សកម្មជនគណបក្សសង្គ្រោះជាតិដែលជាប់បណ្តឹងនៅតុលាការ ប្តេជ្ញាវិលចូលកម្ពុជាវិញជាមួយថ្នាក់ដឹកនាំរបស់ពួកគេ ដើម្បីចូលរួមសវនាការនៅពេលខាងមុខ បើទោះបីជាមានការធ្វើទុកបុកម្នេញពីរដ្ឋាភិបាលលោក ហ៊ុន សែន ក៏ដោយ។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្រោយពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិប្រកាសវិលចូលកម្ពុជាវិញជាថ្មីទៀត នៅដើមខែមករា ឆ្នាំ២០២១ ដើម្បីចូលតតាំងក្តីនៅតុលាការ។
យុវជនគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម កំពុងភៀសខ្លួននៅប្រទេសថៃ លោក រិន រដ្ឋ ឲ្យដឹងថា គម្រោងមាតុធ្វើមាតុភូមិនិវត្តន៍លើកនេះ មិនមែនជាការផ្តួលរំលំរដ្ឋាភិបាលនោះទេ តែជាការចូលរួមតតាំងក្តីជាមួយតុលាការចំពោះការចោទប្រកាន់កាលពីឆ្នាំ២០១៩។ លោកបន្តថា លោកនឹងមិនបន្តភៀសខ្លួនបែបនេះរហូតនោះទេ ដោយនឹងត្រឡប់ទៅកម្ពុជាវិញជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទោះជាត្រូវអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួនក៏ដោយ។ លោកថា លោកជឿជាក់លើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ហើយប្រសិនបើមានការរារាំងណាមួយនោះ លោកថា គឺជាកំហុសរបស់រដ្ឋាភិបាល៖ « ទោះបីខ្ញុំចេញទៅត្រូវបានតុលាការ ឬមួយអាជ្ញាធរបានចាប់ខ្ញុំទាំងកណ្តាលផ្លូវដែលខ្ញុំត្រូវទិសដៅទៅក្រុងភ្នំពេញហ្នឹងក៏ខ្ញុំត្រូវតែសុខចិត្តឲ្យគាត់ចាប់ដែរ ព្រោះអីខ្ញុំអត់ប្រកែកអីទេ ព្រោះអីខ្ញុំទៅនេះ គឺទៅមិនមែនធ្វើចលនា ដើម្បីគៀងគរប្រជាពលរដ្ឋឲ្យធ្វើប៉ះបោរអីទេ គឺខ្ញុំទៅប្រឈមជាមួយតុលាការករណីរឿងខ្ញុំដែលតុលាការបានចោទថា ក្បត់ជាតិអីចឹងផ្សេងៗ » ។
ចំណែក យុវជនគណបក្សសង្គ្រោះជាតិម្នាក់ទៀតដែលកំពុងភៀសខ្លួននៅប្រទេសម៉ាឡេស៊ី លោក សេង ម៉េងប៊ុនរ៉ុង បញ្ជាក់ជំហរថា លោកប្តេជ្ញាវិលចូលប្រទេសកម្ពុជាវិញជាមួយអ្នកស្រី មូរ សុខហួរ ដើម្បីចូលរួមដេញដោលក្នុងសវនាការនៅពេលខាងមុន។ លោកបន្តថា លោកពុំខ្លាចការព្រមានចាប់ខ្លួនរបស់អាជ្ញាធរនោះទេ។ សកម្មជនដែលត្រូវរបបក្រុងភ្នំពេញលុបចោលសុពលភាពលិខិតឆ្លងដែនរូបនេះឱ្យដឹងទៀតថា លោកនឹងរិះរកគ្រប់មធ្យោបាយ ដើម្បីវិលចូលប្រទេសកម្ពុជាវិញឲ្យបាន៖ « យើងអត់ចង់និរទេសខ្លួនបន្តទៀតទេ ហើយយើងនឹងខិតខំឲ្យអស់ពីលទ្ធភាពក្នុងការចូលទៅក្នុងប្រទេស។ យើងនឹងដោះស្រាយទៅតាមផ្លូវតុលាការ ហើយដល់ពេលយើងបង្ហាញរូបភាពប៉ុណ្ណឹងហើយ គាត់នៅតែបង្ហាញសកម្មភាពឬមួយក៏គាត់នៅតែគំរាមកំហែងទៀតបានន័យថា គាត់ដូចជាមានការភ័យខ្លាចនៅពេលដែលពួកយើងចូលទៅដល់ប្រទេសកម្ពុជា ហើយគាត់មិនបាច់យកលេសថា ប្រជាពលរដ្ឋខ្មែរលែងមានគណបក្សសង្គ្រោះជាតិក្នុងបេះដូង លែងត្រូវការគណបក្សសង្គ្រោះជាតិ អត់ឲ្យពួកយើងចូលទៅក្នុងប្រទេសកម្ពុជា តែអាហ្នឹងវាជាការខុសហ្នឹងរដ្ឋធម្មនុញ្ញ ព្រោះយើងជាប្រជាពលរដ្ឋខ្មែរ យើងមានសិទ្ធិចេញចូលប្រទេសកម្ពុជាជាសិទ្ធិរបស់យើងជាប្រជាពលរដ្ឋខ្មែរ » ។
