ថ្នាក់ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ទាមទារ​រដ្ឋាភិបាល​ឱ្យ​បើក​ផ្លូវ​ដល់​ពួក​គាត់​បាន​ចូល​តតាំង​ក្ដី​នៅ​តុលាការ

0:00 / 0:00

ថ្នាក់ដឹកនាំ ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​បើក​ផ្លូវ​ឲ្យ​ពួក​គាត់​បាន​ចូល​តតាំង​ក្ដី​ក្នុង​តុលាការ​ដោយ​គ្មាន​ការ​រារាំង​ដូច​លើក​មុនៗ ទៀត។ ការ​ទាមទារ​បែប​នេះ គឺ​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ បាន​កោះហៅ​ក្រុម​មេ​ដឹក​នាំ និង​សកម្មជន​គណបក្ស​ប្រឆាំង ៤២នាក់​ដែល​ភាគច្រើន​រស់នៅ​ក្រៅ​ប្រទេស​ឲ្យ​ចូលរួម​សវនាការ​សំណុំរឿង "រួម​គំនិត​ក្បត់"និង "ញុះញង់"នៅ​ដើម​ខែធ្នូ​ខាង​មុខ។ ប្រធាន​តុលាការ​ក្រុងភ្នំពេញ ឆ្លើយ​តប​ថា រឿង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ​ចង់​វិល​ចូល​កម្ពុជា ដើម្បី​តតាំង​ក្ដី​ក្នុង​តុលាការ គឺ​មិន​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​តុលាការ​នោះ​ទេ។

ក្រុម​ថ្នាក់​ដឹក​នាំ និង​សកម្មជន​គណបក្ស​ប្រឆាំង ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស នៅតែ​មាន​ឆន្ទៈ​ចង់​វិល​ចូល​ប្រទេស​កម្ពុជា​វិញ ​ដើម្បី​តតាំង​ក្ដី​ក្នុង​តុលាការ​ដដែល​។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ ឈប់​បង្កើត​ឧបសគ្គ​រារាំង និង​ត្រូវ​ផ្តល់​វីសា (Visa) ឬ​ផ្តល់​សុពលភាព​លិខិត​ឆ្លងដែន​ជូន​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​អស់​ឡើង​វិញ ដើម្បីឲ្យ​​ពួកគាត់​បាន​ចូល​ទៅ​តតាំង​ក្ដី​នៅ​តុលាការ។ អ្នកស្រី​បញ្ជាក់​ថា ពួកគាត់ ​មាន​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ក្ដី​ដោយ​យុត្តិធម៌​ នៅ​ចំពោះ​មុខ​តុលាការ ដោយ​គ្មាន​ការ​រារាំង​នោះ​ទេ៖ « នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​ដីកា​នោះ ខ្ញុំ​នឹង​ដាក់​សំណើ​ជា​ថ្មី​ម្ដង​ទៀត ទៅ​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិត​នៅ​វ៉ាស៊ីនតោន ឌីស៊ី (Washington DC) ដើម្បី​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​ដែល​ជា​មាតុភូមិ​របស់​ខ្ញុំ​នៅ​ក្នុង​ការ​ប្រឈម​មុខ ​ឆ្លើយតប​នឹង​ការ​ចោទប្រកាន់​នៃ​តុលាការ​របស់​លោក ហ៊ុន សែន »

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ បន្ថែម​ទៀត​ថា បើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​បដិសេធ​ក្នុង​ការ​ផ្តល់​ទិដ្ឋាការ ឬ​សុពលភាព​លិខិត​ឆ្លង​ដែន​ទៀត​នោះ​បង្ហាញ​ថា រដ្ឋាភិបាល ​កំសាក​ គ្មាន​ការ​ទទួលខុសត្រូវ ​និង​កំពុង​រំលោភ​បំពាន​ច្បាប់​ធ្ងន់ធ្ងរ។ អ្នកស្រី ​សង្កត់ធ្ងន់​ថា ក្នុង​ករណី​បែប​នេះ ​តុលាការ​គួរតែ​ក្លាហាន​ចាត់វិធានការ​ច្បាប់​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល ​ដែល​រារាំង​ពួក​គាត់ ឬ​ត្រូវ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ ពួក​គាត់​ទាំង​ស្រុង​តែ​ម្ដង។

