លោក សម រង្ស៊ី សង្ឃឹម​ថា ព្រះមហាក្សត្រ​មិន​ឡាយព្រះហស្តលេខា​លើ​ច្បាប់​កំណត់​សញ្ជាតិ​មួយ​លើ​មេដឹកនាំ​កំពូលៗ​ជាតិ

ដោយ ជាតិ ចំណាន
2021-10-10
Share
លោក សម រង្ស៊ី សង្ឃឹម​ថា ព្រះមហាក្សត្រ​មិន​ឡាយព្រះហស្តលេខា​លើ​ច្បាប់​កំណត់​សញ្ជាតិ​មួយ​លើ​មេដឹកនាំ​កំពូលៗ​ជាតិ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។
Screenshot

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ សង្ឃឹម​ថា ព្រះមហាក្សត្រ​នឹង​មិន​ឡាយ​ព្រះហស្តលេខា លើ​ច្បាប់​កំណត់​សញ្ជាតិ​មួយ​លើ​មេដឹកនាំ​កំពូលៗ​របស់​ជាតិ​នោះ​ទេ ក្រោយ​ពេល​ព្រឹទ្ធសភា​បញ្ជូន​សេចក្តី​ព្រាងច្បាប់​នេះ​ទៅ​ព្រះមហាក្សត្រ​។ បក្ស​ប្រឆាំង​និង​អ្នកវិភាគ​ថា សេចក្តី​ព្រាង​ច្បាប់​ធ្វើ​ឡើង​តាម​កំហឹង​នឹង​គ្មាន​ប្រយោជន៍។ ទោះ​យ៉ាងណា​អ្នកនាំពាក្យ​បក្ស​កាន់អំណាច រំពឹង​ថា ព្រះមហាក្សត្រ​នឹង​ឡាយព្រះហស្ត​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ​ជា​មិន​ខាន។

លោក សម រង្ស៊ី និយាយ​ក្នុង​វេទិកា​សំឡេង​សង្គ្រោះ​ជាតិ ដែល​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក ថា ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សហមុនី នឹង​មិន​បណ្ដោយ​ឲ្យ​លោក ហ៊ុន សែន ធ្វើ​ច្បាប់​គាបសង្កត់​អ្នក​ស្នេហាជាតិ​នោះ​ទេ៖ «ព្រះ​បាទ នរោត្តម សីហនុ លោក​ពិគ្រោះ​យោបល់​ជាមួយ​ព្រះមហាក្សត្រ​សព្វថ្ងៃ​ស្រាប់តែ​ព្រះមហាក្សត្រ​សព្វថ្ងៃ​ផ្ដល់​យោបល់​ទៅ ហ៊ុន សែន វិញ​ថា អត់​បាន​ទេ ធ្វើ​ច្បាប់​បែបនេះ​ខ្ញុំ​មិនអាច​នៅ​គង់​ជា​ព្រះមហាក្សត្រ​បាន​ទៀត​ទេ ពី​ព្រោះ​ខ្ញុំ​មាន​សញ្ជាតិ​បី បើ​ហាមឃាត់​មិន​ឲ្យ​មាន​សញ្ជាតិ​ពីរ​ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ហើយ​ថ្ងៃក្រោយ​ធ្វើជា​នាយករដ្ឋមន្ត្រី​មែនទែន​ខ្ញុំ​មិន​អាច​គង់​ជា​ព្រះមហាក្សត្រ​ខ្ញុំ​ត្រូវ​តែ​ដាក់រាជ្យ»

