ក្រុម​អ្នក​​ជំនាញ​​រិះគន់​​ថា លោក ហ៊ុន ម៉ាណែត​ ​មិន​មាន​​សមត្ថភាព​​ធ្វើ​ជា​​នាយករដ្ឋមន្ត្រី​​ដោយ​សារ​​​​មិន​​ហ៊ាន​​លើក​​យក​​បញ្ហា​​មក​​ដោះ​ស្រាយ

0:00 / 0:00

អ្នក​ជំនាញ​​ច្បាប់ និង​នយោបាយ​អន្តរជាតិ​លើក​ឡើង​ថា​ កូន​ប្រុស​ច្បង​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ គឺ​លោក ហ៊ុន ម៉ាណែត​ កំពុង​ព្យាយាម​បិទបាំង​ការ​ពិត​ពី​បញ្ហា​ដែល​កើត​មាន​ឡើង​នានា​ក្រោម​ការ​ដឹកនាំ​​របស់​​រដ្ឋាភិបាល​ឪពុក​លោក។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ពួកគេ​មើល​ឃើ​ញ​ថា លោក ហ៊ុន ម៉ាណែត​ កំពុង​ព្យាយាម​និយាយ​បិទ​បាំង​ពី​ចំណុច​អវិជ្ជមាន​ផ្នែក​សារព័ត៌មាន​ ខណៈ​ស្ថាប័ន​ជាតិ​ និង​អន្តរជាតិ​​រក​ឃើញ​ថា​ សេរីភាព​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់។

អ្នកជំនាញ​ច្បាប់និង​នយោបាយ​អន្តរជាតិ​វាយ​តម្លៃ​ថាបើ​បេក្ខភាព​នាយករដ្ឋមន្រ្តី គឺ​លោក ហ៊ុន ម៉ាណែត​ព្យាយាម​និយាយ​បិទ​បាំង​ការ​ពិត​ហើយ​មិន​ព្រម​លើក​បញ្ហា​នោះ​មក​ដោះ​ស្រាយ​ទេទោះបី​លោក​បាន​​ក្លាយ​​ជា​​អ្នក​ដឹកនាំ​ប្រទេសក៏ដោយ ក៏លោក​នៅតែរក្សា​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​នឹង​ផ្ដាច់ការ​ដដែល​គឺ​មិន​ខុសពី​គន្លង​ចាស់​របស់​ឪពុក​លោក​នោះ​ឡើយ។

អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​វិទ្យា​សាស្រ្ត​នយោ​បាយកញ្ញា​ សេង​ ធារី លើក​ឡើង​ថា​ ក្នុង​បរិបទ​នយោបាយ​របប​ឯក្ស​សព្វ​ថ្ងៃ​នេះ លោក ហ៊ុន ម៉ាណែត​ ហាក់​កំពុង​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ជំនួស​ដៃ​ជើង​ឱ្យ​ឪពុក​លោក។ កញ្ញា​បញ្ជាក់​ថា ហេតុផល​សំខាន់​ ដែល​ធ្វើ​ឱ្យលោក ហ៊ុន ម៉ាណែត​ មិន​ព្រម​លើក​យក​បញ្ហា​មក​ដោះស្រាយ​ ក៏​ព្រោះតែ​លោក​បាន​ជ្រួតជ្រាប​ពី​របៀប​ក្នុងការ​ដឹកនាំ​ប្រទេស​តាម​បែប​ផ្ដាច់ការ៖ «មាន​ន័យ​​ថា​ អ្វី​ដែរ​របប​ផ្ដាច់​ការ​នេះ​កំពុង​ធ្វើ​ក្នុង​ការ​បៀត​បៀន​លើ​អ្នកសារព័ត៌មាន​វា​ជូរចត់។ នេះ​ជា​សារ​មួយ​តាម​សកម្មភាព​ចេញ​ពី​របប​ផ្ដាច់ការ​ ដែល​មាន​លោក ហ៊ុន ម៉ាណែត​ជា​អ្នក​ដឹកនាំ​ជាន់​ខ្ពស់។ ប៉ុន្តែ​ ភាសា​លោក ហ៊ុន ម៉ាណែត​ តាម​ភាសា​និយាយ​ពីរោះ​ តាម​សកម្មភាព​ឃោរឃៅ​មាន​ការ​បៀតបៀន​លើ​អ្នក​សារព័ត៌មាន »

ប្រតិកម្ម​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អគ្គមេបញ្ជាការ​រង​នៃ​កងយោធ​ពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោកលោក ហ៊ុន ម៉ាណែត ថ្លែង​ការពារ​ឪពុក​របស់​លោក​កាល​ពីថ្ងៃ​ទី៣​ឧសភា​ ថា​រដ្ឋាភិបាល​តែង​យក​ចិត្តទុកដាក់​ និង​គ្រប់គ្រង​ទៅលើ​អ្នក​សារព័ត៌មាន​តាម​ច្បាប់​ ហើយកម្ពុជា​​មាន​សិទ្ធិសេរីភាព​ពេញ​លេញ​សម្រាប់​អ្នក​សារព័ត៌មាន៖ «ហើយ​ខ្ញុំ​គិត​ថា ការ​ស្វយ័ត​អប់រំ ការ​ស្វយ័ត​គ្រប់គ្រង​ ការ​ស្វយ័ត​តម្រង់​ទិស​ចំពោះ​អ្នកសារព័ត៌មាន គឺ​ជា​កត្តា​ចូល​រួម​សំខាន់​ណាស់​ ដើម្បី​មាន​របត់​ការ​រីកចម្រើន​នៃ​វិស័យ​សារព័ត៌មាន​នេះ។ រួមទាំង​ជា​មួយ​រដ្ឋាភិបាល​ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ឱ្យ​បាន​ល្អ​ប្រសើរ។ អ្នកសារព័ត៌មាន​មិនមែន​សុទ្ធ​តែ សម្រាប់​តែ​អ្នក​សរសេរ តែ​ជា​សិទ្ធ​របស់​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ ទទួល​បាន​ព័ត៌មាន​ដោយ​សុក្រឹត្យ ទទួល​បាន​ព័ត៌មាន​បាន​លឿន​គ្រប់​ជ្រុង​ជ្រោយ »។

ទោះ​ជា​យ៉ាង​ណា អ្នក​ឃ្លាំ​មើល​សង្គម និង​ក្រុម​អ្នកសារព័ត៌មាន​ថា​ ការ​លើក​ឡើង​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ ដោយសារ​តែ​អ្នកសារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​កំពុង​ទទួល​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​​ជា​​បន្ត​បន្ទាប់​ ពេល​ដែល​ពួកគេ​ចុះ​បំពេញ​ការងារ។ ពួកគេ​រិះគន់​ថា ការណ៍​ដែល​បេក្ខភាព​នាយករដ្ឋ​មន្រ្តី​ មិន​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​ពី​ការ​ធ្លាក់​ចុះ​សេរីភាព​អ្នក​សារព័ត៌មាន​បែប​នេះ​ អ្នកសារព័ត៌មាន​ឯករាជ្យ​ដែល​បំពេញ​តួនាទី​តាម​វិជ្ជាជីវៈ​នឹង​បន្ត​ទទួល​រង​គំនាប និង​រឹត​បន្តឹង​ពី​សំណាក់​រដ្ឋាភិបាល។

អ្នកសារព័ត៌មាន​សេរី​លោក ពៅ មេត្តា​ ថ្លែង​ថា ស្ថានភាព​កន្លង​មក​នេះ​រដ្ឋាភិបាល​មិន​បាន​បើក​ចំហ​ឱ្យ​អ្នកសារព័ត៌មាន​ចុះ​បំពេញ​ការងារ​បាន​ដោយ​សេរី​នោះ​ទេ។ លោក​បន្ត​ថា​ បើ​បញ្ហា​ដាក់​ចេញ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​បន្ត​បិទបាំង​មិន​ព្រម​ដោះស្រាយ​ពី​បញ្ហា​សេរីភាព​សារព័ត៌មាន​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ​ អ្នក​ដែល​ខាន​បង់​ផល​ប្រយោជន៍​គឺ​រដ្ឋាភិបាល៖ «ឧទាហរណ៍​៖ ថ្មីៗ​ហ្នឹង ជុំ​រឿង​បឹង​ទន្លេសាប​ ហេតុអី​បាន​ទើប​តែ​ភ្ញាក់​ច្រងាង ? រាល់​ថ្ងៃ​ហ្នឹង​យើង​ដឹង​ថា ដី​រាប់សែន​ហិកតា ត្រូវ​បាន​គេ​បំពាន។ កន្លង​មក​ មន្រ្តី​នៅ​ណា ? រដ្ឋាភិបាល​នៅ​ណា ? អញ្ចឹង​កាល​ណា​បាត់​ព័ត៌មាន​ពិត​ បាត់​អ្នករាយការណ៍​បញ្ហា​នៅ​មូលដ្ឋាន​ទៅ​ថ្នាក់​ដឹកនាំ។ ករណី​ជាក់ស្តែង​ដូច​មេ​ដឹកនាំ​ ខ្មែរ​ក្រហម គាត់​តែ​ថា​គាត់​អត់​ដឹង។ តើ​គាត់​អ្នក​ដឹកនាំ​របៀប​ម៉េច ? ប្រសិន​ជា​គាត់​មិន​ចង់​ឱ្យ​មានព័ត៌មាន​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ ដល់​ពេល​បញ្ហា​កើត​ឡើង​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​គាត់​ថា​អត់​ដឹង »

ទាក់ទងបញ្ហានេះ អ្នកនាំពាក្យ​ក្រសួងព័ត៌មាន​លោក មាស សុភ័ណ្ឌ និយាយថារដ្ឋាភិបាល​មិន​បាន​រឹតត្បិត ឬ​បំពាន​លើ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នោះ​ឡើយ។ លោក​អះអាង​ថា ចំណាត់ការ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​លើ​ស្ថាប័ន ឬ​អ្នកសារព័ត៌មាន​នា​ពេល​កន្លង​ទៅនោះ គឺ​ជា​ការ​អនុវត្ត​ច្បាប់៖ «យើង​តែងតែ​ផ្ដល់​នូវ​ការ​គាំទ្រ និង​ការ​ការពារ​ស្មើៗ​គ្នា​ចំពោះ​មុខ​ច្បាប់។ តាម​រយៈ​នេះ គឺ​បាន​ផ្ដល់​ឱកាស ឬ​ក៏​លទ្ធភាព​សម្រាប់​បងប្អូន​អ្នកសារព័ត៌មាន​គ្រប់​និន្នាការ​នយោបាយ​ប្រកប​ដោយ​ភាព​ចម្រុះ​នៅ​ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​របស់​គាត់​យ៉ាងសកម្ម​នៅ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង ដោយ​គ្មាន​ការ​រើសអើង ដោយ​គ្មាន​ការ​បែងចែក ឬ​ការ​រឹតត្បិត ឬ​ការ​បំពារបំពាន​សិទ្ធិ​ដូចជា​ការ​លើកឡើង​នៅ​ក្នុង​របាយការណ៍​នេះ​ទេ»

ជុំវិញ​រឿង​នេះ អ្នក​ជំនាញ​ផ្នែក​ច្បាប់លោក វន់ ចាន់ឡូត​ កត់​សម្គាល់​ថា​ សេរីភាព​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​សព្វ​ថ្ងៃនេះ​មាន​មួយ​ក្រុម​តែ​ប៉ុណ្ណោះ​ដែល​តែងតែ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្រប​នឹង​ទស្សនៈ​រដ្ឋាភិបាល៖ «ប៉ុន្តែ​ ប្រសិន​បើ​សារព័ត៌មាន​ណា​ដែល​មាន​វិជ្ជាជីវៈ​ មាន​ឯករាជ្យ​ត្រឹមត្រូវ ហើយ​ហ៊ាន​រិះគន់​អំពី​ភាព​អសកម្ម ឬ​លើក​ឡើង​ពី​ភាពអវិជ្ជមាន​នៃ​ការ​ដឹកនាំ ​របស់​រដ្ឋាភិបាល​សព្វ​ថ្ងៃ ត្រូវ​បាន​ចាត់​ទុក​ថា ជា​អ្នក​ប្រឆាំង បង្ក​ភាព​ចលាចល​ ឬ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម​ជា​ដើម។ អញ្ចឹង​បញ្ហា​នេះ យើង​ត្រូវ​ប្រៀបធៀប​ រវៀង​ការ​កំណត់​រដ្ឋាភិបាល នឹង​ទិន្នន័យ​របស់​អង្គការ​អន្តរជាតិ​នានា​ ដែល​គេ​ចាត់​ចំណាត់​ថ្នាក់​ពី​សេរីភាព​សារព័ត៌មាន​កម្ពុជា »

អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ចេញ​ផ្សាយ​របាយការណ៍​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​សម្រាប់​ឆ្នាំ២០២២ ដោយ​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​ក្នុង​លេខ​រៀង​ទី ១៤២ ក្នុង​ចំណោម​ប្រទេស ១៨០។ បើ​ប្រៀបធៀប​នឹង​សន្ទស្សន៍​ឆ្នាំ ២០២១ កម្ពុជា​ទទួល​បាន​ចំណាត់​ល្អ​ជាង​​មុនបន្តិច ដោយ​កាលនោះ​កម្ពុជា​ទទួល​បាន​លេខ ១៤៤ ប៉ុន្តែ​នេះ​មិនមែន​បាន​ន័យ​ថា ស្ថានភាព​ជាទូទៅ​នៃ​សេរីភាព​សារព័ត៌មាន​មាន​ភាពល្អ​ប្រសើរ​ឡើយ។

អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន​រក​ឃើញ​ថា ស្ថាប័ន​កាសែត​ធំៗ​បាន​បាត់បង់​ភាព​ឯករាជ្យ និង​សម្របសម្រួល​ការ​ចេញផ្សាយ​របស់​ខ្លួន​ឱ្យ​ស្រប​ទៅ​នឹង​ទស្សនៈ​របស់​រដ្ឋាភិបាល ស្រប​ពេល​ស្ថានីយ​វិទ្យុ​ឯករាជ្យ​មួយចំនួន​បាន​ត្រឹម​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​តាម​គេហទំព័រ និង​បណ្ដាញ​សង្គម។ អង្គការ​អន្តរជាតិ​ដដែល​សង្កត់ធ្ងន់​ថា ដោយសារ​បារម្ភពី​ការ​បាត់បង់អំណាចរយៈពេលជាង៣០ឆ្នាំរបស់​ខ្លួន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បិទ​ស្ថាប័ន​កាសែត និង​វិទ្យុ​មួយចំនួន បោសសម្អាត​ការិយាល័យ​និពន្ធ ព្រមទាំង​ដាក់ទោស​អ្នកសារព័ត៌មាន ដែល​ធ្វើ​ឱ្យ​វិស័យ​សារព័ត៌មាន​ឯករាជ្យ​វិនាស។ លើស​ពី​នេះ​ទៅទៀត ជំនួស​ឱ្យ​ការ​ប្រើប្រាស់​ច្បាប់​របប​សារព័ត៌មាន និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស និង​សេរីភាព​សារព័ត៌មាន អាជ្ញាធរ​កម្ពុជា​បាន​ប្រើប្រាស់ «បទ​ញុះញង់» ក្នុង​ក្រមព្រហ្មទណ្ឌ ដើម្បី​ចាប់ខ្លួន និង​ដាក់ទោស​អ្នកសារព័ត៌មាន​ដែល​រាយការណ៍​ពី​បញ្ហា​រសើប។ ក្រៅពី​នេះ លោក ហ៊ុន សែន បាន​ឆ្លៀត​យក​វិបត្តិ​ជំងឺ​កូវីដ-១៩ ដើម្បី​បង្កើត​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ដែល​អនុញ្ញាត​ឱ្យ​លោក​ត្រួតពិនិត្យ​ខ្លឹមសារ​ព័ត៌មាន​ណា​ដែល​លោក​មិន​ពេញ​ចិត្ត​ថែម​ទៀត​ផង។

ទាក់ទង​នឹង​បរិបទ​សេដ្ឋកិច្ច​វិញ ក្រុមហ៊ុន​ព័ត៌មាន​ធំៗ​ជាច្រើន​ត្រូវ​បាន​គ្រប់គ្រង ឬ​ជា​កម្មសិទ្ធិ​របស់​សាច់ញាតិ ឬ​បុគ្គល​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ហើយ​ការ​ផ្សាយ​របស់​ពួកគេ​មាន​លក្ខណៈ​ជា​ធ្វើ​ប្រជាភិថុតិ​ឱ្យ​រដ្ឋាភិបាល។ ចំណែក​លើ​ប្រព័ន្ធ​អ៊ិនធើណិត​វិញ រដ្ឋាភិបាល​បាន​បង្កើត​អនុក្រឹត្យ​ថ្មី​ដែល​យក​លំនាំ​តាម​ប្រទេស​ចិន​កុម្មុយនីស្ត ដើម្បី​ត្រួតពិនិត្យ​រាល់​ការ​ទំនាក់ទំនង និង​រាំង​ខ្ទប់​គេហទំព័រ​មួយចំនួន។ ចំពោះ​បញ្ហា​សុវត្ថិភាព​វិញ អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន​ពិនិត្យ​ឃើញ​ថា អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ស្ថិត​ក្នុង​បរិយាកាស​គ្រោះថ្នាក់ ដោយសារ​តែ​អំពើ​ឃាតកម្ម ព្រមទាំង​ការ​ចាប់ និង​ឃុំខ្លួន​ដោយ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ ជាដើម។ គិត​ចាប់​ពី​ឆ្នាំ១៩៩៤​មក​ មាន​អ្នកសារព័ត៌មាន​យ៉ាង​តិច៩នាក់​ត្រូវ​បាន​គេ​សម្លាប់​ដោយ​សារ​ការ​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​ ហើយ​ពុំ​មាន​ជនល្មើស​ណា​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស​ឡើយ។

ទោះ​ជា​បែប​នេះ​ក្តី អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​វិទ្យា​សាស្រ្ត​នយោ​បាយ កញ្ញា​ សេង​ ធារី បន្ថែម​ថា ការ​ព្រងើយ​កន្តើយ​រដ្ឋាភិបាល​មិន​ព្រម​ដោះ​បញ្ហា​ប្រឈម​ទាំង​នេះ​ហើយ​ ទើប​ណ្តាល​ឱ្យ​សង្គម​កម្ពុជា​ប្រែក្លាយ​ជា​ប្រព័ន្ធ​ដឹកនាំ​តាម​បែប​ផ្ដាច់​ការ​បន្តិច​ម្ដងៗ​ និង​កាន់​តែ​ពង្រឹង​នូវ​អំពើ​និទណ្ឌភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។