គ្រួសារ​សកម្មជន​បក្សភ្លើងទៀនស្នើតុលាការ​ខេត្តពោធិ៍សាត់ ដោះលែងឪពុកពីពន្ធនាគារ មុនការបោះឆ្នោត

0:00 / 0:00

គ្រួសារ​​សកម្ម​ជន​គណ​បក្ស​ភ្លើង​ទៀន​ស្នើ​ដល់​សាលា​ដំបូង​ខេត្តពោធិ៍​សាត់ ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះ​លែង​ឪពុក​ពី​ពន្ធនាគារ​ឱ្យ​មាន​សេរី​ភាពបាន​ឱ្យ​ឆាប់ ពី​ព្រោះ​ពួកគាត់​ពុំ​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​​របស់​​តុលាការ​​ឡើយ។ មន្រ្តី​តុលា​ការ​ខេត្ត​ពោធិ៍​សាត់​អះអាង​ថា​ តុលាការ​អនុវត្ត​តាម​ច្បាប់ មិន​ស្ថិតក្រោម​ឥទ្ធិពល​នយោ​បាយ​ទេ។ ប៉ុន្តែ​មន្រ្តី​សង្គម​ស៊ីវិល​យល់​ថា​ ករណី​នេះ គឺ​ជារឿង​នយោ​បាយ​ដោយ​មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ។

កូនៗ ​របស់​បេក្ខជន​ក្រុម​ប្រឹក្សា ​ឃុំ ​សង្កាត់ របស់​គណបក្ស​ភ្លើង​ទៀន​រំពឹង​ថា តុលា​ការ​ខេត្តពោធិ៍​សាត់​នឹង​ពិចារ​ណា​ទម្លាក់​បទ​​ចោទ និង​ដោះ​លែង​ឪពុក​ពួក​គេ​ឱ្យមាន​សេរី​ភាព ដើម្បី​បង្ក​បរិយា​កាស​ល្អ​ប្រសើរ​មុន​ការ​បោះ​ឆ្នោត ព្រម​​ទាំង​បើកផ្លូវ​ឱ្យ​ពួក​គាត់​អាច​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ។

កូន​ប្រុស​របស់​លោក អ៊ុក សៅវ៉ារិន គឺ​លោក អ៊ុក សៅសុភារ៉ា ប្រាប់​​​​វិទ្យុ​​​​អាស៊ី​​​​សេរី​​​នៅ​ថ្ងៃទី១៨ ខែ​មេសា​ថា រយៈ​ពេល​ជាង ​១ខែ​មក​ហើយ​ឪពុក​របស់​លោក​ជាប់​ពន្ធគារ​ទាំង​ពុំ​មាន​កំហុស។ លោក​នៅ​តែ​ចាត់​ទុក​ករណី​នេះ គឺ​ជា​រឿង​នយោ​បាយ ដើម្បី​រារាំង​ឪពុក​របស់​លោក​កុំ​ឱ្យ​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជ្រើស​រើសក្រុម​ប្រឹក្សា ឃុំ សង្កាត់ ពីព្រោះ​​​កន្លង​​ទៅ​គាត់​តែង​តែ​ចេញ​មុខ​សកម្ម​ជា​មួយគណបក្ស​ភ្លើង​ទៀន​ ដោយ​​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​នៅ​តាម​ភូមិ។ បរុស​វ័យ​ ២៧ឆ្នាំរូប​នេះ​ឱ្យ​ដឹក​ថា​ លោក​ព្រួយ​បារម្ភ​អំពី​សុខ​ភាព​ឪពុក​ជា​ខ្លាំង ​ដែល​ពិសា​បាយមិនបាន និង​សម្រាន្ត​មិន​លក់​នៅ​ក្នុង​ពន្ធនា​គារ៖ «គាត់​ជា​​មនុស្ស​ស្លូត​ត្រង់ មិន​ចេះ​កោង​កាច​ដាក់​នរណា​ចឹង មិនដែល​ប្រកាន់​និន្នាការ ហើយ​លើក​លែង​ការ​ចោទ​ប្រកាន់​ឪពុក​ខ្ញុំ​គាត់​មិន​ធ្វើ​ខុស​អីទេ ព្រោះ​រក​ភស្តុតាង​ថា​គាត់​ក្លែង​បន្លំ​ឯកសារ​​រក​មិន​ឃើញ​ផង តុលាការ​មិន​បានលាត​ត្រដាង​ការ​ពិត​ឱ្យ​ពួក​យើង​ក្រុម​គ្រួសារ​បាន​ដឹង​ផង»។

ដោយ​ឡែក​កូន​ប្រុស​របស់​លោក ឈួន ឈឿង គឺលោក ឈឿង ឆុងលី ថា អាជ្ញាធរ​​បាន​​ចាប់​ឪពុក​របស់​លោក ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌ ដោយ​សារ​តែ​ឪពុករបស់​លោក​មាន​ប្រជា​ប្រិយ​ភាព ស្អាត​ស្អំ និង​ទទួល​បាន​ការ​គោរព​ស្រឡាញ់​ពីពលរដ្ឋ​ច្រើន។ កូន​សកម្ម​ជន​នយោ​បាយ​រូប​នេះ​ឱ្យ​ដឹក​ថា​ ឪពុក​របស់​លោក​បានប្រាប់​ពី​ពន្ធនាគារ​ថា​ គាត់​ចង់​បាន​សេរី​ភាព​មក​វិញ ដើម្បី​ដឹក​នាំ​សកម្ម​ជន​គណបក្ស​ឃុំមុន​ពេល​ការ​បោះ​ឆ្នោត​មក​ដល់ និង​មាន​ឱកាស​បម្រើ​ពលរដ្ឋ​ម្ចាស់​ឆ្នោត។ ដូច្នេះលោក​​​ស្នើ​​ដល់​តុលាការ​​ឱ្យ​ទម្លាក់​​ចោល​ការ​​ចោទ​ប្រកាន់ និង​​ដោះ​លែង​​ឱ្យ​​មាន​​សេរីភាព​​ឡើង​វិញ៖ «តាម​ខ្ញុំ​មើល​ឃើញ​គាត់​ប្រកាន់​យុត្តិធម៌​ណាស់​ ជួយ​ដោះស្រាយ ប្រជា​ពលរដ្ឋ​ស្រឡាញ់​ចូល​ចិត្ត​គាត់​ច្រើន គ្រួសារ​ក៏​ដូច​ប្រជា​ពលរដ្ឋ​នៅក្នុង​ឃុំ​ស្នើ​ឱ្យ​តុលាការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ដើម្បី​ចូល​រួម​បោះ​ឆ្នោត​ធម្មតា ពី​ព្រោះ​អត់​ពីគាត់ មើល​ឃើញ​ថា​ពិបាក​ទាំង​ប្រជា​ពលរដ្ឋ​និង​ខ្ញុំ​ផ្ទាល់»។

កាល​ពី​ដើម​ខែ​មីនា អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​បាន​ចាប់​ខ្លួន​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន​ដាក់​ពន្ធគារ រួម​មាន លោក ឈួន ឈឿង ជាបេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ​លេខ​រៀងទី១ នៃ​ឃុំស្រែ​ស្តុក ស្រុក​កណ្តៀង និង​លោក អ៊ុក សៅវ៉ារិន ជា​បេក្ខ​ជន​ក្រុម​ប្រឹក្សា​ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ ដោយចោទ​ប្រកាន់​ពី​បទក្លែង​​​បន្លំ​​ឯក​​សារ​​​សា​ធារណៈ និង​​​ប្រើ​​ប្រាស់​​​ឯក​​​សារ​​​ក្លែង។ កាល​ពី​ថ្ងៃ​ទី១២ មេសា អាជ្ញាធរ​ខេត្ត​នេះ ក៏​បាន​ចាប់​ខ្លួន​លោក ហែម ឆិល ជាបេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​លេខ​រៀង​ទី២ ​ឃុំស្យា ស្រុក​កណ្តៀង រួម​ទាំង​កូនប្រុស​របស់​លោក ឈ្មោះ ពឹម ដារ៉ាន់ អាយុ ១៥ឆ្នាំ ដោយ​ចោទ​​ពី​បទប្រើ​ប្រាស់ឧបករណ៍​នេសាទ​ខុស​ច្បាប់​ផង​ដែរ។

