អ្នកជំនាញលើកឡើងថា កម្ពុជាគួរបង្ហាញជំហរឲ្យអាមេរិកជឿជាក់ទៅលើតួនាទីជាប្រធានអាស៊ាននៅឆ្នាំក្រោយ
2021.05.23

អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិលោក ឯម សុវណ្ណារ៉ា មើលឃើញថា សហរដ្ឋអាមេរិកចង់ឃើញតំបន់អាស៊ានមួយដែលស្វាគមន៍ប្រទេសលោកខាងលិច និងលោកខាងកើត ឲ្យអាចប្រកួតប្រជែងគ្នាបានដោយស្មើភាព។ ក្នុងន័យនេះ លោកថា សហរដ្ឋអាមេរិក នឹងលើកឡើងនូវយន្តការនៃការអនុវត្តច្បាប់ក្នុងបរិបទពហុភាគីនិយម៖ «ខ្ញុំគិតថា កម្ពុជាគួរតែស្វាគមន៍នូវយន្តការនៃការអនុវត្តច្បាប់អន្តរជាតិដែលមានកន្លងមក។ វាអត់មានអីជាគោលការណ៍ខុសទេ ពីព្រោះកន្លងមកកម្ពុជាប្រកាន់យកជាយូរមកហើយ។ គ្រាន់តែកម្ពុជាសម្តែងនូវឥរិយាបថមួយ ដែលមានសុទ្ធចិត្តឲ្យលោកខាងលិចជឿជាក់ទៅលើជំហរឬក៏តួនាទីរបស់កម្ពុជានៅពេលដែលកម្ពុជាដើរតួនាទីជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ វាមានអត្ថប្រយោជន៍ច្រើន។ អញ្ចឹង កិច្ចប្រជុំរវាងអាមេរិកជាមួយអាស៊ាននៅថ្ងៃទី២៥នេះ វាជាយន្តការមួយល្អដែរសម្រាប់នយោបាយការបរទេសកម្ពុជានៅអនាគតកាល»។
លោក ឯម សុវណ្ណារ៉ា បន្តថា យន្តការនៃការអនុវត្តច្បាប់ពហុភាគីនិយមនេះ ជាពិសេសច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២ អាចប៉ះពាល់ទៅដល់យុទ្ធសាស្ត្រពង្រីកឥទ្ធិពលរបស់ចិនតាមរយៈគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ (BRI) នៅក្នុងតំបន់ ទាំងក្នុងសមុទ្រចិនខាងត្បូង ទាំងសមុទ្រចិនខាងកើតនៅជប៉ុន (Japan) ដែលកម្ពុជាប្រកាន់យកជំហរគាំទ្រចិន។ លោកពន្យល់ថា ការប្រកាន់ជំហរផ្អៀងទៅរកចិនខ្លាំងនេះ ធ្វើឲ្យកម្ពុជាត្រូវប្រឈមជាមួយនឹងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ាន និងឥណ្ឌូ-ប៉ាស៊ីហ្វិកជារួម។

ក្រសួងការបរទេស ប្រកាសកាលពីថ្ងៃទី២២ ខែឧសភាថា ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន នឹងចូលរួមក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៥ ខែឧសភា។ ក្រសួងការបរទេសបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនថូនី ប៊្លីនខេន នឹងពិភាក្សាគ្នាអំពីវិធីសាស្ត្រនានាដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាដៃគូរវាងអាស៊ាន និងសហរដ្ឋអាមេរិក ជាពិសេសក្នុងការដោះស្រាយវិបត្តិសុខុមាលភាពសាកលនាពេលបច្ចុប្បន្ន និងផ្លាស់ប្តូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួម។ ក្រសួងការបរទេសលើកឡើងថា កិច្ចប្រជុំពិសេសនេះ ឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយ និងការប្តេជ្ញាជំរុញភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទាំងនៅក្នុង និងក្រៅតំបន់។
លោក ឯម សុវណ្ណារ៉ា ផ្តល់អនុសាសន៍ថា កម្ពុជាក៏គួរឆ្លៀតយកឱកាសពីកិច្ចប្រជុំពិសេសនេះ ជម្រះចោលនូវការចោទប្រកាន់នានាទៅលើសហរដ្ឋអាមេរិកនាពេលកន្លងមក ពាក់ព័ន្ធនឹងការលើកស្ទួយប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្ស រួមទាំងករណីប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ផង ដើម្បីស្តាទំនុកចិត្ត និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឡើងវិញ៖ «អ្វីដែលការចោទប្រកាន់ អ្វីដែលមន្ទិលសង្ស័យទៅលើយន្តការនៃការយល់ច្រឡំគ្នាពាក់ព័ន្ធនឹងចរន្តលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់បទចោទលោក កឹម សុខា ជាមួយនឹងសហរដ្ឋអាមេរិកហ្នុង គួរតែបង្ហាញឲ្យច្បាស់ដែរ បើមិនដូច្នោះទេ ទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិក ពុំមានអំណោយផលល្អ ឬលែងមានភាពសង្ស័យ វានៅតែសង្ស័យគ្នា ហើយនៅតែគិតថា ជាអរិយភាពនឹងគ្នា។ អញ្ចឹង ទំនាក់ទំនងវាមិនអាចដំណើរការទៅល្អទេ»។
កន្លងទៅ កាលពីថ្ងៃទី១២ ខែឧសភា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បានសរសេរបទអត្ថាធិប្បាយមួយចុះផ្សាយនៅលើគេហទំព័ររបស់មជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយអាមេរិក ស្ទីមសុន សេនធឺ (Stimson Center) ជុំវិញឱកាសរបស់កម្ពុជាដែលធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២២ ខាងមុខ។ លោកសរសេរថា កម្ពុជានឹងមានឱកាសកំណត់នូវកិច្ចការទូតសំខាន់ៗប្រចាំតំបន់ និងលើកកម្ពស់ឲ្យមាននូវកិច្ចសន្ទនាប្រកបដោយអត្ថន័យជុំវិញបញ្ហាជាច្រើន ដូចជាបញ្ហាកូរ៉េខាងជើងបន្តកម្មវិធីមីស៊ីលឆ្លងទ្វីប និងនុយក្លេអ៊ែរដោយខុសច្បាប់ បញ្ហាទាមទារយកប្រជុំកោះនៅសមុទ្រចិនខាងត្បូងពីសំណាក់ប្រទេសចិនដោយខុសច្បាប់ និងការគំរាមកំហែងរបស់ប្រទេសនេះមកលើរដ្ឋសមាជិកអាស៊ានដទៃទៀតដែលពាក់ព័ន្ធនឹងជម្លោះដណ្តើមប្រជុំកោះនៅសមុទ្រចិនខាងត្បូងនេះ ព្រមទាំងបញ្ហារដ្ឋប្រហារ និងការបង្ក្រាបដោយហិង្សានៅប្រទេសភូមា (Burma) ជាដើម។ លោក ប៉ាទ្រីក ម័រហ្វី គូសបញ្ជាក់ថា កម្ពុជាក៏មានតួនាទីធ្វើឲ្យប្រសើរឡើងនូវដំណើរវិវត្តន៍ក្នុងវិស័យចម្បងៗជាប្រយោជន៍ទាំងសងខាងក្នុងចំណោមប្រជាជាតិនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលក្នុងនោះរួមមានការស្តាសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺរាតត្បាតសាកលកូវីដ១៩ ការចាត់វិធានការដោះស្រាយវិបត្តិនៃការប្រែប្រួលអាកាសធាតុ និងការពិចារណាសមាជិកភាពរបស់ប្រទេសទីម័រខាងកើត (Timor-Leste) ចូលក្នុងសមាគមអាស៊ាន ជាដើម។

ស្របពេលដែលមានកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិកនេះ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកអ្នកស្រី វិនឌី ហ្សឺរម៉ាន (Wendy R. Sherman) ក៏គ្រោងនឹងធ្វើទស្សនកិច្ចដោយផ្ទាល់ទៅតំបន់អឺរ៉ុប និងអាស៊ី ក្នុងនោះក៏រួមមានទាំងកម្ពុជា ថៃ (Thailand) និងឥណ្ឌូនេស៊ី (Indonesia) ផង នៅរវាងថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា។ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី២១ ខែឧសភា ឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់អ្នកស្រីមកកាន់តំបន់អាស៊ីអាគ្នេយ៍ អ្នកស្រីនឹងគូសបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកមកលើតំបន់អាស៊ាន និងលើកឡើងពីបញ្ហាជាច្រើនពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី និងក្នុងតំបន់ ក្នុងនោះក៏រួមមានទាំងកិច្ចខិតខំប្រឹងប្រែងនានាដើម្បីជំរុញឲ្យក្រុមមេដឹកនាំយោធាភូមា បញ្ឈប់ការប្រើអំពើហិង្សា និងងាកមកស្តារប្រជាធិបតេយ្យឡើងវិញ ព្រមទាំងបញ្ហានៅតំបន់មេគង្គផង។ ក្រសួងការបរទេសអាមេរិកពុំបានបញ្ជាក់លម្អិតពីបញ្ហានានាដែលអនុរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ គ្រោងនឹងលើកឡើងក្នុងជំនួបជាមួយនឹងក្រុមមេដឹកនាំកម្ពុជានៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា អ្នកស្រីនឹងបើកឲ្យមានកិច្ចប្រជុំមួយចំនួន។
ក្រៅពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិកនេះ អាស៊ាន និងសហរដ្ឋអាមេរិក ក៏គ្រោងនឹងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន និងសហរដ្ឋអាមេរិក និងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩ នៅខែសីហា និងខែតុលា ខាងមុខនេះ ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។