រីឯសកម្មជនគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ និងជាអតីតអ្នកទោសនយោបាយ លោក នាង សុឃុន រៀបរាប់ថា លោកទន្ទឹងរង់ចាំពេលវេលានេះជាយូរមកហើយ ដើម្បីឲ្យតុលាការកម្ពុជាផ្តល់ភាពយុត្តិធម៌ឲ្យគណបក្សសង្គ្រោះជាតិវិញ។ លោកលើកឡើងថា លោកជឿជាក់យ៉ាងខ្លាំងថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនឹងអាចធ្វើមាតុភូមិនិវត្តន៍នេះ បានដោយជោគជ័យ។ លោកថា រដ្ឋាភិបាលកម្ពុជាគួរបញ្ឈប់ការធ្វើទុកបុកម្នេញលើប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិ ហើយគួរងាករកតុចរចា និងរួមគ្នាជួយស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ដើម្បីបញ្ចប់ជម្លោះនយោបាយ និងសង្គ្រោះប្រជាពលរដ្ឋ៖ « យើងខ្ញុំនឹងតស៊ូប្រឈមជាមួយនឹងតុលាការ។ ខ្ញុំក្នុងនាមជាប្រជាពលរដ្ឋ ខ្ញុំអត់ដែលបានទៅបំផ្លាញព្រៃឈើមួយដើម ទៅកាយភ្នំម្តុំ ទៅលុបបឹងមួយចំហៀងបឹងអ៊ីចឹងម្តុំចឹងទៅ ហើយខ្ញុំអត់ដែលមានប្រព្រឹត្តអំពើក្បត់ជាតិទេ ប៉ុន្តែត្រូវបានតុលាការហ្នឹងចោទប្រកាន់ ខ្ញុំថា ខ្ញុំហ្នឹងក្បត់ជាតិ។ អ៊ីចឹង ដើម្បីឲ្យភាពស្អាតស្អំរបស់ខ្ញុំមកវិញ គឹត្រូវតែតុលាការហ្នឹងឯករាជ្យ និងយុត្តិធម៌ ហើយផ្តល់សេចក្តីថ្លៃថ្នូរ និងភាពបរិសុទ្ធឲ្យដល់ខ្ញុំវិញ ព្រោះថាខ្ញុំហ្នឹងគឺជាជនរងគ្រោះយ៉ាងពិតប្រាកដ។ ពួកខ្ញុំតស៊ូសព្វថ្ងៃគឺដើម្បីវាសនានៃប្រទេសជាតិរបស់ខ្ញុំ » ។
ការប្តេជ្ញាបែបនេះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១ ធ្នូ ដោយប្រកាសថា ថ្នាក់ដឹកនាំ និងសកម្មជនទាំងអស់ដែលមានឈ្មោះក្នុងដីកាកោះរបស់តុលាការក្រុងភ្នំពេញ នឹងវិលចូលកម្ពុជាវិញជាថ្មីម្ដងទៀត នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ខាងមុខ។ គម្រោងវិលចូលស្រុកជាថ្មីទៀតនេះ ដឹកនាំដោយអ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីទៅតតាំងក្តីនៅតុលាការក្រុងភ្នំពេញ ដែលបានចោទប្រកាន់ក្រុមថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិជាង ១០០នាក់ ពីបទ "ឧបឃាត" បទ "រួមគំនិតក្បត់" និងបទ "ញុះញង់"។
ជុំវិញគម្រោងវិលចូលស្រុកវិញជាថ្មីទៀតរបស់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា អាជ្ញាធរបានត្រៀមលក្ខណៈរួចហើយ ដើម្បីចាប់ខ្លួនអ្នក ដែលមានក្នុងដីកាចាប់ខ្លួនរបស់តុលាការ។ ចំណែកអ្នកដែលគ្មានក្នុងដីកាចាប់ខ្លួន លោកថា ពួកគេនឹងត្រូវដាក់ឱ្យធ្វើចត្តាឡឺស័កជាមុនសិន មុននឹងត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពដទៃទៀត៖ « រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចហើយ ក្រុមជនក្បាលម៉ាស៊ីនក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹងសុទ្ធតែមានដីការបស់តុលាការរួចហើយ។ ពេលណាដែលមក គឺរដ្ឋអំណាចរបស់កម្ពុជាអនុវត្តដីការបស់តុលាការ។ មានពីបាកអី ព្រោះមនុស្សមានសំណុំរឿងនេះរួចហើយ អញ្ចឹងទេមកគេអនុវត្តតែច្បាប់ទៅវាចប់បាត់ហើយ មិនបាច់បកស្រាយអី មានបញ្ហាអីរារាំងអីទេ។ គ្រាន់មក មកដល់ឃើញមុនគឺក្រឹបហ្មង មានអី បើអ្នកណាអត់រឿងគេយកទៅសណ្ឋាគារ បើអ្នកណាមានរឿងគេយកទៅពន្ធនាគារ អាហ្នឹងវាតែប៉ុណ្ណឹង » ។
