កិច្ចប្រជុំកំពូល​​ពិសេស​​​អាស៊ាន-អាមេរិក​ជា​​​ឱកាស​​​ឱ្យ​​​កម្ពុជា​​​ធានា​​«តុល្យភាព»​នយោបាយ​​​ការ​បរទេស​​រវាង​​ក្រុង​​វ៉ាស៊ីនតុន​និង​​ក្រុង​ប៉េកាំង

ដោយ មាន ឫទ្ធិ
2022.04.19
Share on WhatsApp
Share on WhatsApp
កិច្ចប្រជុំកំពូល​​ពិសេស​​​អាស៊ាន-អាមេរិក​ជា​​​ឱកាស​​​ឱ្យ​​​កម្ពុជា​​​ធានា​​«តុល្យភាព»​នយោបាយ​​​ការ​បរទេស​​រវាង​​ក្រុង​​វ៉ាស៊ីនតុន​និង​​ក្រុង​ប៉េកាំង កិច្ចប្រជុំកំពូល​អាមេរិក-អាស៊ាន​តាម​អនឡាញ (Online) កាលពីខែតុលា ឆ្នាំ២០២១។
រូប៖ ASEAN Information Center

ក្រុមអ្នកជំនាញ​កិច្ចការអន្តរជាតិ មើលឃើញថា កិច្ចប្រជុំកំពូល​ពិសេស​អាស៊ាន-អាមេរិក (ASEAN-US Special Summit) គឺជាឱកាស​ឱ្យកម្ពុជា​ធានា​នូវ «តុល្យភាព» នៃ​នយោបាយ​ការបរទេស​ប្រសើរជាង​មុន​រវាងក្រុងវ៉ាស៊ីនតុន (Washington) និង​ក្រុងប៉េកាំង (Beijing)​។ ការវាយតម្លៃ​នេះ កើតមានឡើង​ស្របពេល​ដែល​ក្រុមមេដឹកនាំ​អាស៊ាន និង​អាមេរិក គ្រោងនឹង​ជួប​ប្រជុំ​គ្នា​ផ្ទាល់មុខ​នៅរដ្ឋធានីវ៉ាស៊ីនតុន (Washington) សហរដ្ឋអាមេរិក នា​ពាក់កណ្តាល​ខែឧសភា​ខាងមុខនេះ នៅឯ​កិច្ចប្រជុំ​កំពូលពិសេស​អាស៊ាន-អាមេរិក។

កិច្ចប្រជុំកំពូល​ពិសេស​អាស៊ាន-អាមេរិក​លើកទីពីរ ដែល​គ្រោងនឹង​ធ្វើ​នៅចំកណ្តាល​បេះដូង​សហរដ្ឋអាមេរិក គឺនៅ​សេតវិមានប្រធានាធិបតី ក្នុងរដ្ឋធានីវ៉ាស៊ីន​នៅ​ថ្ងៃទី១២ និង១៣ ខែឧសភា​ខាងមុខនេះ ត្រូវបាន​ក្រុមអ្នកជំនាញ​កិច្ចការ​អន្តរជាតិ​មើលឃើញថា ជាឱកាស​សម្រាប់​កម្ពុជា។ ឱកាស​គឺនៅត្រង់ថា កម្ពុជា​ក្នុងនាមជា​ប្រធានប្តូរវេន​អាស៊ាន ត្រូវធ្វើយ៉ាងណា​បង្ហាញ​ជំហរ​ឱ្យ​សហរដ្ឋអាមេរិក និង​ក្រុមប្រទេស​លោកខាងលិច​មើលឃើញ​ថា ខ្លួន​ពិតជា​ប្រកាន់ខ្ជាប់​នូវ​តុល្យភាព​នៃ​គោលនយោបាយ​ការបរទេស​ដឹកនាំ​អាស៊ាន​ដោយមិន​ផ្អៀងខ្លាំង​ទៅរក​ប្រទេសចិន​កុម្មុយនិស្ត​នោះទេ។

សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យមួយ​ (Naresuan University) នៃ​ប្រទេសថៃ បណ្ឌិត ប៉ូល ឆែមប៊័រ ​(Paul Chambers)​ ពន្យល់​ប្រាប់វិទ្យុអាស៊ីសេរី តាម​សារអេឡិចត្រូនិក នៅថ្ងៃទី១៩ ខែមេសា ថា កម្ពុជា​ឥឡូវនេះ​មាន​ឱកាស​បោះដៃ​ទៅសហរដ្ឋអាមេរិក​ពាក់ព័ន្ធនឹង​បញ្ហា​ក្នុងវិស័យ​ជាច្រើន ហើយនឹង​ធ្វើឱ្យ​មាន​តុល្យភាព​កាន់តែ​ច្រើនជាងមុន​ក្នុង​ទំនាក់ទំនង​រវាង​ក្រុងវ៉ាស៊ីនតុន និង​ក្រុងប៉េកាំង។ លោកថា កម្ពុជា​អាចធ្វើដូច្នេះបាន ដរាបណា​កម្ពុជា​មិនចង់​រក្សា​ការពឹងផ្អែក​ចិន​​ខ្លាំងពេកដូច​ពេល​បច្ចុប្បន្ន​នេះ។

ទោះយ៉ាងណា អ្នកជំនាញ​រូបនេះ​មើលឃើញថា ប្រទេសចិន​ក៏មិន​នៅស្ងៀមដែរ។ លោកថា ប្រទេសចិន​នឹង​បន្ត​អូសទាញ​កម្ពុជា​តាមរយៈ​ការផ្តល់​ជំនួយ ការធ្វើពាណិជ្ជកម្ម និង​ការផ្សាភ្ជាប់​ទំនាក់ទំនង​យោធា​កាន់តែ​ច្រើន​ជាងមុន។ លោកព្រមានថា កម្ពុជា​ចាំបាច់​ត្រូវតែ​ប្រយ័ត្នប្រយែង​មិនត្រូវ​ធ្លាក់ចូល​ក្នុង​អន្ទាក់បំណុល​របស់​ចិននោះទេ។ បណ្ឌិត ប៉ូល ឆែមប៊័រ ពន្យល់ថា រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បៃឌិន (Joe Biden) នឹងព្យាយាម​បង្ហាញ​ដល់​តំបន់អាស៊ាន​ថា ខ្លួនគឺជា​ដៃគូសន្ទនា​ដ៏​សំខាន់​ដល់​ក្រុមប្រទេស​សមាជិក​អាស៊ាន ជាពិសេស​ការផ្សាភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ធំជាងមុន។ លោកថា ក្រុងវ៉ាស៊ីនតុន​ក៏ព្យាយាម​ជំរុញឱ្យ​មាន​ទំនាក់ទំនង​ផ្នែកយោធា​កាន់តែ​ខ្លាំងជាងមុន​ជាមួយ​តំបន់អាស៊ាន​ពាក់ព័ន្ធនឹង​តំបន់អាស៊ីប៉ាស៊ីហ្វិក​ដែល​សេរី និង​បើកចំហរ​ដែល​មានគោលដៅ​ប្រឆាំងនឹង​ឥទ្ធិពល​របស់ចិន។ ក្រៅពីនោះ លោកថា ក្រុងវ៉ាស៊ីនតុន ក៏នឹង​ព្យាយាម​បញ្ចុះបញ្ចូល​អាស៊ាន​ឱ្យ​ប្រឆាំងនឹង​ទង្វើ​របស់​ប្រទេសរុស្ស៊ី (Russia) ពាក់ព័ន្ធនឹង​សង្គ្រាម​ឈ្លានពាន​នៅអ៊ុយក្រែន (Ukraine)

អ្នកជំនាញ​វិទ្យាសាស្ត្រនយោបាយ និង​កិច្ចការអន្តរជាតិ​មួយរូបទៀត គឺលោក ឯម សុវណ្ណារ៉ា ក៏មើលឃើញ​ថា កិច្ចប្រជុំកំពូល​ពិសេស​អាស៊ាន-អាមេរិក​នាពេល​ខាងមុខនេះ គឺជាឱកាស​សម្រាប់​កម្ពុជា​ដែរ។ លោកថា កិច្ចប្រជុំកំពូលពិសេស​នេះ គឺជា​ឱកាស​សម្រាប់​ឱ្យ​កម្ពុជា​លាងជម្រះ​នូវ​ភាពមន្ទិល​សង្ស័យ​ទាំងឡាយ ក្នុងទំនាក់ទំនង​ទ្វេភាគី និង​ក្នុងនាម​ជា​ប្រធានប្តូរវេន​អាស៊ាន​ឆ្នាំ២០២២នេះ៖ «ខ្ញុំគិតថា​កម្ពុជា​នឹងលើកយក​បញ្ហាមួយចំនួន​ដែលមាន​មន្ទិល​សង្ស័យ​ពាក់ព័ន្ធនឹង​វត្តមាន​យោធាចិន​នៅកម្ពុជា​ជាដើម មកជជែកគ្នា និង​កសាង​ដោះស្រាយ​ជំនឿទុកចិត្តគ្នា​ឱ្យ​ជឿជាក់គ្នា​តាម​កិច្ចសហប្រតិបត្តិការ​ត្រង់ទៅត្រង់មក។ បើយើងនិយាយ​ទៅ​គឺឱ្យបាន​តម្លាភាព មិនបន្សល់​នូវ​ភាពសង្ស័យទេ ដែល​វាអាច​នាំឱ្យមាន​ភាពអវិជ្ជមាន​ដល់​នយោបាយ​ការបរទេស​កម្ពុជា។ ចំណុចមួយ​ទៀត ខ្ញុំ​គិតថា​កង្វល់ដែល​សហគមន៍​អន្តរជាតិ និង​សហរដ្ឋអាមេរិក​លើកឡើង​ក៏បញ្ហា​សំខាន់​រឿង​សិទ្ធិមនុស្ស​នៅក្នុង​តំបន់អាស៊ាន ក្នុងនោះរួមមាន​ដំណោះស្រាយ​បញ្ហា​នៅ​កម្ពុជា បញ្ហា​សន្តិសុខ​នៅក្នុង​ប្រទេសភូមា នៅក្នុង​សមុទ្រចិន​ខាងត្បូង នឹងលើកយក​មកជជែក ហើយ​ធ្វើម៉េច​ដើម្បី​ជំរុញឱ្យ​បណ្តា​រដ្ឋដែលមាន​បញ្ហា​ដូចជា​នៅក្នុង​សមុទ្រចិនខាងត្បូង បញ្ហា​សិទ្ធិមនុស្ស​ទាំងនេះ ឈរលើ​គោលការណ៍​ច្បាប់​ដែល​បណ្តារដ្ឋមួយចំនួន​រួមទាំង​កម្ពុជា ដែលគាំទ្រ​លើ​ស្មារតី​អង្គការ​សហប្រជាជាតិ»

លោក ឯម សុវណ្ណារ៉ា បន្តថា ទាំងកម្ពុជា និង​អាស៊ាន​មើលឃើញ​ពី​តម្លៃ​នៃ​ការទាញយក​ផលប្រយោជន៍​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការទូត​ជាមួយ​សហរដ្ឋអាមេរិក​ឱ្យបាន​ប្រសើរ​បន្ថែមទៀត៖ «ខ្ញុំ​គិតថា​កម្ពុជា​មើលឃើញ​តម្លៃផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជាមួយនឹង​អាមេរិក​ច្រើន។ អាស៊ាន​ក៏មាន​ទំហំ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ច្រើនដែរ។ រីឯ អត្ថប្រយោជន៍​ទំនាក់ទំនង​នយោបាយ​ការទូត​ក៏មាន​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​ប្រសិនបើ​អាមេរិក​គាំទ្រ។ ដូច្នេះ ប្រទេស​កម្ពុជា រួមទាំង​ប្រទេសអាស៊ាន មិនត្រូវ​ឈរជំហរ​ណាមួយ​ដែល​ធ្វើឱ្យ​អាមេរិក​ថ្នាំងថ្នាក់​ដូចពី​មុនឆ្នាំ២០២២​ទៀតទេ។ ឧទាហរណ៍​ដូចកាលពី​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​កាលពីឆ្នាំ២០១២ កម្ពុជា​ត្រូវបាន​បណ្តា​ប្រទេស​លោកខាងលិច រិះគន់​ច្រើន រួមទាំង​សមាជិក​អាស៊ាន​ដែលមាន​ជម្លោះជាមួយ​ចិន​ជាដើម»។

នៅមុនកិច្ចប្រជុំកំពូល​ពិសេស​ជាមួយ​អាមេរិក​នេះ កម្ពុជា​ហាក់​បង្ហាញ​ជំហរ​ផ្គាប់ចិត្ត​ក្រុមប្រទេស​លោកខាងលិច​ជាពិសេស​សហរដ្ឋអាមេរិក។ ក្នុងនោះ កម្ពុជា​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ ថ្កោលទោស និង​ទាមទារ​ឱ្យ​ប្រទេស​រុស្ស៊ី​បញ្ឈប់​សង្គ្រាមឈ្លានពាន​នៅក្នុង​ប្រទេសអ៊ុយក្រែន។ ចុងក្រោយនេះ កម្ពុជា​ក៏​ប្រកាស​គាំទ្រ​ការចង់ឃើញ​អាមេរិក​លើកកម្ពស់​ទំនាក់ទំនង​អាស៊ាន-សហរដ្ឋអាមេរិក ឱ្យក្លាយជា​ទំនាក់ទំនង​ភាពជាដៃគូ​គ្រប់ជ្រុងជ្រោយ ដូចដែល​អាស៊ាន​កំពុង​មាន​ជាមួយ​ប្រទេស​ចិនដែរ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជាលោក ជុំ សុន្ទរី បញ្ជាក់​ប្រាប់ វិទ្យុអាស៊ីសេរី តាម​បណ្តាញ​សង្គម​តេឡេក្រាម (Telegram) នៅថ្ងៃទី១៩ ខែមេសា ថា កម្ពុជា​បាន​បញ្ជាក់​ជំហរ​ច្បាស់លាស់​ជាច្រើនដង​រួចមកហើយ​ថា កម្ពុជា​គាំទ្រ​កិច្ចពិគ្រោះយោបល់​ប្រកបដោយ​ការស្ថាបនា​របស់​សហរដ្ឋអាមេរិក​នៅក្នុង​តំបន់ ជាពិសេស​នៅក្នុង​សមាគម​អាស៊ាន។ លោកបន្តថា ការគាំទ្រ​នេះ ក៏រាប់បញ្ចូលទាំង​ការលើកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ គឺ​កម្ពុជា និង​សហរដ្ឋអាមេរិក ផងដែរ។ ក្នុងន័យនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា គូសបញ្ជាក់ថា កម្ពុជា​គាំទ្រ «ជាគោលការណ៍» ការលើកកម្ពស់​ទំនាក់ទំនង​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក​ឱ្យក្លាយជា​ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ ដែល​ក្រុមប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត​កំពុង​ពិចារណា។

បច្ចុប្បន្ន ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​តំបន់អាស៊ាន គឺជា​ទំនាក់ទំនង​ត្រឹមតែជា «ដៃគូ​សន្ទនា»។ ទំនាក់ទំនង​នេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ១៩៧៧ មក។ ទំនាក់ទំនង​ភាពជាដៃគូ​នេះ ផ្តោតលើ​វិស័យចម្បងៗ​ចំនួន៥ រួមមាន៖ ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ​លម្ហ​សមុទ្រ អនាគត​មេដឹកនាំ ឱកាស​សម្រាប់​ស្ត្រី និង​បញ្ហាប្រឈម​ឆ្លងដែន។

ក្រុមអ្នកជំនាញ​កិច្ចការអន្តរជាតិ រំពឹងថា ការលើកកម្ពស់​ទំនាក់ទំនង​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក ឱ្យក្លាយ​ទៅជា​ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​នេះ នឹងក្លាយជា​លទ្ធផល​ផ្លែផ្កា​មួយ​ក្រោយ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក ដែលនឹង​ប្រព្រឹត្តទៅ​នៅថ្ងៃទី១២ និង១៣ ខែឧសភា ខាងមុខ​នេះ នៅរដ្ឋធានីវ៉ាស៊ីនតុន។ កិច្ចប្រជុំ​កំពូលពិសេស​នេះ ក៏ធ្វើឡើង​ដើម្បី​អបអរ​សាទរ​ដល់​ទំនាក់ទំនង​អាស៊ាន និង​សហរដ្ឋអាមេរិក ដែល​មាន​រយៈពេល ៤៥ឆ្នាំ មកហើយ។

ការប្រជែងឥទ្ធិពល​គ្នា​រវាង​មហាអំណាច​សហរដ្ឋអាមេរិក និង​ចិន កំពុង​ក្លាយជា​បញ្ហាប្រឈម​កាន់តែខ្លាំងមួយ​សម្រាប់តំបន់​អាស៊ីអាគ្នេយ៍ ឬអាស៊ាន​ដែល​ព្យាយាម​បង្ហាញ​ជំហរ​តុល្យភាព​ចំពោះ​មហាអំណាច​ទាំងពីរ។ កាលពីឆ្នាំ២០២១ ប្រទេសចិន និង​អូស្ត្រាលី បាន​បង្កើន​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ឱ្យ​ក្លាយជា​ទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ។ ក្រៅពី​ចិន អាមេរិក និង​អូស្ត្រាលី អាស៊ាន​ក៏មាន​ទំនាក់ទំនង​ដៃគូ​សន្ទនា​ជាមួយ​ប្រទេសដទៃទៀត ដូចជា រុស្ស៊ី (Russia) ជប៉ុន (Japan) កូរ៉េខាងត្បូង (South Korea) កាណាដា (Canada) ឥណ្ឌា (India) ណូវែលហ្សេឡង់ (New Zealand) អង់គ្លេស (UK) និង​សហភាពអឺរ៉ុប (EU) ជាដើម។

អ្នកនាំពាក្យ​សេតវិមាន​ប្រធានាធិបតី​អាមេរិក អ្នកស្រី ជែន សាគី (Jen Psaki) ឱ្យដឹង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី១៦ ខែមេសា ថា កិច្ចប្រជុំកំពូល​ពិសេស​នេះ​នឹង​បង្ហាញ​ឱ្យ​ឃើញ​ពីការប្តេជ្ញាចិត្ត​ដ៏យូរអង្វែង​របស់​សហរដ្ឋអាមេរិក​ចំពោះ​តំបន់អាស៊ាន។ អ្នកស្រីថា រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បៃឌិន ដាក់ចេញ​នូវ​អាទិភាពកំពូល​ធ្វើជា​ដៃគូរ​ដ៏រឹងមាំ និង​គួរឱ្យទុកចិត្ត​នៅ​តំបន់អាស៊ីអាគ្នេយ៍។ អ្នកនាំពាក្យ​សេតវិមាន​ប្រធានាធិបតី​អាមេរិក រូបនេះ សង្កត់ធ្ងន់ថា បំណងប្រាថ្នា​រួមគ្នា​របស់​សហរដ្ឋអាមេរិក​គឺចង់​ឱ្យមាន​នូវ​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយ​ដែល​សេរី បើកចំហរ មាន​សន្តិសុខ ការតភ្ជាប់ និង​ភាពធន់។ កិច្ចប្រជុំកំពូល​ពិសេស​នេះ នឹង​ធ្វើឡើង​ដោយផ្អែកលើ​ការចូលរួម​របស់​ប្រធានាធិបតី​អាមេរិក​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​កាលពី​ខែតុលា ឆ្នាំកន្លងទៅ ដែល​នៅពេលនោះ​ប្រធានាធិបតី​អាមេរិក​បាន​ប្រកាស​​ផ្តល់​ថវិកាជាង ១០០លាន​ដុល្លារ (១០២ លានដុល្លារ) ទៅដល់​តំបន់អាស៊ាន។

លោក ឯម សុវណ្ណារ៉ា មើលឃើញ​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នេះ គឺជាឱកាស​ដែល​ក្រុមប្រទេស​អាស៊ាន​បង្ហាញ​ពី​គោលនយោបាយ​ការបរទេស​របស់​ខ្លួន​ឱ្យបាន​ច្បាស់លាស់​ជាមួយ​សហរដ្ឋអាមេរិក ស្របពេល​ដែល​ប្រទេសមួយ​ចំនួន​ដូចជា​កម្ពុជា និង​ឡាវ​នៅមាន​ជំហរ​ទោទន់​ទៅរក​ប្រទេសចិន​នៅឡើយនោះ៖ «ជាការឆ្លុះបញ្ចាំង​មួយ​ថា ថ្នាក់ដឹកនាំ​រវាង​អាមេរិក ហើយនឹង​ប្លុកអាស៊ាន​អាចមាន​សញ្ញាណ​ជជែកគ្នា​លើ​បញ្ហាមួយចំនួន​ដែល​មានមន្ទិល​សង្ស័យ​ពីមុនមក។ គឺអាច​ជជែកគ្នា​ឱ្យបាន​ច្បាស់ ហើយក៏ជា​ពេលវេលាមួយ​ដែលប្លុក​អាស៊ាន​ត្រូវបង្ហាញ​អំពីគោលនយោបាយ​ការបរទេស​របស់​ខ្លួន​កាន់តែ​ច្បាស់ដែរ កុំឱ្យ​នៅតែមាន​មន្ទិល​សង្ស័យ។ យើងមើល​ចរន្ត​បច្ចុប្បន្ននេះ ប្រទេសដែល​មានមន្ទិលសង្ស័យ​សម្រាប់​ប្រទេស​លោកខាងលិច​ដូចសហរដ្ឋអាមេរិក មាន​កម្ពុជា មាន​ឡាវ​អីហ្នុង គឺហាក់បីដូចជា​នៅមាន​ទំនោរ​មកខាងចិន។ រីឯ ប្រទេសប៉ុន្មានទៀត ដូចជាថៃ គេទៅ​សហរដ្ឋអាមេរិក​ហើយ ម៉ាឡេស៊ី​អីជាដើម។ ក៏ប៉ុន្តែ បណ្ដា​ប្រទេស​ដូចជា​សិង្ហបុរី និង​ប្រទេសមួយ​ចំនួន ហាក់ដូចជា​នៅកណ្តាល​ដើម្បី​កេងយក​អត្ថប្រយោជន៍»

ទោះយ៉ាងណា អ្នកជំនាញ​កិច្ចការអន្តរជាតិ​មួយរូបទៀត គឺបណ្ឌិត អៀ សុផល មិនសូវ​មាន​សុទិដ្ឋិនិយម​ខ្លាំង​ពី​ផ្លែផ្កា​ដែល​នឹង​កើតចេញមក​ពី​កិច្ចប្រជុំ​កំពូលពិសេស​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក​នាពេល​ខាងមុខនេះទេ។ លោកថា នេះគឺដោយសារ​សហរដ្ឋអាមេរិក​កំពុងតែ​ធ្វើការ​ជាមួយ​ក្រុមមេដឹកនាំ​អាស៊ាន​ដែល​មិនសូវ​ចុះសម្រុងគ្នា ខណៈ​អាស៊ាន​ធ្លាប់បង្ហាញ​ឱ្យឃើញ​ពីភាពប្រេះឆា​គ្នាលើ​បញ្ហា​មួយចំនួន​ផង។ លោកបន្តកថា អាស៊ាន​ផ្តោតខ្លាំង​លើទំនាក់ទំនង​ពាណិជ្ជកម្ម ខណៈ​ព្យាយាម​មិននិយាយ​ចំៗ​ក្នុងរឿង​ដោះស្រាយ​ជម្លោះ​នៅសមុទ្រចិន​ខាងត្បូង។ ទន្ទឹមនឹងនេះ អាស៊ាន​ក៏មិនចាប់អារម្មណ៍​នឹងរឿង​សង្រ្គាម​ឈ្លានពាន​នៅ​អ៊ុយក្រែន​ខ្លាំង​ដូចដែល​សហរដ្ឋអាមេរិក​ចង់ឃើញ​នោះទេ។ លោកថា កិច្ចប្រជុំ​កំពូលនេះ នឹង​គ្មាន​លទ្ធផល​ផ្លែផ្កា​ជាដុំកំភួន​នោះទេ។

ទោះយ៉ាងណា អ្នកជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល យល់ថា នេះគឺជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុងការ​ស្តារឡើងវិញ​នូវទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក។ លោកចង់ឃើញ​កម្ពុជា​ដោះលែង​អ្នកទោសនយោបាយ បញ្ឈប់​ការចាប់ចង​ពលរដ្ឋ​ដែល​មិនបាន​ប្រព្រឹត្តខុស ទម្លាក់ចោល និង​បញ្ចប់​ដំណើរការ​កាត់ក្តីក្តាំ​ប្រឆាំងនឹង​​មេបក្ស​ប្រឆាំង​លោក កឹម សុខា បញ្ឈប់​ដំណើរការ​ក្តីក្តាំ​ប្រឆាំងនឹង​សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី ព្រមទាំង​ក្រុមកូដករ​កាស៊ីណូណាហ្គាវើល (NagaWorld) ជាដើម។ លោកបន្តថា ប្រសិនបើ​កម្ពុជា​ចាប់អារម្មណ៍​ចង់បាន​ផ្លែផ្កា​ជាដុំកំភួន​ពី​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ នោះ​កិច្ចប្រជុំកំពូល​ពិសេស​នេះ គឺជា​ឱកាស​សម្រាប់​កម្ពុជា​ធ្វើឱ្យ​ពិភពលោក​ទាំងមូល​មើលឃើញ​ពី​ការប្តេជ្ញាចិត្ត​ជាថ្មី​របស់​ខ្លួន​ក្នុងការ​ងាកមក​គោរព​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរីភាព​ឡើងវិញ។ លោកថា នៅមិនទាន់​ហួសពេល​នៅឡើយទេ​សម្រាប់​កម្ពុជា​ក្នុងការធ្វើដូច្នេះ ដែល​ខុសពី​នៅប្រទេសចិន និងរុស្ស៊ី​ដែល​ហាក់បាន​ហួសពេលទៅហើយ​ដោយសារតែ​ប្រទេសទាំងពីរនេះ​គឺជាប្រទេស​ផ្តាច់ការ​ទាំងស្រុងនោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល