ក្រុម​អ្នក​ជំនាញ​​កិច្ចការ​បោះឆ្នោត លើកឡើង​ពី​​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​​ពាក់ព័ន្ធ​នឹង​​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​​សម្រាប់​ការ​បោះឆ្នោត​ជាតិ​​ខាង​មុខ

0:00 / 0:00

ក្រុមអ្នកជំនាញ​កិច្ចការបោះឆ្នោត លើកឡើងពី​បញ្ហា និងភាពមិនប្រក្រតី​មួយចំនួន​ពាក់ព័ន្ធនឹង​ការធ្វើបច្ចុប្បន្នភាព​បញ្ជីឈ្មោះអ្នកបោះឆ្នោត​សម្រាប់ការបោះឆ្នោតជាតិ​ឆ្នាំ២០២៣​ខាងមុខនេះ។ ពួកគេ​អំពាវនាវ​ដល់​គណបក្សនយោបាយ​ទាំងអស់​ឱ្យជួយ​សង្កេត និងតាមដានមើល​ដំណើរការនៃ​ការបិទបញ្ជីឈ្មោះ​អ្នកបោះឆ្នោត​ផ្លូវការ ដែល​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) គ្រោងនឹង​ប្រកាស​នៅដើមឆ្នាំក្រោយនេះ។

ក្រុមអ្នកជំនាញ​កិច្ចការបោះឆ្នោត វាយតម្លៃ​ដោយប្រយ័ត្នប្រយែង​ចំពោះគុណភាព​នៃ​បញ្ជីឈ្មោះ​អ្នកបោះឆ្នោត​ចុងក្រោយ​នេះ ខណៈ​មិនទាន់មាន​ការសិក្សាបែបវិទ្យាសាស្ត្រ និង​ការធ្វើ​សវនកម្ម​លើបញ្ជីឈ្មោះបោះឆ្នោត​ដែល គ.ជ.ប ទើបបាន​ធ្វើបច្ចុប្បន្នភាព​ចុងក្រោយនេះ។

អ្នកសម្របសម្រួល​ផ្នែកអង្កេត និង​តស៊ូមតិ​នៃអង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស សង្កេតឃើញថា គ.ជ.ប មិន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធនឹង​ដំណើរការ​ចុះឈ្មោះ និង​ពិនិត្យបញ្ជីឈ្មោះ​បោះឆ្នោតនេះ ឱ្យបាន​ពេញលេញ និងទូលំទូលាយ​នៅឡើយទេ។ ជាពិសេសគឺ​​ពលរដ្ឋនៅ​តំបន់ជនបទ និង​ពលរដ្ឋចំណាកស្រុក ដែលលោកថា ពួកគេ​នៅតែ​មិនទាន់យល់ដឹង​ពីសារសំខាន់​នៃ​កិច្ចការចុះឈ្មោះ​បោះឆ្នោត​នេះនៅឡើយ។

ទោះយ៉ាងណា លោកវាយតម្លៃថា គុណភាព​នៃ​បញ្ជីបោះឆ្នោត​គិតត្រឹមឆ្នាំ២០២១​កន្លងទៅ ហាក់មាន​ភាពប្រសើរជាងមុន ពាក់ព័ន្ធនឹង​​ការចោទប្រកាន់​ពី «ឈ្មោះខ្មោច» និង​«ឈ្មោះស្ទួន» ជាដើម។ លោកថា នៅមិនទាន់មាន​ការសិក្សា​ជាក់លាក់​ទៅលើ​បញ្ជីឈ្មោះថ្មី​ចុងក្រោយ​ដែល គ.ជ.ប ទើបធ្វើ​បច្ចុប្បន្នភាព​នៅឡើយទេ៖

«ក្នុងចំណុចបី​ដែលយើងបាន​សិក្សា គឺឈ្មោះខ្មោច ឈ្មោះស្ទួន ហើយនឹង​ព័ត៌មាន យើងនៅតែ​មើលឃើញថា បញ្ជីឈ្មោះ​នៅតែ​មានភាពល្អប្រសើរ។ នេះគឺជាអ្វី​ដែលយើង​បានសិក្សា​ចាប់ពីឆ្នាំ២០១៦ រហូតដល់​ឆ្នាំ២០២១នេះមក។ ប៉ុន្តែ សម្រាប់ឆ្នាំ២០២២នេះ យើងមិនដឹងទេ​ពីព្រោះយើង​នឹងត្រូវសិក្សា​នៅក្នុងខែ១​ខាងមុខនេះ យើងនឹងត្រូវ​សិក្សាបន្ថែមទៀត​ទៅលើ​បញ្ជីឈ្មោះ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ គ្រាន់តែសុំបញ្ជាក់ថា យើងមិនបាន​សិក្សា​ទៅលើ​ភាពស្របច្បាប់​នៅក្នុង​អត្តសញ្ញាណទេ។ ឧទាហរណ៍ ដូចជារឿងថាតើ​អ្នកកាន់ឯកសារ​មកចុះឈ្មោះនេះ វាត្រឹមត្រូវ​ឬមិនត្រឹមត្រូវ គឺយើង​មិនបានសិក្សា​ត្រង់ចំណុច​នេះទេ។ ហើយរឿងទីពីរ គឺទាក់ទងជាមួយនឹង​ការដឹកមនុស្ស​ពីក្រៅ​យកមកចុះឈ្មោះអី ក៏យើង​មិនបានសិក្សា​ឱ្យបាន​លម្អិតដែរ គ្រាន់តែ​បានទទួលជា​ព័ត៌មាន​ដែលអាចមាន​ការនាំមនុស្ស​ពីខាងក្រៅអី​មកចុះឈ្មោះ​អីជាដើម»។

រីឯនាយកប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) លោក សម គន្ធាមី លើកឡើងថា អង្គការរបស់លោក​មិនអាច​វាយតម្លៃ​ពី​គុណភាព​នៃបញ្ជីឈ្មោះ​បោះឆ្នោត​ចុងក្រោយនេះទេ ដោយសារ​តែ​អង្គការលោក​ពុំបានធ្វើ​សវនកម្ម​លើដំណើរការនេះ ដោយគ្រាន់តែ​ចូលរួម​ឃ្លាំមើល​ពីចម្ងាយ។ លោកថា បើទោះជា​មិនមានអ្វីគួរឱ្យ​កត់សម្គាល់ ហើយ​ដំណើរការ​ចុះឈ្មោះ និង​ពិនិត្យបញ្ជីឈ្មោះ​បោះឆ្នោត​ធ្វើឡើងដោយ​ធម្មតា និង​អាចទទួលយកបាន​ក៏ដោយ ក៏​ភាពមិនប្រក្រតី​នៃបញ្ជីឈ្មោះ​បោះឆ្នោត​ជុំវិញបញ្ហា «ឈ្មោះស្ទួន» ឬ«ឈ្មោះខ្មោច» នៅតែជាការសង្ស័យ៖

«រឿងបញ្ហាអស់ទាំងហ្នុង គឺយើងនៅតែមាន​ការសង្ស័យដែរ​ដោយសារយើង​អត់បានធ្វើ​សវនកម្ម។ ប៉ុន្តែ គ្រាន់តែថា​យើងមិនមាន​ភស្តុតាងអី​ដើម្បី​លើកឡើងបានទេ»។

ពាក់ព័ន្ធនឹង​ការធ្វើបច្ចុប្បន្នភាព​បញ្ជីឈ្មោះ​អ្នកបោះឆ្នោត​សម្រាប់ការបោះឆ្នោតជាតិ​ឆ្នាំក្រោយនេះ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា អះអាង​ប្រាប់​វិទ្យុអាស៊ីសេរី​ថា បច្ចេកវិទ្យា​ដែល គ.ជ.ប ប្រើ អនុញ្ញាតឱ្យ​គេអាច​រកឈ្មោះអ្នកបោះឆ្នោត​តាមរយៈ​ក្រយ៉ៅដៃ លេខអត្តសញ្ញាណប័ណ្ណ និងថ្ងៃខែឆ្នាំកំណើត ជាដើម។ លោកថា​ការណ៍នេះ មានភាពគ្រប់គ្រាន់​ដើម្បីបញ្ជាក់​ពីភាពត្រឹមត្រូវ​នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតបាន៖

