អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​យល់​ផ្សេង​គ្នា​អំពី​ដំណក់​ទឹក​ភ្នែក​របស់​ចៅស្រី​ទី​២១​របស់​លោក ​ហ៊ុន សែន

ដោយ សេក បណ្ឌិត
2021.11.25
អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​យល់​ផ្សេង​គ្នា​អំពី​ដំណក់​ទឹក​ភ្នែក​របស់​ចៅស្រី​ទី​២១​របស់​លោក ​ហ៊ុន សែន លោក ហ៊ុន សែន និងចៅស្រីទី២១របស់លោក ដែលអះអាងថា «ស្រក់ទឹកភ្នែក តែមិនយំចេញ​សំឡេង» កាលពីថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុក SMP

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​អ្នកតាមដាន​កិច្ចការ​នយោបាយ បាន​ផ្តល់​ទស្សនៈ​ផ្សេង​គ្នា​ អំពី​ចៅស្រី​ទី​២១​របស់​លោកនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ដែល​ស្រក់​ទឹកភ្នែក​តែ​មិន​យំ​ចេញ​សំឡេង​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ អ្នក​ខ្លះ​ថា ទឹកភ្នែកនេះ អាច​មកចៅ​នឹក​លោកតា​ខ្លាំង​ពេក​ព្រោះ​បែក​គ្នា​យូរ។ ចំណែក​អ្នកខ្លះទៀត យល់ថា ចៅ លោក ហ៊ុន សែន ស្រក់​ទឹកភ្នែក តែ​មិន​យំ​នេះ ដោយ​សារតែ​ខ្មាស់​គេ​ដែល​មាន​ជីតា​ជា​មេដឹកនាំ​ផ្ដាច់​ការ​ទៅវិញ។

រឿង​ដំណក់​ទឹក​ភ្នែក​នេះ ធ្លាប់​តែ​ល្បី​ក្នុង​បទចម្រៀង​មនោសញ្ចេតនា​ ដែល​កវីនិពន្ធ​តាក់តែង​ឡើង​ពាក់ព័ន្ធ​នឹង​ការ​ព្រាត់ប្រាស់​ស្នេហា ដូចជា​បទ​ស្រក់​ទឹក​ភ្នែក​មិន​មាន​បញ្ហា​ និង​បទទឹក​ភ្នែក​សម្ងាត់​ជា​ដើម។

ដោយ​ឡែកនៅចុង​ឆ្នាំ​២០២១នេះ ដំណក់​ទឹក​ភ្នែក​ដែល​ល្បី និង​ធ្វើឲ្យ​អ្នក​ផង​ចាប់​អារម្មណ៍​ និង​មាន​ការ​តាមដាន​ច្រើន​ពី​មហាជន​ទូទៅ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​បទចម្រៀង​ទេ​ គឺជា​ដំណក់​ទឹក​ភ្នែក​ដែល​ហូរ​ចេញ​ពី​កែវ​ភ្នែក​ចៅស្រី​ទី​២១របស់​នាយករដ្ឋមន្រ្តីខ្មែរ។

ព្រឹត្តិការណ៍​ដែល​ចូល​មក​អង្រួន​ដួង​ចិត្ត​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ក្រៅ​ពី​អ្នក​លក់​ឡេ តាម​​អនឡាញ និង​ក្រុម​តារាៗ​ល្បីនោះ ក៏​មាន​លោក​នាយរដ្ឋ​មន្រ្តី ហ៊ុន សែន មួយ​ដែរ ដែល​បាន​ផុស​រូបភាព​ពរ​ចៅ​ស្រី លើ​បណ្តាញ​សង្គម​ និង​បាន​សរសរ​អត្ថាធិប្បាយ​ផង​ថា​៖​ «ម្សិលមិញ​ត្រឡប់​ពី​ធ្វើការ​មក​ដល់​ផ្ទះ​ឆ្លៀត​ដឹកចៅ​ដើរ​លេង។ ចៅស្រី​ទី​២១​មិន​ដឹង​ថា អន់​ចិត្ត​រឿង​អី​បាន​ជា​ស្រក់​ទឹក​ភ្នែក។ ច្រើន​លើកហើយ​ចៅមួយនេះ​សុខចិត្ត​សម្រក់​ទឹកភ្នែក​តែ​មិន​យំ​ឱ្យ​ឮនៅកម្ពុជា​យើង​តើ​មាន​បទចម្រៀង​​ដែល​មាន​ចំណង​ជើង (ស្រក់ទឹក​ភ្នែក​តែ​មិន​យំ) ហើយ​ឬ​នៅ?​ បើ​មិនទាន់​មាន​ទេ​សូម​ជួយ​និពន្ធ​មួយ​បទ​ផង»