សាលាដំបូងរាជធានីភ្នំពេញគ្រោងលើកយកសំណុំរឿងឧបឃាត ដែលពាក់ព័ន្ធនឹងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន ៩នាក់ ទៅជំនុំជម្រះនៅថ្ងៃទី១៥ ខែធ្នូ ក្រោយលើកពេលសវនាការពីរលើកកាលពីអំឡុងខែវិច្ឆិកា។ ចំណែក សំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធមន្ត្រី និងអ្នកគាំទ្របក្សប្រឆាំងជាង ១០០នាក់នោះវិញ តុលាការក្រុងភ្នំពេញនឹងបន្តសវនាការនៅថ្ងៃទី១៤ មករា និងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ខាងមុខ ក្រោយបើកសវនាការលើកដំបូង កាលពីព្រឹកថ្ងៃទី២៦ វិច្ឆិកា។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា គម្រោងវិលចូលស្រុកវិញរបស់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិនេះ គឺការអនុវត្តកាតព្វកិច្ចតាមច្បាប់ ព្រោះតុលាការបានកោះហៅពួកគេឱ្យចូលរួមក្នុងសវនាការជំនុំជម្រះ។ លោកបន្ថែមថា ការរារាំង ហាមឃាត់ និងការគំរាមកំហែងផ្សេងៗ កន្លងមកនោះ គឺមិនមែនជាការអនុវត្តត្រឹមត្រូវតាមច្បាប់នោះទេ។ លោកស្នើឲ្យរដ្ឋាភិបាល និងអ្នកនយោបាយទាំងអស់ ផ្សះផ្សាជាតិឡើងវិញ និងរៀបចំការបោះឆ្នោតឲ្យបានត្រឹមត្រូវ សេរី និងយុត្តិធម៌ឡើងវិញ ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា៖ « នីតិវិធីនៅក្នុងដំណើរការតុលាការ គឺថា អ្នកទាំងអស់ ត្រូវតែ មានសិទ្ធិចូលមកឆ្លើយនៅចំពោះមុខតុលាការ មានសិទ្ធក្នុងការការពារខ្លួនគេចំពោះមុខតុលាការ។ ហើយអ្នកទាំងអស់ហ្នឹង នៅពេលដែលគេមិន ទាន់ត្រូវ បានតុលាការសម្រេចថាមានទោស គឺគាត់នៅតែជាមនុស្សអត់ទោស។ ដូច្នេះ បើគាត់នៅតែជាមនុស្សអត់ទោស យើងអត់ដឹងថា តើសមត្ថកិច្ចទៅចាប់គេក្នុងន័យស្អីខ្ញុំអត់ដឹងពីព្រោះថា អាហ្នឹងវាមិនមែន ជារឿង ច្បាប់ទេ។ ជាភាសារបស់អ្នកនយោបាយ ជាភាសានៅក្នុងន័យមួយ ក្នុងន័យគំរាមកំហែងអីអាហ្នឹងខ្ញុំមិនយល់ទេ » ។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិធ្លាប់បានដាក់ផែនការវិលចូលកម្ពុជាវិញម្តងរួចមកហើយ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែគម្រោងនេះត្រូវបរាជ័យ ដោយសាររបបលោក ហ៊ុន សែន បិទគ្រប់ល្ហកមិនឱ្យពួកគេអាចវិលចូលមាតុប្រទេសវិញបានឡើយ។ ជាងនេះទៅទៀត អាជ្ញាធរបានចាប់ខ្លួនសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្នុងស្រុកយ៉ាងហោចណាស់ ជាង ៨០នាក់ ក្នុងរយៈពេលជាង ១១ខែ នៃឆ្នាំ២០១៩ នោះ។ ចំណែកសកម្មជនជិត ២០០នាក់ផ្សេងទៀត មានដីកាចាប់ខ្លួន និងការកោះហៅពីតុលាការ និងពីប៉ូលិសមូលដ្ឋានជាដើម។
ទោះជាយ៉ាងណា ក្នុងគម្រោងវិលចូលស្រុកវិញលើកនេះ ថ្នាក់ដឹកនាំ និងសមាជិកគណបក្សសង្គ្រោះជាតិអះអាងថា ពួកគេមិនខ្លាចនឹងជាប់ពន្ធនាគារនោះទេ តែសំខាន់របបលោក ហ៊ុន សែន ត្រូវបើកផ្លូវឱ្យពួកគេចូលស្រុកជាមុនសិន ដើម្បីពួកគេបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់ ស្របតាមការកោះហៅរបស់តុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។