សកម្មជន​បក្ស​ប្រឆាំង​មួយ​រូប​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក រិន រដ្ឋ លើក​ឡើង​ថា លោក ​ក៏​មាន​ជំហរ​ដូច​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​ដែរ​ក្នុង​ការ​វិល​ចូល​ទៅ​កម្ពុជា វិញ ដើម្បី​ចូលរួម​សវនាការ​នៅ​ពេល​ខាង​មុខ​នេះ។ លោក​ជំរុញ​ដល់​តុលាការ​បង្គាប់​ទៅ​រដ្ឋាភិបាល ឲ្យ​បញ្ឈប់​ការ​រារាំង​ដូច​លើក​មុនៗ ទៀត៖ « យើង​ឃើញ​ថា តុលាការ ​កោះ ​តែ​លោក ហ៊ុន សែន បិទ​ដូច្នេះ​ខ្ញុំ​សុំ​ឲ្យ​លោក ហ៊ុន សែន​ មាន​សេចក្ដី​ក្លាហាន ដើម្បី​បើក​ចំហ​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​ចូល​ទៅ​តតាំង​ក្តី​ជាមួយ​តុលាការ​ដោយ​ស្មើមុខ​ស្មើ​មាត់ »

ការ​លើក​ឡើង​នេះ គឺ​ក្រោយ​ពេល​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ចេញ​ដីកាកោះ​ហៅ​ថ្នាក់ដឹកនាំ​និង​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ៤២នាក់​ឲ្យ​ចូល​រួម​សវនាការ​នៅ​ថ្ងៃ​ទី៧ ខែធ្នូ​ខាង​មុខ ក្នុង​សំណុំរឿង "រួមគំនិត​ក្បត់" និង "ញុះញង់" ពាក់ព័ន្ធ​នឹង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក​ សម រង្សី កាល​ពី​ចុង​ឆ្នាំ២០១៩។ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​កោះហៅ​នោះ រួម​មាន​ទាំង​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ ជា​ដើម។ ក្នុង​សំណុំ​រឿង​នេះ មាន​ជន​ជាប់​ចោទ​សរុប​ទាំង​អស់​ជាង ១៣០នាក់ ប៉ុន្តែ​តុលាការ បាន​បំបែក​ជា​ពីរ​ក្រុម ដូច្នេះ​នៅ​មាន​ជន​ជាប់​ចោទ​មួយ​ក្រុម​ធំ​ទៀត ដែល​តុលាការ​មិន​ទាន់​កោះហៅ​នៅ​ឡើយ។

កាល​ពី​ដើម​ឆ្នាំ២០២១ អ្នកស្រី មូរ សុខហួរ និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ធ្លាប់​បាន​ព្យាយាម​វិល​ចូល​ប្រទេស​កម្ពុជា ដើម្បី​តតាំង​ក្ដី​ក្នុង​តុលាការ​ដែរ ប៉ុន្តែ​ត្រូវ​បាន​បរាជ័យ ​ដោយសារ​រដ្ឋាភិបាល មិន​ផ្តល់​ទិដ្ឋាការ ឬ​វីសា (Visa)។

ឆ្លើយ​តប​រឿង​នេះ ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក តាំង ស៊ុនឡាយ លើក​ឡើង​ថា ខាង​តុលាការ ​ដឹង​ត្រឹមតែ​ចេញ​ដីកា​កោះ​ហៅ​ប៉ុណ្ណោះ ហើយ​មន្ត្រី​បក្ស​ប្រឆាំង​ចូល​មក​តាម​របៀបណា គឺ​រឿង​របស់​ពួក​គាត់។ លោក​បញ្ជាក់​ថា តុលាការ​មិន​អាច​ធ្វើអ្វី​លើស​ពី​នេះ​បាន​ទេ៖ « ការងារ​ខាង​ខ្ញុំ គឺ​ធ្វើការ​ទៅតាម​នីតិវិធី​តុលាការ​ទេ។ ក្រៅ​ពី​នេះ ខ្ញុំ​អត់​ដឹង​ដែរ មិន​ដឹង​ថា ផ្សេង​ទៀត គឺ​អត់​ដឹង​ទេ។ អ្វី​ដែល​ខ្ញុំ​បាន​ដឹង គឺ​តាម​ដែល​នីតិវិធី​តុលាការ ​ហើយ​ខាង​ព្រះរាជអាជ្ញា​ទេ គាត់​អ្នក​កោះ​អញ្ជើញ​នេះ​ ហើយ ការងារ​ផ្សេង​ទៀត ខ្ញុំ​អត់​ដឹង​ដែរ »

រីឯ​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន សុំ​មិន​ឆ្លើយ​តប​រឿង​នេះ​ទេ។ អាស៊ី​សេរី ក៏​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​បរទេស​លោក កុយ គួង និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​ មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ជំនាញ​ច្បាប់ យល់​ថា ប្រសិន​បើ​តុលាការ​ឯករាជ្យ ​ស្ថាប័ន​រក​យុត្តិធម៌​មួយ​នេះ ត្រូវ​ចេញ​លិខិត​បង្គាប់​ទៅ​រដ្ឋាភិបាល​ឲ្យ​បើកផ្លូវ​សម្រាប់​មន្ត្រី​បក្ស​ប្រឆាំង​ចូល​ស្រុក​វិញ។

ប្រធាន​ក្រុម​អ្នក​ច្បាប់​អមរិន្ទ លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ប្រសិន​បើ​តុលាការ​បាន​ចេញ​ដីកា​កោះ​ហៅ​មន្ត្រី​បក្ស​ប្រឆាំង​ចូលរួម​សវនាការ​រួច​ហើយ តុលាការ ក៏​​អាច​បង្គាប់​ទៅ​រដ្ឋាភិបាល​ឲ្យ​ការ​ជួយ​សម្របសម្រួល​ឲ្យ​ជនជាប់ចោទ ឬ​សាក្សី​ទាំង​អស់​ ចូល​តតាំង​ក្តី​ក្នុង​តុលាការ​ ដោយ​គ្មាន​ការ​រារាំង​ដែរ។ អ្នក​ជំនាញ​ច្បាប់​រូប​នេះ​បន្ត​ថា​ ប្រសិន​បើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ឆន្ទៈ​ចង់​ចូល​កម្ពុជា ដើម្បី​តតាំង​ក្តី និង​បំភ្លឺ​ក្នុង​តុលាការ ប៉ុន្តែ​មានការ​រារាំង គឺ​មិន​អាច​ផ្តល់​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​ពេញលេញ​បាន​ទេ៖ « រឿង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា។ រឿង​អំណាច​ក្នុង​ការ​បិទ មិន​ឲ្យ​ចូល​ជា​រឿង​រដ្ឋាភិបាល។ចំណែក​ការ​កោះហៅ​ជា​រឿង​របស់​តុលាការ។តែ​តាមពិត​ទៅ ​បើ​តុលាការ​ស្រុក​គេ បើ​តុលាការ​បង្គាប់​អ៊ីចឹង ​ក៏​បង្គាប់​ទៅ​រដ្ឋាភិបាល​ បើក​ឲ្យ​ គេ​ចូល​ដែរ។ អា​ហ្នឹង​បាន​វា​ត្រឹមត្រូវ​អ៊ីចឹង​ណា តាម​ខ្ញុំ​យល់។ តែ​តុលាការ​ស្រុក​យើង ប្រហែល​ជា​ខ្ញុំ​មិន​ដឹង​ថា ​គាត់ ​អាច​ហ៊ាន​បង្គាប់​រដ្ឋាភិបាល បើក​ឲ្យ​គេ​ចូល​ដែរ​អត់ គឺ​យើង​អត់​ដឹង បើ​សិន​អ្នក​នោះ​ជា​ជន​ត្រូវ​ចោទ​ដែល​តុលាការ​កោះហៅ »

តុលាការ​ក្រុង​ភ្នំពេញ​ ធ្លាប់​បាន​ចាប់​ផ្ដើម​បើក​សវនាការ​សំណុំ​រឿង​នេះ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដោយ​មាន​ថ្នាក់ដឹកនាំ​និង​សកម្មជន​បក្ស​ប្រឆាំង​ជាង ១៣០នាក់ តាំង​ពី​ចុង​ឆ្នាំ២០២០។ ប៉ុន្តែ​តុលាការ ​បាន​ផ្អាក​សវនាការ​វិញ​ជាបន្តបន្ទាប់ ​ចាប់តាំង​ខែកុម្ភៈ ​ឆ្នាំ២០២១​ដោយ​សារ​ការ​រីក​រាល​ដាល​នៃ​​ជំងឺ​កូវីដ-១៩។ ទោះ​ជា​យ៉ាង​ណា ​​គិត​ត្រឹម​ដើម​ខែវិច្ឆិកា ឆ្នាំ២០២១ នេះ មាន​សកម្មជន​ច្រើន​ជាង ២៥នាក់ ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ឆ្នាំ​ទៅ ៧ ឆ្នាំ ពាក់ព័ន្ធ​នឹង​សំណុំរឿង "រួម​គំនិត​ក្បត់"។ ប៉ុន្តែ​សាលក្រម​ផ្ដន្ទាទោស​ទាំង​នោះ​ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​រិះគន់​ថា ជា​រឿង​មិន​ត្រឹមត្រូវ និង​ធ្វើ​តាម​ការ​ចង់​បាន​របស់​គណបក្ស​កាន់អំណាច៕