អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងអ្នកតាមដានកិច្ចការនយោបាយ បានផ្តល់ទស្សនៈផ្សេងគ្នា អំពីចៅស្រីទី២១របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលស្រក់ទឹកភ្នែកតែមិនយំចេញសំឡេងកាលពីពេលថ្មីៗនេះ។ អ្នកខ្លះថា ទឹកភ្នែកនេះ អាចមកចៅនឹកលោកតាខ្លាំងពេកព្រោះបែកគ្នាយូរ។ ចំណែកអ្នកខ្លះទៀត យល់ថា ចៅ លោក ហ៊ុន សែន ស្រក់ទឹកភ្នែក តែមិនយំនេះ ដោយសារតែខ្មាស់គេដែលមានជីតាជាមេដឹកនាំផ្ដាច់ការទៅវិញ។
រឿងដំណក់ទឹកភ្នែកនេះធ្លាប់តែល្បីក្នុងបទចម្រៀងមនោសញ្ចេតនាដែលកវីនិពន្ធតាក់តែងឡើងពាក់ព័ន្ធនឹងការព្រាត់ប្រាស់ស្នេហាដូចជាបទស្រក់ទឹកភ្នែកមិនមានបញ្ហានិងបទទឹកភ្នែកសម្ងាត់ជាដើម។
ដោយឡែក នៅចុងឆ្នាំ២០២១នេះ ដំណក់ទឹកភ្នែកដែលល្បីនិងធ្វើឲ្យអ្នកផងចាប់អារម្មណ៍និងមានការតាមដានច្រើនពីមហាជនទូទៅនៅលើបណ្តាញសង្គមនោះមិនមែនជាបទចម្រៀងទេគឺជាដំណក់ទឹកភ្នែកដែលហូរចេញពីកែវភ្នែកចៅស្រីទី២១របស់នាយករដ្ឋមន្រ្តីខ្មែរ។
ព្រឹត្តិការណ៍ដែលចូលមកអង្រួនដួងចិត្តអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកក្រៅពីអ្នកលក់ឡេតាមអនឡាញនិងក្រុមតារាៗល្បីនោះក៏មានលោកនាយរដ្ឋមន្រ្តី ហ៊ុន សែន មួយដែរ ដែលបានផុសរូបភាពពរចៅស្រីលើបណ្តាញសង្គមនិងបានសរសរអត្ថាធិប្បាយផងថា៖ «ម្សិលមិញត្រឡប់ពីធ្វើការមកដល់ផ្ទះឆ្លៀតដឹកចៅដើរលេង។ ចៅស្រីទី២១មិនដឹងថា អន់ចិត្តរឿងអីបានជាស្រក់ទឹកភ្នែក។ ច្រើនលើកហើយចៅមួយនេះសុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱ្យឮ ។ នៅកម្ពុជាយើងតើមានបទចម្រៀងដែលមានចំណងជើង ( ស្រក់ទឹកភ្នែកតែមិនយំ ) ហើយឬនៅ ? បើមិនទាន់មានទេសូមជួយនិពន្ធមួយបទផង »។
ភ្លាមៗក្រោយពីក្រោយលោក ហ៊ុន សែន ស្នើឱ្យមានការនិពន្ធបទចម្រៀងអំពីចៅរបស់លោកសុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱ្យឮនេះអ្នកផ្គាប់ចិត្តលោកជាច្រើនរួមទាំងអ្នកនិពន្ធអាជីពនិងមិនអាជីពក៏បានប្រញាប់ប្រញាល់តាក់តែងបទចម្រៀងនេះតាមសំណូមពរ។គិតត្រឹមរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃ២២ខែវិច្ឆិកា បទចម្រៀង ដែលមានចំណងជើងស្រដៀងៗគ្នាទាក់ទងនឹកភ្នែកចៅស្រីនេះមានជាង ៣០ បទបានផលិតឡើងព្រមៗគ្នានិងបានចាក់ផ្សាយជាបន្តបន្ទាប់ក្នុងនោះ រួមមានបទ «ទឹកភ្នែកចៅស្រក់មិនចេញសំឡេង» «ស្រក់ទឹកភ្នែកតែមិនយំ» និងបទ « ទឹកភ្នែកតា» ជាដើម។
បទចម្រៀងទាំងនោះភាគច្រើនផលិតឡើងដោយយកតាមលំនាំបទភ្លេងពីជំនាន់ដើមឬហៅថាបទមរតកដើម។
ខមមិនតបជុំវិញរឿងនេះ ម្ចាស់គណនីហ្វេសប៊ុកម្នាក់ ក្នុងចំណោមម្ចាស់គណនីហ្វេសប៊ុកជាច្រើនទៀត ដោយវិទ្យុអាស៊ីសេរីសុំមិនបញ្ចេញឈ្មោះគាត់ទេ ដើម្បីសុវត្ថិភាពពួកគាត់នោះ បានលើកឡើងស្រដៀងគ្នាថា៖ « ទឹកភ្នែករាស្រ្តស្រក់ស្ទើរគ្រប់ទីកន្លែងដោយសាររឿងដីធ្លី ដូចគ្មានអ្នកជួយនិពន្ធ ជាចម្រៀងសោះ »។
ដោយឡែក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ប៉ាវ ពិសិដ្ឋ ចាប់អារម្មណ៍លើការស្រក់ទឹកភ្នែករបស់ចៅស្រីតូចរបស់នាយករដ្ឋមន្រ្តី ដោយបានចូលខមិនតបតាមរយៈទំព័រហ្វេសប៊ុក លោក ហ៊ុន សែន បែបទំយើថា៖ « សង្ស័យតែចៅស្រីនឹកលោកតាខ្លាំងពេកទេដឹង ..?»។
ជាមួយគ្នានោះដែរ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អ៊ូច មុនី ( Ouch Mony)ក៏ខមិនតបដែរថា៖ « ចៅអាចមានបញ្ហាភ្នែក មិនមែនអន់ចិត្តនរណាម្នាក់ ហើយសម្រក់ទឹកភ្នែកមិនយំនោះទេ បើសិនជាករណីនេះកើតមានច្រើនសារមកហើយ ។ សម្តេចត្រូវតាមដានសុខភាពភ្នែកចៅ »។
ក្រៅពីទំព័រហ្វេសប៊ុក នាយករដ្ឋមន្រ្តី!! រឿងទឹកភ្នែកចៅស្រីតូចរបស់ហ៊ុន សែន នេះ ក៏មានការចុះផ្សាយលើបណ្តាញសារព័ត៌មានក្នុងស្រុកនានានិងចែករម្លែកលើបណ្តាញសង្គមព្រោងព្រាតចាប់តាំងពីថ្ងៃទី១៨ខែវិច្ឆិកា រហូតមកទល់ពេលនេះ។
ជុំវិញការចុះផ្សាយនិងការពិភាក្សាជុំវិញរឿងចៅស្រីលោក ហ៊ុន សែនស្រក់ទឹកភ្នែកដោយមិនឮសំឡេងយំនេះដែរម្ចាស់គណនីហ្វេសប៊ុកឈ្មោះ តាឡូយ ជាឈ្មោះអ្នកនិពន្ធដាក់ឲ្យ ដើម្បីសុវត្ថិភាពគាត់មានការយល់ឃើញផ្សេងទៅវិញថា៖ « ក្មេងម្នាក់នេះស្រក់ទឹកភ្នែក ដោយតាឈ្លក់អំណាចសម្លាប់ និងធ្វើបាបរាស្រ្តខ្មែរ ក្បត់មិនដែលគោរពពាក្យសន្យា ទេវតាបរាមុខ បាបកម្ម បាបកម្ម »។ «ស្រក់ទឹកភ្នែកយំមិនចេញសំឡេង ដោយខ្លាចអំណាចឃោរឃៅរបស់តាខំប្រឹងលាក់សំឡេងស្រក់តែទឹកភ្នែក»។ «ក្មេងម្នាក់នេះអាចជាជនរងគ្រោះដោយស្នាដៃតា មកចាប់កំណើត ដល់កើតមកចំតាជាពេជ្ឈឃាដ រាល់ពេលតាចាប់បី ភ័យខ្លាចយំលាក់សំឡេង ស្រក់តែទឹកភ្នែក»។
រីឯម្ចាស់គណនីហ្វេសប៊ុកម្នាក់ផ្សេងទៀតក៏បានបញ្ចេញមតិឬខមមិនដែរថា៖ «ចៅស្រក់ទឹកភ្នែក មិនមែនគ្មានបញ្ហានោះទេ...!! រាស្ត្រស្រក់ទឹកភ្នែកទៅវិញទេ បានគ្មានបញ្ហា (ជីឡើងថ្លៃ ប្រេងសាំងឡើងថ្លៃ ស្រូវថោក) រឿងនេះបានគ្មានបញ្ហាសម្រាប់មនុស្ស អាត្មានិយម»។
ដោយឡែកម្ចាស់គណនីហ្វេសប៊ុកមួយទៀតគាត់បានបញ្ចេញមតិ ឬខមមិន បែបឌឺដងយ៉ាងខ្លីដោយប្រើពាក្យពេញនិយមដែលលោក ហ៊ុន សែន ធ្លាប់ប្រើដើម្បីចោទប្រកាន់ប្តឹងមន្រ្តីនិងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រឆាំង។
សុធន់ សាំង សរសេរថា៖ « ក្មេងយំមានតែទឹកភ្នែកអត់សំឡេង ពីព្រោះអន់ចិត្តកើតមកចំត្រកូល ដែលមានតាជាអ្នកក្បត់ជាតិ»។
ចុងក្រោយនេះខ្ញុំបាទសូមលើកយកខមមិនរបស់ម្ចាស់គណនីហ្វេសប៊ុកផ្សេងទៀតដែលយើងខ្ញុំសូមមិនបញ្ចេញឈ្មោះដើម្បីសុវត្ថិភាពគាត់នោះដែរ។ គាត់បានសរសេរខមមិនជុំវិញរឿងនេះជាពាក្យកាព្យឬជាទម្រង់កំណាព្យផងថា៖ «ទឹកភ្នែកចៅស្រក់ ព្រោះមានបញ្ហា ព្រោះទុក្ខខេ មរ៉ា កើតមានរាល់ថ្ងៃ គុកឥតជញ្ជាំង បិទបាំងសេរី គុកធ្ងន់ពេកក្រៃ គុកជញ្ជាំងឥដ្ឋ។ ទសពិធទាំងដប់ ភ្ជាប់ក្នុងចិន្តា សន្តោសខេមរ៉ា ថ្លៃថ្លារុងរឿង សូមតាត្រង់ត្រាប់ ច្បាប់ធម្មនុញ្ញយើង រាស្ត្រខ្មែរថ្កានថ្កើង ជាតិយើងប្រពៃ ។ រាស្ត្ររងទុក្ខសោក បោកប្រាណព្រោះព្រាត់ រស់ក្នុងវិបត្តិ ព្រាត់ញាតិហ្មងសៅ ចៅស្រក់ទឹកភ្នែក រែកទុក្ខសែនជ្រៅ សូមតាឈប់ទៅ ឈប់សាងទារុណ។ ទឹកភ្នែកចៅហូរ ថ្ងួចថ្ងូរប្រាប់តា គ្រប់គ្រងខេមរ៉ា ដោយត្រាប្រណី ស្មោះស្ម័គ្រជាតិយើង ថ្កើងថ្កានប្រពៃ សន្តោសប្រណីទឹកដីសុវណ្ណភូមិ »៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។