អ្នកប្រើប្រាស់បណ្ដាញសង្គមខកចិត្តនឹងសេចក្តីប្រកាសសាលក្រមករណីលោក កឹម សុខា
2023.03.03

អ្នកប្រើប្រាស់បណ្ដាញសង្គមចំនួនខកចិត្តនឹងលទ្ធផលប្រកាសសាលក្រមករណី លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ ទោះយ៉ាងណាក្តីពួកគេនៅតែមានសង្ឃឹមថា រឿងនយោបាយមួយនេះនឹងមានដំណោះស្រាយក្រៅប្រព័ន្ធតុលាការដែលអាចឲ្យលោក កឹម សុខា វិលចូលឆាកនយោបាយវិញ។
ក្រោយតុលាការប្រកាសសាលក្រមកាត់ទោសឲ្យលោក កឹម សុខា ឲ្យជាប់ពន្ធនាគារ២៧ឆ្នាំហើយត្រូវបន្តឃុំខ្លួននៅក្នុងផ្ទះនិងដកសិទ្ធិលោកមួយចំនួនថែមទៀតនោះធ្វើឲ្យពួកគេយល់បានថាស្ថានភាពនយោបាយនៅមុនការបោះឆ្នោតជាតិកាន់តែតឹងតែងខ្លាំង និងអាចឆ្លុះបញ្ចាំងបានកាន់តែច្បាស់នូវអ្វីដែលគេហៅថា តុលាការនៅកម្ពុជាជាតុលាការនយោបាយ ឬតុលាការតេឡេ។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ធួ ធា (Thour Thea) បានដាក់ជាសំណួរថា ការដាក់ទោសនេះតើអាចផ្ទុយពីច្បាប់អន្តរជាតិទេ..?ត្រង់ឃ្លាថាពលរដ្ឋមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។ សិទ្ធិនយោបាយគឺជាសិទ្ធិអាទិភាពមួយក្នុងចំណោមសិទ្ធិពលរដ្ឋសិទ្ធិសង្គមជាដើម។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ លី ហ្គាល់ឡូត (Le Gal Lout) បានឆ្លើយតបថា៖ មិនខុសទេប្រសិនបើជនទាំងឡាយណារកឃើញថា មានពិរុទ្ធភាពដោយតុលាការឯករាជ្យ និងឥតលម្អៀង។ ព្រោះពិរុទ្ធជននឹងអាចត្រូវបានដកហូតសិទ្ធិមួយចំនួនដូចជាសិទ្ធិដើរហើរ ឬសិទ្ធិនយោបាយ។
ដោយឡែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ហុង ឈាង (Hong Chhiang) បានបញ្ចេញទស្សនៈឬ Commentsហាក់ចង់ឌឺដងឲ្យលោក កឹម សុខា ថា តែប៉ុណ្ណេះ...នឹងបានអានសៀវភៅ និងអង្គុយសមាធិនៅផ្ទះសប្បាយៗហើយ។
ចំណែកម្ចាស់គណនីហ្វេសប៊ុកដែលដាក់ឈ្មោះថា បណ្ឌិត សាម អ៊ីន ដែលគេស្គាល់ថា ជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលបានទៅ តាមដានឃ្លាំមើលរឿងកាត់ក្តីលោក កឹម សុខា ដែរនោះបានបញ្ចេញទស្សនៈដែរថា៖ លោក កឹម សុខា ត្រូវបានកាត់ក្ដីឱ្យជាប់ទោស២៧ឆ្នាំ លែងមានសិទ្ធិនយោបាយនិងមិនអាចជួបទាក់ទងមនុស្សផ្សេងៗក្រៅពីក្រុមគ្រួសារ។ ខ្ញុំយល់ថា នេះជារឿងអយុត្តិធម៌ដ៏ធ្ងន់ធ្ងរមួយចំពោះឯ.ឧ កឹម សុខា។
រីឯប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)អ្នកស្រីចក់ សុភាព ក៏បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយ បានផុសនូវរូបភាពគូដោយដៃផ្ទាល់អំពីទិដ្ឋភាព រចនាសម្ព័ន្ធនៅក្នុងអង្គសវនាការលោក កឹម សុខា នៅតុលាការភ្នំពេញដោយភ្ជាប់ទស្សនៈជុំវិញរឿងនេះថា ក្នុងនាមជាអ្នកបានប្រឡូកការងារកន្លងមកជាមួយលោក កឹម សុខា ហើយបានតាមដានករណីសវនាការនេះក៏ដូចជាត្រូវបានកោះហៅជាសាក្សីផងដែរនោះខ្ញុំយល់ថា លោក កឹម សុខា និងសមាជិកគណបក្សជំទាស់ដទៃទៀតមិនគួរត្រូវប្រឈមបទចោទប្រកាន់ដោយសារតែភាពសកម្មខាងនយោបាយរបស់ខ្លួន និងគណបក្សខ្លួនឡើយ។
អ្នកស្រីបន្តសរសេរបន្តថា៖ ការផ្ដន្ទាទោសនេះបង្ហាញច្បាស់នូវចេតនានយោបាយរារាំងគូប្រជែងក្នុងការអាចចូលប្រកួតបោះឆ្នោតជាថ្មីម្តងទៀតដែលជាគោលការណ៍គួរតែប្រព្រឹត្តដោយសេរីនិងយុត្តិធម៌ដើម្បីឆ្ពោះទៅមុខ និងធានាបរិយាកាសអំណោយផល ខណៈយើងនឹងរៀបចំការបោះឆ្នោតនាពេលខាងមុខ។ ការសម្របសម្រួលឱ្យអ្នកនយោបាយនិងពលរដ្ឋគ្រប់រូបអាចចូលរួមដោយសេរីក្នុងដំណើរការប្រជាធិបតេយ្យពិតជាចាំបាច់បំផុតនិងគួរដល់ពេលដែលខ្មែរបញ្ចប់ការចោទខ្មែរនិងគួរស្វែងរកវិធីធ្វើការដោះស្រាយបញ្ហាជាតិបម្រើផលប្រយោជន៍ជាតិនោះទើបកម្ពុជាបានប្រសើរទៅមុខ។
លោកស្រីថា កម្ពុជាគួរមានរឿងល្អៗរឿងអស្ចារ្យ រឿងអធ្យាស្រ័យគ្នារឿងចេះរួបរួមគ្នារឿងដែលបានបន្សល់ជាកេរដំណែលល្អៗជាជាងលាបពណ៌ ចោទចាប់ទោស ព្យាបាទ និងការគុំគួនតពូជ។
ងាកមើលទស្សនៈរបស់ម្ចាស់គណនីហ្វេសប៊ុកផ្សេងទៀតជុំវិញករណីលោក កឹម សុខា ដដែលនេះ។
ម្ចាស់គណនីហ្វេសប៊ុកដែលដាក់ឈ្មោះថា សារ៉ាត់ សុន (Sarath Sun) យល់ឃើញថា ប្រព័ន្ធច្បាប់គេជាអ្នកគ្រប់គ្រងរឿងអីដែលគេត្រូវឲ្យគូរប្រកួតដ៏ខ្លាំងរបស់គេអាចមកប្រកួតជាមួយគេបាននោះ?
ម្ចាស់គណនីហ្វេសប៊ុកមួយទៀតដែលដាក់ឈ្មោះថា យុវជនខ្មែរបានបញ្ចេញទស្សនៈដោយចាត់ទុកការដាក់ទោសលោក កឹម សុខា ពេលនេះ ថាជារឿង អយុត្តិធម៌ណាស់។
ចំណែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ តឿង តេង (Toeung Tieng) វិញបានសរសេរយ៉ាងខ្លីដោយសញ្ញាចូលរួមមរណទុក្ខចំពោះច្បាប់ស្រុកខ្មែរ(RIP)ច្បាប់ស្រុកខ្មែរ។
ដោយឡែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សាត សាវែន (Sat Saven) គាត់យល់ឃើញហាក់ដឹងតម្រុយនយោបាយរបស់លោក ហ៊ុន សែន ជាមុនថា« បន្តិចទៀតគេលើកលែងទោសអោយហើយបងអើយ...!!៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។