ក្រុម​គ្រួសារ​មន្ត្រី​បក្ស​ភ្លើង​ទៀន​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​សាច់​ញាតិ​ពួកគេ

ក្រុម​គ្រួសារ​ទាមទារ​តុលាការ​ដោះលែង​សកម្មជន​បក្ស​ភ្លើងទៀន​ឱ្យ​មាន​សេរីភាព វិលត្រឡប់​មក​ប្រឡូក​ឆាក​នយោបាយ​ឡើង​វិញ ព្រោះ​សាច់​ពួកគេ​មិន​មាន​កំហុស​អ្វី​ឡើយ។ សំណើ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​តុលាការ​កាត់ទោស​មន្ត្រី​បក្ស​ភ្លើងទៀន​ជាច្រើន​នាក់ ឱ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ ដោយ​ចោទ​ពី​បទ​ក្លែងបន្លំ​ឯកសារ​ក្នុង​ការ​បង្កើត​​គណបក្ស​បេះដូង​ជាតិ។ មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា​ការ​កាត់ទោស​សកម្មជន​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត និង​រង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ​អំពី​ការ​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ក្រុម​គ្រួសារ និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា ចំណាត់​របស់​តុលាការ​លើ​មន្ត្រី​បក្ស​ភ្លើងទៀន​កាន់តែ​ធ្វើ​ឱ្យ​ស្ថានភាព​នយោបាយ​កាន់តែ​អាក្រក់ នៅ​មុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ ហើយ​ពួកគេ​ស្នើ​ដល់​តុលាការ​ដោះលែង​មន្ត្រី និង​សកម្មជន​ទាំងនោះ​ដោយ​ឥត​លក្ខខណ្ឌ។

ប្រពន្ធ​មន្ត្រី​គណបក្ស​ភ្លើងទៀន​លោក តូច ថឹង គឺ​លោកស្រី សុ វណ្ណា ខកចិត្ត​ចំពោះ​ប៉ូលិស​ជាច្រើន​នាក់​ធាក់​ផ្តួល​ម៉ូតូ ក្របួច​ក​អាវ​ចាប់ខ្លួន​ប្តី​លោកស្រី ស្ថិតនៅ​ម្តុំ​ផ្សារ​ឈូកវ៉ា ដោយ​គ្មាន​ដីកា​តុលាការ ហើយ​ដឹក​ចេញ​ទៅ​បាត់ កាល​ពី​ព្រឹក​ថ្ងៃទី​២៤ ខែ​មីនា ខណៈ​គ្រួសារ​ដើររក​សាច់ញាតិ​គ្រប់​ច្រក​ល្ហក។ ស្ត្រី​វ័យ ៥៨​ឆ្នាំ​រូប​នេះ​ឱ្យ​ដឹង​ថា លុះ​ដល់​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ក្រោយ​លោកស្រី​ទៅ​សាកសួរ​ឆ្មាំ​យាម​ពន្ធនាគារ​ទើប​ដឹង​ថា ប្តី​លោកស្រី​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​មក​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ប៉ុន្តែ​មន្ត្រី​នៅ​ទីនោះ​មិន​អនុញ្ញាត ឱ្យ​គ្រួសារ​ចូល​ជួប ឬ​ផ្ញើ​សម្ភារ​ឡើយ។ លោកស្រី​រៀបរាប់​ទាំង​ទឹកភ្នែក​រលីងរលោង​ថា លោកស្រី​ព្រួយបារម្ភ​ពី​សុខទុក្ខ​ជា​ខ្លាំង ជា​ពិសេស​ជំងឺ​ភ្នែក​របស់​ប្តី​ដែល​ត្រូវ​ការ​ថែទាំ និង​ពិនិត្យ​ព្យាបាល​ឱ្យ​បាន​ដិតដល់។

លោកស្រី សុ វណ្ណា អះអាង​ថា ប្ដី​លោកស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទប្រកាន់​ទេ ព្រោះ​គាត់​គឺជា​មនុស្ស​ស្អាតស្អំ ហើយ​ស្នើ​ដល់​តុលាការ​ដោះលែង​ប្តី​ឱ្យ​មាន​សេរីភាព​វិល​ជួប​ជុំ​គ្រួសារ។

លោកស្រី សុ វណ្ណា៖ «ស្នើ​តុលាការ​ដោះលែង​ប្តី​ខ្ញុំ​ឱ្យ​មាន​សេរីភាព​ជួបជុំ​កូនចៅ​ពីព្រោះ​គាត់​អាយុ​ច្រើន​ហើយ គាត់​ជា​មនុស្ស​ស្មោះត្រង់​ជំងឺ ហើយ​គាត់​ឈឺភ្នែក បើ​ទុក​គាត់​នៅ​ហ្នឹង​ឱ្យ​ងងឹត​ភ្នែក​នរណា​អ្នក​មើល គាត់​កំពុង​ទឹកភ្នែក​រាល់ថ្ងៃ។ ខ្ញុំ​អំពាវ​នា​ឱ្យ​ប្តី​របស់ខ្ញុំ​មាន​សេរីភាព​ចេញ​មក​ជួបជុំ​កូន​ចៅ ពីព្រោះ​រឿង​ហ្នឹង​មិន​ត្រូវ​ចាប់ខ្លួន​ទេ ហើយ​ខ្ញុំ​នៅតែ​អន់ចិត្ត​ត្រង់​ថា ចាប់​ប្តី​របស់ខ្ញុំ​អត់​ដីកា រហូត​មក​ដល់​ថ្ងៃ​ហ្នឹង​អត់​ឱ្យ​ខ្ញុំ​ដឹង»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រពន្ធ​មន្ត្រី​គណបក្ស​ភ្លើងទៀន​ម្នាក់ទៀត​លោក ខឿន វីរ៉ាត់ គឺ​លោកស្រី ថាច់ ចន្ធូ ប្រាប់​ថា ប្តី​លោកស្រី​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ពី​ពន្ធនាគារ​ប្រាប់​ក្រុម​គ្រួសារ​បារម្ភ​ដោយ​ពួកគាត់​មាន​សុវត្ថិភាព និង​នៅ​តែ​មាន​ឆន្ទៈ​មោះមុត ស្មារតី​រឹងមាំ​ជា​ធម្មតា។ ប៉ុន្តែ​លោកស្រី​ថា មក​ដល់​ពេលនេះ​លោកស្រី​មិនទាន់​អាច​ផ្ញើ​របស់​របរ និង​ចូល​ជួប​មុខ​ប្តី​បាន​ទេ។ ប្រពន្ធ​មន្ត្រី​បក្ស​ភ្លើង​ទៀន​រូប​នេះ​ថា ប្តី​លោកស្រី​ជា​អ្នក​តស៊ូ​លះបង់​ដើម្បី​បុព្វហេតុ​ជាតិ បែរ​ជា​ទៅ​គុក​ទាំង​អយុត្តិធម៌​ទៅវិញ។ លោកស្រី​ចាត់ទុក​ករណីនេះ​ថា ជា​រឿង​នយោបាយ ហើយ​ស្នើ​ដល់​តុលាការ​ទម្លាក់​ចោលការ​ចោទ​ប្រកាន់ និង​ដោះលែង​ប្តី​លោកស្រី​មកវិញ។

លោកស្រី ថាច់ ចន្ធូ៖ «រឿង​ហ្នឹង​អយុត្តិធម៌​សម្រាប់​ប្តី​របស់​ខ្ញុំ ដល់​ពេល​ចាប់​ហើយ​ទើប​ចេញ​ដីកា​ពេល​ក្រោយ ហើយ​តុលាការ​កាត់ទោស​កំបាំង​មុខ​ថា ជាប់ឃុំ​ប៉ុន្មាន​ឆ្នាំ​ដោយ​មិន​បាន​យក​ប្តី​របស់​ខ្ញុំ និង​ពូ តូច ថឹង ឡើង​តុលាការ​ទេ។ ខ្ញុំ​ទាមទារ​ដល់​តុលាការ និង​អាជ្ញាធរ​ដោះលែង​ប្តី​របស់ខ្ញុំ​ឱ្យ​មាន​សេរី​ភាព​ជា​បន្ទាប់ ពីព្រោះ​ប្តី​របស់ខ្ញុំ​អត់​មាន​កំហុស​អ្វី​ទេ»។

អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​មន្ត្រី​គណបក្ស​ភ្លើងទៀន​បី​នាក់​រួម​មាន​លោក តូច ថឹង លោក ខឿន វីរ៉ាត់ និង​អ្នកស្រី នូ សុទ្ធារី កាល​ពី​ថ្ងៃទី​២៤ ខែ​មីនា ដែល​ធ្វើឡើង​ប្រមាណ​៤​ម៉ោង​មុន​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ពួកគេ ពី​បទ​ក្លែងបន្លំ​និង​ប្រើប្រាស់​លិខិត​ក្លែង​តាម​បណ្ដឹង​ក្រសួង​មហាផ្ទៃ​ពាក់ព័ន្ធ នឹង​ការ​ស្នើសុំ​បង្កើត​គណបក្ស​បេះដូង​ជាតិ​កាល​ពី​ឆ្នាំ​២០២១។ យ៉ាងណា​តុលាការ​បាន​កាត់ទោស​លោក សៀម ភ្លុក ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ៦​ខែ ហើយ​អ្នក​ពាក់ព័ន្ធ ១២​នាក់​ទៀត​រួមមាន​លោក តូច ថឹង លោក ខឿន វីរ៉ាត់ អ្នកស្រី នូ សុទ្ធារី ជាដើម​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​រយៈពេល​២​ឆ្នាំ។ បច្ចុប្បន្ន​សំណុំរឿង​នេះ​មាន​អ្នក​កំពុង​ជាប់​ឃុំ​ចំនួន ៤​នាក់​ហើយ ខណៈ​មនុស្ស ៨​នាក់​ភាគច្រើន​ជា​មន្ត្រី​បក្ស​ភ្លើងទៀន​កំពុង​គេចខ្លួន។

ទោះ​យ៉ាងណា មន្ត្រី​សិទ្ធិមនុស្ស​ចាត់ទុក​ការ​ចាប់ខ្លួន​សកម្មជន​ទាំង​បី​នាក់​នៅ​មុន​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម ឬ​គ្មាន​ដីកា​បង្គាប់​ចាប់ខ្លួន​ជាមុន​នោះ​ថា ជា​ទង្វើ​រំលោភ​លើ​ច្បាប់។ ទន្ទឹង​នឹង​នេះ​ក្តី​ក្តាំ​នេះ​មិន​ខុស​ពី​សំណុំ​រឿង​របស់​សកម្មជន​គណបក្សប្រឆាំង​ផ្សេង​ទៀត​ដែរ ដែល​តុលាការ​កាត់ទោស និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់ គឺ​ក្រោម​ការ​រិះគន់​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​ថា ជា​សំណុំរឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

កាលពី​ឆ្នាំ​២០២១ ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​លោក សៀម ភ្លុក បាន​ដាក់​ពាក្យ​ស្នើ​ក្រសួង​មហាផ្ទៃ​ចុះបញ្ជី​ទទួល​ស្គាល់​បក្ស​នេះ។ ប៉ុន្តែ ក្រសួង​មហាផ្ទៃ បាន​បដិសេធ​ការ​សុំ​ចុះបញ្ជី​របស់​គណបក្ស​បេះដូង​ជាតិ ដោយ​សម្អាង​ថា «មាន​ការ​ផ្ដិតមេដៃ​ជំនួស​ក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល ការ​ផ្ដិតមេដៃ​ធ្វើ​ឲ្យ​ខូច​គុណភាព​ដើម្បី​បង្កើន​ចំនួន​អ្នក​គាំទ្រ និង​លក្ខន្តិកៈ​គណបក្ស​ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ» ជាដើម។ ក្រោយ​មក​ក្រសួង​មហាផ្ទៃ​បាន​ផ្តល់​ស្ថាបនិក និង​អ្នក​ពាក់ព័ន្ធ​ទៅ​តុលាការ។ ទោះ​យ៉ាងណា​មេធាវី​ការពារ​ក្តី​ឱ្យ​ស្ថាបនិក​បក្ស​បេះដូង​ជាតិ​លើកឡើង​ថា​ស្នាម​មេដៃ​ដែល​បាន​ដាក់​ជូន​ក្រសួង​មហាផ្ទៃ គឺ​មាន​បញ្ហា​តែ​ជាង​ពីរ​រយ​ស្នាម​មេដៃ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ស្នាម​មេដៃ​ជាង​បួន​ពាន់ ហើយ​បើ​ទោះ​ក្រសួង​មិន​ទទួល​ស្គាល់​ស្នាម​មេដៃ​មាន​បញ្ហា​ទាំងនោះ​ក៏​ស្នាម​មេដៃ​នៅ​សេសសល់​អាច​គ្រប់​ចំនួន​ស្នើ​បង្កើត​គណបក្ស​បាន​ដែរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ៌ក និង​អ្នកនាំពាក្យ​អគ្គនាយក​រដ្ឋ​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ​លោក នុត សវនា ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៤ ខែ​មីនា។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ ប្រសាសន៍​ថា ចាប់ខ្លួន​សកម្មជន​នយោបាយ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​មហាជន​មើលឃើញ​ថា គឺ​ជា​ការ​រឹតត្បិត​សេរីភាព​ផ្នែក​នយោបាយ​ច្រើនជាង​ការ​អនុវត្ត​ច្បាប់ ដោយសារ​សំណុំរឿង​មួយ​នេះ​បាន​ដំណើរការ​អស់​រយៈ​ជាង​មួយឆ្នាំ​មក​ហើយ ទើប​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខិត​ជិត​មក​ដល់​តុលាការ​ចាប់ខ្លួន​ពួកគេ ស្របពេល​សកម្មជន​បក្ស​ភ្លើងទៀន​ទាំងនោះ​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម។ លោក​យល់​ថា ករណី​ស្នើសុំ​បង្កើត​បក្ស​នយោបាយ​ត្រូវ​យក​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មក​អនុវត្ត ដោយ​មិន​គួរ​ចាប់ទោស​អូស​ដំណើរ​ដាក់​ទោស ពួកគេ​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ។ លោក​ថា ករណី​ចាប់ និង​ឃុំខ្លួន​សកម្មជន​បក្ស​ភ្លើងទៀន​នេះ​នឹង​ធ្វើ​ឱ្យ​សកម្មជន​មួយចំនួន​ភ័យ​ខ្លាំង​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​ដែល​ពួកគេ​ពេញចិត្ត ហើយ​លោក​បារម្ភ​ថា បញ្ហា​នេះ​នឹង​ជះឥទ្ធិពល​មិន​ល្អ​ដល់​ដំណើរ​បោះឆ្នោត​ខាង​មុខ​នេះ។

លោក នី សុខា៖ «ខ្ញុំ​ស្នើ​ឱ្យ​មានការ​ដោះស្រាយ​គ្នា​តាមផ្លូវ​នយោបាយ ស្នើសុំ​ឱ្យ​មាន​ការ​សម្រុះសម្រួល​គ្នា​តាមផ្លូវ​នយោបាយ​ឱ្យ​បាន​ច្រើន​ដើម្បី​ឈាន​ដល់​ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ ដើម្បី​ឈាន​ទៅ​រៀបចំ​ការបោះឆ្នោត​មួយ​ដែល​មាន​ការ​ទទួល​យក​ពី​មតិ​ជាតិ និង​អន្តរជាតិ​ជា​ពិសេស​សហគមន៍​អឺរ៉ុប សហគមន៍​អន្តរជាតិ​ផ្សេងទៀត​ដែល​អាច​ទទួល​យក​បាន ដែល​វា​ផ្តល់​ផល​ចំណេញ​ដល់​ប្រទេស​កម្ពុជា​យើង»។

មក​ទល់​ពេល​នេះ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សកម្មជន​បក្ស​ភ្លើងទៀន និង​អ្នក​រិះគន់​រដ្ឋាភិបាល​ជាង ៦០​នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដោយសារតែ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។