លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ សង្ឃឹមថា ព្រះមហាក្សត្រនឹងមិនឡាយព្រះហស្តលេខា លើច្បាប់កំណត់សញ្ជាតិមួយលើមេដឹកនាំកំពូលៗរបស់ជាតិនោះទេ ក្រោយពេលព្រឹទ្ធសភាបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅព្រះមហាក្សត្រ។ បក្សប្រឆាំងនិងអ្នកវិភាគថា សេចក្តីព្រាងច្បាប់ធ្វើឡើងតាមកំហឹងនឹងគ្មានប្រយោជន៍។ ទោះយ៉ាងណាអ្នកនាំពាក្យបក្សកាន់អំណាច រំពឹងថា ព្រះមហាក្សត្រនឹងឡាយព្រះហស្តដាក់ឲ្យប្រើប្រាស់ច្បាប់នេះជាមិនខាន។
លោក សម រង្ស៊ី និយាយក្នុងវេទិកាសំឡេងសង្គ្រោះជាតិ ដែលផ្សាយផ្ទាល់តាមហ្វេសប៊ុក ថា ព្រះមហាក្សត្រព្រះបាទ នរោត្តម សហមុនី នឹងមិនបណ្ដោយឲ្យលោក ហ៊ុន សែន ធ្វើច្បាប់គាបសង្កត់អ្នកស្នេហាជាតិនោះទេ៖ «ព្រះបាទ នរោត្តម សីហនុ លោកពិគ្រោះយោបល់ជាមួយព្រះមហាក្សត្រសព្វថ្ងៃស្រាប់តែព្រះមហាក្សត្រសព្វថ្ងៃផ្ដល់យោបល់ទៅ ហ៊ុន សែន វិញថា អត់បានទេ ធ្វើច្បាប់បែបនេះខ្ញុំមិនអាចនៅគង់ជាព្រះមហាក្សត្របានទៀតទេ ពីព្រោះខ្ញុំមានសញ្ជាតិបី បើហាមឃាត់មិនឲ្យមានសញ្ជាតិពីរធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីហើយថ្ងៃក្រោយធ្វើជានាយករដ្ឋមន្ត្រីមែនទែនខ្ញុំមិនអាចគង់ជាព្រះមហាក្សត្រខ្ញុំត្រូវតែដាក់រាជ្យ»។
លោក សម រង្ស៊ី ជាមេដឹកនាំបក្សប្រឆាំងដែលមានសញ្ជាតិបារាំង អះអាងថា បើត្រូវសាច់រឿង លោកនឹងលាលែងសញ្ជាតិបារាំង មុនចូលកាន់តំណែង។ លោក សម រង្ស៊ី ជំរុញឲ្យលោក ហ៊ុន សែន ធ្វើច្បាប់ដែលមានប្រយោជន៍គឺច្បាប់គឺកំណត់នាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញចូលនិវត្តន៍ត្រឹមអាយុ៧០ឆ្នាំ និងច្បាប់មួយកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមពីរអាណត្តិ៖ «ខ្ញុំជំរុញឲ្យច្បាប់កំណត់អាយុ៧០ឆ្នាំឡើងទៅ ខ្ញុំអាយុ៧២ហើយ ខ្ញុំអត់មានឱកាសឬក៏អត់មានសិទ្ធិអីទៅកាន់តំណែងអីទេ ដូច្នេះកុំឲ្យលោក ហ៊ុន សែន ខ្វល់អ៊ីចឹងបានខ្ញុំនិយាយថា បើត្រូវសាច់រឿងខ្ញុំទៅធ្វើអីក៏ខ្ញុំធ្វើដែរឲ្យតែជាតិយើងរីកចម្រើន»។
ប្រតិកម្មរបស់លោក សម រង្ស៊ី នេះ ក្រោយពេលទីស្តីការគណៈរដ្ឋមន្ត្រី របស់លោក ហ៊ុន សែន បានអនុម័តសេចក្តីព្រាងច្បាប់កែប្រែរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិមេដឹកនាំកំពូលខ្មែរឲ្យមានតែសញ្ជាតិមួយ។ រដ្ឋាភិបាលលោក ហ៊ុន សែន ថា ការកែប្រែរដ្ឋធម្មនុញ្ញនេះ ចាំបាច់ដើម្បីឲ្យមេដឹកនាំស្មោះត្រង់នឹងជាតិ និងកុំឲ្យបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ ទោះបីយ៉ាងណា គណបក្សប្រឆាំង និងគណបក្សមួយចំនួនទៀតរួមទាំងអ្នកវិភាគថា សេចក្តីព្រាងច្បាប់មិនទាន់ចាំបាច់នៅពេលកម្ពុជាកំពុងមានវិបត្តិនយោបាយ ហើយបក្សកាន់អំណាចកំពុងគ្រប់គ្រងរដ្ឋសភាតែម្នាក់ឯង។ តាមគំរោងទីស្តីការគណៈរដ្ឋមន្ត្រីនឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅរដ្ឋសភាដើម្បីពិនិត្យបន្ត។
