សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​បង្ហាញ​របៀប​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាម​បែប​ទំនើប

0:00 / 0:00

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អឺរ៉ា (ERA) មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​បាន​ជួបជុំ​គ្នា​ក្នុង​ពិធី​បង្ហាញ​របៀប​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាម​បែប​ទំនើប​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ។ ការ​ជួបជុំ​គ្នា​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​នន្ទមុនី ហៅ​វត្ត​ថាន់ ក្បែរ​ការិយាល័យ​អង្គការ​ជន​ពិការ​កម្ពុជា ថ្ងៃ​ទី​១៨ ធ្នូ។

ក្រុម​ការងារ​ចរចា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ពិនិត្យ​យក​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​មួយ​ដើម្បី​យក​ទៅ​បញ្ចូល​នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី​១៩ ធ្នូ។

គណបក្ស​ទាំង​ពីរ​នឹង​បន្ត​ជជែក​គ្នា​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ដែល​គណបក្ស​ទាំង​ពីរ បាន​ឯកភាព​គ្នា​លើ​ជំពូក​មួយ​ចំនួន​កាល​ពី​សប្ដាហ៍​មុន។ នៅ​ថ្ងៃ​សុក្រ ទី​១៩ ធ្នូ ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​នឹង​បន្ត​ពិភាក្សា​គ្នា​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បោះឆ្នោត​ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​សម្រេច​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត និង​បញ្ជី​បោះឆ្នោត​ថ្មី សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​ថា ក្រុម​ការងារ​ចរចា​នឹង​ជជែក​គ្នា​ត្រង់​ជំពូក​ដែល​និយាយ​អំពី​ការិយាល័យ​បោះឆ្នោត ការ​ចុះ​ឈ្មោះ និង​បញ្ជី​បោះឆ្នោត ដោយ​ពិនិត្យ​ទៅ​តាម​លទ្ធភាព​ដើម្បី​បញ្ចូល​ប្រព័ន្ធ​បោះឆ្នោត​មួយ​ដែល​យល់​ថា​ល្អ​សម្រាប់​បរិបទ​កម្ពុជា។ លោក​ថា បច្ចុប្បន្ន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ពិចារណា​លើ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ដែល​មាន​ទាំង​ខាង​ជប៉ុន សហភាព​អឺរ៉ុប និង​សម្ព័ន្ធ​អ៊ឺរ៉ា​នេះ។

លោក គួយ ប៊ុនរឿន បញ្ជាក់​ថា គណបក្ស​នឹង​ជ្រើសរើស​យក​ប្រព័ន្ធ​មួយ​ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល មាន​ប្រសិទ្ធភាព មាន​លក្ខណៈ​ជឿនលឿន និង​ចំណាយ​ថវិកា​តិច ដោយ​ផ្អែក​លើ​ការ​ឯកភាព​គ្នា​កន្លង​មក​ថា ធ្វើ​បញ្ជី​ឈ្មោះ​ថ្មី​នោះ៖ «មាន​មតិ​ផ្ទុយ​គ្នា​ចំពោះ​បញ្ជី​ចុះ​ឈ្មោះ​ដែល​មាន​ស្រាប់ និង​ធ្វើ​ថ្មី​ឡើង​វិញ បញ្ហា​ទាំង​នេះ​លុះ​ត្រា​តែ​មាន​ការ​ឯកភាព​គ្នា ហើយ​កំណត់​ក្នុង​ច្បាប់​ទើប​អាច​ចេញ​ជា​នីតិវិធី​ដែល​អាច​ដំណើរការ​បាន»

ទោះ​យ៉ាង​ណា លោក គួយ ប៊ុនរឿន បង្ហាញ​ថា លោក​ពេញចិត្ត​តាម​រូបមន្ត​របស់​ប្រទេស​ជប៉ុន ដែល​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​បញ្ជី​អត្រានុកូលដ្ឋាន។ ប៉ុន្តែ​លោក​ពុំ​មាន​ជំនឿ​លើ​បញ្ជី​អត្រានុកូលដ្ឋាន​នៃ​ក្រសួង​មហា​ផ្ទៃ​ប្រទេស​កម្ពុជា នៅ​ឡើយ។

លោក​ថ្លែង​នេះ​នៅ​ក្នុង​ពិធី​បង្ហាញ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​បែប​ទំនើប ដែល​រៀបចំ​ដោយ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អឺរ៉ា ដែល​មាន​បុគ្គលិក​អង្គការ​ខុមហ្វ្រែល COMFREL) ជា​អ្នក​បង្ហាញ​សាកល្បង ក្បែរ​ការិយាល័យ​អង្គការ​ជន​ពិការ​កម្ពុជា ថ្ងៃ​ទី​១៨ ធ្នូ។

នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល និង​ជា​តំណាង​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត លោក គល់ បញ្ញា ថ្លែង​ថា បន្ទាប់​ពី​ធ្វើ​តេស្ត​សាកល្បង​ដើម្បី​ចង់​ដឹង​ពី​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​អំពី​លទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធ​ទំនើប​នេះ ចាប់​តាំង​ពី​ដំណើរការ​សម្ភាសន៍ ការ​បញ្ចូល​ទិន្នន័យ ផ្ទៀងផ្ទាត់ និង​ការ​ចំណាយ​ពេល​វេលា ក្រុម​ការងារ​នេះ​នឹង​ចងក្រង​របាយការណ៍​មួយ​សម្រាប់​ផ្ដល់​ជូន គ.ជ.ប ថ្មី៖ «ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជា​បន្ទាន់​នេះ ក្រុម​ការងារ​នឹង​មាន​ជា​គំនិត​ខ្លះៗ​ដើម្បី​ផ្ដល់​ជូន​ទៅ​គណៈកម្មការ​ចម្រុះ​គណបក្ស​ទាំង​ពីរ​ដើម្បី​បាន​ចែង​នៅ​ក្នុង​វិសោធនកម្ម​ច្បាប់​ជ្រើសតាំង​អ្នក​តំណាងរាស្ត្រ»

នៅ​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៥ ក្រុម​ការងារ​សម្ព័ន្ធ​អ៊ឺរ៉ា គ្រោង​ធ្វើ​ការ​សិក្សា​សាកល្បង​លើ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​បែប​ទំនើប នៅ​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​ប៉ាតេ ខេត្ត​រតនគីរី ហើយ​នៅ​ថ្ងៃ​ទី​១៤ ដល់​២២ ខែ​មករា ឆ្នាំ​២០១៥ នឹង​រៀបចំ​ធ្វើ​នៅ​ភូមិ​ចំនួន​៤​ដែរ ក្នុង​ឃុំ​ស្រក នៃ​ខេត្ត​កំពង់ចាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។