អ្នកប្រើ​បណ្ដាញ​សង្គម​ជាច្រើន​រួមគ្នា​ឧទ្ទេសនាម​ស្ត្រី​១០២​ឆ្នាំ សួង ខិន ថា ជា «ព្រះម៉ែជាតិខ្មែរ»

0:00 / 0:00

ពលរដ្ឋ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​រួមគ្នា​ឧទ្ទេសនាម​ស្ត្រី​វ័យ​១០២​ឆ្នាំ ដែល មាន​ឈ្មោះថា សួង ខិន ថា ជា​ព្រះ​ម៉ែ​ជាតិខ្មែរ​ពិតប្រាកដ។

ពួកគាត់​បាន​សរសេរ​សារ​បង្ហោះ​ព្រោងព្រាត​កោតសរសើរ​ផង លើកទឹកចិត្ត​ផង ដោយ​ថា អ្នក​ម៉ែ​រូប​នេះ ក្លាហាន​មាន​មនសិការ​ខ្ពស់​ចំពោះ​ជាតិ​មាតុភូមិ ការពារ​ទឹកដី​របស់​ខ្មែរ។ ជាពិសេស​ទៀត​នោះ អ្នក​ម្តាយ​រូប​នេះ​អប់រំ​កូន កុំ​ឲ្យ​រត់ចោល​ប្រទេសជាតិ កុំ​គេច​ចេញពី​បញ្ហា ហើយ​តស៊ូ​ការពារ​នូវ​អ្វី​ដែល​ជា​សេចក្តី​ល្អ​ស្មោះត្រង់​ចំពោះ​ជាតិខ្មែរ ការពារ​ទឹកដី​ខ្មែរ បើ​ទោះ​ជា​ត្រូវ​ប្រឈម​នឹង​គុក​ច្រវាក់ ឬ​សេចក្តី​ស្លាប់ នៅ​ចំពោះ​មុខ​ក៏ដោយ។

សារ​ជា​សំឡេង​អំពាវនាវ​រក​យុត្តិធម៌​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​ប្រទេស​ចំពោះ​កូនប្រុស គឺ លោក កង សារ៉ន មុន​ពេល​សមត្ថកិច្ច​ចាប់ខ្លួន​យក​ទៅ​ដាក់គុក​ដោយសារ​រិះគន់​គណបក្ស​កាន់អំណាច ជាពិសេស​លំហូរ​ពលរដ្ឋ​វៀតណាម​ចូល​មក​រស់នៅ​កម្ពុជា​ខុសច្បាប់​នោះ បាន​ឆក់​យក​បេះដូង​ពលរដ្ឋ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន។

ពួកគេ​ឧទ្ទេសនាម​ស្ត្រី​វ័យ​១០២​ឆ្នាំ សួង ខិន ថា ជា​ព្រះម៉ែជាតិ​ខ្មែរ ព្រះ​ម៉ែ​ការពារ​ដី ទេវតា​ការពារ​ដី និង​មាតា​គំរូ ក្លាហាន ជាដើម...!

ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ដែល​ដាក់​ឈ្មោះ​ថា Hanks Sankream (​ហែង សានគ្រាម) បាន​ផុស​នូវ​រូបភាព​ដូន​ចាស់​អាយុ​១០២​ឆ្នាំ ឈ្មោះ សួង ខិន សម្រង់​សម្ដី​ដែល​ផ្តាំ​ទៅ​កូន​គាត់​តាមន័យ​ដើម​ថា៖ «ម៉ែ​ផ្តាំ​ឱ្យ​កូន​កុំ​ខ្លាច​គេ​អី​គ្រាន់តែ​និយាយ ពាក្យ​យួន​មួយ​ឃ្លា​រឿង​អី​មានទោស ខុសច្បាប់​ឪ​វា​អី​កូន​កុំ​ខ្លាច​វា ការពារ​ជាតិ​យើង»។