លោក សម រង្ស៊ី ជា​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មាន​សញ្ជាតិ​បារាំង អះអាង​ថា បើ​ត្រូវ​សាច់រឿង លោក​នឹង​លាលែង​សញ្ជាតិ​បារាំង មុន​ចូល​កាន់​តំណែង។ លោក សម រង្ស៊ី ជំរុញ​ឲ្យ​លោក ហ៊ុន សែន ធ្វើ​ច្បាប់​ដែល​មាន​ប្រយោជន៍​គឺ​ច្បាប់​គឺ​កំណត់​នាយករដ្ឋមន្ត្រី ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភា និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ចូលនិវត្តន៍​ត្រឹម​អាយុ​៧០​ឆ្នាំ និង​ច្បាប់​មួយ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹម​ពីរ​អាណត្តិ៖ «ខ្ញុំ​ជំរុញ​ឲ្យ​ច្បាប់​កំណត់​អាយុ​៧០​ឆ្នាំ​ឡើង​ទៅ ខ្ញុំ​អាយុ​៧២​ហើយ ខ្ញុំ​អត់​មាន​ឱកាស​ឬក៏​អត់​មាន​សិទ្ធិ​អី​ទៅកាន់​តំណែង​អី​ទេ ដូច្នេះ​កុំ​ឲ្យ​លោក ហ៊ុន សែន ខ្វល់​អ៊ីចឹង​បាន​ខ្ញុំ​និយាយ​ថា បើ​ត្រូវ​សាច់រឿង​ខ្ញុំ​ទៅ​ធ្វើ​អី​ក៏​ខ្ញុំ​ធ្វើ​ដែរ​ឲ្យ​តែ​ជាតិ​យើង​រីកចម្រើន»

ប្រតិកម្ម​របស់​លោក សម រង្ស៊ី នេះ ក្រោយ​ពេល​ទីស្តីការ​គណៈរដ្ឋមន្ត្រី របស់​លោក ហ៊ុន សែន បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​កែប្រែ​រដ្ឋធម្មនុញ្ញ​កំណត់​សញ្ជាតិ​មេដឹកនាំ​កំពូល​ខ្មែរ​ឲ្យ​មានតែ​សញ្ជាតិ​មួយ​។ រដ្ឋាភិបាល​លោក ហ៊ុន សែន ថា ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​នេះ ចាំបាច់​ដើម្បី​ឲ្យ​មេដឹកនាំ​ស្មោះត្រង់​នឹង​ជាតិ និង​កុំ​ឲ្យ​បរទេស​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។ ទោះ​បីយ៉ាង​ណា គណបក្ស​ប្រឆាំង និង​គណបក្ស​មួយ​ចំនួន​ទៀត​រួម​ទាំង​អ្នកវិភាគ​ថា សេចក្តី​ព្រាង​ច្បាប់​មិន​ទាន់​ចាំ​បាច់​នៅពេល​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ ហើយ​បក្ស​កាន់អំណាច​កំពុង​គ្រប់គ្រង​រដ្ឋសភា​តែម្នាក់​ឯង។ តាម​គំរោង​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នឹង​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​នេះ ទៅ​រដ្ឋសភា​ដើម្បី​ពិនិត្យ​បន្ត។

គណបក្ស​កែទម្រង់​កម្ពុជា​របស់​ក្រុម​លោក ប៉ុល ហំ និង​លោក អ៊ូ ច័ន្ទរ័ត្ន ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្នើ​ទៅ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ​ចំពោះ​គម្រោង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​។ គណបក្ស​នេះ​យល់​ថា នេះ​ជា​ការ​ដកហូត​សិទ្ធិ​ពលរដ្ឋ​ដែល​មាន​សញ្ជាតិ​លើស​ពី​មួយ​និង​ជា​ការ​រើសអើង​ផ្នែក​នយោបាយ​រវាង​ខ្មែរ​គ្នាឯង និង​ផ្ដល់​ផល​អវិជ្ជមាន​ដល់​ការ​រួមចំណែក​ផ្នែក​នយោបាយ​និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ពី​ពលរដ្ឋ​ខ្មែរ​ក្នុងស្រុក និង​ក្រៅ​ស្រុក។

