អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ខក​ចិត្តនឹង​សេចក្តី​ប្រកាស​សាលក្រម​ករណី​លោក កឹម សុខា

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ចំនួន​ខកចិត្ត​នឹង​លទ្ធផល​ប្រកាស​សាលក្រម​ករណី លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ទោះ​យ៉ាងណា​ក្តី​ពួកគេ​នៅតែ​មាន​សង្ឃឹម​ថា រឿង​នយោបាយ​មួយ​នេះ​នឹង​មាន​ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដែល​អាច​ឲ្យ​លោក កឹម សុខា វិល​ចូល​ឆាក​នយោបាយ​វិញ។

ក្រោយ​តុលាការ​ប្រកាស​សាលក្រម​កាត់ទោស​ឲ្យ​លោក កឹម សុខា ឲ្យ​ជាប់ពន្ធនាគារ​២៧​ឆ្នាំ​ហើយ​ត្រូវ​បន្ត​ឃុំខ្លួន​នៅក្នុង​ផ្ទះ​និង​ដកសិទ្ធិ​លោក​មួយចំនួន​ថែមទៀត​នោះ​ធ្វើ​ឲ្យ​ពួកគេ​យល់​បាន​ថា​ស្ថានភាព​នយោបាយ​នៅមុន​ការ​បោះឆ្នោត​ជាតិ​កាន់តែ​តឹងតែង​ខ្លាំង និង​អាច​ឆ្លុះបញ្ចាំង​បាន​កាន់តែ​ច្បាស់​នូវ​អ្វី​ដែល​គេ​ហៅថា តុលាការ​នៅ​កម្ពុជា​ជា​តុលាការ​នយោបាយ ឬ​តុលាការ​តេឡេ។

ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ធួ ធា (Thour Thea) បាន​ដាក់​ជា​សំណួរ​ថា ការ​ដាក់ទោស​នេះ​តើ​អាច​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ​ទេ​..?​ត្រង់​ឃ្លា​ថា​ពលរដ្ឋ​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់។ សិទ្ធិ​នយោបាយ​គឺជា​សិទ្ធិ​អាទិភាព​មួយ​ក្នុងចំណោម​សិទ្ធិ​ពលរដ្ឋ​សិទ្ធិ​សង្គម​ជាដើម។

ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ លី ហ្គាល់ឡូត (Le Gal Lout) បាន​ឆ្លើយតប​ថា​៖ មិន​ខុស​ទេ​ប្រសិនបើ​ជន​ទាំងឡាយ​ណា​រក​ឃើញ​ថា មាន​ពិរុទ្ធភាព​ដោយ​តុលាការ​ឯករាជ្យ និង​ឥត​លម្អៀង។ ព្រោះ​ពិរុទ្ធជន​នឹង​អាច​ត្រូវ​បាន​ដកហូត​សិទ្ធិ​មួយចំនួន​ដូចជា​សិទ្ធិ​ដើរហើរ ឬ​សិទ្ធិ​នយោបាយ។

ដោយឡែក​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ហុង ឈាង (Hong Chhiang) បាន​បញ្ចេញ​ទស្សនៈ​ឬ Comments​ហាក់​ចង់​ឌឺដង​ឲ្យ​លោក កឹម សុខា ថា តែ​ប៉ុណ្ណេះ​...​នឹង​បាន​អាន​សៀវភៅ និង​អង្គុយ​សមាធិ​នៅផ្ទះ​សប្បាយៗ​ហើយ។

ចំណែក​ម្ចាស់​គណនី​ហ្វេសប៊ុក​ដែល​ដាក់​ឈ្មោះ​ថា បណ្ឌិត សាម អ៊ីន ដែល​គេ​ស្គាល់​ថា ជា​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​បាន​ទៅ តាមដាន​ឃ្លាំមើល​រឿង​កាត់ក្តី​លោក កឹម សុខា ដែរ​នោះ​បាន​បញ្ចេញ​ទស្សនៈ​ដែរ​ថា៖ លោក កឹម សុខា ត្រូវ​បាន​កាត់ក្ដី​ឱ្យ​ជាប់ទោស​២៧​ឆ្នាំ លែង​មាន​សិទ្ធិ​នយោបាយ​និង​មិនអាច​ជួប​ទាក់ទង​មនុស្ស​ផ្សេងៗ​ក្រៅពី​ក្រុម​គ្រួសារ។ ខ្ញុំ​យល់​ថា នេះ​ជា​រឿង​អយុត្តិធម៌​ដ៏​ធ្ងន់ធ្ងរ​មួយ​ចំពោះ​ឯ.ឧ កឹម សុខា។

រីឯ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR)​អ្នកស្រី​ចក់ សុភាព ក៏បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ បាន​ផុស​នូវ​រូបភាព​គូ​ដោយ​ដៃ​ផ្ទាល់​អំពី​ទិដ្ឋភាព រចនាសម្ព័ន្ធ​នៅក្នុង​អង្គ​សវនាការ​លោក កឹម សុខា នៅ​តុលាការ​ភ្នំពេញ​ដោយ​ភ្ជាប់​ទស្សនៈ​ជុំវិញ​រឿង​នេះ​ថា ក្នុងនាម​ជា​អ្នក​បាន​ប្រឡូក​ការងារ​កន្លងមក​ជាមួយ​លោក កឹម សុខា ហើយ​បាន​តាមដាន​ករណី​សវនាការ​នេះ​ក៏ដូចជា​ត្រូវ​បាន​កោះហៅ​ជា​សាក្សី​ផង​ដែរ​នោះ​ខ្ញុំ​យល់​ថា លោក កឹម សុខា និង​សមាជិក​គណបក្សជំទាស់​ដទៃទៀត​មិន​គួរ​ត្រូវ​ប្រឈម​បទចោទប្រកាន់​ដោយសារតែ​ភាព​សកម្ម​ខាង​នយោបាយ​របស់​ខ្លួន និង​គណបក្ស​ខ្លួន​ឡើយ។

អ្នកស្រី​បន្ត​សរសេរ​បន្ត​ថា៖ ការ​ផ្ដន្ទាទោស​នេះ​បង្ហាញ​ច្បាស់​នូវ​ចេតនា​នយោបាយ​រារាំង​គូប្រជែង​ក្នុង​ការ​អាច​ចូល​ប្រកួត​បោះឆ្នោត​ជាថ្មី​ម្តង​ទៀត​ដែល​ជា​គោលការណ៍​គួរតែ​ប្រព្រឹត្ត​ដោយ​សេរី​និង​យុត្តិធម៌​ដើម្បី​ឆ្ពោះ​ទៅ​មុខ និង​ធានា​បរិយាកាស​អំណោយផល ខណៈ​យើង​នឹង​រៀបចំ​ការបោះឆ្នោត​នា​ពេល​ខាងមុខ។ ការ​សម្របសម្រួល​ឱ្យ​អ្នកនយោបាយ​និង​ពលរដ្ឋ​គ្រប់រូប​អាច​ចូលរួម​ដោយ​សេរី​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​ពិតជា​ចាំបាច់​បំផុត​និង​គួរ​ដល់​ពេល​ដែល​ខ្មែរ​បញ្ចប់​ការ​ចោទ​ខ្មែរ​និង​គួរ​ស្វែងរក​វិធី​ធ្វើការ​ដោះស្រាយ​បញ្ហា​ជាតិ​បម្រើ​ផលប្រយោជន៍​ជាតិ​នោះ​ទើប​កម្ពុជា​បាន​ប្រសើរ​ទៅមុខ។

លោកស្រី​ថា កម្ពុជា​គួរ​មានរឿង​ល្អៗ​រឿង​អស្ចារ្យ រឿង​អធ្យាស្រ័យ​គ្នា​រឿង​ចេះ​រួបរួម​គ្នា​រឿង​ដែល​បាន​បន្សល់​ជា​កេរដំណែល​ល្អៗ​ជាជាង​លាប​ពណ៌ ចោទ​ចាប់​ទោស ព្យាបាទ និង​ការ​គុំគួន​ត​ពូជ​។​

ងាកមើល​ទស្សនៈ​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក​ផ្សេងទៀត​ជុំវិញ​ករណី​លោក កឹម សុខា ដដែល​នេះ​។​

ម្ចាស់​គណនី​ហ្វេសប៊ុក​ដែល​ដាក់​ឈ្មោះ​ថា សារ៉ាត់ សុន (Sarath Sun) យល់​ឃើញ​ថា ប្រព័ន្ធ​ច្បាប់​គេ​ជា​អ្នកគ្រប់គ្រង​រឿង​អី​ដែល​គេ​ត្រូវ​ឲ្យ​គូរ​ប្រកួត​ដ៏​ខ្លាំង​របស់​គេ​អាច​មក​ប្រកួត​ជាមួយ​គេ​បាន​នោះ?

ម្ចាស់​គណនី​ហ្វេសប៊ុក​មួយទៀត​ដែល​ដាក់​ឈ្មោះ​ថា យុវជន​ខ្មែរ​បាន​បញ្ចេញ​ទស្សនៈ​ដោយ​ចាត់ទុក​ការ​ដាក់ទោស​លោក កឹម សុខា ពេលនេះ ថា​ជា​រឿង អយុត្តិធម៌​ណាស់​។​

ចំណែក​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ តឿង តេង (Toeung Tieng) វិញ​បាន​សរសេរ​យ៉ាង​ខ្លី​ដោយ​សញ្ញា​ចូលរួម​មរណទុក្ខ​ចំពោះ​ច្បាប់​ស្រុក​ខ្មែរ​(RIP)​ច្បាប់​ស្រុក​ខ្មែរ​។

ដោយឡែក​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ សាត សាវែន (Sat Saven) គាត់​យល់ឃើញ​ហាក់​ដឹង​តម្រុយ​នយោបាយ​របស់​លោក ហ៊ុន សែន ជាមុន​ថា​« បន្តិចទៀត​គេ​លើកលែងទោស​អោយ​ហើយ​បង​អើយ​...!!៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។