អឺរ៉ុប​ស្នើ​ជា​ថ្មី​ឲ្យ​បញ្ឈប់​ការ​ប៉ុនប៉ង​រំលាយ​បក្ស​ប្រឆាំង​និង​ដោះលែង​លោក កឹម សុខា

ដោយ អាស៊ីសេរី
2017-10-31
Share
សហភាព​អឺរ៉ុប កម្ពុជា ២០១៧ ៦២២ ជំនួប​រវាង​គណៈប្រតិភូ​សហភាព​អឺរ៉ុប និង​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា នា​ទីស្ដីការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី៣០ ខែ​តុលា ឆ្នាំ​២០១៧។
Photo courtesy of MFA.IC

គណៈប្រតិភូ​សភា​អឺរ៉ុប ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ថា អឺរ៉ុប​អាច​នឹង​ចាត់វិធានការ ជុំវិញ​ជំនួយ​ផ្នែក​អភិវឌ្ឍ និង​ការ​អនុគ្រោះ​ពន្ធ ប្រសិនបើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​តែ​មាន​ភាព​ដុនដាប​ខ្លាំង ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ ប៉ុន្តែ​ក្រសួងការបរទេស​កម្ពុជា បក​ស្រាយ​ផ្ទុយ ពី​ការ​លើកឡើង​របស់​គណៈ​ប្រតិភូ​សភា​អឺរ៉ុប​វិញ។

លោកបណ្ឌិត វែនើរ ឡានហ្គែន (Werner Langen) ដែល​ជា​ប្រធាន​គណៈប្រតិភូ​របស់​សភា​អឺរ៉ុប ស្ដី​អំពី​កិច្ចការ​អាស៊ាន បាន​រម្លឹក​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ចងចាំ​ថា សហភាព​អឺរ៉ុប គឺជា​អ្នកចូលរួម សម្រេច​លើ​បញ្ហា​ថវិកា និង​ពាណិជ្ជកម្ម។ ដូច្នេះ ស្ថានភាព​ធ្ងន់ធ្ងរ នៃ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា នឹង​ប៉ះពាល់ ដល់​ការ​សម្រេច លើ​កម្មវិធី​ផ្ដល់​ជំនួយ​អភិវឌ្ឍ និង​ការ​អនុគ្រោះ​ពន្ធ​ដល់​ប្រទេស​កម្ពុជា។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍ របស់​សភា​អឺរ៉ុប កាល​ថ្ងៃ​ទី៣១ ខែ​តុលា នេះ លោក វែនើរ ឡានហ្គែន ទទួលស្គាល់ ថា​ប្រទេស​កម្ពុជា មាន​ការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ តាមរយៈ​ការ​វិវត្ត ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ និង​ចំណុច​វិជ្ជមាន នៃ​ទំនាក់ទំនង​របស់​សហគមន៍​អឺរ៉ុប និង​កម្ពុជា តាមរយៈ​ការ​អនុគ្រោះ​ពន្ធ។ ក៏ប៉ុន្តែ លោក​បញ្ជក់ ថា​គណៈប្រតិភូ​សភា​អឺរ៉ុប សម្បែង​ក្ដី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពី​ស្ថានការណ៍​នយោបាយ និង​សិទ្ធិមនុស្ស​បច្ចុប្បន្ន​នៅ​កម្ពុជា។ លោក​បណ្ឌិត វែនើរ ឡានហ្គែន ក្រើន​រម្លឹក​ផង​ដែរ ថា ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ប្រព្រឹត្តិ​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​បើកចំហ ដើម្បី​ឲ្យ​គ្រប់​ភាគី​ទាំងអស់ មាន​ភាពស្មើគ្នា ក្នុង​ការ​ចូលរួម និង​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​តម្លាភាព។ លោក វែនើរ ឡានហ្គែន បន្ត​ថា សហភាព​អឺរ៉ុប​អំពាវ​ឲ្យ​រដ្ឋាភិបាល ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បញ្ឈប់​ដំណើរ​ប៉ុនប៉ង​រម្លាយ​គណបក្សប្រឆាំង​នេះ និង​ផ្ដល់​សេរីភាព​ឡើងវិញ ដល់​គណបក្ស​នយោបាយ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គមស៊ីវិល។

សេចក្ដី​ថ្លែងការណ៍ ប្រតិភូ​សភា​អឺរ៉ុប ធ្វើឡើង​ក្រោយពី​មន្ត្រី​ប្រតិភូ​សភា​អឺរ៉ុប ស្ដី​អំពី​កិច្ចការ​អាស៊ាន ដែល​មាន​គ្នា ៦​នាក់ បាន​ជួបពិភាក្សា ជាមួយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ពី​ស្ថានការណ៍​តានតឹង​បច្ចុប្បន្ន​នៅ​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​៣០ និង​៣១ ខែ​តុលា។

