អតីតតំណាងរាស្ត្រជាប់ឆ្នោតគណបក្សប្រឆាំង លោក អ៊ូ ច័ន្ទរ័ត្ន នឹងស្វែងរកការចងសម្ពន្ធភាព ជាមួយគណបក្សផ្សេងៗ ពិសេស គឺគណបក្សដែលដឹកនាំដោយអតីតមន្ត្រីបក្សប្រឆាំង។ អ្នកវិភាគ ថា ទោះជា ចងសម្ពន្ធភាពជាមួយគ្រប់គណបក្សទាំងអស់ ក៏មិនអាចប្រកួតប្រជែងជាមួយបក្សកាន់អំណាចបានដែរ។
លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យដឹងថា ក្រុមស្ថាបនិកគណបក្សថ្មី កំពុងរកទីតាំងទីស្នាក់ការគណបក្សបណ្ដោះអាសន្ន នៅភ្នំពេញ ហើយគ្រោងនឹងដាក់ពាក្យស្នើសុំបង្កើតគណបក្សជាផ្លូវការ ទៅក្រសួងមហាផ្ទៃ នៅខែកុម្ភៈខាងមុខ។ គណបក្សថ្មីនេះ ឈ្មោះថា គណបក្សកែទម្រង់កម្ពុជា។
លោកបន្តថា ក្រោយការបង្កើតរួច លោកគ្រោងនឹងស្វែងរកការចងសម្ពន្ធភាព ជាមួយគណបក្សផ្សេងៗ ទៀត ពិសេសជាមួយគណបក្ស ដែលដឹកនាំដោយអតីតមន្ត្រីបក្សប្រឆាំង។ លោក អ៊ូ ច័ន្ទរ័ត្ន បន្តថា លោកមានបំណងឈានទៅរកការធ្វើសមាជបក្សបញ្ចូលគ្នា ជាគណបក្សតែមួយនៅថ្ងៃអនាគត។ តែយ៉ាងណា លោកបញ្ជាក់ថា លោកគ្មានបំណងចង់ស្វែងរកការចងសម្ពន្ធភាពជាមួយបក្សកាន់អំណាច ឡើយ៖ « គណបក្សកាន់អំណាច មិនអាចសម្ពន្ធទេ។ ឈរលើបន្ទាត់ ជាមួយគ្នា ប្រហាក់ប្រហែលគ្នា អាហ្នឹង យើងអាចនឹងរួបរួមគោលដៅ ទស្សនៈវិស័យប្រហាក់ប្រហែលគ្នា អាហ្នឹង យើងអាចរួមរួបគ្នាតែម្ដង។ ប្រកាសធ្វើសមាជបញ្ចូលគ្នាតែម្ដង»។
ទោះជាយ៉ាងណា លោក អ៊ូ ច័ន្ទរ័ត្ន មិនទាន់អាចបញ្ជាក់ពីសមាសភាព ថ្នាក់ដឹកនាំគណបក្សកែទម្រង់កម្ពុជាទេ តែអះអាងថា ជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ លោកអះអាងថា លោក និងមន្ត្រីគណបក្សប្រឆាំងខ្លះយល់ថា មានតែជម្រើសបង្កើតគណបក្សថ្មីទេ ទើបអាចរកវិធីដោះស្រាយវិបត្តិនយោបាយ នៅកម្ពុជាបាន។
ប្រធានគណបក្សខ្មែរស្រលាញ់ជាតិ លោក ជីវ កត្តា ប្រាប់ថា គណបក្សរបស់លោក នឹងពិចារណា ប្រសិនបើមានសំណើជាផ្លូវការ។ លោក បញ្ជាក់ថា លោក មិនបានដឹងបំណង នៃការបង្កើតគណបក្សថ្មីរបស់លោក អ៊ូ ច័ន្ទរ័ត្ន ទេ តែលោក ជីវ កត្តា អះអាងថា ខាងគណបក្សលោក ក៏មានអតីតមន្ត្រីបក្សប្រឆាំងខ្លះ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ចង់ចូលរួមជាមួយដែរ៖ « គណបក្សខ្មែរស្រលាញ់ជាតិ បានប្រកាសជំហរច្បាស់ហើយណា យើងបង្កើតបន្តនូវទស្សនៈស្មារតីសង្គ្រោះជាតិ បង្កើតវប្បធម៌នយោបាយថ្មី បង្រួបបង្រួមអ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ យើងផ្សះផ្សាជាតិ តស៊ូមតិ តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមការបោះឆ្នោតនេះឯង។ ប៉ុន្មានចំណុចនេះ ជាជំហររបស់គណបក្សស្រលាញ់ជាតិ។ បើយើងមានជំហរមានទិសដៅ ដូចគ្នា យើងអាចដើរមកជុំគ្នាបាន»។