ទាក់​ទង​រឿង​នេះ អ្នក​នាំពាក្យ​តុលាការ​ខេត្ត​ពោធិ៍​សាត់​លោក ហេង ដូនីន ប្រាប់ប្រាប់​​​​វិទ្យុ​​​​អាស៊ី​​​​សេរី​​​​ថា ​ការ​ដែល​តុលា​ការ​ខេត្ត​សម្រេច​ចោទ​ប្រកាន់ និង​ចាប់​ខ្លួនសកម្មជន​បក្ស​ភ្លើង​ទៀន​ទាំង​នោះ ដោយ​សារ​ពួក​គេ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ខុសច្បាប់ ហើយលោក​​អះអាង​ថា ករណីនេះ​​មិន​ជាប់​ពាក់ព័ន្ធ​រឿង​នយោ​បាយ​នោះទេ។ ប៉ុន្តែ​លោក​ជំរុញ​ឱ្យ​ជន​ជាប់​ចោទ​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​បណ្តោះ​អាសន្នមក​តុលាការ​ខេត្ត ដើម្បីឱ្យ​​ចៅ​​ក្រម​ពិចារ​ណា។ រីឯ​កូន​ប្រុស​របស់​លោក ហែម ឆិល កំពុង​ជាប់​ឃុំ​វិញ លោក​បញ្ជាក់​ថា​ខាង​លោក​នឹង​ផ្ទៀង​ផ្ទាត់​សំណុំ​រឿង​នេះ ហើយ​ប្រសិន​រក​ឃើញ​ថា​ក្មេង​ប្រុស​ឈ្មោះ ពឹម ដារ៉ាន់ ជា​អនីតិ​ជន តាម​ច្បាប់​ជននោះ​នឹង​ត្រូវ​ដោះ​លែង​វិញ៖ «រឿង​បទ​ល្មើស​ដែល​គាត់​បាន​ប្រព្រឹត្ត តាម​បទ​ល្មើស​ហ្នឹង​អាចមាន​សិទ្ធិ​ដាក់​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​បាន ខាង​តុលាការ​មិន​ពិចារណា​ទាក់​ទង​ទៅនឹង​លើ​រឿង​គណបក្ស​អី​ទេ​បាទ»។

ទោះ​យ៉ាង​ណា ប្រធាន​ក្រុម​ការ​ងារ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​ពោធិ៍សាត់ លោក ផាន ប៊ុនសុទ្ធ ឱ្យ​ដឹង​ថា​ករណី​របស់​លោក ឈួន ឈឿង និង​លោក អ៊ុក សៅវ៉ារិន មេធាវី​របស់​គណបក្ស​បាន​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​រួច​ហើយ ប៉ុន្តែ​តុលាការ​ខេត្ត​នេះ​បដិសេដ​ដដែល។ ចំណែ​ករណី​របស់​លោក ហែម ឆិល និង​កូន​ប្រុស​អាយុ ១៥ឆ្នាំ​វិញ មេធាវី​ការ​ពារ​ក្តី គឺ​លោក សំ សុគង់ នឹង​ដាក់​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ឆាប់ៗ​ នេះ។ ទោះ​យ៉ាង​ណា​​ក្ដី លោក​ចាត់​ទុក​ការ​ចាប់ខ្លួន​បេក្ខ​ជន​របស់​គណបក្ស​មុន​ការ​បោះ​ឆ្នោត​ជា​បន្ត​បន្ទាប់​បែប​នេះ​ថា ​ជា​អំពើ​គំរាមកំហែង​ផ្នែក​នយោ​​បាយ​ ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ៖ «ករណី​​ហ្នឹង​ទាក់​ទង​នឹង​ដំណាក់​កាល​បោះ​ឆ្នោត ជា​ងមួយ​ខែមុន​ការ​បោះ​ឆ្នោត ចឹង​ជា​ធម្មតា​អាហ្នឹង​វា​ប៉ះ​ពាល់​ដល់​ការ​បោះ​ឆ្នោត ទោះ​បី​មិននិយាយ​ក៏​គេ​អាច​កំណត់​ថា​ទាក់​ទង​រឿង​នយោ​បាយ ហើយ​យើង​អាច​មើល​គ្រប់គ្នា​បាន»។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក នី សុខា កត់​សម្គាល់​​ឃើញ​​ថា​​គណបក្ស​ភ្លើង​ទៀន​ដែល​មាន​សន្ទុះ​ប្រហាក់​ប្រហែល​គណបក្ស​កាន់​អំណាច​ហាក់​ធ្វើ​ឱ្យ​អាជ្ញាធរ​មូល​ដ្ឋាន​មួយ​ចំនួន​ព្រួយ​បារម្ភ​ចាញ់​ឆ្នោត ចំពោះ​បេក្ខភាព​ប្រកួត​ប្រជែង​របស់​ខ្លួន។ លោក​សោក​ស្តាយ​ចំពោះ​អាជ្ញាធរ​ ដែល​បាន​ប្រើ​ប្រាស់​​ប្រព័ន្ធ​តុលាការ​មក​ដាក់​សម្ពាធ គំរាម​កំហែង រឹត​ត្បិត​លើសកម្មភាព​នយោ​បាយ​របស់​បេក្ខ​ជន​គណបក្ស​នយោ​បាយ ដោយ​មិន​បានសម្រប​សម្រួល​គ្នា ដើម្បី​ធានា​នូវ​ដំណើរ​បោះ​ឆ្នោត​ខាង​មុខ​ប្រព្រឹត្ត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌៖ «​ដើម្បី​បង្ហាញ​បរិយា​កាស​ល្អ​មុន​ការ​បោះ​ឆ្នោត ដូច្នេះ​រដ្ឋា​ភិបាលគប្បី​សម្រួល​បរិយា​កាស​នយោ​បាយ​ហ្នឹង​ឱ្យ​ល្អ​ប្រសើរ ដើម្បី​ឱ្យ​ដំណើរ​ការប្រកួត​ប្រជែង និង​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ហ្នឹង​អាច​ជា​​តម្លៃ​មួយ​ធ្វើ​ឱ្យ​ជឿទុក​ចិត្ត ឬ​ក៏​សាទរ​ខ្លះ​ដែរ»។

មក​​ទល់​​ពេល​​នេះ មាន​​សកម្ម​ជន​​គណបក្ស​​ភ្លើង​ទៀន​​ចំនួន ៦នាក់​​ហើយ ក្នុង​នោះ​​រួម​ទាំង​សាច់​ញាតិ​​របស់​​ពួក​គេ​​ផង ត្រូវ​​បាន​​អាជ្ញាធរ​រដ្ឋា​ភិបាល​​លោក ហ៊ុន សែន ចាប់​ខ្លួន​​ដាក់​​ពន្ធនា​គារ ហើយ​បេក្ខ​ជន​ជិត​ ១០នាក់​ទៀត​តុលាការ​កោះ​ហៅទៅ​បំភ្លឺ​ពី​បទ ញុះញង់។ កាល​ពីថ្មីៗ​ នេះ អនុ​​ប្រធាន​​​ប្រតិ​បត្តិ​​​គណបក្ស​​​​ភ្លើង​​​ទៀន​​នៅ​​ខណ្ឌ​​ច្បារ​​​អំពៅ រាជ​​ធានី​​​ភ្នំពេញ លោក ជឿន សារឹម បាន​​​​ស្លាប់​​​ដោយ​​​សារ​​គ្រោះ​​​ថ្នាក់​​ចរា​ចរណ៍​​ដោយ​គ្រួសារ​​​ជន​​រង​​គ្រោះ​​​​សង្ស័យ​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​រឿង​​​នយោ​បាយ ដោយ​ជន​រង​គ្រោះ​​ធ្លាប់​ទទួល​​​រង​​​​ការ​​​គំរាម​​​កំហែង​​​ពី​​​សំណាក់​​​អាជ្ញា​​ធរ និង​​រង​ការ​​​លប​​​វាយ​​​ប្រហារ​​​នឹង​ដំបង​​​ពី​​​ជន​​​មិន​​​ស្គាល់​​​មុខ​​​ដោយ​​​សារ​​​បន្ត​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង។ ក្រៅ​ពី​នេះ​សកម្មជន​ និង​បេក្ខ​ជន​បក្ស​នេះ​​ជា​ច្រើន​​នាក់​ត្រូវ​​បានអាជ្ញា​ធរ និង​​ជន​មិន​​ស្គាល់​មុខ​​ប៉ុន​ប៉ង​ធ្វើ​បាប​ដោយ​​គប់​ដុំ​ថ្ម​ចូល​ក្នុង​ផ្ទះ និង​​ដេញធាក់​ផ្ដួល​ម៉ូតូ​ ​​គំរាម​កំហែង ​និង​​​រារាំង​​​​បេក្ខ​ជន​​បក្ស​​ភ្លើង​​ទៀន​គ្រប់​​រួប​​ភាព​​ដែរ ខណៈ​​ដែល​​គណបក្ស​​មួយ​​នេះ​ ​មាន​​លទ្ធភាព​​ដាក់​​បេក្ខ​ជន​​ស្ទើរ​គ្រប់​​ឃុំ សង្កាត់ ​ទូទាំង​​ប្រទេស​​ដូច​​គណបក្ស​​កាន់​​អំណាច​ និង​​កំពុង​​ធ្វើ​​សកម្ម​ភាព​លេច​ធ្លោ​​នៅ​​តាម​​មូល​ដ្ឋាន។ ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល និង​​អ្នក​​សង្កេត​ការណ៍បោះ​ឆ្នោត​វាយ​តម្លៃ​​ថា ​បើ​បរិយា​កាស​​នយោ​បាយ​ ​​នៅ​តែ​​ស្ថិត​​ក្នុង​​ភាព​​អាប់​អួ​​បែប​នេះ​ នឹង​​មិន​​អាច​​ធានា​​ថា ការ​​បោះ​ឆ្នោត​​នៅ​​ពេល​​ខាង​​មុខ ​ប្រកប​​ដោយ​សេរី ​ត្រឹមត្រូវ ​និង​​យុត្តិធម៌​​នោះ​​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។