ម្ចាស់​គណនី​ហ្វេសប៊ុក​ដែល​នេះ​ក៏បាន​ចាត់ទុក​គាត់ ជា វីរៈមាតា​ស្រលាញ់​ទឹកដី​ហើយ​ថា កូន​ខ្មែរ​ប្រុស​ស្រី​គួរ​យក​គំរូ ទោះ​ចាស់​យ៉ាងណា ក៏​ប្ដេជ្ញា​តស៊ូ​ទោះបី​ត្រូវ​ប្តូរ​ជីវិត​ក៏ដោយ។

ចំណែក​ម្ចាស់​គណនី​ហ្វេសប៊ុក​ដទៃទៀត​ក៏បាន​Comments ឬ​បញ្ចេញ​ទស្សនៈ​ស្រដៀងៗ​គ្នា​នេះ​ច្រើន​ទៀត​ដែរ។

ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ស៊ីណាត លីម (Sinath Lim) បាន​បញ្ចេញ​ទស្សនៈ ជុំវិញ​បញ្ហា​នេះ​ដែរ​ថា «លោកយាយ​ស្រឡាញ់​ជាតិ​ពិត​ប្រាកដ លះបង់​ជីវិត​ដើម្បី​ជាតិ»។

ដោយឡែក​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ផ្សេង​ទៀត ឈ្មោះ ផន លុន (Phon Lon) ក៏បាន​សរសេរ​សារ​ឈ្លើយ​តប​ដែរ​ថា៖ «នាំគ្នា​ជួយ​គាត់​ផង​ទៅ នាំ​ប្រយោជន៍​ឲ្យ​ជាតិ​សាសន៍​យើង ឲ្យ​ខ្មែរ​ចេះ​ឈឺចាប់​ការពារ​ជាតិ​ខ្លួនឯង កុំ​ភ្លេចខ្លួន​យើង​ជា​ម្ចាស់​ប្រទេសជាតិ»។

រីឯ​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ លី វ៉ាន់ (Lee Vann) ក៏​បាន​ចូល​មតិ​លើទឹក​ចិត្ត ដល់​ដូន​ចាស់​អាយុ​១០២​ឆ្នាំ ដោយ​កោតសរសើរ​ដល់​វីរភាព សេចក្តី​ក្លាហាន​របស់​គាត់​ដែល​ហាន​ប្រឈម​នឹង​បញ្ហា​គ្រប់បែបយ៉ាង ដោយ​មិន​រាថយ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ការពារ​ភាពស្មោះត្រង់​និង​សេចក្តី​ថ្លៃថ្នូរ​ក្នុងនាម​ជា​ពូជខ្មែរ។ លី វ៉ាន់ បាន​សរសេរ​សារ​សូម​ព្រះអង្គ​ទ្រង់​ប្រទាន​ពរ​ដល់​លោក​យាយ​មាន​អាយុ​វែង ចូល​កូន​ខ្មែរ​ក្រោក​ឡើង​ដូច​លោកយាយ គាត់​បាន​ក្រោក​ឡើង តតាំង​ឱ្យ​កូន​របស់​គាត់​ជា​មនុស្ស​ក្លាហាន គាត់​ជា​ស្ត្រី​មាន​អំណាច ជា​ម្ចាស់​ប្រទេស​កម្ពុជា។

