តំណាងរាស្ត្រ​សភា​អឺរ៉ុប ព្រមាន​ថា នឹង​មិន​មាន​ការ​ផ្លាស់ប្ដូរ​ឡើយ បើ​អឺរ៉ុប​មិន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា

0:00 / 0:00

តំណាងរាស្ត្រ​សភា​អឺរ៉ុប មិន​រំពឹង​ថា នឹង​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា នា​ខែកក្កដា​ខាងមុខ​នេះ​ឡើយ។ តំណាងរាស្ត្រ​រូប​នេះ ព្រមាន​ថា នឹង​មិន​មាន​ការ​ផ្លាស់​ប្តូរ​ឡើយ បើ​សហភាព​អឺរ៉ុប​មិន​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​កម្ពុជា។

តំណាងរាស្ត្រ​សភា​អឺរ៉ុប និង​ជា​សមាជិក​អនុគណៈកម្មាធិការ​សភា​អឺរ៉ុប​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស អ្នកស្រី អ៊ីសាប៊ែល សាន់តូស (Isabel Santos) សង្កត់ធ្ងន់​ថា អ្នកស្រី​មិន​ជឿ​ថា នឹង​មាន​ការ​បោះឆ្នោត​ដោយ​បើក​ចំហ និង​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នយោបាយ​នៅ​កម្ពុជា នា​ខែ​កក្កដា ខាងមុខ​នេះ​ឡើយ​។ អ្នកស្រី​លើកឡើង​យ៉ាង​ដូច្នេះ ដោយ​ផ្តល់​អំណះអំណាង​ថា ការណ៍​នេះ គឺ​ដោយសារតែ​អ្នកនយោបាយ​បក្ស​ប្រឆាំង​ជាច្រើន​រូប​ត្រូវ​បាន​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ ប្រធាន​គណបក្សប្រឆាំង​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់គុក ២៧​ឆ្នាំ និង​មាន​ការ​គាបសង្កត់​យ៉ាង​សម្បើម​មក​លើ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ សង្គម​ស៊ីវិល សកម្មជន និង​អ្នក​សហជីព​ជាដើម។

អ្នកស្រី អ៊ីសាប៊ែល សាន់តូស៖ «សូម​មេត្តា​កុំ​និយាយ​ថា នឹង​មាន​ការបោះឆ្នោត​ដោយ​សេរី និង​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នោះ​ឱ្យ​សោះ។ សូមកុំ​ប្រើ​ពាក្យ​ទាំងអស់​នេះ ពី​ព្រោះ​ថា​យើង​មិន​​អាច​រំពឹង​ដូច្នេះ​បាន​ឡើយ ហើយ​យើង​ដឹង​អំពី​រឿង​នេះ​ច្បាស់​ណាស់​។ នឹង​មិន​មាន​ការ​បោះឆ្នោត​ដោយ​បើកចំហ និង​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ឡើយ!យើង​ដឹង​ច្បាស់​ហើយ​ក្នុង​ដំណាក់កាល​នេះ​...​។ វា​គឺជា​តួនាទី​របស់​យើង​ក្នុង​ការ​ព្យាយាម​ជួយ​ទៅ​ដល់​ប្រជាជន​នៃ​ប្រទេស​កម្ពុជា។ ប៉ុន្តែ ប្រសិនបើ​យើង​មិន​ចាត់​វិធានការ​ខ្លះ​ទេ ដែល​នឹង​ជំរុញ​ឱ្យ​ប្រទេស​នេះ​ផ្លាស់ប្ដូរ ប្រសិនបើ​យើង​មិន​បង្កើត​សម្ពាធ​ទៅលើ​អាជ្ញាធរ​កម្ពុជា​ឱ្យ​កែប្រែ​ឥរិយាបថ​របស់​ពួកគេ​ទេ​នោះ​...ខ្ញុំ​មិន​ជឿ​ទេ​ថា នឹង​មាន​ការប្រែប្រួល​ណាមួយ​ឡើយ»។

តំណាងរាស្ត្រ​សភា​អឺរ៉ុប អ្នកស្រី អ៊ីសាប៊ែល សាន់តូស លើកឡើង​ដូច្នេះ នៅក្នុង​កិច្ចពិភាក្សា​ដេញដោល​មួយ​ធ្វើឡើង​ដោយ​អនុគណៈកម្មាធិការ​សភា​អឺរ៉ុប​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស កាល​ពី​ថ្ងៃទី​២១ ខែមីនា ដើម្បី​បន្ត​តាមដាន​អំពី​ស្ថានការណ៍​វិវត្ត​ចុងក្រោយ​នៅ​កម្ពុជា​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ខែកក្កដា ខាងមុខ និង​ក្រោយ​ពេល​ដែល​សភា​អឺរ៉ុប​អនុម័ត​សេចក្តី​សម្រេច​ថ្មី​មួយ ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» ហៅ​កាត់​ថា EBA បន្ថែម​ទៀត ពី​កម្ពុជា​។ កិច្ចពិភាក្សា​ដេញដោល​នេះ ធ្វើឡើង​ដោយមាន​ការចូលរួម​ឆ្លើយ​សំណួរ​ដោយ​ឯកអគ្គរដ្ឋទូត​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា អ្នកស្រី ខារមែន ម៉ូរ៉េណូ (Carmen Moreno) និង​ប្រធាន​នាយកដ្ឋាន​កិច្ចការបរទេស​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​របស់​សហភាព​អឺរ៉ុប អ្នកស្រី បារបារ៉ា ប្ល៊ីនឃឺរត៍ (Barbara Plinkert)។

ស្រដៀង​គ្នា​នេះ​ដែរ តំណាងរាស្ត្រ​សភា​អឺរ៉ុប​ម្នាក់ទៀត និង​ជា​ប្រធាន​ប្រតិភូ​អន្តរ​សភា​អឺរ៉ុប​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​សមាគម​អាស៊ាន លោក ដានីញ៉ែល ខាស្ប៉ារី (Daniel Caspary) មាន ប្រសាសន៍​ថា អាជ្ញាធរ​កម្ពុជា​ចាំបាច់​ត្រូវ​បើក​ឱ្យ​មាន​លំហ​នយោបាយ​សេរី​ពហុបក្ស​សម្រាប់​ការ​បោះឆ្នោត​ខាងមុខនេះ និង​លុបចោល​រាល់​ច្បាប់​ទាំងឡាយ​ដែល​មាន​លក្ខណៈ​ដាក់​កម្រិត​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

លោក ដានីញ៉ែល ខាស្ប៉ារី៖ «ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែល​រួមមាន​ការ​បង្ក្រាប​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​មក​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង គឺជា​ក្តី​កង្វល់​ដ៏​ខ្លាំង​សម្រាប់​គណៈប្រតិភូ​របស់​យើង ហើយនឹង​សម្រាប់​សភា​អឺរ៉ុប​ក្នុង​អាណត្តិ​បច្ចុប្បន្ន​នេះ ដូចដែល​យើង​ទាំងអស់​គ្នា​ដឹង​ស្រាប់​ហើយ។ សភា​របស់​យើង​បាន​អនុម័ត​សេចក្តី​សម្រេច​មិន​តិច​ជាង ៣​ឡើយ ជុំវិញ​ទិដ្ឋភាព​ផ្សេងៗ​គ្នា​នៃ​ស្ថានភាព​នៅ​កម្ពុជា។ សេចក្តី​សម្រេច​ចុងក្រោយ គឺ​យើង​ទើបនឹង​បាន​អនុម័ត​កាល​ពី​សប្តាហ៍​កន្លងទៅ​នៅ​ទីក្រុង​ស្ត្រាសប៊ួរ(Strasbourg)។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ យើង​បានឃើញ​នូវ​ការ​ធ្លាក់ចុះ​ដុនដាប​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​តាម​ទស្សនៈ​របស់​ខ្ញុំ យើង​ក៏បាន​ឃើញ​នូវ​អំពើ​បំភិតបំភ័យ​ផ្នែក​នយោបាយ​ដែល​ចេះតែ​កើន​ឡើងជា​លំដាប់​ទៅលើ​ក្រុម​អ្នកប្រឆាំង និង​សង្គម​ស៊ីវិល ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ថ្ងៃទី​២៣ ខែកក្កដា ខាងមុខ​នៅ​កម្ពុជា។ ជា​ការ​សំខាន់​ដែល​អាជ្ញាធរ​កម្ពុជា​ចាំបាច់​ត្រូវ​បើក​ឱ្យ​មាន​នូវ​លំហ​សេរី​ពហុបក្ស គោរព​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ និង​ចាំបាច់​ត្រូវ​លុបចោល​រាល់​ច្បាប់​ទាំងឡាយ​ណា​ដែល​មាន​លក្ខណៈ​ដាក់​កម្រិត​មក​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ហើយ​ដែល​ផ្ទុយ​ទៅ​នឹង​កាតព្វកិច្ច និង​ស្តង់ដារ​អន្តរជាតិ»។

ក្រៅពី​ការ​លើកឡើង​ទាំងនេះ តំណាងរាស្ត្រ​សភា​អឺរ៉ុប​ម្នាក់ទៀត និង​ជា​សមាជិក​គណៈកម្មាធិការ​សភា​អឺរ៉ុប​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ អ្នកស្រី ហៃឌី អូថាឡា (Heidi Hautala) បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​ដែល​ក្រុម​មេដឹកនាំ​កម្ពុជា មិន​ត្រឹមតែ​បាន​រឹតត្បិត​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​ទៀត​ផង​។ ជាក់ស្តែង​អ្នកស្រី​បាន​លើកយក​ករណី​កាសែត​ខ្មែរ​ថាមស៍ (Khmer Times) ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ថា សហភាព​អឺរ៉ុប​មាន​ផែនការ​បញ្ជូន​អ្នកសង្កេតការណ៍​មក​ចូលរួម​ឃ្លាំមើល​ការ​បោះឆ្នោតជាតិ​នៅ​កម្ពុជា​នោះ។

ឆ្លើយតប​នឹង​ករណី​នេះ ប្រធាន​នាយកដ្ឋាន​កិច្ចការ​បរទេស​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​របស់​សហភាព​អឺរ៉ុប អ្នកស្រី បារបារ៉ា ប្ល៊ីនឃឺរត៍ បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​ថា គិត​មក​ទល់​ពេល​នេះ សហភាព​អឺរ៉ុប​នៅ​មិន​ទាន់​សម្រេចចិត្ត​បញ្ជូន​អ្នកសង្កេតការណ៍​របស់​ខ្លួន​មក​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​នៅឡើយ​ទេ។ អ្នកស្រី​មាន​ប្រសាសន៍​ថា ការណ៍​នេះ​គឺ​ដោយសារតែ​ផ្អែក​តាម​ការវាយតម្លៃ​របស់​សហភាព​អឺរ៉ុប កម្ពុជា​នៅ​មិនទាន់​អនុវត្ត​លក្ខខណ្ឌ​នានា​ដើម្បី​ធានា​ឱ្យ​មាន​នូវ​ការ​បោះឆ្នោត​ដែល​អំណោយ​ផល ធានា​តម្លាភាព ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន​នៅ​ឡើយ​ទេ។

