ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានចេញមុខជួបប្រជាពលរដ្ឋជាសាធារណៈនៅខេត្តសៀមរាប ជាលើកដំបូង កាលពីថ្ងៃទី១៨ មិថុនា ក្រោយមានការប្រកាសចែកផ្លូវគ្នា ជាមួយលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
អ្នកគាំទ្រមេដឹកនាំជាន់ខ្ពស់នៃគណបក្សប្រឆាំងទាំងពីរនាក់នេះ បានចាប់ផ្តើមប្រើប្រាស់បណ្ដាញសង្គមវាយប្រហារគ្នា ក្រោយការបែកធ្លាយអំពីការបែកបាក់គ្នា រវាងលោក លោក កឹម សុខា និង លោក សម រង្ស៊ី។
អ្នកគាំទ្រគណបក្សប្រឆាំងមួយចំនួនបង្ហាញទស្សនៈផ្សេងៗគ្នាជុំវិញការបែកបាក់គ្នារវាង លោក កឹម សុខា និង លោក សម រង្ស៊ី ដោយអ្នកខ្លះគាំទ្រ ចំណែកអ្នកខ្លះទៀតមិនគាំទ្រឡើយ។
ទន្ទឹមគ្នានេះ ពួកគេបានសរសេរសារ ស្តីបន្ទោស ឌឺដង បន្តុះបង្អាប់ ទៅលើមេដឹកនាំទាំងពីររៀងៗខ្លួន។
ម្ចាស់គណនី ឈ្មោះ នូ សុទ្ធា (Nou Sothea) បានសរសេរខមមិន (Comment)ជុំវិញរឿងនេះថា៖
«លោក សម រង្ស៊ី នៅតែទទួលស្គាល់លោក កឹម សុខា ដដែលក្នុងនាមដៃគូ ព្រោះលោកកឹម សុខា ពុំទាន់មានសេរីភាពនៅឡើយ…»។
ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ នូ សុទ្ធា ដដែល ក៏បានខមមិនឌឺដងជុំវិញរឿង លោក កឹម សុខា ប្រកាសចែកផ្លូវជាមួយលោក សម រង្ស៊ី ដែរថា៖ «បងដឹងថាអូនក្បត់បងយូរហើយ តែអូនមិនព្រមចុះចេញ ប៉ុណ្ណឹងហើយអូននៅបបួលចោរមកប្លន់ទ្រព្យសម្បត្តិកូនៗ រួចដុតកំទេចផ្ទះចោលទៀត អូនឯងនេះចង្រៃយូរណាស់ហើយ…»។
ដោយឡែក ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ អ៊ុំ សុផល(Um Sophal): បានខមមិនឆ្លើយតបបែបឌឺដងទៅវិញដែរថា៖ «បាញ់ម្ល៉េះគុណម្ចាស់ ..!! អូនឈឺចាប់ណាស់ អូនមិនចង់ក្បត់បងទេ តែអូនចង់បាននូវអ្វីដែលអូនចង់បាន ៥៧០ វិឡា និងសិទ្ធិសេរីភាព តែពេលនេះទើបអូនដឹងថា អ្នកគាំទ្រមិនតាមអូនទេ គឺនៅតែគាំទ្របងដដែល អូនមើលខុសហើយ ពេលនេះទើបអូនដឹង រឿងភាគអត់ស្តេចសូមចប់ត្រឹមនេះ ឯវំ…»។
ចំណែក ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ឆាំ ចាន់នី (Chham Chhany) វិញក៏បានសរសេរ ខមមិនឌឺដងស្រដៀងគ្នានេះដែរថា ៖ «បើការចាកចេញរបស់អូន អូនទទួលបាននូវគ្រប់អ្វីៗដូចស្រីប្រាថ្នា សូមអូនទៅចុះ តែបើគេសាវ៉ា សូមកន្និដ្ឋា ប្រាប់មកបង រៀមនៅតែផ្សងជូតទឹកភ្នែកឲ្យអូនដូចដើម…»។
ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ មៅ់ កោសល្យ ក៏ចូលរួមមតិដែរថា៖ «អ៊ីចឹងបានថា គិតយូរៗទៅ អ្នកនយោបាយ បោកតែអ្នកគាំទ្រខ្លួនឯង ..!! ចុងក្រោយបានច្បាស់ដូចថ្ងៃ… !!»។
ចំណែក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ផល្លា រួន ខមមិនតមថា៖ «បើមិនដឹងរឿងហេតុពិតប្រាកដ និងច្បាស់ទេ កុំស្ដាប់តែម្ខាងអី ..»។
ម្ចាស់គណនីយហ្វេសប៊ុករូបនេះបន្តថា៖ ចង់ស្គាល់មនុស្សម្នាក់នោះច្បាស់ពិតប្រាកដទៅនៅជាមួយទៅ បើអស់តម្លៃឱ្យគេប្រើប្រាស់ពេលណា គឺគ្រាន់តែគល់ឈើមួយដុំរាំងផ្លូវគេប៉ុណ្ណោះ។
ចំណែក ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ស្នាមញញឹម សាជាថ្មី ខមមិនទាក់ទងនឹងរឿងនេះដែរថា៖ «អត់មានអីចម្លែកទេ ថ្ងៃនេះបែក ថ្ងៃស្អែកជួប កុំវិភាគច្រើនពេកមានអ្វីធ្វើជាប្រយោជន៍ក៏នាំគ្នាធ្វើទៅ…»។
ដោយឡែក ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ វ៉ាន់ឌី វ៉ាន់ដាហ្គា យល់ឃើញចំពោះការបែកបាក់អ្នកនយោបាយប្រឆាំងនេះដែរថា៖ «បើលោកសម រង្ស៊ី ឆ្លើយថាបែកដូច កឹម សុខានិយាយដែរទៅ ប្រហែលលោក កឹម សុខា ឆាប់បានមកធ្វើនយោបាយវិញ ..!! បើមានឱកាសធ្វើនយោបាយវិញ លោក កឹម សុខា គួរតែប្រកាសចូលជាមួយភ្លើងទានទៅ ដើម្បីជានិមិត្តរូប សម រង្ស៊ី + កឹម សុខា តែមួយ»។
ម្ចាស់គណនីហ្វេសប៊ុកដដែលនេះ យល់ឃើញទៀតថា៖ «តាមការយល់ឃើញរបស់គាត់ លោក កឹម សុខា ប្រកាសបែកពេលនេះ គឺត្រឹមត្រូវ រួចហើយប្រកាសគាំទ្រភ្លើងទាន ដើម្បីជានិមិត្តរូប សម រង្ស៊ី+កឹម សុខា ជាមនុស្សតែមួយ!! លោកបន្តថា៖ «លោកនិយាយបែបនេះ ព្រោះលោក មិនចង់បាត់បង់អ្នកទាំងពីរ ឬនរណាម្នាក់ឡើយ។ បើលោក សម រង្ស៊ីនៅតែជានិមិត្តរូប នោះប្រសើរជាងបាត់បង់ទទេៗមិនអាចវិលត្រឡប់វិញបាន។
រីឯម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ដាវីន (Davin Bdr) បានខមមិនដោយដាក់ជាសំណួរថា៖ តើអាចទេ ការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ នឹងផ្ដួលគណបក្សកាន់អំណាចបានឬទេ? ឬនយោបាយលោក សម រង្សី ក៏ដូច លោក កឹម សុខា ដែលជានយោបាយនោះ បានត្រឹមតែកំដរអំណាច លោក ហ៊ុន សែន…?
តែទោះយ៉ាងណាក្តី ការប្រកាសបែកគ្នានេះ គឺចេញតែពីខាងក្រុមលោក កឹម សុខា ប៉ុណ្ណោះ ចំណែក លោក សម រង្ស៊ី វិញ នៅតែអះអាងថា លោក កឹម សុខា នៅតែប្រកាន់ជំហរ និងគោលដៅ ដូចដើមដដែល គឺ សម រង្ស៊ី និង កឹម សុខា នៅតែជានិម្មិតរូបនៃការរួបរួមនៃអ្នកប្រជាធិបតេយ្យ និងការផ្លាស់ប្តូរជាវិជ្ជមាន។
លោក សម រង្ស៊ី អះអាងថា ការថ្លែងរបស់លោក កឹម សុខា នៅក្នុងអង្គសវនាការ កាលពីថ្ងៃទី១៥ មិថុនា អំពីការបែកបាក់នោះ អាចមកពីគំនាបនយោបាយរបស់បក្សកាន់អំណាច។
យ៉ាងណាក៏ដោយចុះ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ក្តីក្តាំនៅតុលាការនៅឡើយនោះ បានចេញមុខចុះជួបប្រជាពលរដ្ឋ ជាសាធារណៈ ជាលើកដំបូង នៅឯខេត្ត សៀមរាប កាលពីថ្ងៃទី១៨ មិថុនា ក្រោយមានការប្រកាសចែកផ្លូវគ្នា ជាមួយលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ខណៈរឿងក្តីរបស់លោក មិនទាន់មានការវិវឌ្ឍទៅរកភាពវិជ្ជមាននៅឡើយរហូតមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។