​បញ្ជាក់​ថា ការ​មាន​និន្នាការ​នយោបាយ​ខុស​គ្នា ជា​ការ​យល់​ពី​សង្គម​ខុស​គ្នា មិនមែន​មាន​ន័យ​ថា ជា​សត្រូវ​ឡើយ ដែល​ជា​ប្រយោជន៍​ដល់​អ្នក​នយោបាយ​គិត​កាន់​តែ​ស៊ី​ជម្រៅ និង​រីក​ចម្រើន​ក្នុង​ការ​បំពេញ​ការងារ​ជូន​ពលរដ្ឋ៖ «ដែល​មាន​និន្នាការ​នយោបាយ​ខុស​គ្នា ជា​ការ​យល់​ឃើញ​ពី​សង្គម​ខុស​គ្នា។ ជា​ការ​យល់​ឃើញ​ពី​សង្គម​ខុស​គ្នា គំនិត​ខុស​គ្នា​មិន​មាន​ន័យ​ថា ជា​សត្រូវ​នឹង​គ្នា​ទេ ប៉ុន្តែ​វា​ជួយ​ធ្វើ​ឱ្យ​មាន​ការ​គិត​កាន់​តែ​ស៊ី​ជម្រៅ ធ្វើ​ឱ្យ​មាន​ការ​រីក​ចម្រើន​នៅ​ក្នុង​សង្គម។ វា​ជួយ​ធ្វើ​ឱ្យ​អភិបាល​កិច្ច​កាន់​តែ​ល្អ​ប្រសើរ»

គណ​បក្ស​ភ្លើង​ទៀន មាន​ប្រភព​ចេញ​ពី​គណបក្ស សម រង្សី ដែល​ស្ថាបនិក​គណបក្ស​នេះ ដឹកនាំ​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​សព្វ​ថ្ងៃ។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ កាលពី​​ឆ្នាំ២០១៧ បាន​ឈ្នះ​តំណែង​មេ​ឃុំ​ចៅ​សង្កាត់​ជិត ៥០០នាក់ និង​ឈ្នះ​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង៥​ពាន់​អាសនៈ​នៅ​ទូទាំង​ប្រទេស​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​អាណត្តិ​ទី៤ នា​ឆ្នាំ២០១៧។ ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិទី៥ កាល​ពី​ថ្ងៃ​ទី៥ មិថុនា​កន្លង​ទៅ​នេះ ពុំ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួត​ប្រជែង​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។