អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ថា ការ​ប្រើ​សម្ដី​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជា​ជម្រើស​ល្អ​មួយ

0:00 / 0:00

មន្រ្តីជាន់ខ្ពស់របស់អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​អះអាង​ថា ការ​ប្រើប្រាស់​សម្ដី​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជា​ជម្រើស​ល្អ​មួយ​ក្នុង​ការ​ដណ្តើម​អំណាច​ដោយ​អហិង្សា។ ការ​អះអាង​នេះ​ធ្វើ​ឡើង ក្រោយ​ពេល​លោក ហ៊ុន សែន ព្រមាន​ដល់​គណបក្ស​តូចតាច ដែល​ទើប​នឹង​បង្កើត​ដទៃ​ទៀត កុំ​ឲ្យ​បន្ទោស​បង្អាប់​គោល​នយោយបាយ បក្ស​កាន់​អំណាច​របស់​លោក។

អ្នកសម្របសម្រួលផ្នែកអង្កេតរបស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ការ​រិះគន់​គោល​នយោបាយ​គណបក្ស​ប្រកួត​ប្រជែង ការ​ប្រើប្រាស់គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ ក្នុង​ការ​ប្រកួត​ប្រជែង ឬ​វែកញែក​នោះ វា​ជា​យុទ្ធសាស្រ្ត​ដ៏​ល្អ​បំផុត និង​ដោយ​សន្តិវិធី ដើម្បី​ជៀសវាង​ការ​ប្រើ​កំលាំង​ប្រដាប់​អាវុធ​ សំរាប់​ប្រទេស​មួយ​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ៖ « គេ​អត់​យក​កំលាំង​ទាហាន ឬ​កំលាំង​អំណាច​របស់​ខ្លួន​យក​ទៅ​ប្រកួត​ប្រជែង​នោះ​ទេ គេ​យក​គោល​នយោបាយ​របស់​ខ្លួន​ទៅ​ប្រកួត​ប្រជែង។ នៅ​ប្រទេស​ប្រជាធិបតេយ្យ គឺ​គេ​ប្រកួត​ប្រជែង​គ្នា​តែ​ខាង​គោល​នយោបាយ​ហ្នឹង។ »

ការ​អះអាង​របស់​មន្រ្តី​ឃ្លាំមើល​ការ​បោះ​ឆ្នោត​រូប​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​លោក ហ៊ុន សែន បាន​ព្រមាន​គណបក្ស​នយោបាយ​ទាំង​អស់​ថា គួ​ធ្វើ​ខ្លួន​ឲ្យ​ដូច​ជា​ពាណិជ្ជករ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​របស់​ខ្លួន ជា​ជាង​ការ​បង្អាប់​គោល​នយោបាយ​របស់​បក្ស​អ្នក​ដទៃ​នោះ។

លោក ហ៊ុន សែន គំរាម​ថា​ប្រសិន​បើ​គណបក្ស​ទាំង​ឡាយ​ចង់​សុខ​ខ្លួន មិន​ត្រូវ​វាយ​ប្រហារ​គណបក្ស​ដទៃ​នោះ​ទេ ជា​ពិសេស គឺ​គណបក្ស​កាន់​អំណាច​តែ​ម្តង៖ « ខ្ញុំ​សូម​ឲ្យ​អ្នក​នយោបាយ​នានា តាំង​ខ្លួន​ជា​អ្នក​លក់​ទំនិញ ឃោសនា​តែ​ពី​ទំនិញ​ល្អៗ របស់​ខ្លួន​បាន​ហើយ កុំ​បង្អាប់​ទំនិញ​អ្នក​ដទៃ ព្រោះ​អ្នក​នឹង​បង្កើត​រឿង​ជា​មួយ​អ្នក​ដទៃ​ហើយ។ យក​ល្អ​យើង​លើក​តែ​ពី​គោល​នយោបាយ​របស់​យើង​បាន​ហើយ កុំ​បង្អាប់​អ្នក​ដទៃ »

ការ​គំរាម​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែ​មិថុនា ខណៈ​លោក​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ចំនួន​ជាង​បី​ពាន់​នាក់ ដោយ​ខឹង​សម្បារ​ជា​ខ្លាំង ចំពោះ​មន្រ្តី​របស់​គណបក្ស​នយោបាយ​មួយ ដែល​បាន​ចូល Comment នៅ​ក្នុង Facebook របស់​លោក​កាល​ពី​យប់​ថ្ងៃ​ទី២១ ខែ​មិថុនា ដែល​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ​នោះ បាន​រិះគន់​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថា ប្រសិន​បើ​គណបក្ស​មួយ​នោះ​ឈ្នះ​ឆ្នោត គណបក្ស​នោះ​នឹង​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​សាំង​ថ្លាក់​ថៃ្ល​ចំនួន ១ពាន់ ៥រយ​រៀល។

ប៉ុន្តែ លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាស្យ និង​ជា​អតីត​ទីប្រឹក្សា​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នោះ អះអាង​ថា ការ​ព្រមាន​របស់​លោក ហ៊ុន សែន ទៅ​លើ​គណបក្ស​ដទៃ មិន​ឲ្យ​រិះគន់​គោល​នយោបាយ​បក្ស​របស់​លោក​នោះ គឺ​មិនមាន​អ្វី​ថ្មី​នោះ​ទេ លោក​បាន​ប្រើ​ភាសា​បែប​នេះ​សឹង​គ្រប់​អាណត្តិ នៃ​ការ​បោះ​ឆ្នោត​ទៅ​ហើយ។ លោក​បន្ត​ថា ការ​សំឡុត​គំរាមកំហែង និង​ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ​ទៅ​លើ​គណបក្ស​ទាំង​ឡាយ ដែល​ណា​មាន​និន្នាការ​ផ្ទុយ គឺ​ផ្ទុយ​ទៅ​នឹង​ស្តង់ដារ​ប្រជាធិបតេយ្យ។

បណ្ឌិត ឡៅ ម៉ុងហៃ ទទួល​ស្គាល់​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​ថា ជា​គណបក្ស​ដែល​មាន​ភាព​ចាស់​ទុំ​ខាង​ការ​ដឹកនាំ​បែប​កុម្មុយនីស្ត ប៉ុន្តែ​ក្មេង​ខ្ចី​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ឡើយ៖ « ភាព​ចាស់​ទុំ​មាន គឺ​យើង​ត្រូវ​ទទួល​ស្គាល់។ គាត់​មាន​ភាព​ចាស់​ទុំ​យូរ​ណាស់​ហើយ។ ប៉ុន្តែ​ចាស់​ទុំ​ហ្នឹង​ក្នុង​របប​អី ? បើ​ចាស់​ទុំ​ក្នុង​របប​កុម្មុយនីស្ត​ផ្តាច់ការ​ហ្នឹង គឺ​ម្យ៉ាង​ទៅ ហើយ​អា​ចាស់​ទុំ​ក្នុង​របប​ប្រជាធិបតេយ្យ​សេរី ពហុបក្ស​ហ្នឹង វា​ម៉្យាង​ទៅ។ ប្រសិន​បើ​ក្នុង​ប្រព័ន្ធ​កុម្មុយនីស្ត​ហ្នឹង គឺ​គាត់​មាន​ភាព​ចាស់​ទុំ​ជាង​គេ ជាង​ឯង​ហើយ។ ប៉ុន្តែ ក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស ហ្នឹង គឺ​នៅ​ក្មេង​ខ្ចី បាទ »

ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា នឹង​ចូល​មក​ដល់​នៅ​សល់​តែ​ជាង ១​ខែ​ទៀត​ប៉ុណ្ណោះ។ រហូត​មក​ទល់​ពេល​នេះ យ៉ាង​ហោច​ណាស់​មាន​គណបក្ស​ចំនួន ២០ ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត ខណៈ​អាជ្ញាកណ្តាល​នៃ​បោះ​ឆ្នោត​ក្នុង​អាណត្តិ​នេះ បាន​រង​ការ​រិះគន់​ជា​ខ្លាំង​ថា គ្រប់គ្រង​ទៅ​ដោយ​ក្រុម​មន្រ្តី​របស់​កាន់​អំណាច ហើយ​រី​ឯ​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ត្រូវ​បាន​របប​លោក ហ៊ុន សែន កែ​ក្រឡៃ​ដែល​អាច​រម្លាយ​គណបក្ស​មួយ​ណា​ក៏​បាន ប្រសិន​បើ​ខ្លួន​ចង់​លាប​ពណ៌​ថា បក្ស​នោះ បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។