អ្នក​ជំនាញ​ថា កម្ពុជា​មាន​ប្រៀប​ឈ្នះ បើ​ប្ដឹង​ករណី​កោះ​គជ់​ទៅ​តុលាការ​អន្តរជាតិ

0:00 / 0:00

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​វាយតម្លៃ​ថា កម្ពុជា​អាច​មាន​ប្រៀប​ ឬក៏​ឈ្នះ​ក្ដី​លើ​ប្រទេស​ថៃ​តែម្ដង ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​ប្ដឹង​ករណី​កោះ​គជ់ (កោះគុត) ទៅ​តុលាការ​អន្តរជាតិ។ ពួកគេ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​បញ្ហា​នេះ​ឱ្យ​បាន​ហ្មត់ចត់ ព្រោះ​ជា​រឿង​បូរណភាព​ទឹកដី​ជាតិ។

អ្នកជំនាញ​លើកឡើង​ថា ការ​ប្ដឹង​ករណី​វិវាទ​កោះ​គជ់​ទៅ​តុលាការ​អន្តរជាតិ ជា​មធ្យោបាយ​មាន​ប្រសិទ្ធភាព និង​ជា​ការ​ពន្លត់​ភ្លើង​ទំនាស់​រវាង​កម្ពុជា និង​ថៃ ជាពិសេស កម្ពុជា​មាន​ប្រៀប​ជាង​ភាគី​ថៃ​លើ​ផ្នែក​យុត្តិធម៌​អន្តរជាតិ។

អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី មាន​ប្រសាសន៍​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​យប់​ថ្ងៃ​ទី២២ វិច្ឆិកា​ថា ការ​ប្ដឹង​ករណី​កោះ​គជ់​ទៅ​តុលាការ​អន្តរជាតិ អាច​បង្ការ​កុំ​ឱ្យ​មាន​ទំនាស់​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ ហើយ​ក៏​អាច​ជួយ​ឱ្យ​ពលរដ្ឋ​មាន​ទំនុកចិត្ត​លើ​រដ្ឋាភិបាល​ដែរ។

លោក សេង វណ្ណលី៖«យើង​មាន​ប្រៀប!យ៉ាងហោចណាស់ យើង​មិន​ទៅ​ចំណាយ​លុយ​ឥតប្រយោជន៍​ដើម្បី​វាយប្រហារ ប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​ប្រដាប់​អាវុធ ហើយ​បង្ក​ភាព​ស្អប់ខ្ពើម​ជាតិសាសន៍។ ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ប្រដាប់​អាវុធ​នេះ វា​អត់​មាន​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រទេស​ជិតខាង ហើយ​ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ល្អ ហើយ​ក៏​ជា​សមាជិក​អាស៊ាន ខ្ញុំ​គិត​ថា ការ​ប្រើប្រាស់​យន្តការ​យុត្តាធិការ​អន្តរជាតិ​នេះ វា​នឹង​ជួយ​សម្រួល​យ៉ាងច្រើន​ដល់​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស»។

ការ​លើកឡើង​របស់​អ្នក​ជំនាញ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​ចេញ​សារ​ព្រមៗ គ្នា អំពី​បញ្ហា​កោះ​គជ់ កាល​ពី​ថ្ងៃ​ទី២១ វិច្ឆិកា។

លោក ហ៊ុន ម៉ាណែត ជា​កូន បាន​និយាយ​ថា ភាព​ស្ងប់ស្ងាត់​របស់​រដ្ឋាភិបាល​លើ​បញ្ហា​កោះ​គជ់​នេះ គឺ​ដោយសារ​ភាព​ចាស់ទុំ​ផ្នែក​នយោបាយ​របស់​កម្ពុជា។