គណបក្សកែទម្រង់កម្ពុជារបស់ក្រុមលោក ប៉ុល ហំ និងលោក អ៊ូ ច័ន្ទរ័ត្ន ក៏បានចេញសេចក្ដីថ្លែងការណ៍ស្នើទៅរដ្ឋាភិបាលពិចារណាឡើងវិញចំពោះគម្រោងវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ។ គណបក្សនេះយល់ថា នេះជាការដកហូតសិទ្ធិពលរដ្ឋដែលមានសញ្ជាតិលើសពីមួយនិងជាការរើសអើងផ្នែកនយោបាយរវាងខ្មែរគ្នាឯង និងផ្ដល់ផលអវិជ្ជមានដល់ការរួមចំណែកផ្នែកនយោបាយនិងការអភិវឌ្ឍប្រទេសជាតិពីពលរដ្ឋខ្មែរក្នុងស្រុក និងក្រៅស្រុក។
ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា តាមនីតិវិធីសេចក្ដីព្រាងច្បាប់នេះនឹងអាចទៅដល់ដៃរដ្ឋសភានៅដើមសប្តាហ៍ក្រោយ។ អ្នកនាំពាក្យដដែលនិយាយថា មតិរិះគន់នានាលើការធ្វើវិសោធនកម្មច្បាប់នេះ ជាមតិភាគតិចនិងមានចរិតនយោបាយ ដូច្នេះមិនអាចរារាំង ឬរាំងខ្ទប់ផែនការធ្វើច្បាប់នេះបានឡើយ។ ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ថា ព្រះមហាក្សត្រធ្លាប់បដិសេធសំណើលោក ហ៊ុន សែន ក្នុងការធ្វើច្បាប់នេះលោក សុខ ឥសាន ចោទប្រកាន់ថា ជាការប្រឌិតរឿងរបស់លោក សម រង្ស៊ី ។ ទោះយ៉ាងណា លោកទទួលស្គាល់ថា គំនិតកែច្បាប់នេះមិនមែនទើបតែកើតឡើងក្នុងពេលនេះទេគឺមានជាយូរមកហើយ៖ «ជាសម្ដីទណ្ឌិត សម រង្ស៊ី មិនអាចយកជាការបានទេ ព្រោះមនុស្សហ្នឹងមានប្រវត្តិភូតភរកុហកច្រើនណាស់ប្រឌិតរឿងថ្មីៗ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការអត្ថាធិប្បាយពីដំណើរការរឿងនេះពីអគ្គលេខាធិការដ្ឋានរដ្ឋសភា លោក ឡេង ប៉េងឡុង បានទេនៅថ្ងៃទី៩ ខែតុលា។
ទាក់ទងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិតែមួយសម្រាប់អ្នកនយោបាយកំពូលៗនេះដែរ ក្រុមបណ្ឌិតដែលឃ្លាំមើលបញ្ហានយោបាយបានពិភាក្សាគ្នាតាមប្រព័ន្ធហ្ស៊ូម(Zoom) នៅថ្ងៃទី០៩ ខែតុលា។ ក្រុមបណ្ឌិតទាំងនោះលើកឡើងស្រដៀងៗគ្នាថាការប្រញាប់ធ្វើច្បាប់នេះគឺសំដៅចង់ផ្ដាច់ផ្លូវលោក សម រង្ស៊ី ជាជាងការធ្វើច្បាប់ដើម្បីប្រយោជន៍ជាតិ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងក្នុងពេលជជែកនោះថា លោកបានមើលរដ្ឋធម្មនុញ្ញនិងវិភាគជាច្រើនដងច្រើនសារួចមក លោកបារម្ភពីការកែច្បាប់រដ្ឋធម្មនុញ្ញនៅពេលនេះ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ រិះគន់ទៀតថា ការគាំទ្រនានាដែលបង្ហោះតាមបណ្ដាញសង្គមរាល់ថ្ងៃជាសេចក្ដីគាំទ្រសិប្បនិមិត្តមានត្រឹមសម្បកក្រៅនិងគ្មានទំងន់អ្វីនោះទេ៖ «ច្បាប់នេះមិនមែនសេចក្ដីសម្ដែងឆន្ទៈរបស់ប្រជាជាតិទេ គឺជាច្បាប់ដែលសម្ដែងនូវទោសៈអ្នកដែលខឹងស្អប់បាទរបស់បុគ្គលម្នាក់ក៏ថាបានដែរ»។
បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងទៀតថា ដើម្បីបញ្ចៀសការជ្រៀតជ្រែកពីបរទេស រដ្ឋាភិបាលត្រូវបំពេញកាតព្វកិច្ចរបស់ប្រទេសកម្ពុជាដូចមានកំណត់ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ លោកបន្តថា ស្ថាប័នរដ្ឋទាំងអស់ រួមមានទាំងព្រះមហាក្សត្រ ក្រុមប្រឹក្សា រដ្ឋសភា ព្រឹទ្ធសភា តុលាការ ផង ត្រូវបំពេញតួនាទី ករណីយកិច្ចនិងកាតព្វកិច្ចរៀងៗខ្លួន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរួមទាំងសច្ចាប្រណិធានដូចមានក្នុងរដ្ឋធម្មនុញ្ញនេះផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។