ភ្លាមៗ​ក្រោយពី​ក្រោយ​លោក ហ៊ុន សែន ស្នើឱ្យមាន​ការ​និពន្ធ​បទចម្រៀង​អំពី​ចៅ​របស់​លោក​សុខ​ចិត្ត​សម្រក់​ទឹកភ្នែក​តែមិន​យំ​ឱ្យ​ឮ​នេះ អ្នក​ផ្គាប់​ចិត្តលោក​ជា​ច្រើន​រួមទាំង​អ្នក​និពន្ធ​អាជីព និង​មិន​អាជីព​ ក៏បាន​ប្រញាប់ប្រញាល់​តាក់​តែង​បទ​ចម្រៀង​នេះតាម​សំណូមពរ។ គិត​ត្រឹម​រយៈពេល​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី២០ ដល់​ថ្ងៃ២២ ខែវិច្ឆិកា បទចម្រៀង ដែល​មាន​ចំណង​ជើងស្រដៀងៗ​គ្នាទាក់ទង​នឹក​ភ្នែក​ចៅស្រី​នេះ មាន​ជាង​ ៣០ ​បទ បាន​ផលិត​ឡើង​ព្រមៗ​គ្នា និង​បាន​ចាក់​ផ្សាយ​ជា​បន្ត​បន្ទាប់ ​ក្នុង​នោះ​ ​រួមមាន​បទ «ទឹកភ្នែក​ចៅស្រក់ មិន​ចេញ​សំឡេង» «ស្រក់ទឹកភ្នែក​តែ​មិន​យំ» និងបទ « ទឹក​ភ្នែក​តា​» ជាដើម។

បទចម្រៀង​ទាំង​នោះ ភាគច្រើន​ផលិត​ឡើង​ដោយ​យក​តាម​លំនាំបទភ្លេង​ពី​ជំនាន់​ដើម​ ឬ​ហៅថា​បទ​មរតក​ដើម

ខមមិន​តបជុំវិញ​រឿង​នេះ ម្ចាស់​គណនីហ្វេសប៊ុក​ម្នាក់​ ក្នុង​ចំណោម​ម្ចាស់​គណនីហ្វេសប៊ុក​ជា​ច្រើន​ទៀត​ ដោយ​វិទ្យុអាស៊ីសេរី​សុំមិន​បញ្ចេញ​ឈ្មោះ​គាត់​ទេ ដើម្បី​សុវត្ថិភាព​ពួកគាត់​នោះ ​បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា៖ «ទឹកភ្នែក​រាស្រ្ត​ស្រក់​ស្ទើរគ្រប់ទី​កន្លែង​ដោយ​សារ​រឿង​ដីធ្លី ​ដូច​គ្មាន​អ្នក​ជួយ​និពន្ធ ជា​ចម្រៀង​សោះ»។

ដោយឡែក ម្ចាស់គណនីហ្វេសប៊ុក​ឈ្មោះ ប៉ាវ ពិសិដ្ឋ ចាប់​អារម្មណ៍​លើការ​ស្រក់​ទឹក​ភ្នែករបស់​ចៅស្រី​តូចរបស់​នាយករដ្ឋមន្រ្តីដោយ​បាន​ចូលខមិន​តប​តាម​រយៈទំព័រហ្វេសប៊ុក លោក ហ៊ុន សែន បែបទំ​យើ​ថា៖ «សង្ស័យ​តែ​ចៅស្រី​នឹក​លោក​តា​ខ្លាំង​ពេក​ទេ​ដឹង..?»

ជាមួយ​គ្នានោះ​ដែរ ម្ចាស់​គណនីហ្វេសប៊ុក​ឈ្មោះ អ៊ូច មុនី (Ouch Mony)ក៏ខមិន​តបដែរ​ថា​«ចៅអាច​មាន​បញ្ហាភ្នែក មិនមែន​អន់ចិត្ត​នរណា​ម្នាក់ ហើយ​សម្រក់​ទឹកភ្នែក​មិន​យំ​នោះទេ​ បើ​សិន​ជា​ករណី​នេះ​កើត​មាន​ច្រើន​សារ​មក​ហើយសម្តេច​ត្រូវ​តាម​ដាន​សុខភាព​ភ្នែក​ចៅ»

ក្រៅពី​ទំព័រ​ហ្វេសប៊ុក នាយករដ្ឋមន្រ្តី!! រឿងទឹកភ្នែក​ចៅស្រី​តូច​របស់​ហ៊ុន សែន នេះ ក៏មាន​ការ​ចុះផ្សាយ​លើ​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​នានា​ និង​ចែក​រម្លែក​លើ​បណ្តាញ​សង្គម​ព្រោង​ព្រាត ចាប់តាំង​ពី​ថ្ងៃទី១៨ ខែវិច្ឆិកា រហូត​មក​ទល់​ពេល​នេះ

ជុំវិញ​ការ​ចុះផ្សាយ និង​ការ​ពិភាក្សា​ជុំវិញ​រឿងចៅស្រី​លោក ហ៊ុន សែន ស្រក់ទឹកភ្នែក​ដោយ​មិន​ឮ​សំឡេង​យំ​នេះ​ដែរ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ តាឡូយ ជាឈ្មោះ​អ្នកនិពន្ធដាក់ឲ្យ​ ដើម្បី​សុវត្ថិភាព​គាត់ មានការ​យល់​ឃើញ​ផ្សេង​ទៅវិញ​ថា«ក្មេងម្នាក់​នេះស្រក់​ទឹកភ្នែក​ ដោយ​តាឈ្លក់​អំណាច​សម្លាប់ និង​ធ្វើបាប​រាស្រ្ត​ខ្មែរ ក្បត់​មិន​ដែល​គោរព​ពាក្យ​សន្យា ទេវតាបរាមុខ បាបកម្ម បាបកម្ម»។ «ស្រក់ទឹកភ្នែកយំ​មិន​ចេញ​សំឡេង ​ដោយខ្លាច​អំណាច​ឃោរឃៅ​របស់​តាខំប្រឹង​លាក់​សំឡេង​ស្រក់​តែ​ទឹក​ភ្នែក»។ «ក្មេងម្នាក់នេះ​អាច​ជា​ជនរងគ្រោះ​ដោយ​ស្នាដៃតា​ មក​ចាប់​កំណើត ​ដល់​កើត​មក​ចំតា​ជា​ពេជ្ឈឃាដ រាល់​ពេល​តា​ចាប់​បី ភ័យ​ខ្លាច​យំ​លាក់​សំឡេងស្រក់​តែទឹ​កភ្នែក»

រីឯម្ចាស់​គណនីហ្វេសប៊ុក​ម្នាក់​ផ្សេង​ទៀត ក៏បាន​បញ្ចេញមតិ ឬខមមិន​ដែរ​ថា«ចៅស្រក់​ទឹកភ្នែក មិន​មែន​គ្មាន​បញ្ហា​នោះ​ទេ...!! រាស្ត្រស្រក់ទឹក​ភ្នែក​ទៅវិញ​ទេ បាន​គ្មាន​បញ្ហា (ជី​ឡើង​ថ្លៃ ប្រេង សាំងឡើង​ថ្លៃ​ ស្រូវថោក)​ រឿងនេះ​បាន​គ្មាន​បញ្ហា សម្រាប់​មនុស្ស​ អាត្មានិយម»។

ដោយ​ឡែក ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ទៀត គាត់បាន​បញ្ចេញ​មតិ ឬខមមិន បែប​ឌឺដង​យ៉ាង​ខ្លី ដោយ​ប្រើ​ពាក្យ​ពេញ​និយម ដែល​លោក ហ៊ុន សែន ធ្លាប់​ប្រើ​ដើម្បី​​ចោទ​ប្រកាន់ ប្តឹង​មន្រ្តី និង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​គណបក្សប្រឆាំង។

សុធន់ សាំង សរសេរថា៖ «ក្មេងយំ​មាន​តែ​ទឹក​ភ្នែក​អត់​សំឡេង ពីព្រោះ​អន់ចិត្ត​កើត​មក​ចំត្រកូល​ ដែល​មាន​តាជា​អ្នក​ក្បត់​ជាតិ»។

ចុងក្រោយ​នេះ ខ្ញុំបាទ​សូមលើក​យកខមមិន​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក​ផ្សេងទៀត​ដែល​យើង​ខ្ញុំ​សូម​មិន​បញ្ចេញ​ឈ្មោះ ដើម្បីសុវត្ថិភាព​គាត់​នោះ​ដែរ។ គាត់បាន​សរសេរ ខម​មិន​ជុំវិញ​រឿង​នេះ ជា​ពាក្យកាព្យ ឬ​ជាទម្រង់​កំណាព្យ​ផង​ថា៖ «ទឹកភ្នែក​ចៅស្រក់ ព្រោះ​មាន​បញ្ហា ព្រោះ​ទុក្ខខេមរ៉ា កើត​មាន​រាល់​ថ្ងៃ គុក​ឥត​ជញ្ជាំង បិទ​បាំង​សេរី គុកធ្ងន់​ពេក​ក្រៃ គុក​ជញ្ជាំង​ឥដ្ឋ។ ទសពិធទាំងដប់ ភ្ជាប់​ក្នុង​ចិន្តា​ សន្តោស​ខេមរ៉ា ថ្លៃថ្លារុងរឿង សូមតា​ត្រង់ត្រាប់ ច្បាប់​ធម្មនុញ្ញយើង រាស្ត្រខ្មែរ​ថ្កានថ្កើង ​ជាតិ​យើង​ប្រពៃ។ រាស្ត្ររងទុក្ខសោក បោកប្រាណ​ព្រោះ​ព្រាត់ រស់​ក្នុង​វិបត្តិ ព្រាត់​ញាតិ​ហ្មងសៅ ​ចៅស្រក់​ទឹក​ភ្នែក​ រែក​ទុក្ខ​សែន​ជ្រៅ​ សូម​តា​ឈប់​ទៅ ឈប់​សាង​ទារុណ។ ទឹកភ្នែក​ចៅ​ហូរ ថ្ងួចថ្ងូរ​ប្រាប់​តា ​គ្រប់គ្រង​ខេមរ៉ា ដោយ​ត្រាប្រណី ស្មោះស្ម័គ្រ​ជាតិ​យើង ថ្កើងថ្កាន​ប្រពៃ ​សន្តោស​ប្រណី​ទឹកដី​សុវណ្ណភូមិ»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។