ឆ្លើយតប​ទៅ​នឹង​ការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ការប៉ុនប៉ង​រម្លាយ​គណ​បក្ស​ប្រឆាំង​នេះ និង​ការ​រឹតត្បិត​សេរីភាព​គណបក្ស​នយោបាយ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល ក្រសួងការបរទេស​កម្ពុជា ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​ជា​ឯកតោភាគី ដោយ​អះអាង​ថា ចំណាត់​ការ​ទាំងនេះ គឺ​ធ្វើ​ឡើង​ស្របតាម​ច្បាប់​កម្ពុជា ដើម្បី​ពង្រឹង​នីតិរដ្ឋ។ សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​កម្ពុជា​ដដែល អះអាង​ថា គណៈប្រតិភូ​សភា​អឺរ៉ុប បង្ហាញ​អំពី​ការចាប់អារម្មណ៍ ចំពោះ​ការ​ពន្យល់​បកស្រាយ របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ប្រាក់ សុខុន។ ប៉ុន្តែ​កាសែត គាំទ្រ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឈ្មោះ​ហ្វ្រេសញូវ (FreshNews) ថែមទាំង​រាយការណ៍ ថា សហភាព​អឺរ៉ុប​ឯកភាព និង​ទទួលយក​ហេតុផល នៃ​ចំណាត់​ការ​រំលោភ​សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ​ទាំងនេះ​ទៀត​ផង។ ប៉ុន្តែ បើ​តាម​សេចក្ដីថ្លែងការណ៍ របស់​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ខាងលើ គណៈប្រតិភូសភា​អឺរ៉ុប មិន​ត្រឹមតែ​មិន​ឯកភាព និង​មិន​ទទួលយក​ហេតុផល​ទាំងនេះ​នោះ​ទេ ប៉ុន្តែ ថែមទាំង​ព្រមាន​រដ្ឋាភិបាល​កម្ពុជា អំពី​ផលវិបាក នៃ​ការ​បណ្ដោយ​ឲ្យ​ស្ថានការណ៍​ដុនដាប​ខ្លាំង ផ្នែក​សិទ្ធិមនុស្ស​នេះ នៅ​បន្ត​កើតមាន​តទៅទៀត។

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​ជំនួប​ជាមួយ​មន្ត្រី​បរទេស ជាមួយ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​បកស្រាយ ឲ្យ​ប្រាសចាក​ពី​សេចក្ដី​ពិត នៃ​ជំហរ​របស់​រដ្ឋាភិបាល​បរទេស។ កាលពី​ថ្ងៃ​ទី២៦ ខែ​តុលា​កន្លង​ទៅ​នេះ ឧបការី​រង​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី លោក ហ្វីលីព ហ្គ្រីន (Philip Green) បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ អំពី​ការណ៍​ដែល​ផ្សព្វផ្សាយ​ខុស ថា​អូស្ត្រាលី​បង្កើន​ទំនាក់ទំនង ជាមួយ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ពិធី​ចុះហត្ថលេខា ដែល​អម​ដោយ​ពិធី​ជល់​ស្រា​សំប៉ាញ (Champagne) ប្រសិទ្ធិពរ​គ្នា។ លោក ហ្វីលីព ហ្គ្រីន ថ្លែង​អំពី​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ដែល​គេ​យក​រូបភាព នៃ​ការ​អបអរសាទរ​ពិធី​ចុះហត្ថលេខា​នេះ ភ្ជាប់​ជាមួយ​នឹង​ការ​ជល់​ស្រា​សំប៉ាញ​នេះ ហើយ​ផ្សាយ​មិន​ត្រឹមត្រូវ អំពី​ជំហរ​របស់​រដ្ឋាភិបាល​អូស្ត្រាលី។ ឧបការី​រង​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី​រូប​នេះ ថ្លែង​បញ្ជាក់​ថា រដ្ឋាភិបាល​អូស្ត្រាលី មិនបាន​គាំទ្រ​ចំណាត់​ការ​ណាមួយ របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ព្យាយាម​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ដុនដាប នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដូចដែល​សារព័ត៌មាន ក្នុងស្រុក​ស្និទ្ធ​នឹង​រដ្ឋាភិបាល មួយ​ចំនួន​រាយការណ៍​នោះ​ទេ ហើយ​ពិធី​ជល់​ស្រា​សំប៉ាញ នោះ​ត្រូវ​បាន​ក្រសួងការបរទេស មិនបាន​ផ្ដល់​ព័ត៌មាន​លម្អិត​ជាក់លាក់​ជាមុន។

ចំពោះ​ជំហរ​របស់​សហភាព​អឺរ៉ុប​វិញ កាលពី​ថ្ងៃ​ទី៩ ខែ​តុលា សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ប្រតិភូ​សហភាព​អឺរ៉ុប ធ្លាប់​បាន​សំដែង​ការ​ព្រួយបារម្ភ អំពី​ចំណាត់​ការ​របស់​អាជ្ញាធរ ដើម្បី​ព្យាយាម​រំលាយ​គណបក្សប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា។ សហភាព​អឺរ៉ុប​ថា ការ​ព្យាយាម​លុបបំបាត់​គណបក្ស​មួយ ដែល​បាន​ទទួល​សំឡេង​គាំទ្រ​របស់​ពលរដ្ឋ​ជាង ៤០% កាលពី​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ គឺជា​ការវាយប្រហារ​ដ៏​ខ្លាំងក្លា ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​ចំពោះ​ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាងមុខ។ សហភាព​អឺរ៉ុប ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឡើងវិញ​ចំពោះ​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល