ក្រុមអ្នកជំនាញកិច្ចការអន្តរជាតិ មើលឃើញថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក (ASEAN-US Special Summit) គឺជាឱកាសឱ្យកម្ពុជាធានានូវ «តុល្យភាព» នៃនយោបាយការបរទេសប្រសើរជាងមុនរវាងក្រុងវ៉ាស៊ីនតុន (Washington) និងក្រុងប៉េកាំង (Beijing)។ ការវាយតម្លៃនេះ កើតមានឡើងស្របពេលដែលក្រុមមេដឹកនាំអាស៊ាន និងអាមេរិក គ្រោងនឹងជួបប្រជុំគ្នាផ្ទាល់មុខនៅរដ្ឋធានីវ៉ាស៊ីនតុន (Washington) សហរដ្ឋអាមេរិក នាពាក់កណ្តាលខែឧសភាខាងមុខនេះ នៅឯកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។
កិច្ចប្រជុំកំពូលពិសេសអាស៊ាន- អាមេរិកលើកទីពីរ ដែលគ្រោងនឹងធ្វើនៅចំកណ្តាលបេះដូងសហរដ្ឋអាមេរិក គឺនៅសេតវិមានប្រធានាធិបតី ក្នុងរដ្ឋធានីវ៉ាស៊ីននៅថ្ងៃទី១២ និង១៣ ខែឧសភាខាងមុខនេះ ត្រូវបានក្រុមអ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា ជាឱកាសសម្រាប់កម្ពុជា។ ឱកាសគឺនៅត្រង់ថា កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ត្រូវធ្វើយ៉ាងណាបង្ហាញជំហរឱ្យសហរដ្ឋអាមេរិក និងក្រុមប្រទេសលោកខាងលិចមើលឃើញថា ខ្លួនពិតជាប្រកាន់ខ្ជាប់នូវតុល្យភាពនៃគោលនយោបាយការបរទេសដឹកនាំអាស៊ានដោយមិនផ្អៀងខ្លាំងទៅរកប្រទេសចិនកុម្មុយនិស្តនោះទេ។
សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យមួយ (Naresuan University) នៃប្រទេសថៃ បណ្ឌិត ប៉ូល ឆែមប៊័រ (Paul Chambers) ពន្យល់ប្រាប់វិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិក នៅថ្ងៃទី១៩ ខែមេសា ថា កម្ពុជាឥឡូវនេះមានឱកាសបោះដៃទៅសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងបញ្ហាក្នុងវិស័យជាច្រើន ហើយនឹងធ្វើឱ្យមានតុល្យភាពកាន់តែច្រើនជាងមុនក្នុងទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតុន និងក្រុងប៉េកាំង។ លោកថា កម្ពុជាអាចធ្វើដូច្នេះបាន ដរាបណាកម្ពុជាមិនចង់រក្សាការពឹងផ្អែកចិនខ្លាំងពេកដូចពេលបច្ចុប្បន្ននេះ។
ទោះយ៉ាងណា អ្នកជំនាញរូបនេះមើលឃើញថា ប្រទេសចិនក៏មិននៅស្ងៀមដែរ។ លោកថា ប្រទេសចិននឹងបន្តអូសទាញកម្ពុជាតាមរយៈការផ្តល់ជំនួយ ការធ្វើពាណិជ្ជកម្ម និងការផ្សាភ្ជាប់ទំនាក់ទំនងយោធាកាន់តែច្រើនជាងមុន។ លោកព្រមានថា កម្ពុជាចាំបាច់ត្រូវតែប្រយ័ត្នប្រយែងមិនត្រូវធ្លាក់ចូលក្នុងអន្ទាក់បំណុលរបស់ចិននោះទេ។ បណ្ឌិត ប៉ូល ឆែមប៊័រ ពន្យល់ថា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃឌិន (Joe Biden) នឹងព្យាយាមបង្ហាញដល់តំបន់អាស៊ានថា ខ្លួនគឺជាដៃគូសន្ទនាដ៏សំខាន់ដល់ក្រុមប្រទេសសមាជិកអាស៊ាន ជាពិសេសការផ្សាភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែធំជាងមុន។ លោកថា ក្រុងវ៉ាស៊ីនតុនក៏ព្យាយាមជំរុញឱ្យមានទំនាក់ទំនងផ្នែកយោធាកាន់តែខ្លាំងជាងមុនជាមួយតំបន់អាស៊ានពាក់ព័ន្ធនឹងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលសេរី និងបើកចំហរដែលមានគោលដៅប្រឆាំងនឹងឥទ្ធិពលរបស់ចិន។ ក្រៅពីនោះ លោកថា ក្រុងវ៉ាស៊ីនតុន ក៏នឹងព្យាយាមបញ្ចុះបញ្ចូលអាស៊ានឱ្យប្រឆាំងនឹងទង្វើរបស់ប្រទេសរុស្ស៊ី (Russia) ពាក់ព័ន្ធនឹងសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន (Ukraine)។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិមួយរូបទៀត គឺលោក ឯម សុវណ្ណារ៉ា ក៏មើលឃើញថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនាពេលខាងមុខនេះ គឺជាឱកាសសម្រាប់កម្ពុជាដែរ។ លោកថា កិច្ចប្រជុំកំពូលពិសេសនេះ គឺជាឱកាសសម្រាប់ឱ្យកម្ពុជាលាងជម្រះនូវភាពមន្ទិលសង្ស័យទាំងឡាយ ក្នុងទំនាក់ទំនងទ្វេភាគី និងក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២នេះ៖ « ខ្ញុំគិតថាកម្ពុជានឹងលើកយកបញ្ហាមួយចំនួនដែលមានមន្ទិលសង្ស័យពាក់ព័ន្ធនឹងវត្តមានយោធាចិននៅកម្ពុជាជាដើម មកជជែកគ្នា និងកសាងដោះស្រាយជំនឿទុកចិត្តគ្នាឱ្យជឿជាក់គ្នាតាមកិច្ចសហប្រតិបត្តិការត្រង់ទៅត្រង់មក។ បើយើងនិយាយទៅគឺឱ្យបានតម្លាភាព មិនបន្សល់នូវភាពសង្ស័យទេ ដែលវាអាចនាំឱ្យមានភាពអវិជ្ជមានដល់នយោបាយការបរទេសកម្ពុជា។ ចំណុចមួយទៀត ខ្ញុំគិតថាកង្វល់ដែលសហគមន៍អន្តរជាតិ និងសហរដ្ឋអាមេរិកលើកឡើងក៏បញ្ហាសំខាន់រឿងសិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ាន ក្នុងនោះរួមមានដំណោះស្រាយបញ្ហានៅកម្ពុជា បញ្ហាសន្តិសុខនៅក្នុងប្រទេសភូមា នៅក្នុងសមុទ្រចិនខាងត្បូង នឹងលើកយកមកជជែក ហើយធ្វើម៉េចដើម្បីជំរុញឱ្យបណ្តារដ្ឋដែលមានបញ្ហាដូចជានៅក្នុងសមុទ្រចិនខាងត្បូង បញ្ហាសិទ្ធិមនុស្សទាំងនេះ ឈរលើគោលការណ៍ច្បាប់ដែលបណ្តារដ្ឋមួយចំនួនរួមទាំងកម្ពុជា ដែលគាំទ្រលើស្មារតីអង្គការសហប្រជាជាតិ »។
លោក ឯម សុវណ្ណារ៉ា បន្តថា ទាំងកម្ពុជា និងអាស៊ានមើលឃើញពីតម្លៃនៃការទាញយកផលប្រយោជន៍ពីទំនាក់ទំនងពាណិជ្ជកម្ម និងការទូតជាមួយសហរដ្ឋអាមេរិកឱ្យបានប្រសើរបន្ថែមទៀត៖ « ខ្ញុំគិតថាកម្ពុជាមើលឃើញតម្លៃផ្លាស់ប្តូរពាណិជ្ជកម្មជាមួយនឹងអាមេរិកច្រើន។ អាស៊ានក៏មានទំហំផ្លាស់ប្តូរពាណិជ្ជកម្មជាមួយអាមេរិកច្រើនដែរ។ រីឯ អត្ថប្រយោជន៍ទំនាក់ទំនងនយោបាយការទូតក៏មានការគាំទ្រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកប្រសិនបើអាមេរិកគាំទ្រ។ ដូច្នេះ ប្រទេសកម្ពុជា រួមទាំងប្រទេសអាស៊ាន មិនត្រូវឈរជំហរណាមួយដែលធ្វើឱ្យអាមេរិកថ្នាំងថ្នាក់ដូចពីមុនឆ្នាំ២០២២ទៀតទេ។ ឧទាហរណ៍ដូចកាលពីកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០១២ កម្ពុជាត្រូវបានបណ្តាប្រទេសលោកខាងលិច រិះគន់ច្រើន រួមទាំងសមាជិកអាស៊ានដែលមានជម្លោះជាមួយចិនជាដើម »។
នៅមុនកិច្ចប្រជុំកំពូលពិសេសជាមួយអាមេរិកនេះ កម្ពុជាហាក់បង្ហាញជំហរផ្គាប់ចិត្តក្រុមប្រទេសលោកខាងលិចជាពិសេសសហរដ្ឋអាមេរិក។ ក្នុងនោះ កម្ពុជាបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ថ្កោលទោស និងទាមទារឱ្យប្រទេសរុស្ស៊ីបញ្ឈប់សង្គ្រាមឈ្លានពាននៅក្នុងប្រទេសអ៊ុយក្រែន។ ចុងក្រោយនេះ កម្ពុជាក៏ប្រកាសគាំទ្រការចង់ឃើញអាមេរិកលើកកម្ពស់ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ឱ្យក្លាយជាទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដូចដែលអាស៊ានកំពុងមានជាមួយប្រទេសចិនដែរ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី បញ្ជាក់ប្រាប់ វិទ្យុអាស៊ីសេរី តាមបណ្តាញសង្គមតេឡេក្រាម (Telegram) នៅថ្ងៃទី១៩ ខែមេសា ថា កម្ពុជាបានបញ្ជាក់ជំហរច្បាស់លាស់ជាច្រើនដងរួចមកហើយថា កម្ពុជាគាំទ្រកិច្ចពិគ្រោះយោបល់ប្រកបដោយការស្ថាបនារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ជាពិសេសនៅក្នុងសមាគមអាស៊ាន។ លោកបន្តថា ការគាំទ្រនេះ ក៏រាប់បញ្ចូលទាំងការលើកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ គឺកម្ពុជា និងសហរដ្ឋអាមេរិក ផងដែរ។ ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា គូសបញ្ជាក់ថា កម្ពុជាគាំទ្រ «ជាគោលការណ៍» ការលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិកឱ្យក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលក្រុមប្រទេសសមាជិកអាស៊ានដទៃទៀតកំពុងពិចារណា។
បច្ចុប្បន្ន ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតំបន់អាស៊ាន គឺជាទំនាក់ទំនងត្រឹមតែជា «ដៃគូសន្ទនា»។ ទំនាក់ទំនងនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៧ មក។ ទំនាក់ទំនងភាពជាដៃគូនេះ ផ្តោតលើវិស័យចម្បងៗចំនួន៥ រួមមាន៖ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការលម្ហសមុទ្រ អនាគតមេដឹកនាំ ឱកាសសម្រាប់ស្ត្រី និងបញ្ហាប្រឈមឆ្លងដែន។
ក្រុមអ្នកជំនាញកិច្ចការអន្តរជាតិ រំពឹងថា ការលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ឱ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ នឹងក្លាយជាលទ្ធផលផ្លែផ្កាមួយក្រោយកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ និង១៣ ខែឧសភា ខាងមុខនេះ នៅរដ្ឋធានីវ៉ាស៊ីនតុន។ កិច្ចប្រជុំកំពូលពិសេសនេះ ក៏ធ្វើឡើងដើម្បីអបអរសាទរដល់ទំនាក់ទំនងអាស៊ាន និងសហរដ្ឋអាមេរិក ដែលមានរយៈពេល ៤៥ឆ្នាំ មកហើយ។
ការប្រជែងឥទ្ធិពលគ្នារវាងមហាអំណាចសហរដ្ឋអាមេរិក និងចិន កំពុងក្លាយជាបញ្ហាប្រឈមកាន់តែខ្លាំងមួយសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ានដែលព្យាយាមបង្ហាញជំហរតុល្យភាពចំពោះមហាអំណាចទាំងពីរ។ កាលពីឆ្នាំ២០២១ ប្រទេសចិន និងអូស្ត្រាលី បានបង្កើនទំនាក់ទំនងជាមួយអាស៊ានឱ្យក្លាយជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្រៅពីចិន អាមេរិក និងអូស្ត្រាលី អាស៊ានក៏មានទំនាក់ទំនងដៃគូសន្ទនាជាមួយប្រទេសដទៃទៀត ដូចជា រុស្ស៊ី (Russia) ជប៉ុន (Japan) កូរ៉េខាងត្បូង (South Korea) កាណាដា (Canada) ឥណ្ឌា (India) ណូវែលហ្សេឡង់ (New Zealand) អង់គ្លេស (UK) និងសហភាពអឺរ៉ុប (EU) ជាដើម។
អ្នកនាំពាក្យសេតវិមានប្រធានាធិបតីអាមេរិក អ្នកស្រី ជែន សាគី (Jen Psaki) ឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៦ ខែមេសា ថា កិច្ចប្រជុំកំពូលពិសេសនេះនឹងបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ាន។ អ្នកស្រីថា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃឌិន ដាក់ចេញនូវអាទិភាពកំពូលធ្វើជាដៃគូរដ៏រឹងមាំ និងគួរឱ្យទុកចិត្តនៅតំបន់អាស៊ីអាគ្នេយ៍។ អ្នកនាំពាក្យសេតវិមានប្រធានាធិបតីអាមេរិក រូបនេះ សង្កត់ធ្ងន់ថា បំណងប្រាថ្នារួមគ្នារបស់សហរដ្ឋអាមេរិកគឺចង់ឱ្យមាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយដែលសេរី បើកចំហរ មានសន្តិសុខ ការតភ្ជាប់ និងភាពធន់។ កិច្ចប្រជុំកំពូលពិសេសនេះ នឹងធ្វើឡើងដោយផ្អែកលើការចូលរួមរបស់ប្រធានាធិបតីអាមេរិកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកកាលពីខែតុលា ឆ្នាំកន្លងទៅ ដែលនៅពេលនោះប្រធានាធិបតីអាមេរិកបានប្រកាសផ្តល់ថវិកាជាង ១០០លានដុល្លារ (១០២ លានដុល្លារ) ទៅដល់តំបន់អាស៊ាន។
លោក ឯម សុវណ្ណារ៉ា មើលឃើញថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនេះ គឺជាឱកាសដែលក្រុមប្រទេសអាស៊ានបង្ហាញពីគោលនយោបាយការបរទេសរបស់ខ្លួនឱ្យបានច្បាស់លាស់ជាមួយសហរដ្ឋអាមេរិក ស្របពេលដែលប្រទេសមួយចំនួនដូចជាកម្ពុជា និងឡាវនៅមានជំហរទោទន់ទៅរកប្រទេសចិននៅឡើយនោះ៖ « ជាការឆ្លុះបញ្ចាំងមួយថា ថ្នាក់ដឹកនាំរវាងអាមេរិក ហើយនឹងប្លុកអាស៊ានអាចមានសញ្ញាណជជែកគ្នាលើបញ្ហាមួយចំនួនដែលមានមន្ទិលសង្ស័យពីមុនមក។ គឺអាចជជែកគ្នាឱ្យបានច្បាស់ ហើយក៏ជាពេលវេលាមួយដែលប្លុកអាស៊ានត្រូវបង្ហាញអំពីគោលនយោបាយការបរទេសរបស់ខ្លួនកាន់តែច្បាស់ដែរ កុំឱ្យនៅតែមានមន្ទិលសង្ស័យ។ យើងមើលចរន្តបច្ចុប្បន្ននេះ ប្រទេសដែលមានមន្ទិលសង្ស័យសម្រាប់ប្រទេសលោកខាងលិចដូចសហរដ្ឋអាមេរិក មានកម្ពុជា មានឡាវអីហ្នុង គឺហាក់បីដូចជានៅមានទំនោរមកខាងចិន។ រីឯ ប្រទេសប៉ុន្មានទៀត ដូចជាថៃ គេទៅសហរដ្ឋអាមេរិកហើយ ម៉ាឡេស៊ីអីជាដើម។ ក៏ប៉ុន្តែ បណ្ដាប្រទេសដូចជាសិង្ហបុរី និងប្រទេសមួយចំនួន ហាក់ដូចជានៅកណ្តាលដើម្បីកេងយកអត្ថប្រយោជន៍ »។
ទោះយ៉ាងណា អ្នកជំនាញកិច្ចការអន្តរជាតិមួយរូបទៀត គឺបណ្ឌិត អៀ សុផល មិនសូវមានសុទិដ្ឋិនិយមខ្លាំងពីផ្លែផ្កាដែលនឹងកើតចេញមកពីកិច្ចប្រជុំកំពូលពិសេសរវាងអាស៊ាន និងសហរដ្ឋអាមេរិកនាពេលខាងមុខនេះទេ។ លោកថា នេះគឺដោយសារសហរដ្ឋអាមេរិកកំពុងតែធ្វើការជាមួយក្រុមមេដឹកនាំអាស៊ានដែលមិនសូវចុះសម្រុងគ្នា ខណៈអាស៊ានធ្លាប់បង្ហាញឱ្យឃើញពីភាពប្រេះឆាគ្នាលើបញ្ហាមួយចំនួនផង។ លោកបន្តកថា អាស៊ានផ្តោតខ្លាំងលើទំនាក់ទំនងពាណិជ្ជកម្ម ខណៈព្យាយាមមិននិយាយចំៗក្នុងរឿងដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង។ ទន្ទឹមនឹងនេះ អាស៊ានក៏មិនចាប់អារម្មណ៍នឹងរឿងសង្រ្គាមឈ្លានពាននៅអ៊ុយក្រែនខ្លាំងដូចដែលសហរដ្ឋអាមេរិកចង់ឃើញនោះទេ។ លោកថា កិច្ចប្រជុំកំពូលនេះ នឹងគ្មានលទ្ធផលផ្លែផ្កាជាដុំកំភួននោះទេ។
ទោះយ៉ាងណា អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល យល់ថា នេះគឺជាឱកាសសម្រាប់កម្ពុជាក្នុងការស្តារឡើងវិញនូវទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ លោកចង់ឃើញកម្ពុជាដោះលែងអ្នកទោសនយោបាយ បញ្ឈប់ការចាប់ចងពលរដ្ឋដែលមិនបានប្រព្រឹត្តខុស ទម្លាក់ចោល និងបញ្ចប់ដំណើរការកាត់ក្តីក្តាំប្រឆាំងនឹងមេបក្សប្រឆាំងលោក កឹម សុខា បញ្ឈប់ដំណើរការក្តីក្តាំប្រឆាំងនឹងសកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី ព្រមទាំងក្រុមកូដករកាស៊ីណូណាហ្គាវើល (NagaWorld) ជាដើម។ លោកបន្តថា ប្រសិនបើកម្ពុជាចាប់អារម្មណ៍ចង់បានផ្លែផ្កាជាដុំកំភួនពីកិច្ចប្រជុំកំពូលពិសេសនេះ នោះកិច្ចប្រជុំកំពូលពិសេសនេះ គឺជាឱកាសសម្រាប់កម្ពុជាធ្វើឱ្យពិភពលោកទាំងមូលមើលឃើញពីការប្តេជ្ញាចិត្តជាថ្មីរបស់ខ្លួនក្នុងការងាកមកគោរពលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពឡើងវិញ។ លោកថា នៅមិនទាន់ហួសពេលនៅឡើយទេសម្រាប់កម្ពុជាក្នុងការធ្វើដូច្នេះ ដែលខុសពីនៅប្រទេសចិន និងរុស្ស៊ីដែលហាក់បានហួសពេលទៅហើយដោយសារតែប្រទេសទាំងពីរនេះគឺជាប្រទេសផ្តាច់ការទាំងស្រុងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។