អ្នកជំនាញកិច្ចការអន្តរជាតិ ជំរុញកម្ពុជាកុំឱ្យមេដឹកនាំរដ្ឋប្រហារយោធាភូមាចូលរួមកិច្ចប្រជុំអាស៊ាន ដើម្បីជៀសវាងការលើកពេលកិច្ចប្រជុំតទៅទៀត។ កម្ពុជាបានសម្រេចលើកពេលកិច្ចប្រជុំអាស៊ានដំបូងដោយគ្មានកាលកំណត់ ភ្លាមៗក្រោយក្លាយជាប្រធានប្តូរវេនអាស៊ាន ក្រោមហេតុផលថា រដ្ឋមន្ត្រីការបរទេសអាស៊ានមិនអាចចូលរួមកិច្ចប្រជុំផ្ទាល់បានដោយសារ «លំបាកធ្វើដំណើរ»។ ក៏ប៉ុន្តែ ក្រុមអ្នកឃ្លាំមើលថា នេះគឺជាសញ្ញាណនៃការបែកបាក់ និងការមិនពេញចិត្តក្នុងចំណោមសមាជិកអាស៊ានទៅនឹងជំហររបស់កម្ពុជាក្នុងរឿងភូមា ដែលកម្ពុជាបានព្យាយាមទទួលស្គាល់របបសឹកនៃប្រទេសនេះ។
គ្រាន់តែបើកឆាកឆ្នាំ២០២២ ឡើងគ្រងតំណែងជាប្រធានប្តូរវេនអាស៊ានជាលើកទីបីមិនទាន់ស្រួលបួលផង កម្ពុជាទំនងជាកំពុងដើរនៅលើកំណាត់ផ្លូវដ៏រលាក់បាត់ទៅហើយដោយសារតែមិនអាចរៀបចំកិច្ចប្រជុំអាស៊ានដំបូងបានដូចតាមការគ្រោងទុក។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិលោក ឯម សុវណ្ណារ៉ា យល់ថា ហេតុផលនៅពីក្រោយការពន្យាពេលនេះទំនងជាអាចដោយសារតែកម្ពុជាព្យាយាមចង់ឱ្យរដ្ឋមន្ត្រីការបរទេសនៃរបបសឹកយោធាភូមាចូលរួមកិច្ចប្រជុំនេះ ហើយត្រូវរដ្ឋសមាជិកអាស៊ានដទៃទៀតជំទាស់៖ «ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំថាប្រហែលជាមាននៅពីក្រោយនៃការប្រកាសជាសាធារណៈតាមបែបការទូតនេះ ប្រហែលជាមានការមិនទទួលយកនូវការរៀបចំរបស់កម្ពុជានៅក្នុងការទទួលយកវត្តមានរបស់រដ្ឋមន្ត្រីការបរទេសភូមាមកប្រជុំ»។
នៅមុនកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា នៅឯខេត្តសៀមរាប និងនៅមុនដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅជួបមេដឹកនាំរបបសឹកយោធាភូមាកាលពីថ្ងៃទី៧ និងទី៨ ខែមករា ប្រធានាធិបតីឥណ្ឌូនេស៊ី (Indonesia) លោក ចូកូ វីដូដូ (Joko Widodo) បានរំឮកលោក ហ៊ុន សែន ពីជំហរមិនឱ្យមេដឹកនាំរដ្ឋប្រហារយោធាភូមាចូលរួមកិច្ចប្រជុំអាស៊ាន។ ប្រធានាធិបតីឥណ្ឌូនេស៊ី ព្រមានថា ប្រសិនបើគ្មានការវិវត្តន៍ជាដុំកំភួនស្តីពីការអនុវត្តកិច្ចព្រមព្រៀងរួម ៥ ចំណុចរបស់អាស៊ានស្តីពីបញ្ហាវិបត្តិភូមានេះទេ នោះបុគ្គលដែលអាចធ្វើជាអ្នកតំណាងរបស់ប្រទេសភូមាមកចូលរួមកិច្ចប្រជុំអាស៊ានបាន ត្រូវតែមិនមែនជាអ្នកនយោបាយ។ ចំណុចសំខាន់នៅក្នុងកិច្ចព្រមព្រៀងរួម ៥ ចំណុចនេះ តម្រូវឱ្យរបបសឹកបញ្ឈប់អំពើហិង្សា និងអនុញ្ញាតឱ្យប្រេសិតពិសេសអាស៊ានអាចជួបចរចាជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះភូមា រួមទាំងមេដឹកនាំស្របច្បាប់អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ផង ដែលត្រូវរបបសឹកធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង និងកាត់ទោស។ ក៏ប៉ុន្តែ របបសឹកភូមាមិនបានអនុវត្តតាមនោះទេ។