ទាក់ទង​នឹង​ជំហរ​ដូន​ចាស់ សួង ខិន ចំពោះ​ប្រទេសជាតិ​នេះ​ដែរ ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ហែម សុជាតា (Socheata Hem) បាន​បង្ហោះ​សារ និង​រូបភាព​បង្ហាញ​ទស្សន​របស់​ខ្លួន​ដែរ​ថា​៖ អ្នក​ចង់បាន​ឋានៈ​យសស័ក្ដិ​ត​ពូជ​ធ្វើ​អី​? បើ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ពួក​អ្នក​គ្មាន​សមត្ថភាព​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​បាន​សមរម្យ​ផង​ហ្នឹង? «បារមី​កិត្តិយស និង​គុណ​តម្លៃ​របស់​គ្រួសារ​ពួក​អ្នក​មិន​បាន​ស្មើ​បាតជើង​ដូន​ចាស់​ម្នាក់​នេះ​ផង​ទេ​ ...!!​ រីឯ​ស្មារតី​ស្នេហា​ជាតិ​របស់​ពួក​អ្នក​វិញ​ក៏​គ្មាន​តម្លៃ​ត្រឹម​ជាយ​សារ៉ុង ដូន​ចាស់​ផង! ណ្ហើយ​ ! បើ​មានតែ​កិត្តិយស​ហើយ​រស់​ថោក​ទាប​ម្ល៉ឹងៗ​អី​ក៏​ប្រឹង​ត្រដរ​ម្ល៉េះ​អ៊ំ​សួរ​ឯង​ ...»?

ចំណែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ កសិករ ជាយដែន​វិញ ក៏​ចាប់​អារម្មណ៍​លើ​រឿង​នេះ​ដែរ។ គាត់​បាន​សរសេរថា​៖ អាយុ​លោកយាយ 102​ឆ្នាំ គាត់​នៅខ្លឹម​ហើយ​រឹងមាំ គាត់​ជាតិ​និយម ខុសពី​មនុស្ស​ខ្លះ​អាត្មានិយម។

ក្រោយពី​គ្រប់គ្នា​ស្តាប់​ឮ និង​មើលឃើញ​ជំហរ​របស់​លោកយាយ សួង ខិន មាន​ស្មារតី​រឹងមាំ​ចំពោះ​ជាតិ មាតុភូមិ​បែប​នេះ ពួកគេ​រំជួលចិត្ត និង​ចង់ទៅ​ជួប​លោកយាយ​ផ្ទាល់ ដើម្បី​សួរសុខទុក្ខ ហើយ​អ្នកខ្លះ​មាន​សន្តាន​ចិត្ត​ចង់​ឧបត្ថម្ភ លោក​និយាយ​នូវ​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន​សម្រាប់​លោកយាយ​អស់​មួយ​ជីវិត។

សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ចាប់​វាយ​ខ្នោះ​លោក កង សារ៉ន ដែល​ជា​កូនប្រុស លោកយាយ សួង ខិន វ័យ ១០២​ឆ្នាំ កាលពី​ល្ងាច​ថ្ងៃទី​២៥ វិច្ឆិកា ក្រោយ​ពេល​តុលាការ​ផ្ដន្ទាទោស​ឱ្យ​លោក​ជាប់​ពន្ធនាគារ ៣​ឆ្នាំ​ពី​បទ «​ជេរប្រមាថ​តាម​ទី​សាធារណៈ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ»។ ការ​ចោទប្រកាន់​នេះ បន្ទាប់​ពី​លោក កង សារ៉ន បាន​ផ្សាយ​ផ្ទាល់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) និយាយ​រិះគន់​ការ​ដឹកនាំ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​អំឡុងពេល​ឃោសនា​រក​សំឡេងឆ្នោត កាលពី​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២៣។

លោក​យាយ សួន ខិន ដែល​មហាជន​នៅ​លើ​បណ្ដាញ​សង្គម​ប្រសិទ្ធនាម​ឲ្យ​ថា ជា​ព្រះម៉ែជាតិខ្មែរ ស្នេហា​ជាតិ និង​ទឹកដី​ខ្មែរ​បាន​ហៅ​ទង្វើ​របស់​សមត្ថកិច្ច​មក​លើ​គ្រួសារ​គាត់​នេះ​ថា ជា​រឿង​អយុត្តិធម៌​បំផុត ហើយ​លោក​និយាយ​មិន​ខ្លាច​តទល់​ដើម្បី​ស្វែង​យុត្តិធម៌​ក្នុង​រឿង​នេះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។