«គ.ជ.ប បានធ្វើការ​វាយតម្លៃថា ការចុះឈ្មោះបោះឆ្នោត​ក្នុងឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅ​ដោយរលូន គ្មានអំពើហិង្សា ហើយក៏គ្មាន​កំហុសឆ្គងណាមួយ​ដែលអាចចាត់ទុក ឬក៏​ធ្វើឱ្យប៉ះពាល់ដល់​បញ្ជីបោះឆ្នោត​នោះទេ។ ផ្ទុយទៅវិញ ការប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែច្រើន​ទៅតាមAppដូចបាន​ផ្សាយ​តាមទូរស័ព្ទដៃ​ជាដើម គឺជា​ចំណុចមួយ​ធ្វើឱ្យ​បញ្ជីឈ្មោះ​បោះឆ្នោត​កាន់តែមាន​ភាពសុក្រឹត្យ ជាងឆ្នាំមុនទៅទៀត»។

គិតរហូតមកទល់ពេលនេះ គ.ជ.ប បានបិទបញ្ចប់ទាំងស្រុង​ដំណើរការ​ចុះឈ្មោះបោះឆ្នោត​សម្រាប់អ្នកទើបគ្រប់​អាយុបោះឆ្នោត​ថ្មី ដែលមាន​រយៈពេល ៥០ថ្ងៃ គិតត្រឹម​ថ្ងៃទី០៨ ខែធ្នូ កន្លងទៅ។ លោក ហង្ស ពុទ្ធា ឱ្យដឹងថា គ.ជ.ប គ្រោង​បិទផ្សាយ​បញ្ជីឈ្មោះ​អ្នកបោះឆ្នោត​ដំបូង​នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣​ខាងមុខ ដើម្បី​ទុកពេល​ឱ្យ​ពលរដ្ឋ​ពិនិត្យ និង​តវ៉ា។ លោកថា ការសម្រេចចុងក្រោយ គឺ គ.ជ.ប នឹង​ប្រកាស​សុពលភាព​បញ្ជីឈ្មោះបោះឆ្នោត​សម្រាប់ប្រើប្រាស់​នៅពេល​បោះឆ្នោតជាតិ​ឆ្នាំ២០២៣​ខាងមុខ គឺ​នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

លទ្ធផល​បណ្តោះអាសន្ន​របស់​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត បង្ហាញថា ចំនួន​ពលរដ្ឋ​មានឈ្មោះ​ទៅបោះឆ្នោត​ជាតិ​ឆ្នាំ២០២៣​ខាងមុខនេះ អាច​នឹងកើនឡើង​ដល់ជាង ៩លាន​៥សែននាក់ លើសពី​បញ្ជីឈ្មោះ​ក្នុងការបោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ដែលមាន​ឈ្មោះអ្នកបោះឆ្នោត​ជាង ៩លាន​២សែននាក់។ គិតត្រឹម​ថ្ងៃទី០៧ ខែធ្នូ ប្រជាពលរដ្ឋ​ទៅចុះឈ្មោះ​បោះឆ្នោតថ្មី មាន​ជាង ៥៧ម៉ឺននាក់។ រីឯ អ្នកដែលនឹង​ត្រូវ​លុបឈ្មោះ​ចេញ​ពី​បញ្ជីបោះឆ្នោតឆ្នោត មានជាង ២៥ម៉ឺននាក់។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ពន្យល់​ថា​ប្រព័ន្ធ​រៀបចំបញ្ជី​បោះឆ្នោត​នៅកម្ពុជា គឺជា​ប្រព័ន្ធស្ម័គ្រចិត្ត ហើយ​ការបោះឆ្នោត​ក៏ជាការស្ម័គ្រចិត្ត​ដែរ។ លោកថា ដូច្នេះ ពលរដ្ឋ​មិនទៅចុះឈ្មោះ ឬមិនទៅបោះឆ្នោត គឺជា​សិទ្ធិរបស់​ពួកគាត់។ ដោយឡែក​ចំពោះ​ការលុបឈ្មោះ​ពី​បញ្ជីបោះឆ្នោត​ដែលមាន​ចំនួនជាង ២៥ម៉ឺននាក់វិញ លោកពន្យល់ថា ដោយសារតែ​មានអ្នកស្លាប់ អ្នកផ្លាស់ប្តូរទីលំនៅ​ចេញ​ទៅឃុំ-សង្កាត់​ផ្សេង និង​អ្នកដែល​ត្រូវបាន​ដកសិទ្ធិបោះឆ្នោត​ជាបណ្តោះអាសន្ន។

បើតាមអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា យ៉ាងហោចណាស់ មាន​គណបក្សនយោបាយ​ចំនួន៨ បាន​ដាក់ភ្នាក់ងារ​គណបក្ស​តាម​សង្កេតមើល​ដំណើរការ​ចុះឈ្មោះ និង​ពិនិត្យបញ្ជីឈ្មោះ​បោះឆ្នោត​នេះ ដែលសរុបទៅ​មានប្រមាណ​ជាង៧ពាន់នាក់។ រីឯ អង្គការមិនមែនរដ្ឋាភិបាល​ក៏បានដាក់​អ្នកឃ្លាំមើល​ជាង ៥ពាន់នាក់ នៅតាម ១.៦៥២ឃុំសង្កាត់​នៅទូទាំងប្រទេស។

លោក កន សាវាង្ស ចង់ឃើញ គ.ជ.ប បន្ថែមពេលវេលា​សម្រាប់អ្នកចុះឈ្មោះបោះឆ្នោត​ថ្មី និង​ពិនិត្យមើល​លទ្ធភាព​ដែលអាច​អនុញ្ញាតឱ្យ​ពលរដ្ឋ​នៅក្រៅប្រទេស​អាចចុះឈ្មោះបោះឆ្នោត​បាន​ពី​ប្រទេសដែល​ពួកគេ​កំពុងរស់នៅ៖

«គ.ជ.ប ត្រូវត្រួតពិនិត្យមើល​ទៅលើ​រឿងការចុះឈ្មោះ​ជននៅខាងក្រៅ[ប្រទេស]ផ្តល់លទ្ធភាព និង​សិទ្ធិ​ ហើយនឹង​មើលអ្វីដែលជា​ការបារម្ភ ការលើកឡើងក្តី​ពីកង្វល់របស់​គណបក្សនយោបាយ ដែលគាត់​បានលើកជាបញ្ហា គឺថា គ.ជ.ប គួរយកចិត្តទុកដាក់​ដើម្បីដោះស្រាយបញ្ហា ធ្វើម៉េចឱ្យ​មានការទទួលបាន​ទាំងអស់គ្នា។ រួមទាំងសភាផង ក៏គួរពិនិត្យមើល​អំពីលទ្ធភាព​នូវសិទ្ធិរបស់​ប្រជាពលរដ្ឋ​ដែលមិនទាន់​បានពេញលេញ​ផងដែរ ដើម្បីធ្វើម៉េចផ្តល់​ឱ្យគាត់»។

ដោយឡែក សម្រាប់លោក សម គន្ធាមី វិញ លោកអំពាវនាវ​ដល់​គ្រប់គណបក្ស​នយោបាយ​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​បន្តចូលរួម​ឃ្លាំមើល និង​តាមដាន​ដំណើរការ​ចុះឈ្មោះ និង​ការបិទផ្សាយបញ្ជីឈ្មោះ​បោះឆ្នោត​ជាផ្លូវការ​នាពេលខាងមុខ ដើម្បី​វាយតម្លៃពី​គុណភាព​នៃបញ្ជីឈ្មោះបោះឆ្នោត​ចុងក្រោយនេះ៖

«ពាក់ព័ន្ធនឹងបញ្ជីឈ្មោះ​បោះឆ្នោត យើងក៏ស្នើទៅ​ភាគីពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​គណបក្សនយោបាយ ឱ្យជួយ​សង្កេត និង​តាមដានមើល​ចាប់តាំងពីពេល​ការបិទបញ្ជីឈ្មោះ​ផ្លូវការ​រហូតដល់​ថ្ងៃបោះឆ្នោត តើវាមាន​ភាពមិនប្រក្រតី​អីខ្លះ ដែលគាត់​អាចកត់សម្គាល់បាន»។

ការបោះឆ្នោតជាតិ​ឆ្នាំ២០២៣​ខាងមុខនេះ នឹងប្រព្រឹត្តទៅ​នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា។ គ.ជ.ប នៅតែ​រងការរិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា ជាស្ថាប័ន​ពុំឯករាជ្យ មិនអព្យាក្រឹត្យ និង​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់អំណាច ខណៈ​ក្បាលម៉ាស៊ីន ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​នៃ​ស្ថាប័នជាតិមួយនេះ ភាគច្រើន​សុទ្ធតែ​ត្រូវបាន​តែងតាំង និង​ជាមនុស្សរបស់​គណបក្ស​ប្រជាជនកម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។