លោក ហ៊ុន ម៉ាណែត៖«បើ​មិន​ទាន់​មាន​ការ​ឯកភាព​ថា តើ​បាត់​ស្អី?ចេះ​តែ​ថា ក្បត់​ជាតិ បាត់​កោះ!បាត់​ស្អី បើ​មិន​មាន​ការ​ឯកភាព​ផង​ហ្នឹង ហើយ​ឱ្យ​ទៅ​ប្ដឹង​ទៅICJ (តុលាការ​យុត្តិធម៌​អន្តរជាតិ)បើ​យើង​មិន​ទាន់​មាន​ការ​ឯកភាព​ស្អី​ផង​ហ្នឹង។ ប្ដឹង​ស្អី?គេ​សួរ​ប្ដឹង​រឿង​អ្វី?ហើយ​ឱ្យ​រដ្ឋាភិបាល​កុំ​នៅ​ស្ងៀម ឱ្យ​រដ្ឋាភិបាល​លើក​ទៅ​ពន្យល់ICJស្អី។ វា​អត់​មាន​រឿង រឿង​ផ្ទះ​គេ​សោះ ឯង​ចង់​យក​មក​ដុត​នៅ​ក្នុង»។

រីឯ​លោក ហ៊ុន សែន ដែល​ជា​ឪពុក​វិញ លោក​ហាក់​ដូចជា​ខឹង​សម្បារ​នឹង​ពលរដ្ឋ ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កូន​ប្រុស​របស់​លោក ប្ដឹង​ករណី​នេះ​ទៅ​តុលាការ​អន្តរជាតិ។ ជំនួស​ឱ្យ​ការ​បញ្ជាក់​ជំហរ​ទាមទារ​កោះ​គជ់ និង​ដែន​សមុទ្រ​ខ្មែរ​មក​វិញ​នោះ លោក ហ៊ុន សែន បែរ​ជា​ចង់​ឆក់​យក​ឱកាស​នេះ ធ្វើ​ច្បាប់​ចាប់​ពលរដ្ឋ​ដាក់​គុក​ទៅ​វិញ។

លោក ហ៊ុន សែន៖«ដំបៅ​មិន​ឈឺ យក​ឈឺ​ចាក់!រឿង​គេ​កំពុង​ជជែក​គ្នា ឯ​យើង​មក​រុញ តើ​នេះ​ជា​អ្វី​ទៅ ជា​អំពើ​អ្វី?ដែល​ម្ដង​ហើយ​ម្ដង​ទៀត រុញ​ឱ្យ​ប្រជាជន​មិន​បាន​ទទួល​សេចក្ដី​សុខ តាមរយៈ​ការ​បង្កើត​ចលនា​ប្រឆាំង។ តើ​ដល់​ពេលវេលា​ដែល​រដ្ឋាភិបាល ឬក៏​អ្នក​តាក់តែង​ច្បាប់ ដើម្បី​រៀបចំ​ច្បាប់​ដាក់​ក្រុម​នេះ​ទៅ​ជា​ក្រុម​ភេរវកម្ម​ហើយ ឬនៅ?»

ការ​បកស្រាយ​របស់​មេដឹកនាំ​នៃ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​រឿង​កោះ​គជ់​នេះ មាន​លក្ខណៈ​ទន់ជ្រាយ និង​មិន​ប្រាកដប្រជា ខុស​ពី​មេដឹកនាំ​ថៃ​នៃ​គ្រួសារ​ត្រកូល​លោក ថាក់ស៊ីន ដែល​ជា​បងប្អូន​ធម៌​របស់​លោក ហ៊ុន សែន។ ក្រុម​មេដឹកនាំ​ថៃ​ប្រកាន់​ជំហរ​មុតមាំ​នៅ​ក្នុង​ការ​កាន់កាប់​កោះ​គជ់​ផ្ដាច់មុខ ព្រមទាំង​ចរចា​យក​ប្រយោជន៍​បន្ថែម​ទៀត​លើ​តំបន់​ដែល​គេ​អះអាង​ថា «ត្រួត​ស៊ី​គ្នា» ជាមួយ​កម្ពុជា​នោះ​ទៀត​ផង។

នៅ​ប្រទេស​ថៃ​នេះ​ដែរ គណបក្ស​ប្រឆាំង​របស់​ថៃ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១ សែន​នាក់ បាន​ចុះ​ហត្ថលេខា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​របស់​អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ដក​ខ្លួន​ចេញ​ពី​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ២០០១ (MOU44) ជាមួយ​កម្ពុជា ព្រោះ​ពួកគេ​មិន​ទុក​ចិត្ត ដោយសារ​គ្រួសារ​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា ដែល​អាច​ធ្វើ​ឱ្យ​ការ​ចរចា​បង្កប់​នូវ​អំពើ​ពុករលួយ។

ជុំវិញ​រឿង​នេះ អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ ថ្លែង​ថា វិវាទ​កោះ​គជ់​នេះ​មាន​តែ​ការ​ដោះស្រាយ​នៅ​តុលាការ​អន្តរជាតិ​ទេ ទើប​អាច​បំបាត់​មន្ទិល​សង្ស័យ ព្រមទាំង​បញ្ចៀស​នូវ​ការ​កំហឹង និង​សម្អប់​រវាង​ប្រជាជាតិ​ខ្មែរ និង​ថៃ។

លោក គឹម សុខ៖«ការចរចា​ទ្វេភាគី​របស់​រដ្ឋាភិបាល​ត្រកូល ថាក់ស៊ីន នៅ​ថៃ ហើយ​និង​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​នៅ​ប្រទេស​កម្ពុជា គឺជា​ការ​នាំ​ភ្លើង​ទៅ​វិញ​ទេ។ ចំណែក​ការ​អំពាវនាវ​របស់​ប្រជាពលរដ្ឋ​ខ្មែរ របស់​លោក សម រង្ស៊ី ដែល​ឱ្យ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ គឺជា​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ប្រើ​ផ្លូវ​ច្បាប់ ដើម្បី​បញ្ចៀស​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​តំបន់ ហើយ​ពន្លត់​ភ្លើង​ទៅ​វិញ​ទេ»។

ជាមួយ​គ្នា​នេះ លោក គឹម សុខ មាន​ជំនឿ​ថា បើ​ប្ដឹង​វិវាទ​នេះ​ទៅ​តុលាការ​អន្តរជាតិ កម្ពុជា​អាច​ឈ្នះ​ក្ដី​លើ​ភាគី​ថៃ ព្រោះ​កម្ពុជា​មាន​ភស្តុតាង​រឹងមាំ គឺ​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ១៩០៧ ដែល​មាន​ផែនទី​ឧបសម្ពន្ធ​ភ្ជាប់​សន្ធិសញ្ញា​នេះ ហើយ​ប្រទេស​បារាំង​ក៏​អាច​ធ្វើ​ជា​សាក្សី​ក្នុង​រឿង​នេះ​បាន​ដែរ។ លោក​បន្ថែម​ថា កម្ពុជា​នៅ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មួយ​ទៀត ដែល​អាច​ការពារ​ខ្លួន​ពី​ការ​គំរាមកំហែង​ពី​សំណាក់​ប្រទេស​ថៃ ក្នុង​រឿង​វិវាទ​កោះ​គជ់​នេះ។

លោក គឹម សុខ៖«ពិតមែន​ហើយ ការ​ចរចា​សន្ធិសញ្ញា​បារាំង-សៀម រឿង​ដែន​គោក​ទេ ប៉ុន្តែ​ខ្លឹមសារ​ដែល​ឧបសម្ពន្ធ​ហ្នឹង​បញ្ជាក់​ច្បាស់​ថា ព្រំដែន​ដែល​គូស​ត្រង់​ពី​ចំណុច​មួយ​នៅ​ចាំយាម ខេត្តកោះកុង ទៅ​ដល់​ចំណុច​ខ្ពស់​បំផុត​នៃ​កោះគុត(កោះ​គជ់)គឺជា​ការ​កំណត់​វាសនា​ដែន​សមុទ្រ​ខ្មែរ ហើយ​និង​ប្រទេស​ថៃ​មួយ​ភាគ​ធំ​បាត់​ទៅ​ហើយ ទោះបី​គេ​មិន​និយាយ​ថា ត្រង់​ហ្នឹង​គឺជា​ព្រំដែន​សមុទ្រ​ក៏​ដោយ។ គូស​ត្រង់ ត្រង់​នៅ​កន្លែង​ណា?ត្រង់​លើ​ដែន​សមុទ្រ​ហ្នឹង ដូច្នេះ​បើ​យើង​មិន​នាំ​គ្នា​យក​ករណី​ហ្នឹង​ទៅ​ប្ដឹង​នៅ​តុលាការ​អន្តរជាតិ​ទេ គឺ​យើង​ខាតបង់​ធំ​ណាស់។ ដែន​សមុទ្រ​ហ្នឹង ជា​ដែន​សមុទ្រ​របស់​យើង​ភាគ​ច្រើន​លើសលប់ ជាង ២ម៉ឺន ៦ពាន់​ម៉ែត្រ​ការ៉េ​ហ្នឹង»។

បើ​តាម​ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍​របស់​ថៃ រដ្ឋាភិបាល​ថៃ​បាន​បង្កើត​គោលនយោបាយ​សន្តិសុខ និង​ដំឡើង​កោះ​គជ់​ឱ្យ​ទៅ​ជា​ស្រុក កាល​ពី​ឆ្នាំ១៩៩០ ដោយសារ​កោះ​នេះ​មាន​ទីតាំង​ឆ្ងាយ​ពី​ខេត្ត​ត្រាត (Trat) របស់​ថៃ និង​នៅ​ជិត​ទឹកដី​ខេត្ត​កោះកុង​របស់​កម្ពុជា។ បច្ចុប្បន្ន កោះ​មួយ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​គ្រប់គ្រង​ផ្ដាច់​មុខ ដោយ​មាន​ទាំង​ប៉ូលិស និង​ទាហាន ឈរ​ជើង​ការពារ។ អាជ្ញាធរ​ថៃ​បាន​បង្កើន​សន្ទុះ​អភិវឌ្ឍន៍​កោះ​មួយ​នេះ ដូចជា កសាង​ផ្លូវ​ថ្នល់ សាលារៀន មន្ទីរពេទ្យ និង​តំបន់​ទេសចរណ៍ ជាដើម ហើយ​មាន​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​បាន​ទៅ​លេង​កម្សាន្ត​កោះ​នេះ​ជា​រៀងរាល់​ថ្ងៃ។

ក្នុង​ពេល​កំពុង​កាន់កាប់​កោះ​គជ់​ផ្ដាច់​មុខ​នេះ ភាគី​ថៃ​ក៏​បាន​ទាមទារ​យក​ផលប្រយោជន៍​បន្ថែម​ទៀត​ក្នុង​តំបន់​ដែល​ថៃ​អះអាង​ថា ជា «តំបន់​ត្រួត​ស៊ីគ្នា» ក្នុង​ឈូង​សមុទ្រ​ថៃ ទំហំ ២ម៉ឺន ៦ពាន់​គីឡូម៉ែត្រ​ក្រឡា​ផង​ដែរ។ គឺ​តំបន់​នេះ​ហើយ ដែល​រដ្ឋាភិបាល​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​យក​ទៅ​ដាក់​ទុន​រកស៊ី​រួម​គ្នា​លើ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ជាមួយ​ភាគី​ថៃ តាមរយៈ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ២០០១ ឬ MOU 44។

ទោះ​ជា​យ៉ាង​ណា​ក្ដី ថ្មីៗ នេះ ប្រធាន​ចលនា​ជាតិ​តស៊ូ និង​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ដោយ​ភ្ជាប់​ជាមួយ​រូបភាព​មួយ​ចំនួន​ថា ផ្ទៃដី​កោះ​គជ់​លើស​ពី​ពាក់កណ្ដាល និង​ដែន​សមុទ្រ​ជាង ២ម៉ឺន ៦ពាន់​គីឡូម៉ែត្រ​ក្រឡា ដែល​គេ​ថា «ត្រួតស៊ីគ្នា» នោះ តាមពិត​ជា​កម្មសិទ្ធិ​របស់​កម្ពុជា ដោយ​យោង​លើ​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ១៩០៧ ច្បាប់​សមុទ្រ​របស់​អង្គការ​សហប្រជាជាតិ ភស្តុតាង​ក្នុង​ប្រវត្តិសាស្ត្រ ព្រមទាំង​មាន​បារាំង​ជា​សាក្សី​ផង​ដែរ។ លោក សម រង្ស៊ី ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន បញ្ចេញ​សំឡេង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ដាក់​សំណុំរឿង​កោះ​គជ់ និង​ដែន​សមុទ្រ​ជាង ២ម៉ឺន ៦ពាន់​គីឡូម៉ែត្រ​ក្រឡា​នោះ ទៅ​តុលាការ​អន្តរជាតិ​ឱ្យ​កាត់​សេចក្ដី ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។