សហភាពអឺរ៉ុប បានជួបប្រជុំជាមួយគណៈកម្មការទី២ នៃរដ្ឋសភា ទទួលបន្ទុកហិរញ្ញវត្ថុ ដើម្បីចង់ដឹងពីរបៀបធ្វើការងារ និងការចាត់ចែងថវិការបស់គណៈកម្មការជំនាញមួយនេះ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលចូលរួមប្រជុំដែរនោះរំពឹងថា សហភាពអឺរ៉ុប នឹងផ្តល់ជំនួយដល់គណៈកម្មការសភាដែលជាប្រយោជន៍ចំពោះការចាត់ចែង និងគ្រប់គ្រងលើប្រព័ន្ធហិរញ្ញវត្ថុ ទោះជាជំនួយប្រភេទណាក្តី។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ឃី វណ្ណដេត ថ្លែងប្រាប់ក្រោយកិច្ចប្រជុំថា ការដែលសហភាពអឺរ៉ុប ស្វែងយល់ពីគណៈកម្មការទី២ នៃរដ្ឋសភា គឺជាការសិក្សាដើម្បីផ្តល់ជំនួយរួមមានថវិកា និងបច្ចេកទេស ព្រោះជំនួបនោះ សហភាពអឺរ៉ុប សួរលម្អិតរបៀបធ្វើការងារ តួនាទី សិទ្ធិអំណាចនៃការអនុម័តគម្រោងថវិកា និងសេចក្តីព្រាងច្បាប់ស្ដីពីថវិកា ជាដើម។ លើសពីនេះ លោកថា គណបក្សសង្គ្រោះជាតិ នឹងផ្ញើលិខិតផ្លូវការទៅសហភាពអឺរ៉ុប ដើម្បីគាំទ្រការផ្តល់ជំនួយរបស់សហភាពអឺរ៉ុប៖ « បញ្ហានេះជាបញ្ហាសំខាន់មែនទែន ព្រោះការថាការធ្វើច្បាប់ថវិកាជាតិកន្លងមក តែងមានភាពខ្វះចន្លោះ ដែលយើងតែងតែផ្តល់អនុសាសន៍ច្រើនក្នុងការរៀបចំថវិកា និងក្នុងការអនុវត្តថវិកាក៏ដោយ »។
ជំនួបបិទទ្វាររយៈពេលជាង ២ម៉ោងនៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា រវាងគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ដែលមានតំណាងរាស្ត្រទាំងពីរគណបក្សចូលរួម ក្រោយកិច្ចប្រជុំ តំណាងសហភាពអឺរ៉ុប មិនបានធ្វើអត្ថាធិប្បាយអ្វីមកកាន់ក្រុមអ្នកកាសែតទេ។តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ឃី វណ្ណដេត ថ្លែងថា ក្នុងពេលប្រជុំ លោក ជាម យៀប ដែលជាប្រធានគណៈកម្មការទី២ និងជាតំណាងរាស្ត្រមកពីគណបក្សកាន់អំណាច និយាយតែម្នាក់ឯង មិនបានទុកពេលឲ្យតំណាងរាស្ត្របក្សប្រឆាំងនិយាយទេ។
ដោយឡែកប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ទទួលបន្ទុកហិរញ្ញវត្ថុ និងសេដ្ឋកិច្ច លោក ជាម យៀប ថ្លែងឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ ភាគីសហភាពអឺរ៉ុប ចង់ដឹងពីរចនាសម្ព័ន្ធការទទួលនូវសេចក្តីព្រាងច្បាប់ស្ដីពីថវិកាជាតិនៃឆ្នាំនីមួយៗ ដែលគណៈកម្មការទី២ បានទទួល និងរបៀបចាត់ចែងរបាយការណ៍សវនកម្ម។ លោកឲ្យដឹងថា ក្រៅពីប្រាប់ទៅភាគីសហភាពអឺរ៉ុប វិញ លោកក៏ស្នើឲ្យសហភាពអឺរ៉ុប ជួយទិញអង្ករកម្ពុជា ពង្រីកទីផ្សារសម្លៀកបំពាក់របស់កម្ពុជា នៅអឺរ៉ុប៖ « គេនឹងពាំនាំអ្វីដែលស្នើសុំទៅសហភាពអឺរ៉ុប ទាំងមូលជ្រាប ជាពិសេសសំណូមពរទាំងបីរបស់ខ្ញុំ »។
សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ គឺលោក ឃី វណ្ណដេត ដែលចូលរួមប្រជុំដែរនោះ ឲ្យអាស៊ីសេរី ដឹងថា ប្រសិនបើសហភាពអឺរ៉ុប ផ្តល់ជំនួយដល់គណៈកម្មការទី២ នៃរដ្ឋសភា គឺនឹងធ្វើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ចំគោលដៅ៖ « គេនឹងជួយជំនួយបច្ចេកទេស ហើយបើយើងស្នើ ប៉ុន្តែពីព្រឹកមិញនេះ ឯកឧត្តម ជាម យៀប លោកបានឆ្លើយថា នៅក្នុងគណៈកម្មការទី២ មានសមត្ថភាពគ្រប់គ្រាន់ ប៉ុន្តែខ្ញុំសុំបញ្ជាក់ថា គោលបំណងសហភាពអឺរ៉ុប មិនមែនត្រឹមតែជួយគណៈកម្មការទី២ តែមួយទេ គឺជួយកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ »។
សភាសហភាពអឺរ៉ុប កាលពីខែមិថុនា បានស្នើឲ្យទីភ្នាក់ងារបេសកកម្មក្រៅប្រទេសសហភាពអឺរ៉ុប ពិចារណាពីការផ្តល់ជំនួយឲ្យកម្ពុជា ចំនួន ៤១០លានអឺរ៉ូ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២០។ សភាសហភាពអឺរ៉ុប លើកឡើងថា ចំនួនជំនួយផ្តល់ឲ្យកម្ពុជា សហភាពអឺរ៉ុប គួរធ្វើឡើងអាស្រ័យលើការវិវឌ្ឍន៍ស្ថានការណ៍នយោបាយ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ កន្លងមក សហភាពអឺរ៉ុប ក៏បានសម្ដែងការបារម្ភពីស្ថានការណ៍នយោបាយនៅកម្ពុជា ខណៈដែលថ្នាក់ដឹកនាំ និងមន្ត្រីបក្សប្រឆាំង ព្រមទាំងមន្ត្រីការពារសិទ្ធិមនុស្ស ត្រូវបានបក្សកាន់អំណាចធ្វើបាប និងចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។