សមាគមអាស៊ានបានសម្រេចមិនឱ្យមេដឹកនាំរបបសឹកយោធាភូមាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំបន្តបន្ទាប់ចាប់តាំងពីខែតុលា ឆ្នាំ២០២១មក។ ក៏ប៉ុន្តែ កម្ពុជាចង់ផ្លាស់ប្តូរជំហរនេះដោយអនុញ្ញាតឱ្យមេដឹកនាំរបបសឹកអាចវិលមកចូលរួមកិច្ចប្រជុំកំពូលបាន ដូចតាមការចង់បានរបស់ប្រទេសចិន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមក្រោយទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅជួបមេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងល្លាំង (Min Aung Hlaing) កម្ពុជាបានហៅមេដឹកនាំរបបសឹកថា ជា «នាយករដ្ឋមន្ត្រី» នៃប្រទេសមីយ៉ាន់ ឬភូមា។
លោក ឯម សុវណ្ណារ៉ា ពន្យល់ថា ការពន្យាពេលនេះអាចនឹងធ្វើឱ្យរាំងស្ទះដល់ការរៀបចំកិច្ចប្រជុំអាស៊ានសំខាន់ៗផ្សេងៗទៀតដែលកម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ានត្រូវរៀបចំធ្វើជាបន្តបន្ទាប់៖ « ដំណើរការនៃការបើកប្រជុំដំបូងនេះ វាត្រូវការឱ្យមានភាពរលូនដើម្បីយើងដំណើរការនៅលើវិស័យផ្សេងៗ។ ក៏ប៉ុន្តែ យើងអាចដំណើរការលើវិស័យផ្សេងដូចជាសង្គម និងវប្បធម៌អីបាន តែបើសិនជាអាស៊ានមានភាពរអាក់រអួល មានភាពរកាំរកូសដូច្នេះ យើងត្រូវការពេលវេលាច្រើន ហើយកម្ពុជាមានពេល ១ឆ្នាំ។ កាលណាយើងមានបញ្ហា វាជាឧបសគ្គទៅលើកិច្ចប្រជុំផ្សេងៗទៀត វិស័យផ្សេងៗ និងពេលវេលាផ្សេងៗទៀត »។
លោកជំរុញឱ្យកម្ពុជាមានភាពបត់បែននៅក្នុងការដោះស្រាយបញ្ហាភូមានេះ ដោយបន្ទន់ឥរិយាបថធ្វើតាមប្រធានអាស៊ានចាស់ គឺប្រទេសប្រ៊ុយណេ (Brunei) ដែលសម្រេចមិនឱ្យមេដឹកនាំរដ្ឋប្រហារភូមាចូលរួមកិច្ចប្រជុំអាស៊ាន៖ « ប្រសិនបើយើងមិនអាចដោះស្រាយបញ្ហាអីបានផ្សេង យើងអាចយកតាមគន្លងនយោបាយចាស់ដែលប៊្រុយណេដែលជាប្រធានអាស៊ានហ្នុង គាត់បានព្យួរចោលនូវភាពស្របច្បាប់របស់ភូមា គឺទុកចោលដោយមិនមានវត្តមានភូមាជាអ្នកចូលប្រជុំពេញផ្លូវការ »។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង តាមបណ្តាញសង្គមតេឡេក្រាម (Telegram) ដើម្បីសុំការពន្យល់បន្ថែមពីជំហរចុងក្រោយរបស់កម្ពុជាចំពោះបញ្ហាតំណាងស្របច្បាប់របស់ភូមា និងការសម្រេចលើកពេលកិច្ចប្រជុំនេះ ថាតើអាចនឹងមានការកំណត់ពេលវេលាថ្មីនៅពេលណា។ ក៏ប៉ុន្តែ នៅមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ គិតត្រឹមយប់ថ្ងៃទី១៣ ខែមករា។
អ្នកជំនាញកិច្ចការអន្តរជាតិ និងជាប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បណ្ឌិត ឈាង វណ្ណារិទ្ធ វិញ លោកពន្យល់ថា កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននេះ ដើរតួនាទីសំខាន់ដើម្បីពិនិត្យមើលឡើងវិញនូវអ្វីដែលអាស៊ានសម្រេចបានកាលពីឆ្នាំចាស់ និងកំណត់អាទិភាពសម្រាប់កិច្ចប្រជុំកំពូលរបស់អាស៊ាននាពេលខាងមុខ។ លោកថា ជាទូទៅអាស៊ានតែងតែរៀបចំកិច្ចប្រជុំនេះនៅរៀងរាល់ដើមឆ្នាំក្នុងខែមករា។ បណ្ឌិត ឈាង វណ្ណារិទ្ធ មើលឃើញថា ប្រសិនបើរបបសឹកនៅតែមិនព្រមអនុវត្តតាមកិច្ចព្រមព្រៀង ៥ ចំណុចរបស់អាស៊ាន កម្ពុជាគួរគិតគូរឡើងវិញពីជំហររបស់ខ្លួនដើម្បីដាក់សម្ពាធលើរបបនេះ៖ « កម្ពុជាក៏មិនអាចទទួលយកបានដែរ ខំទៅចំណាយពេលវេលា ចំណាយកម្លាំងកាយ ហានិភ័យអូមីក្រុងផង ទៅជួបហើយអត់បានលទ្ធផល អត់បានអនុវត្តតាម វាពិបាកដែរ។ វាអាស្រ័យទៅលើទង្វើជាក់ស្តែងរបស់របបភូមា »។
ភ្លាមៗក្រោយដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅជួបមេដឹកនាំរដ្ឋប្រហារយោធាភូមា ប្រទេសចិនដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយនឹងរបបសឹកយោធាភូមា បានចេញមុខគាំទ្រកម្ពុជា។ ប្រទេសចិនថា ខ្លួនគាំទ្រកម្ពុជា «ពេញទំហឹង» ក្នុងនាមជាប្រធានប្តូរវេនអាស៊ានដែលដើរតួនាទីយ៉ាងសកម្មចូលរួមចំណែកដល់ការដោះស្រាយជម្លោះនៅភូមា។ ទន្ទឹមនឹងនោះ ប្រទេសជប៉ុន ក៏បានស្វាគមន៍កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែង និងការសម្របសម្រួលរបស់កម្ពុជាក្នុងការបង្កើតនូវបរិយាកាសអំណោយផលសម្រាប់ការចរចាលើបញ្ហាភូមានេះ។
ក៏ប៉ុន្តែ ទន្ទឹមនឹងការគាំទ្រនេះ ទង្វើរបស់កម្ពុជាទៅជួបជាមួយរបបសឹកយោធាភូមាជាឯកតោភាគីនេះ ក៏រងនូវការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋភូមាដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យ និងសហគមន៍អន្តរជាតិ។ ពួកគេចោទថា លោក ហ៊ុន សែន គាំទ្រអំពើហិង្សាកាប់សម្លាប់មនុស្សប្រព្រឹត្តដោយរបបសឹកភូមា ដែលជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងថា ទង្វើរបស់លោក ហ៊ុន សែន កំពុងតែធ្វើឱ្យសមាគមអាស៊ានបែកបាក់គ្នា។
ថ្មីៗនេះទៀត ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា ឬភូមា អ្នកស្រី ណូលីន ហេយហ្សឺ (Noeleen Hayzer) ក៏បានក្រើនរំឮកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន ឱ្យដោះស្រាយវិបត្តិភូមាស្របតាមឆន្ទៈ និងការចង់បានរបស់ពលរដ្ឋនៃប្រទេសនេះ។ អ្នកស្រីប្រាប់លោក ហ៊ុន សែន ថា ដំណើរការដោះស្រាយបញ្ហាភូមាដែលធ្វើឡើងស្របតាមឆន្ទៈរបស់ពលរដ្ឋភូមាដើម្បីទទួលបាននូវសន្តិភាព ប្រជាធិបតេយ្យ និងអនាគតដែលមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ចាំបាច់ត្រូវតែមានការគាំទ្រដោយវិធីសាស្ត្រដោះស្រាយជាអន្តរជាតិផ្អែកតាមស្មារតីនៃការឯកភាពគ្នាក្នុងតំបន់។
អ្នកជំនាញកិច្ចការអន្តរជាតិ និងជាព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យរដ្ឋអារីហ្សូណា (Arizona State University) បណ្ឌិត អៀ សុផល ហៅការលើកពេលកិច្ចប្រជុំអាស៊ានដែលកម្ពុជាទើបនឹងចាប់ផ្តើមធ្វើនេះ ថាជារឿង «គួរឱ្យអស់សំណើច»។ លោកថា បើទោះបីជានេះមិនមែនជាការធ្វើពហិការផ្លូវការក៏ដោយ ក៏កម្ពុជាបានចាប់ផ្តើមដឹកនាំអាស៊ាននៅលើវិថីដ៏រលាក់រួចបាត់ទៅហើយដែរ ដែលសូម្បីតែរៀបចំកិច្ចប្រជុំក៏មិនអាចធ្វើបាន។ បណ្ឌិត អៀ សុផល ថា នេះគឺជា «កម្មផល» នៃនយោបាយការទូតបែបប្រថុយប្រថានប្រកបដោយគ្រោះថ្នាក់របស់កម្ពុជា។ លោកព្រមានថា ជាមួយនឹងនយោបាយការទូតរបៀបនេះ កម្ពុជាត្រូវត្រៀមខ្លួនរង់ចាំស្តាប់លេសនៃការមិនអាចចូលរួមកិច្ចប្រជុំពីប្រទេសសមាជិកអាស៊ានដទៃទៀត ដែលអាចនឹងមានច្រើនតទៅទៀតនាពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។