ដោយឡែក ឆ្លើយតប​ទៅ​នឹង​សំណួរ​ពី​តំណាងរាស្ត្រ​សភា​អឺរ៉ុប​មួយចំនួន​ដែល​ចោទ​សួរ​ថា តើ​សហភាព​អឺរ៉ុប​គួរ​ចាត់វិធានការ​បែប​ណា​ទៀត​មក​លើ​កម្ពុជា​ក្រៅពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​ភាគរយ​នោះ ឯកអគ្គរដ្ឋទូត​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា អ្នកស្រី ខារមែន ម៉ូរ៉េណូ (Carmen Moreno) មាន​ប្រសាសន៍​ថា ជា​រឿង​ពិបាក​ក្នុង​ការ​គិតគូរ​អំពី​វិធានការ​បន្ទាប់​ទៀត ក្នុងពេលដែល​នៅ​ពុំ​ទាន់​មានការ​វាយតម្លៃ​ជាក់លាក់​ណាមួយ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​ភាគរយ​កាល​ពី​ពេល​កន្លង​ទៅ។ អ្នកស្រី​មាន​ប្រសាសន៍​ថា ទន្ទឹម​នឹង​នេះ គេ​ក៏​ត្រូវ​គិតគូរ​ដែរ​ថា នៅ​ឆ្នាំ​២០២៧ ខាងមុខ កម្ពុជា​នឹង​ចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) ក្លាយជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ចំណូល​មធ្យម ដែល​ក្នុង​ករណី​នេះ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​មិន​អនុវត្ត​ចំពោះ​ប្រទេស​កម្ពុជា​ទៀត​ទេ។

បន្ថែម​ពីលើ​ការ​បកស្រាយ​នេះ ប្រធាន​នាយកដ្ឋាន​កិច្ចការបរទេស​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​របស់​សហភាព​អឺរ៉ុប អ្នកស្រី បារបារ៉ា ប្ល៊ីនឃឺរត៍ គូស​បញ្ជាក់​ថា ជា​ការ​សំខាន់​ដែល​សហភាព​អឺរ៉ុប​នៅតែ​បន្ត​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដូចដែល​សហភាព​អឺរ៉ុប​បាន​ធ្វើ​យ៉ាងសកម្ម ជាពិសេស​កាលពី​ឆ្នាំ​កន្លងទៅ ក្នុងពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ឆ្នាំ​២០២២។ អ្នកស្រី​គូស​បញ្ជាក់​ថា តាមរយៈ​កិច្ច​ពិគ្រោះ​យោបល់​នេះ សហភាព​អឺរ៉ុប​មាន​ឱកាស​លើកឡើង​ពី​បញ្ហា​កង្វល់​នានា​ដែល​សហភាព​អឺរ៉ុប​ចាត់ទុកថា ជា​បរិយាកាស​មិន​អំណោយផល ក្នុង​គោលដៅ​ដើម្បី​កែប្រែ​ឱ្យ​មាន​ការ​បោះឆ្នោត​មួយ​ដែល​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ដែល​គួរ​ឱ្យ​ជឿទុក​ចិត្ត​បាន ក្នុង​នោះ​ក៏​រួមមាន​ទាំង​បញ្ហា​កង្វះ​ឯករាជ្យ និង​អព្យាក្រឹត្យ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ការ​រឹតត្បិត​លំហ​សង្គម​ស៊ីវិល និង​ការ​ផាត់​ចោល​គណបក្ស​នយោបាយ ជាដើម។

កាលពី​ថ្ងៃទី​១៦ ខែមីនា សភា​អឺរ៉ុប​បាន​អនុម័ត​ជា​ផ្លូវការ​នូវ​សេចក្តី​សម្រេច​ថ្មី​មួយ​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» (EBA) ពី​កម្ពុជា ប្រសិនបើ​ការ​បោះឆ្នោត​ជាតិ​ខែកក្កដា ខាងមុខ ប្រព្រឹត្តទៅ​មិន​ស្របតាម​ស្តង់ដារ​អន្តរជាតិ ឬ​ប្រសិនបើ​នៅតែ​មាន​ការ​បន្ត​រំលោភសិទ្ធិ​មនុស្ស​។ ក្រៅពី​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​បន្ថែម​ទៀត​នេះ សភា​អឺរ៉ុប​ក៏​ជំរុញ​ឱ្យ​ក្រុមប្រឹក្សា​អឺរ៉ុប​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​ជាក់លាក់​មក​លើ​បុគ្គល​កម្ពុជា​ទាំងឡាយ​ណា ដែល​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ឬ​ពាក់ព័ន្ធ​នឹង​ការ​រំលាយ និង​ការ​រឹតត្បិត​ជា​បន្តបន្ទាប់​មក​លើ​ក្រុម​អ្នកប្រឆាំង​នៅ​កម្ពុជា​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។