អតីតអ្នកទោសមនសិការ និងជាអ្នកជំនាញកសិកម្ម លោក នី ណាក់ ដែលធ្លាប់ជាប់ពន្ធនាគាររឿងទិញម៉ាស់ពាក់ឱ្យកូនមាន់ ត្រូវជនមិនស្គាល់មុខមួយក្រុមព្រួតវាយឱ្យរបួសក្បាលធ្ងន់ នៅរសៀលថ្ងៃទី១២ ខែកញ្ញានេះ។
ប្រពន្ធលោក នី ណាក់ អះអាងថា រឿងនេះជាការធ្វើទុក្ខបុកម្នេញ ដោយសារតែលោកហ៊ានរិះគន់ ហ៊ាននិយាយការពិតពីបញ្ហាក្នុងសង្គម ពិសេសរឿងរ៉ាវទាក់ទងនឹងវិស័យកសិកម្ម។
អ្នកការពារសិទ្ធិមនុស្សទទូចដល់អាជ្ញាធររដ្ឋាភិបាលឱ្យស៊ើបអង្កេតរកអ្នកប្រព្រឹត្តមកផ្តន្ទាទោស និងបិទបញ្ចប់សំណុំរឿងលបវាយធ្វើបាបអ្នកសកម្មការងារសង្គមនេះ កុំឱ្យកើតមានក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះតទៅទៀត។
ករណីវាយ លោក នី ណាក់ ឱ្យរបួសធ្ងន់នេះជាករណីទី១ នៃការវាយប្រហារទៅលើអ្នកសកម្មរិះគន់បញ្ហាសង្គមនៅក្នុងស្រុក នៅក្រោមរដ្ឋាភិបាលអាណត្តិថ្មី ដឹកនាំដោយលោក ហ៊ុន ម៉ាណែត។
លោក នី ណាក់ របួសក្បាលធ្ងន់ធ្ងរ នៅក្រោយជនមិនស្គាល់មុខមួយក្រុមបានព្រួតវាយលោក នៅវេលាម៉ោងជាងមួយរសៀលនៅតំបន់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ប្រពន្ធលោក នី ណាក់ លោកស្រី សុខ ស៊ីណែត ប្រាប់វិទ្យុអាស៊ីសេរី នៅមុនការផ្សាយនេះបន្តិចថា ពេលនេះប្ដីលោកស្រីបានឆ្លងផុតគ្រោះថ្នាក់មួយដំណាក់កាលហើយ តែត្រូវរង់ចាំថតស្កេនខួរក្បាលដើម្បីបញ្ជាក់ថាខួរក្បាលរបស់លោកមិនមានរបួស។ លោកស្រី ស៊ីណែត សង្ស័យថា ការវាយធ្វើបាបប៉ុនប៉ងសម្លាប់ លោក នីណាក់ នៅពេលនេះពាក់ព័ន្ធនឹងលោកបន្តនិយាយពីបញ្ហាសង្គមនៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រោះគ្រួសាររបស់លោកស្រីពុំមានទំនាស់ ឬគំនុំជាមួយនរណាឡើយ។
លោកស្រី សុខ ស៊ីណែត៖«ខ្ញុំគិតថាប្រហែលជាមួយរយៈនេះប្ដីខ្ញុំគាត់និយាយទាក់ទងនឹងរឿងសង្គមច្រើនអាចមានគេអត់ពេញចិត្ត។ តាមខ្ញុំគិតគឺអ៊ីចឹង បើថារឿងផ្ទាល់ខ្លួនឯងទៅឈ្លោះជាមួយគេ ដោយសារតែគាត់ធ្វើឱ្យគេមកធ្វើបាបគាត់គឺអត់មាន គឺអត់ទាក់ទង។ គាត់និយាយតែការពិត មិនបាននិយាយអីថាឱ្យនរណាទេ។ និយាយទៅគេគំរាមកំហែងដល់អាយុជីវិតប្ដី គឺអាណិតគាត់ ស្រណោះគាត់ សង្គមដែលថា គាត់ត្រូវគេធ្វើបាបតែគ្មានអ្នកជួយ»។
លោកស្រី សុខ ស៊ីណែត រម្លឹកថានៅរសៀលនៅថ្ងៃទី១២ ខែកញ្ញា មានជនមិនស្គាល់មុខបានជិះម៉ូតូបុកម៉ូតូប្តីលោកស្រីពីក្រោយនៅពេលលោកស្រី និងប្ដីធ្វើដំណើរចេញពីម្ដុំវត្តចំពុះក្អែកសំដៅទៅផ្ទះ។ ក្រោយម៉ូតូដួលមនុស្សប្រុសមួយក្រុម ស្លៀកពាក់ខ្មៅ មានពាក់មួកឃ្លុបបិទមុខជិត ដៃកាន់ដំបងដែកសម្រុកវាយសន្ធាប់លើក្បាល លោក នី ណាក់ ឱ្យបែកក្បាលជាច្រើនកន្លែងឈាមស្រោចខ្លួន និងសន្លប់នៅនឹងកន្លែង។
ប្រភពដដែលឱ្យដឹងទៀតថា ប៉ូលិសនៅក្នុងមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដោយបានធ្វើកំណត់ហេតុ និងពិនិត្យកាមេរ៉ាសុវត្ថិភាព ព្រមទាំងសន្យាថាជួយស្រាវជ្រាវរកជនប្រព្រឹត្ត។
បើទោះជាយ៉ាងណាក្ដី លោក សុខ ស៊ីណែត មិនសង្ឃឹមថាអាជ្ញាធរនឹងរកយុត្តិធម៌ឱ្យប្ដីលោកស្រីបានទេ ព្រោះកន្លងទៅករណីបែបនេះអាជ្ញាធរមិនដែលចាប់ជនល្មើសបានទេ។
លោក នី ណាក់ ជាអ្នកជំនាញផ្នែកកសិកម្ម ធ្លាប់ជាប់ពន្ធនាគារ ដោយតុលាការកាត់ឱ្យលោកជាប់ទោស ១៨ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល ដោយសារបានសរសេរឌឺដង « ទិញម៉ាស់ពាក់ឲ្យកូនមាន់» និងត្រៀមដាក់ទ្រុងមាន់ក្នុងគ្រាមានអាសន្ន ខណៈកម្ពុជា និងពិភពលោក ផ្ទុះជំងឺកូវីដ១៩ កាលពីចុងឆ្នាំ២០១៩។
តែទោះជាយ៉ាងណាក៏ដោយ លោក នី ណាក់ ក៏ធ្លាប់សរសេរសំបុត្រ សុំទោស លោក ហ៊ុន សែន និងបានជួបថតរូបជាមួយលោក ហ៊ុន សែន នៅក្រោយលោកបានចេញពីពន្ធនាគារ។
យ៉ាងនេះក្ដីនៅលើទំព័រហ្វេសប៊ុករបស់ លោក នី ណាក់ ឈ្មោះថា IMAN-KH នៅតែបន្តបង្ហោះសាររិះគន់បញ្ហាអសកម្មនៅក្នុងសង្គមជាញឹកញាប់។ នៅប៉ុន្មានម៉ោងមុនពេលលោករងរបួស ដោយក្រុមមនុស្សមិនស្គាល់មុខវាយធ្វើបាបនេះ លោក នី ណាក់ បានបង្ហោះសាររិះគន់ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ទាក់ទងនឹងកំណត់ហេតុតម្លៃស្រូវនៅពេលថ្មីៗ នេះថា៖ «ធ្វើដល់រដ្ឋមន្ត្រី ពីលើរដ្ឋលេខាធិការច្រើនជាង ៦០នាក់ ប្រើសុទ្ធតែដ្រូនសម្រាប់ស៊ើបការណ៍ ប៉ុន្តែរកលេខាម្នាក់មកធ្វើឯកសារផ្លូវការមិនបាន។ កំណត់ហេតុសរសេរដោយដៃបែបនេះ តើនរណាដឹងថា ជាអ្នកណាសរសេរ? ជារោងម៉ាស៊ីនមួយណា? ក្រុមហ៊ុនណា? អត់មាន។ អ៊ីចឹងធ្វើការយកតែមុខសម្រាប់ផុសហ្វេសប៊ុកតែប៉ុណ្ណោះ»។
នៅលើហ្វេសប៊ុករបស់លោក នី ណាក់ ដដែលនេះ កាលពីថ្ងៃទី១១ ខែកញ្ញា លោកបានបង្ហោះសារមួយឆ្លើយតបនឹងក្រុមយុវជន ដែលបានទៅចុះចូលជាមួយលោក ហ៊ុន សែន ថា ឱ្យឈប់ទាក់ទងទៅលោកទៀត ព្រោះលោកជាអ្នករកស៊ីមិនជាប់ពាក់ព័ន្ធបក្សកាន់អំណាច មិនជាប់ពាក់ព័ន្ធបក្សប្រឆាំងឡើយ។
ទាក់ទងនឹងករណីអំពើហិង្សាលើសកម្មជនសង្គមនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ទទូចដល់អាជ្ញាធររដ្ឋាភិបាលឱ្យស៊ើបអង្កេតរកអ្នកប្រព្រឹត្តមកផ្ដន្ទាទោស និងបិទបញ្ចប់សំណុំរឿងលបវាយធ្វើបាបអ្នកសកម្មការងារសង្គមនេះកុំឱ្យកើតមានក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះតទៅទៀត។ លោកថា ប្រសិនបើករណីនេះនៅតែបន្តរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ពិបាកនឹងគេចផុតពីការរិះគន់ថា ជារដ្ឋាភិបាលបំបិទសិទ្ធិសេរីភាពបញ្ចេញមតិពលរដ្ឋ និងរើសអើងនយោបាយ។
លោក អំ សំអាត៖«កន្លងមកយើងឃើញសកម្មជនគណបក្សនយោបាយ ជាច្រើនមានការលួចវាយហ្នឹង មិនអាចរកជនដែលប្រព្រឹត្តហ្នឹងដាក់ទោសតាមច្បាប់នៅឡើយទេ។ ដូច្នេះករណីនេះ ដើម្បីចៀសវាងការរិះគន់ទៅលើ ការរិះគន់ផ្សេងៗ ដូចជា គេអាចរិះគន់បានថាទាក់ទងនឹងការបញ្ចេញមតិរបស់គាត់ ឬគេចោទថាជារឿងនយោបាយ អាជ្ញាធរត្រូវចាត់វិធានការតាមផ្លូវច្បាប់ ទៅរកជនល្មើសមកអនុវត្តតាមផ្លូវច្បាប់»។
គិតមកដល់ពេលនេះមានសកម្មជនសង្គម និងនយោបាយមិនតិចជាង ៥០នាក់ទេ ដែលរងការលួចវាយប្រហារ ដែលភាគច្រើនជាការប៉ុងប៉ងវាយសម្លាប់ ដោយវាយសន្ធាប់ទៅលើក្បាលជនរងគ្រោះ ដោយប្រើដំបងដែក នៅក្រោមរបបគ្រប់គ្រងដឹកនាំដោយលោក ហ៊ុន សែន។ នៅក្រោយរដ្ឋាភិបាលថ្មីបង្កើតឡើង គឺនៅក្រោយ លោក ហ៊ុន ម៉ាណែត ត្រូវចាត់តាំងឱ្យធ្វើជានាយករដ្ឋមន្ត្រីមកទើបកើតមានករណីលបវាយសកម្មជនសង្គមក្នុងស្រុកមួយករណី ដែលកើតលើលោក នី ណាក់ នេះ។ ចំណែកកាលពីថ្ងៃទី២២ ខែសីហា គឺនៅថ្ងៃប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មី មានករណីព្រួតវាយសកម្មជនគណបក្សប្រឆាំងនៅក្នុងប្រទេសថៃ គឺលោក លោក ផន ផាន់ណា។ រឿងនោះកើតឡើងក្រោយពេលដែលរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ហៅឱ្យលោកទៅជួបជាច្រើនសារដើម្បីបញ្ចុះបញ្ចូលឱ្យលោក ចូលទៅបម្រើបក្សកាន់អំណាច ប៉ុន្តែលោកបដិសេធមិនជួប។
អ្នកដែលសកម្មរិះគន់ភាពអសកម្មក្នុងសង្គមនៅតែមិនរំពឹងថាពួកគេបានទទួលយុត្តិធម៌ទេ ដោយគេសង្កេតឃើញថាមន្ត្រីមួយចំនួននៅក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះជាមន្ត្រីដៃឆៅ រំលោភសិទ្ធិមនុស្ស និងជាអ្នកមានបាតដៃកខ្វក់ក្នុងការប្រើហិង្សាលើសកម្មជន ដែលមាននិន្នាការមិនស្របនឹងក្រុមអ្នកកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។