ចំណែកអតីតមន្ត្រីបក្សប្រឆាំងម្នាក់ទៀត គឺជាប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ ម៉ូនីកា ក៏មិនជំទាស់នូវបំណង នៃការចងសម្ពន្ធភាពគណបក្សដែរ។ លោក គង់ ម៉ូនីកា បញ្ជាក់ថា គណបក្សរបស់លោក នឹងពិចារណា ពិនិត្យមើលលក្ខខណ្ឌ នៃការចងសម្ពន្ធភាពនេះ នៅពេលមានសំណើ៖ « ហើយយើងអាចជួបជជែកគ្នា ចងសម្ពន្ធភាពនឹងគ្នាយ៉ាងម្ដេច ? ធ្វើយ៉ាងណា រករូបមន្ត ដែលយើងអាចធ្វើការរួមគ្នា ដើម្បីកសាងកម្លាំងប្រជាធិបតេយ្យឡើងវិញ។ ខ្ញុំមិនបដិសេធ ហើយនិងសាទរនូវគំនិតបែបនេះ ព្រោះថា ឪពុករបស់ខ្ញុំ គង់ គាំ ក៏ដូចជាខ្ញុំក៏ដោយ គឺថា យើងបានស្វះស្វែងកន្លងមកហើយ គឺចង់ឲ្យអ្នកប្រជាធិបតេយ្យបានជួបគ្នា»។
សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក ហេង ច័ន្ទរស្មី យល់ថា ការបង្កើតគណបក្សថ្មីៗ និងការចងសម្ព័ន្ធភាពជាមួយគ្នា គឺជាជម្រើសល្អម្យ៉ាង ព្រោះគណបក្សសង្គ្រោះជាតិ មិនអាចមានលទ្ធភាពចូលរួមប្រកួតការបោះឆ្នោត ក្នុងពេលដ៏ខ្លីខាងមុខនេះបានទេ។ តែយ៉ាងណា លោកយល់ថា គណបក្សថ្មីថ្មោងទាំងអស់នេះ នៅតែមិនទាន់មានលទ្ធភាពប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចបានទេ៖ « ទាមទារឲ្យមានការចុះសម្រុងគ្នារវាងអតីតមេដឹកនាំជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ។ អ៊ីចឹង បើមិនមានរូបភាពថ្មីណាមួយ ឬក៏មិនមានការកំណែទម្រង់ផ្ទៃក្នុងអតីតគណបក្សសង្គ្រោះជាតិ ហើយមកធ្វើការរួមគ្នាទេ ខ្ញុំគិតថា លទ្ធភាពនៃការចូលរួមប្រកួតប្រជែង ដើម្បីដឹកនាំប្រទេសជាតិនេះ វាហាក់បីដូចជាមានភាពមិនច្បាស់លាស់ ឬក៏មើលឃើញពីភាពមិនជោគជ័យសម្រាប់គណបក្សប្រឆាំង គឺមិនអាចទៅរួចទេ គឺមិនអាចឈ្នះគណបក្សប្រឆាំងបានទេ»។
គិតត្រឹមចុងឆ្នាំ២០២០ មានមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន ១៤នាក់ បានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងចំណោម ១១៨នាក់ ដែលត្រូវតុលាការកំពូលហាមឃាត់សិទ្ធិធ្វើនយោបាយ។ ក្នុងនោះ មានអតីតមន្ត្រីបក្សប្រឆាំង ៣ក្រុម បាននាំគ្នាបង្កើតគណបក្សថ្មី គឺគណបក្សឆន្ទៈខ្មែរ គណបក្សខ្មែរអភិរក្សនិយម និងគណបក្សខ្មែរស្រលាញ់ជាតិ។
ក្រៅពីនេះ មានអ្នកសុំសិទ្ធិនយោបាយ ៣នាក់ បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងនោះ មានលោក គង់ បូរ៉ា មានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម ក្រោយពេលចូលរួមជាមួយបក្សកាន់អំណាច អ្នកស្រី លី ស្រីវីណា ចូលរួមក្រោយអាជ្ញាធរបិទគ្លីនិករបស់អ្នកស្រី និង លោក ស៊ុន សុភ័គ្រ មានតួនាទីជាទីប្រឹក្សារដ្ឋាភិបាល ឋានៈស្មើរដ្ឋលេខាធិការ។
សកម្មជនបក្សប្រឆាំង និងអ្នកឃ្លាំមើលនយោបាយខ្លះសង្កេតឃើញថា អ្នកនយោបាយ ដែលបានបោះបង់គណបក្សសង្គ្រោះជាតិ ទទួលរងនូវការរិះគន់ធ្ងន់ធ្ងរ ពីប្រជាពលរដ្ឋ ស្មើនឹងការសម្លាប់ជីវិតនយោបាយរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។