មេឃុំ​ជាប់​ឆ្នោត​របស់​បក្ស​សង្គ្រោះ​ជាតិ ស្ទាក់ស្ទើរ​ធ្វើ​នយោបាយ ព្រោះ​បរិយាកាស​អាប់អួ

0:00 / 0:00

តំណាង​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្នាក់​មូលដ្ឋាន ឱ្យ​ដឹង​ថា ពួកគាត់​នៅ​តែ​មាន​សង្ឃឹម​ថា វិបត្តិ​នយោបាយ​រ៉ាំរ៉ៃ​នៅ​កម្ពុជា អាច​នឹង​ត្រូវ​បាន​ដោះស្រាយ នៅ​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ២០២២។ ដោយ​សារ​តែ​មាន​ជំនឿ​បែបនេះ ​ហើយ ទើប​ពួកគាត់​រក្សា​ភាព​ស្ងៀមស្ងាត់ និង​មិន​ចូល​រួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ដទៃ។ តំណាង​បក្ស​កាន់​អំណាច​ឆ្លើយ​តប​វិញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​អាច​រស់​ឡើង​វិញ​នោះ​ទេ ហើយ​ក៏​គ្មាន​ការ​ចរចា​នយោបាយ​ណាមួយ​ដែរ។

មេឃុំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា ពួកគាត់​នៅ​រង់ចាំ​មើល​ការ​វិវឌ្ឍ​ស្ថានការណ៍​នយោបាយ​បន្ត​ទៅ​មុខ​ទៀត​សិន ដោយ​មិន​ទាន់​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ណា​ទាំងអស់។ ការ​សម្រេច​ចិត្ត​បែបនេះ ពីព្រោះ​ពួក​គាត់​មើល​ឃើញ​ថា ពេលនេះ​មិន​មាន​កម្លាំង​នយោបាយ​ណា​អាច​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​បាន​ឡើយ ដូច្នេះ​ការ​ចូលរួម​ធ្វើ​នយោបាយ​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​ក៏​មិន​មាន​ន័យ​អ្វី​នោះ​ដែរ។

មេឃុំ​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ឈើ​ខ្មៅ ស្រុក​កោះធំ ខេត្ត​កណ្ដាល លោក ផុន សុភា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ និង​សកម្មជន​មូលដ្ឋាន​នៅ​តែ​មាន​ទឹក​ចិត្ត​រឹងមាំ និង​គាំទ្រ​ឥត​ងាករេ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បញ្ជាក់​ថា ដោយសារ​បែបនេះ​ហើយ ទើប​លោក​មិន​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច ឬ​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ដទៃ៖ « ការ​ឡើង​កាន់​អំណាច​ជា​ក្រុម​ប្រឹក្សា​ឃុំ ឬ​មេឃុំ ដែល​អត់​មាន​ការ​បោះឆ្នោត​មួយ​ដែល​ត្រឹមត្រូវ គឺ​មិន​អាច​បម្រើ​ប្រជាពលរដ្ឋ​បាន​ល្អ​ទេ យើង​សោក​ស្ដាយ។ ប៉ុន្តែ​បើ​យើង​ចូល​រួម ហើយ​អត់​ប្រយោជន៍​ដដែល យើង​ចូលរួម​គ្រាន់​តែ​ជា​ការ​កំដរ​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ដដែល យើង​អត់​ចូលរួម​ទេ។ យើង​សុខចិត្ត​នៅ​ស្ងៀម ឬក៏​នៅ​ចាំ​មើល​ស្ថានភាព​ប្រែប្រួល​អ្វី ហើយ​យើង​នឹង​សម្រេច​ចិត្ត​នៅ​ពេល​ក្រោយ​ទៀត »

ស្រដៀង​គ្នា​នេះ មេឃុំ​ជាប់​ឆ្នោត​នៅ​ឃុំ​ស្ពឺ ស្រុក​ចម្ការ​លើ ខេត្ត​កំពង់ចាម លោក សយ ស៊ីថាត ឱ្យ​ដឹង​ថា លោក និង​ពលរដ្ឋ​ដទៃ​ទៀត​នៅ​តែ​ទាម​ទារ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ ព្រោះ​បក្ស​នេះ​ជា​តំណាង​ឆន្ទៈ​ពលរដ្ឋ​កន្លះ​ប្រទេស។ លោក​បញ្ជាក់​ថា លោក​នឹង​ចូលរួម​បោះឆ្នោត ព្រម​ទាំង​ធ្វើ​សកម្មភាព​នយោបាយ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ លុះ​ត្រាតែ​កម្ពុជា​មាន​គណបក្ស​ប្រឆាំង​រឹងមាំ ឬ​មាន​ថ្នាក់ដឹកនាំ​ដែល​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​បម្រើ​ជាតិ៖ « ខ្ញុំ​មាន​ជំនឿ​ថា សង្គ្រោះ​ជាតិ​នឹង​វិល​មក​វិញ ១០០ % នៅ​ក្នុង​ឆ្នាំ២០២២ នេះ គឺ​មិន​អាច​ខ្វះ​បាន​ទេ ព្រោះ​បើ​យោង​លើ​កត្តា​អន្តរជាតិ ហើយ​និង​សហភាព​អឺរ៉ុប គឺ​គេ​ផ្ដោត​ជា​ដាច់​ខាត ហើយ​ប្រទេស​កម្ពុជា​មិន​មែន​ជា​ប្រទេស​ដែល​មិន​មាន​សម្ពន្ធមិត្ត​អន្តរជាតិ​នោះ​ទេ។ យើង​បាន​ចុះ​កតិកាសញ្ញា ហត្ថលេខា​ជាមួយ​នឹង​អន្តរជាតិ​ពិសេស គឺ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ២៣តុលា ១៩៩១ ជា​គោល។ វា​ជា​យ័ន្ត​មួយ​សម្រាប់​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​តែ​សម្អាង​លើ​ហ្នឹង »

ការ​បញ្ជាក់​ពី​ជំហរ​របស់​មេឃុំ​ជាប់​ឆ្នោត​បក្ស​ប្រឆាំង​ទាំង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​បរិយាកាស​នយោបាយ​នៅតែ​អាប់អួ ហើយ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៥ នៅ​សល់​តែ​ជាង ៨ខែ​ទៀត​ប៉ុណ្ណោះ។ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ ការ​បោះឆ្នោត​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥ មិថុនា ឆ្នាំ២០២២ តាម​កាល​កំណត់​របស់​របប​លោក ហ៊ុន សែន។ ក្នុង​ស្ថានភាព​បែប​នេះ អតីត​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​នាំ​គ្នា​បង្កើត​គណបក្ស​ថ្មី​ជា​បន្ត​បន្ទាប់ រហូត​ដល់​ចំនួន ៦គណបក្ស​នយោបាយ​ហើយ។

ឆ្លើយ​តប​នឹង​ការ​លើកឡើង​របស់​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ជាថ្មី​ទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​អាច​រស់​ឡើងវិញ​បាន​ឡើយ ហើយ​ការ​ចរចា​នយោបាយ​ក៏​មិន​អាច​ទៅ​រួច​ដែរ។ លោក​ជំរុញ​ឱ្យ​មន្ត្រី​មូលដ្ឋាន​របស់​បក្ស​ប្រឆាំង​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ផ្សេង ក្នុង​នោះ​ក៏​រួម​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ដើម្បី​មាន​ឱកាស​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នា​ពេល​ខាងមុខ៖ « សូម​ប្រកាស​ប្រាប់​គាត់​ឱ្យ​ហើយ​ទៅ​ថា កុំ​សង្ឃឹម។ បើ​និយាយ​រឿង​លេង​អុក គឺ​អត់​ក្រឡា ដើរ​អត់​រួច​តែម្ដង។ ងាក​ទៅ​ត្រង់​ណា ក៏​អត់​រួច​ដែរ។ មាន​តែ​ផ្លូវ​មួយ​ដូច​ដែល​ខ្ញុំ​ថា​ហ្នឹង គាត់​លះបង់​អតីត​បក្ស​ប្រឆាំង​ចោល ហើយ​គាត់​ទៅ​សុំ​ចូលរួម​ជា​សមាជិក​របស់​គណបក្ស​ណា​មួយ​ដែល​ស្រប​ច្បាប់​នៅ​កម្ពុជា »

គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ ចំនួន ៥.០០៧ ឬ​ស្មើនឹង​ជិត ៤៤% នៃ​អាសនៈ​សរុប ១១.៥៧២អាសនៈ ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៤ កាល​ពី​ឆ្នាំ២០១៧។ ប៉ុន្តែ​មេឃុំ និង​ក្រុម​ប្រឹក្សា​ជាប់ឆ្នោត​របស់​គណបក្ស​នេះ បម្រើ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​បាន​តែ​ប្រមាណ ៤ខែ ក៏​ត្រូវ​បាត់​បង់​តំណែង​ទៅ​វិញ។ នេះ​គឺ​ដោយសារ​តែ​របប​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​យក​អាសនៈ​ទាំងឡាយ​របស់​បក្ស​ប្រឆាំង​ទៅ​ចែក​គ្នា​កាន់កាប់។

ទាក់ទង​នឹង​ស្ថានភាព​ពេល​នេះ​វិញ អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា បរិយាកាស​នយោបាយ នៅតែ​មាន​លក្ខណៈ​រឹតត្បិត​នៅ​ឡើយ ស្រប​ពេល​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​នៅតែ​រង​ការ​បង្ក្រាប​ឥត​ស្រាកស្រាន្ត។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ថា ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​ទំនង​ជា​យល់​ច្បាស់​អំពី​បរិយាកាស​នយោបាយ​មិន​ល្អ​ដូចសព្វថ្ងៃ ទើប​បាន​ជា​ពួក​គាត់​រារែក​ចិត្ត​ក្នុង​ការ​ធ្វើ​សកម្មភាព​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​បើក​លំហ​នយោបាយ និង​សិទ្ធិ​សេរីភាព​ជូន​ពលរដ្ឋ ព្រម​ទាំង​កែប្រែ​ច្បាប់​មួយ​ចំនួន ដែល​មាន​លក្ខណៈ​គាប​សង្កត់ ដើម្បី​ធានា​បរិយាកាស​ល្អ នៅមុន​ការ​បោះ​ឆ្នោត​មក​ដល់៖ « ស្ថាប័ន ឬក៏​មនុស្ស​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​ទាំង​អស់​ហ្នឹង គឺ​នៅ​ក្នុង​គណបក្ស​កាន់​អំណាច​ទាំង​អស់ ដែល​មើល​ឃើញ មិន​មាន​ឯករាជ្យ​ភាព​ក្នុង​ការ​ដោះស្រាយ​រក​យុត្តិធម៌​ផ្សេងៗ ឬ​ផ្ដល់​សិទ្ធិ​សេរីភាព​ឱ្យ​ពួកគាត់​ផ្សេងៗ ក្នុង​ការ​ចូលរួម​ហ្នឹង​ឱ្យ​មាន​ភាព​ពេញលេញ ធានា​នូវ​សិទ្ធិ​សេរីភាព​គាត់។ ចំណុច​ទាំង​អស់​ហ្នឹង​ហើយ ដែល​ធ្វើ​ឱ្យ​ពួកគាត់​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ចូលរួម ព្រោះ​បរិយាកាស ( នយោបាយ ) បើ​ប្រៀបធៀប​នឹង​មុន​ឆ្នាំ២០១៧ ហ្នឹង គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់ »

កាល​ពី​ពេល​ថ្មីៗ នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦៤ស្ថាប័ន បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន ធានា​ឱ្យ​បាន​នូវ​លក្ខខណ្ឌ​អប្បបរមា​ចំនួន ៦ចំណុច ដើម្បី​ឱ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌។ ចំណុច​ទាំង​នោះ មាន​ជា​អាទិ៍ បង្កើត​បរិយាកាស​នយោបាយ​សេរី ធានា​សិទ្ធិ​នយោបាយ និង​សិទ្ធិ​បោះឆ្នោត កែ​សម្រួល​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ធានា​ឯករាជ្យ​នៃ​អំណាច​តុលាការ និង​កង​កម្លាំង​ប្រដាប់​អាវុធ ព្រម​ទាំង​ធានា​ការ​អនុវត្ត​តួនាទី​ដោយ​សេរី​របស់​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។