ទោះ​យ៉ាង​ណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា តាម​នីតិវិធី​សេចក្ដីព្រាងច្បាប់​នេះ​នឹង​អាច​ទៅ​ដល់ដៃ​រដ្ឋសភា​នៅ​ដើម​សប្តាហ៍​ក្រោយ​។ អ្នកនាំពាក្យ​ដដែល​និយាយ​ថា មតិ​រិះគន់​នានា​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ជា​មតិ​ភាគតិច​និង​មាន​ចរិត​នយោបាយ ដូច្នេះ​មិនអាច​រារាំង ឬ​រាំង​ខ្ទប់​ផែនការ​ធ្វើ​ច្បាប់​នេះ​បាន​ឡើយ​។ ចំពោះ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី ថា ព្រះមហាក្សត្រ​ធ្លាប់​បដិសេធ​សំណើ​លោក ហ៊ុន សែន ក្នុង​ការ​ធ្វើ​ច្បាប់​នេះ​លោក សុខ ឥសាន ចោទ​ប្រកាន់​ថា ជា​ការ​ប្រឌិត​រឿង​របស់​លោក សម រង្ស៊ី ។ ទោះយ៉ាងណា លោក​ទទួល​ស្គាល់​ថា គំនិត​កែ​ច្បាប់​នេះ​មិនមែន​ទើបតែ​កើតឡើង​ក្នុង​ពេលនេះ​ទេ​គឺ​មាន​ជា​យូរ​មក​ហើយ៖ «ជា​សម្ដី​ទណ្ឌិត សម រង្ស៊ី មិនអាច​យក​ជា​ការ​បាន​ទេ ព្រោះ​មនុស្ស​ហ្នឹង​មាន​ប្រវត្តិ​ភូតភរ​កុហក​ច្រើន​ណាស់​ប្រឌិត​រឿង​ថ្មីៗ»

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ដំណើរការ​រឿង​នេះ​ពី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា លោក ឡេង ប៉េងឡុង បាន​ទេ​នៅ​ថ្ងៃទី​៩ ខែតុលា។

ទាក់ទង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កំណត់​សញ្ជាតិ​តែមួយ​សម្រាប់​អ្នក​នយោបាយ​កំពូលៗ​នេះដែរ ក្រុម​បណ្ឌិត​ដែល​ឃ្លាំមើល​បញ្ហា​នយោបាយ​បាន​ពិភាក្សា​គ្នា​តាម​ប្រព័ន្ធ​ហ្ស៊ូម​(Zoom) នៅ​ថ្ងៃទី​០៩ ខែតុលា​។ ក្រុម​បណ្ឌិត​ទាំងនោះ​លើកឡើង​ស្រដៀងៗ​គ្នា​ថា​ការប្រញាប់​ធ្វើ​ច្បាប់​នេះ​គឺ​សំដៅ​ចង់​ផ្ដាច់​ផ្លូវលោក សម រង្ស៊ី ជា​ជាង​ការ​ធ្វើ​ច្បាប់​ដើម្បី​ប្រយោជន៍​ជាតិ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ក្នុង​ពេល​ជជែក​នោះ​ថា លោក​បាន​មើល​រដ្ឋធម្មនុញ្ញ​និង​វិភាគ​ជា​ច្រើនដង​ច្រើនសា​រួចមក លោក​បារម្ភ​ពី​ការ​កែ​ច្បាប់រដ្ឋធម្មនុញ្ញ​នៅ​ពេល​នេះ​។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់​ទៀត​ថា ការ​គាំទ្រ​នានា​ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​រាល់​ថ្ងៃជា​សេចក្ដី​គាំទ្រ​សិប្ប​និមិត្ត​មាន​ត្រឹម​សម្បក​ក្រៅ​និង​គ្មាន​ទំងន់​អ្វី​នោះ​ទេ៖ «ច្បាប់​នេះ​មិនមែន​សេចក្ដី​សម្ដែង​ឆន្ទៈ​របស់​ប្រជាជាតិ​ទេ គឺជា​ច្បាប់​ដែល​សម្ដែង​នូវ​ទោសៈ​អ្នក​ដែល​ខឹង​ស្អប់​បាទ​របស់​បុគ្គល​ម្នាក់​ក៏​ថា​បាន​ដែរ»

បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ទៀត​ថា ដើម្បី​បញ្ចៀស​ការ​ជ្រៀតជ្រែក​ពី​បរទេស រដ្ឋាភិបាល​ត្រូវ​បំពេញ​កាតព្វកិច្ច​របស់​ប្រទេស​កម្ពុជា​ដូច​មានកំណត់​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​​ប៉ារីស​ឆ្នាំ​១៩៩១។ លោក​បន្ត​ថា ស្ថាប័នរដ្ឋ​ទាំងអស់ រួមមាន​ទាំង​ព្រះមហាក្សត្រ ក្រុមប្រឹក្សា រដ្ឋសភា ព្រឹទ្ធសភា តុលាការ ផង ត្រូវ​បំពេញ​តួនាទី ករណីយកិច្ច​និង​កាតព្វកិច្ច​រៀងៗ​ខ្លួន ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​រួម​ទាំង​សច្ចាប្រណិធាន​ដូច​មាន​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល