អតីតអ្នកសារព័ត៌មានឯករាជ្យម្នាក់ដែលធ្លាប់បម្រើការនៅវិទ្យុសំឡេងប្រជាធិបតេយ្យ ឬវីអូឌី (VOD) គឺលោក មិន ពៅ សម្រេចចិត្តឈរឈ្មោះជាបេក្ខភាពឃុំ មកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហានៅមូលដ្ឋាន ជាពិសេស ការពារព្រែកទាំង ១០ ដែលកំពុងរំលោភបំពាន កាន់តែរួមតួច បង្កផលប៉ះពាល់ទាំងដុល ដល់បរិស្ថាន និងប្រព័ន្ធសេដ្ឋកិច្ចពលរដ្ឋ។ ការលើកឡើងនេះ ក្រោយពីគាត់មើលឃើញថា ព្រែកទាំងតូចទាំងធំយ៉ាងហោចណាស់ ១០កន្លែង និងបឹងជាច្រើនទីតាំងទៀត ឋិតក្នុងឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល បានទទួលរងការរំលោភបំពានធ្វើជាកម្មសិទ្ធិអស់ជាច្រើនឆ្នាំមកហើយ គ្មានដំណោះស្រាយនៅឡើយទេ។
បឹងចំនួន ១០ និងព្រែកយ៉ាងហោចណាស់ ១០កន្លែង ឋិតក្នុងឃុំព្រែកស្តី ស្រុកកោះធំ កំពុងប្រឈមបាត់រូបរាងជាបណ្តើរៗ ដោយមានបឹងខ្លះរួមតូច និងបឹងខ្លះទៀត ត្រូវគេយកដីលុប ដើម្បីសង់លំនៅឋានអស់ស្ទើរទាំងស្រុង។ រីឯព្រែកយ៉ាងហោចណាស់ ១០កន្លែង រួមមាន ព្រែកពុធ ព្រែកមេស្រុក ព្រែកចាន់ ព្រែកតូច និងព្រែកធំជាដើម បានក្លាយជាទីតាំងចាក់សំរាមបែបអនាធិបតេយ្យ និងចាក់ដីលុបព្រែក ជម្រៅចូលផ្ទៃទឹកជាង ១០ម៉ែត្រ បណ្ដោយចាប់ពី ២គីឡូម៉ែត្រ ដល់ជាង ៣គីឡូម៉ែត្រ ដើម្បីយកដីធ្វើជាកម្មសិទ្ធិបុគ្គល។
វិបត្តិបរិស្ថានធ្ងន់ធ្ងរទាំងនេះ គឺជាដំបៅសង្គមដ៏រ៉ាំរ៉ៃ ប៉ះពាល់ប្រព័ន្ធសេដ្ឋកិច្ចពលរដ្ឋ និងបរិស្ថាន ជាង ១ទសវត្សរ៍មកហើយ ដែលអាជ្ញាធរគណបក្សកាន់អំណាច មិនយកចិត្តទុកដាក់ ការពារ និងអភិរក្សនោះឡើយ។
បេក្ខភាពឃុំព្រែកស្តី ខេត្តកណ្តាល មកពីគណបក្សប្រជាធិបតេយ្យ លោក មិន ពៅ សង្កេតឃើញថា អាជ្ញាធរឃុំមកពីគណបក្សកាន់អំណាច ហាក់មិនកំណត់គោលដៅ ការពារសម្បត្តិធម្មជាតិទាំងនេះទេ ពោល គឺពួកគាត់ផ្ដោតតែរឿង ការធ្វើលិខិតស្នាម សំបុត្រកំណើត និងការចុះហត្ថលេខា ឬស៊ីញេឱ្យពលរដ្ឋខ្ចីបុលតែប៉ុណ្ណោះ។ រីឯសកម្មភាពអភិរក្សបឹង និងព្រែក អាជ្ញាធរឃុំទាំងនេះ មិនបានយកចិត្តទុកដាក់ដោះស្រាយនោះឡើយ។
លោកថា បច្ចុប្បន្នព្រែកទាំង១០ ពោរពេញដោយសំរាម ធ្វើឱ្យគុណភាពទឹក ប្រែជាស្អុយរលួយហូរច្រោះចូលបឹងពិបាកសម្រាប់ពលរដ្ឋប្រើប្រាស់។ លោកបន្ថែមថា បឹងចំនួន១០ ក៏កំពុងប្រឈមការបាត់រូបរាងជាបណ្ដើរដែរ។ ប្រការទាំងនេះ ទើបធ្វើឲ្យលោកសម្រេចចិត្តឈរឈ្មោះជាមេឃុំ ដើម្បីស្រោចស្រង់ និងការពារសម្បត្តិធម្មជាតិ ដែលនៅសេសសល់ឱ្យគង់វង្ស ដើម្បីកូនខ្មែរជំនាន់ក្រោយ៖ «រំលោភបំពានហ្នឹង ខ្វះទៅធ្វើផ្ទះនៅមាត់ព្រែកទាំងអស់គ្នាហើយ មានគ្រប់បបរមាត់ព្រែកទាំងអស់ ហើយមានព្រែកខ្លះចាក់ដីលុប ហើយព្រែកពុធ ចាក់ដីលុបធ្ងន់ធ្ងរជាងគេ ដោយសារវាតូច គេនាំគ្នាលុបកន្លែងហ្នឹង សឹងតែបាត់រូបភាពជាព្រែកបាត់ទៅហើយ។ ទៅជាលក្ខណៈប្រឡាយបាត់ទៅហើយ ព្រែកផ្សេងៗ គ្រាន់ជាធ្វើផ្ទះចូលព្រែក ឬក៏ដាំដំណាំលុបលើហ្នឹង ហើយបើសំរាមវិញ គឺគ្រប់ព្រែកទាំងអស់»។
លោក មិន ពៅ វ័យ ៣៥ ឆ្នាំ មានស្រុកកំណើតនៅឃុំព្រែកស្តី ស្រុកកោះធំ ហើយបច្ចុប្បន្នលោក ជាអ្នកផលិតព័ត៌មានសេរី ឱ្យប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។ អ្នកសារព័ត៌មានអាជីពរូបនេះ មានបំណងចង់ក្លាយជាមេឃុំល្អ ដើម្បីបន្សល់ស្នាដៃដល់មនុស្សជំនាន់ក្រោយ និងធ្វើជាមេឃុំគំរូមួយ គិតពីផលប្រយោជន៍រួម ជារឿងសំខាន់ បំណងឱ្យមេឃុំដទៃទៀតអនុវត្តតាម។
លោក មិន ពៅ បន្ថែមថា មេឃុំមកពីគណបក្សកាន់អំណាច បំពេញភារកិច្ចតាមតែបញ្ជាពីថ្នាក់លើ និងបម្រើបក្សធំជាងផលប្រយោជន៍ជាតិ។ លោកថា ដីមានជីវជាតិល្អ អាស្រ័យមានទឹកគ្រប់គ្រាន់ សម្រាប់ដាំដុះ និងបង្កបង្កើនផល ហេតុនេះ បឹង ព្រែក និងអូរមានតួនាទីសំខាន់ណាស់ សម្រាប់ពលរដ្ឋ អាចប្រើប្រាស់ទឹកស្រោចស្រពវិស័យកសិកម្ម និងការធ្វើចរាចរតាមផ្លូវទឹកជាដើម។

លោកសង្កេតឃើញថា កាលពីប៉ុន្មានខែមុន ទឹកជន់លិចស្រូវកសិកម្មរបស់ពលរដ្ឋក្នុងឃុំព្រែកស្តី រាប់ពាន់ហិកតារ ដោយសារគ្មានកន្លែងរំដោះទឹកចេញ។ រីឯការធ្វើកសិកម្មរបស់ពលរដ្ឋភាគច្រើន ត្រូវទាញទឹកពីទន្លេមកប្រើប្រាស់ ដោយត្រូវចំណាយថវិកាច្រើន៖ «យើងនៅតូចយើងស្រមៃឃើញ នៅពេលដែលទៅបឹងរាល់ដង យើងមិនដែលទិញម្ហូបទៅទេ ដាំតែបាយទៅ ព្រោះម្ហូបមានសំបូរបែប ក្ដាមខ្យង អត់ចេះខ្វះទេ ផ្ទុយទៅវិញអត់ ហើយបឹងខ្ញុំស្គាល់ជាក់ស្ដែង គឺបងទួលតាសំ លុបនៅផ្ទៃបឹងមានម្ចាស់អស់ហើយ កាលមុនមានព្រៃគេរក្សាទុកផ្ទៃបឹង មានផ្ទៃដីរាប់ពាន់ហិកតារឡើងទៅហើយ»។
ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មានប្រព័ន្ធផ្លូវទឹកខ្វាត់ខ្វែង ប្រៀបដូចជាសរសៃឈាមផ្តល់អំណោយផលគាប់ប្រសើរដល់ពលរដ្ឋធ្វើកសិកម្ម។ អ្នកភូមិថា ប្រសិនបើអាជ្ញាធរយកចិត្តទុកដាក់ អភិរក្ស និងអភិវឌ្ឍន៍បឹង ព្រែក និងអូរធម្មជាតិទាំងនេះ ពលរដ្ឋនឹងមានជីវភាពធូរធារ ហើយផលកសិកម្មរបស់អ្នកស្រុក នឹងរីកចម្រើនដែរ។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺរឿងនេះ ពីមេឃុំព្រែកស្ដី លោក ឃុយ គា បាននៅឡើយទេ ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកទទួល នៅថ្ងៃទី២ មិថុនា។
ប៉ុន្តែសមាជិកក្រុមប្រឹក្សាឃុំព្រែកស្តី មកពីគណបក្សប្រជាជនកម្ពុជា លោក អ៊ួង ជិញ ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្វាគមន៍ ចំពោះវត្តមានអ្នកសារព័ត៌មានរូបនេះ ដែលស្ម័គ្រចិត្តឈរឈ្មោះជាបេក្ខភាពឃុំ ដើម្បីជួយអភិវឌ្ឍន៍មូលដ្ឋាន។ លោកថា អាជ្ញាធរឃុំ មកពីគណបក្សកាន់អំណាច នឹងសហការជាមួយយុវជនរូបនេះ ដើម្បីរួមគ្នា អភិវឌ្ឍន៍មូលដ្ឋាន និងជីវភាពពលរដ្ឋឱ្យរីកចម្រើន ដោយមិនរើសអើងនិន្នាការនយោបាយនោះឡើយ៖ «មន្ត្រីរាជការថ្នាក់មូលដ្ឋានគាត់មិនថាអីទេ ដោយតែគាត់មានទឹកចិត្តជួយធ្វើ ឱ្យធ្វើយ៉ាងណាឱ្យភូមិ / ឃុំយើងមានសុវត្ថិភាព សន្តិភាព និងរីកចម្រើន មាននរណាទៅជំទាស់ទេ។ ខ្ញុំមិនដែលរើសអើងគណបក្សណាសោះ គណបក្សណាក៏ជាសាច់ឈាមខ្មែរដូចគ្នាដែរ»។
ឃុំព្រែកស្ដី ខេត្តកណ្ដាល មានគណបក្សនយោបាយចំនួន៦ ដាក់បេក្ខភាព រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ គណបក្សកំណែទម្រង់កម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។ ឃុំនេះ មាន ១១អាសនៈ ដោយមានពលរដ្ឋចុះឈ្មោះបោះឆ្នោតជាង ១ម៉ឺន ២ពាន់នាក់។ កាលពីឆ្នាំ២០១៧ ក្នុងអាណត្តិទី៤ គណបក្សសង្គ្រោះជាតិ បានឈ្នះឆ្នោតក្នុងឃុំនេះ។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍនៅកម្ពុជា លោក យង់ គិមអេង គាំទ្រចំពោះការសម្រេចចិត្តរបស់លោក មិន ពៅ ដែលចូលរួមឈរឈ្មោះបេក្ខភាពឃុំ ដើម្បីការពារប្រយោជន៍ជាតិ។ លោកថា បុគ្គលមានគំនិតបង្កើតថ្មី និងភាពច្នៃប្រឌិតខ្ពស់ អាចនឹងដោះស្រាយបញ្ហាជូនពលរដ្ឋ និងបរិស្ថានបានច្រើនប្រសិនបើពួកគាត់មានឱកាសធ្វើជាមេឃុំ។
លោក មិន ពៅ មានបទពិសោធជាអ្នកសារព័ត៌មានអាជីពជាង ១០ឆ្នាំមកហើយ។ លោករៀនចប់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ និងបានចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ ផ្នែកច្បាប់ សិទ្ធិមនុស្ស និងបរិស្ថានជាដើម។ អ្នកសារព័ត៌មានឯករាជ្យរូបនេះអំពាវនាវដល់ពលរដ្ឋបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីផ្តល់ឱកាសឱ្យលោកបម្រើពលរដ្ឋឱ្យរីកចម្រើន និងការពារបឹង ព្រែក និងអូរធម្មជាតិដែលនៅសេសសល់ឱ្យគង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។