ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី អំពាវនាវឱ្យខ្មែរដែលកំពុងរស់នៅទ្វីបអឺរ៉ុបចូលរួមបាតុកម្មប្រឆាំង លោក ហ៊ុន សែន ឱ្យបានច្រើនកុះករនៅទីក្រុងព្រុចស៊ែលប្រទេសប៊េលហ្សិកនៅថ្ងៃ១៤ ខែធ្នូ ខាងមុខ។ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុកកាលពីយប់ថ្ងៃទី១០ ខែធ្នូថា ទស្សនកិច្ច ហ៊ុន សែន នៅទ្វីបអឺរ៉ុប ឆ្នាំ ២០២២ នេះ គឺជាលើកចុងក្រោយហើយពីព្រោះចាប់ពីឆ្នាំ ២០២៣ ទៅគាត់នឹងចុះចេញពីតំណែងគាត់បច្ចុប្បន្ន។
លោក សម រង្ស៊ី សរសេរទៀតថានៅពេលនោះលោក ហ៊ុន សែន នឹងបាត់បង់អភ័យឯកសិទ្ធិការទូតហើយប៉ូលីសអន្តរជាតិ(Interpol) អាចតាមចាប់លោកពីបទឧក្រិដ្ឋនិងអំពើឃាតកម្មជាច្រើនដែលគាត់បានប្រព្រឹត្តនៅប្រទេសកម្ពុជា។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីមន្ត្រីរដ្ឋាភិបាលបាននៅឡើយទេទាក់ទងការលើកឡើងរបស់លោក សម រង្ស៊ី នេះ។
តែទោះជាយ៉ាងណាលោក ហ៊ុនសែន កាលពីពេលថ្មីៗនេះបានឌឺដងដោយជំរុញឱ្យមានការចាប់ខ្លួនលោកនៅពេលលោកទៅអឺរ៉ុបនៅពេលខាងមុខនេះដោយមិនចាំបាច់រង់ចាំរហូតដល់ពេលដែលលោកអស់អំណាចទេ។ លោក ហ៊ុន សែន ថែមទាំងបាននិយាយបញ្ឆិតបញ្ឆៀងទំនងសំដៅដល់លោក សម រង្ស៊ី នៅប្រទេសបារាំងដែលគ្រោងធ្វើបាតុកម្មប្រឆាំងរូបលោកនេះដែរ៖
«ប៉ុន្តែអាមួយនៅស្រុកបារាំងត្រៀមទៅអញទៅហើយហើយអញប្រាប់ម៉ោងទៀតថាអញចេញពីភ្នំពេញថ្ងៃទី១២អញទីដល់ព្រុចសែលអញធ្វើអីអញជួបធុរកិច្ចកម្ពុជានិងអឺរ៉ុបជួបជាមួយជនជាតិខ្មែររួចហើយប្រជុំអាស៊ាន-អឺរ៉ុប។ ទៅចាំទៅ ចាំចាប់ទៅមិនចាំបាច់ចាំដល់អញអស់អភ័យឯកសិទ្ធិអីទេ។ហ្អែងកុំនឹកស្មានឱ្យសោះថាពលរដ្ឋកម្ពុជាស្ដាប់ពួកហ្អែង។បើហ្អែងក្បត់ក្បត់តែហ្អែងទៅ។ឪហ្អែងស្លាប់តៃហោងដោយសារក្បត់មហាក្សត្រ។ឯងវិញជេរមហាក្សត្រកប់ៗមាត់ឥឡូវចង់ម៉ោទៀត?»។
តាមគម្រោង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូកម្ពុជានឹងទៅចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអាស៊ាន-សហភាពអឺរ៉ុបដែលធ្វើឡើងនៅប្រទេសប៊េលហ្សិក នៅថ្ងៃទី១៤ ខែធ្នូនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី៩ ខែធ្នូ បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីអបអរសាទរខួបលើកទី៤៥នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប។ កិច្ចប្រជុំកំពូលនេះក៏ជាពេលវេលាពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ននិងកំណត់ទិសដៅអនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។
ប្រភពដដែលបញ្ជាក់ថានៅមុនពេលចូលរួមកិច្ចប្រជុំកំពូលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំងហើយលោកនឹងជួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron)។ ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏នឹងជួបជាមួយខ្មែរអ្នកគាំទ្រដែលកំពុងរស់នៅអឺរ៉ុបនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។