គ្រួសារសកម្មជនបក្សភ្លើងទៀនបន្តស្នើតុលាការខេត្តពោធិ៍សាត់ ដោះលែងប្តីនិងឪពុកពួកគេ
2022.07.05

ប្រពន្ធ និងកូនៗ របស់សកម្មជនគណបក្សភ្លើងទៀននៅខេត្តពោធិ៍សាត់ស្នើយ៉ាងទទូចដល់តុលាការខេត្តនេះទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងមេគ្រួសារពួកគេពីពន្ធនាគារឱ្យមានសេរីភាពនៅថ្ងៃសវនាការឆាប់ៗ ខាងមុខនេះ។ មន្រ្តីសិទ្ធិមនុស្សមើលឃើញថា ការឃុំខ្លួនសកម្មជននទាំងនោះបន្តទៀត គឺជារឿងអយុត្តិធម៌សម្រាប់ពួកគេ ព្រោះតុលាការហាក់ពុំមានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់នោះទេ។
ក្រុមគ្រួសារសកម្មជនគណបក្សភ្លើងទៀនរំពឹងថា តុលាការខេត្តពោធិ៍សាត់នឹងពិចារណាលើកលែងបទចោទ និងដោះលែងឪពុកនិងប្ដីរបស់ពួកគេឱ្យមានសេរីភាពនៅថ្ងៃសវនាការខាងមុខនេះ បើសិនតុលាការមិនស្ថិតក្រោមសម្ពាធនយោបាយ។
ប្រពន្ធសកម្មជនបក្សភ្លើងទៀនលោក ហែម ឆិល គឺលោកស្រី វ៉ាន់ ណាគ្រី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ ខែកក្កដាថា ជីវភាពគ្រួសាររបស់លោកស្រីយ៉ាប់យ៉ឺនជាខ្លាំង ដោយបច្ចុប្បន្នលោកស្រីដើររើសខ្យងលក់សន្យំប្រាក់បន្តិចបន្តួចយកទៅជួយប្តីដែលជាប់ពន្ធនាគារទាំងយុត្តិធម៌។ ទោះយ៉ាងណា លោកស្រីព្រួយបារម្ភពីសុខភាពប្តីដែលធ្លាក់ខ្លួនឈឺក្នុងបន្ទប់តូចចង្អៀតនៅក្នុងមន្ទីរឃុំឃាំង និងគ្មានអនាម័យ។ លោកស្រីឱ្យដឹងថា សាលាឧទ្ធរណ៍បាត់ដំបង នឹងបើកសវនាការជំនុំជម្រះលើបណ្ដឹងសុំនៅក្រៅឃុំជាបណ្ដោះអាសន្នប្តីរបស់លោកស្រីនៅថ្ងៃទី៧ ខែកក្កដា ខាងមុខនេះ។ លោកស្រីនៅតែសង្ឈឹមថា តុលាការនឹងដោះលែងប្តីលោកស្រីឱ្យមានសេរីភាពឡើងវិញ ព្រោះប្តីរបស់លោកស្រីមិនបានប្រព្រឹត្តខុស ដូចការចោទប្រកាន់របស់តុលាការឡើយ៖ «ខ្ញុំចង់ឱ្យតែគេដោះលែង ខ្ញុំនៅនេះវេទនាចង់ស្លាប់ពេលអត់ពីប្តឹង ហើយស្រែធ្វើបានតែបន្តិច ឯប្តីនៅក្នុងពន្ធនាគារក៏ចុះលុយ ព្រោះស្អីក៏ថ្លៃដែរដូចជា ថ្លៃដាំបាយ ទឹក កង្ហារគ្រប់សព្វ»។
ចំណែកកូនប្រុសរបស់លោក ឈួន ឈឿង គឺលោក ឈឿង ឆុងលី រៀបរាប់ថា រយៈពេលជាង៣ខែមកហើយឪពុករបស់លោកជាប់ពន្ធនាគារទាំងអយុត្តិធម៌ ខណៈដើមបណ្តឹងពុំដែលចូលទៅបំភ្លឺនៅតុលាការម្តងណាឡើយ។ លោកបន្ថែមថា ឪពុករបស់លោកមានបញ្ហាសុខភាព ដូចជា សភាពស្លេកស្លាំង កម្លាំងកាន់តែខ្យោយដោយសារសម្រានមិនលក់ អាហារហូបមិនគ្រប់គ្រាន់ជាដើម។ កូនប្រុសសកម្មជនបក្សភ្លើងទៀតរូបនេះឱ្យដឹងថា តុលាការខេត្តពោធិ៍សាត់នឹងបើកសវនាការនៅថ្ងៃទី២០ ខែកក្កដា ដូច្នេះលោកអំពាវនាវដល់ស្ថាប័នតុលាការដោះលែងឪពុកដោយឥតលក្ខខណ្ឌ ព្រោះឪពុកលោកជាមនុស្សស្អាតស្អំដែលពលរដ្ឋនៅមូលដ្ឋានតែងតែគោរពស្រឡាញ់៖ «គាត់មិននៅគ្រួសារជួបការលំបាក ការងារផ្ទះផង ចំណូលប្រចាំថ្ងៃផង ធ្លាប់គាត់នៅរកស៊ីចិញ្ចឹមក្រុមគ្រួសារ ម្តយខ្ញុំ និងប្អូនខ្ញុំ។ សូមឱ្យក្រោយការបោះឆ្នោតហើយ គឺសូមឱ្យឪពុកខ្ញុំនៅក្រៅឃុំព្រោះគាត់អត់មានកំហុសអីផង»។
ចាប់តាំងខែមីនាមកដល់ពេលនេះ អាជ្ញាធរខេត្តពោធិ៍សាត់បានចាប់ខ្លួនសកម្មជនរបស់គណបក្សភ្លើងទៀនដាក់ពន្ធនាគារ ៤នាក់ហើយ។ ក្នុងនោះ លោក ឈួន ឈឿង ជាបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំលេខរៀងទី១ នៃឃុំស្រែស្តុក ស្រុកកណ្តៀង និងលោក អ៊ុក សៅវ៉ារិន ជាបេក្ខជនក្រុមប្រឹក្សាឃុំអន្សាចំបក់ ស្រុកក្រគរ ដោយចោទប្រកាន់ពីបទ ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារក្លែង។ អាជ្ញាធរខេត្តនេះបានចាប់ខ្លួនលោក ហែម ឆិល ជាបេក្ខជនឈរឈ្មោះបោះឆ្នោតលេខរៀងទី២ ឃុំស្យា ស្រុកកណ្តៀងគណបក្សភ្លើងទៀន រួមទាំងកូនប្រុសរបស់លោកឈ្មោះ ពឹម ដារ៉ាន់ អាយុ ១៥ឆ្នាំ ដោយចោទពីបទ ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ កាលពីថ្ងៃទី១២ ខែមេសា។ ប៉ុន្តែក្មេងប្រុសនោះ ត្រូវបានតុលាការខេត្តពោធិ៍សាត់ដោះលែងពីពន្ធនាគារវិញ កាលពីថ្ងៃទី៤ ខែឧសភា។
វិទ្យុអាស៊ីសរីមិនអាចទាក់ទង អ្នកនាំពាក្យតុលាការខេត្តពោធិ៍សាត់លោក ហេង ដូនីន បានទេនៅថ្ងៃទី៤ ខែកក្កដា។ ប៉ុន្តែលោក ហេង ដូចនីន ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ការការចោទប្រកាន់ និងចាប់ខ្លួនសកម្មជនបក្សភ្លើងទៀនកន្លងទៅនោះ ដោយសារពួកគេបានប្រព្រឹត្តបទល្មើសខុសច្បាប់ ហើយលោកអះអាងថា ករណីនេះមិនជាប់ពាក់ព័ន្ធរឿងនយោបាយនោះទេ។
ប៉ុន្តែគណបក្សភ្លើងទៀន និងអង្គការសិទ្ធិមនុស្សចាត់ទុកការចាប់ខ្លួនបេក្ខជនមេឃុំ និងក្រុមប្រឹក្សាឃុំដាក់ពន្ធនាគារមុនការបោះឆ្នោតការជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កន្លងទៅ គឺជាការគំរាមកំហែងផ្នែកនយោបាយ។
អ្នកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំខេត្តពោធិ៍សាត់ អ្នកស្រី មិត្ត សាមួន មានប្រសាសន៍ថាការចោទប្រកាន់ និងចាប់ខ្លួនកសកម្មជនគណបក្សភ្លើងទៀនដាក់ពន្ធនាគារកន្លងទៅ គឺជារឿងមិនត្រឹមត្រូវ និងអយុត្តិធម៌ចំពោះពួកគាត់ ព្រោះអាជ្ញាធរហាក់មិនមានមានភស្តុតាងរឹងមាំដើម្បីយកមកចោទប្រកាន់នោះទេ។ អ្នកស្រីយល់ថា តុលាការគួរដោះលែងសកម្មជនទាំងនោះឱ្យជួបជុំក្រុមគ្រួសារឡើងវិញ៖ «ច្បាប់បានចែងហើយថា ជនជាប់ឃុំមានសិទ្ធិស្នើទៅតុលាការសុំនៅក្រៅឃុំ ករណីពួកគាត់ តុលាការបែរជាមិនសម្រេចអ៊ីចឹង ប៉ុន្តែករណីផ្សេងៗ ដែលមានលក្ខណៈធ្ងន់ល្មម ប្រហាក់ប្រហែលពួកគាត់ដែរ តុលាការបែរជាសម្រេច (ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន) ខ្ញុំគិតថា វាជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ដែរ»។
សាច់ញាតិ និងអង្គការសង្គមស៊ីវិលជាតិបានចាត់ទុករឿងក្ដីក្ដាំនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន ចំពោះការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបង្ក្រាបសំឡេងគណបក្សនយោបាយដែលលេចធ្លោ និងជាដៃគូប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។ ពួកគេស្នើឱ្យ តុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងជនជាប់ឃុំទាំងនោះឱ្យមានសេរីភាពវិញ ដោយគ្មានលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។