អតីតប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអនុជ នរោត្តម អរុណរស្មី ប្រកាសថា ទ្រង់គ្មានទំនាក់ទំនង និងគ្មានតួនាទីអ្វី នៅក្នុងគណបក្សទៀតទេ។ លិខិតនេះ ធ្វើឡើងដោយខុទ្ទកាល័យសម្ដេច នរោត្តម អរុណរស្មី កាលពីថ្ងៃទី៤ ខែកុម្ភៈ តែមិនមានបោះត្រា ឬហត្ថលេខារបស់ព្រះអនុជអរុណរស្មីនោះទេ។
អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិចលោក ញឿន រ៉ាដែន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ ខែកុម្ភៈថា អគ្គលេខាធិការដ្ឋានគណបក្ស មិនទាន់ទទួលបានលិខិតផ្លូវការពីសម្ដេចអរុណរស្មី នៅឡើយទេ។ តែក្នុងករណីការប្រកាសនេះពិតមែន លោកថា គណបក្សនឹងគោរពតាម។
ការបញ្ជាក់នេះ ធ្វើឡើងក្នុងពេលគណបក្សហ៊្វុនស៊ិនប៉ិច កំពុងមានជម្លោះផ្ទៃក្នុង ដោយសារក្រុមមន្ត្រីមួយចំនួន កំពុងសុំយាងព្រះអនុជ អរុណរស្មី មកធ្វើជាប្រធានគណបក្សវិញ ឯមន្ត្រីមួយចំនួនទៀត គ្រោងធ្វើសមាជទាំងភាពចម្រូងចម្រាស់ ដើម្បីយាងបុត្រាច្បងរបស់សម្ដេចក្រុមព្រះ គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ឡើងជាប្រធានគណបក្ស ដោយរក្សាទុកតួនាទីព្រះអនុជអរុណរស្មី នៅជាអនុប្រធានគណបក្សដដែល។
សមាជនេះ នឹងធ្វើនៅថ្ងៃទី៩ ខែកុម្ភៈ ទៅតាមកាលកំណត់ និងក្នុងរបៀបវារៈដដែល។ អ្នកនាំពាក្យគណបក្សលោក ញឿន រ៉ាដែន បញ្ជាក់ថា ក្នុងករណីគណបក្សទទួលបានលិខិតផ្លូវការពីព្រះអនុជអរុណរស្មី នោះគណបក្សនឹងបញ្ចប់តួនាទីអនុប្រធានគណបក្ស តាមការសម្រេចព្រះទ័យរបស់ទ្រង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។