សាច់ញាតិ​ទៅ​សួរ​សុខទុក្ខ​អ្នក​ជាប់ឃុំ​នយោបាយ​ដល់​ពន្ធនាគារ​ក្នុង​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ថ្មី

ដោយ យន់ សាមៀន
2023.04.17
សាច់ញាតិ​ទៅ​សួរ​សុខទុក្ខ​អ្នក​ជាប់ឃុំ​នយោបាយ​ដល់​ពន្ធនាគារ​ក្នុង​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ថ្មី សាច់ញាតិ​មន្ត្រីគណបក្សសង្គ្រោះជាតិ ដែល​កំពុងជាប់ឃុំ​នៅពន្ធនាគារ ចេញតវ៉ាសុំអន្តរាគមន៍សមាជិកគ្រួសារពួកគេ នា​ពេល​កន្លងទៅ។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុម​សាច់ញាតិ​អ្នក​ជាប់ឃុំ​ដោយសារ​រឿង​នយោបាយ បាន​នាំ​យក​ចំណី​អាហារ និង​លុយកាក​ទៅ​សួរ​សុខទុក្ខ​ឪពុក និង​ប្ដី​របស់​ខ្លួន​ក្នុង​ពន្ធនាគារ អំឡុង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​រយៈពេល ៣​ថ្ងៃ​នេះ ដោយ​ក្រៀមក្រំ និង​ការ​ឈឺចាប់ ខុសប្លែក​ពី​ពលរដ្ឋ​ទូទៅ។ មន្ត្រី​សិទ្ធិមនុស្ស​លើកឡើង​ថា ដោយសារ​កម្ពុជា​ពុំ​បាន​ដើរ​តាម​គន្លង​របប​លទ្ធិប្រជាធិបតេយ្យ ទើប​ធ្វើ​ឱ្យ​សកម្មជន​នយោបាយ ត្រូវ​បែក​បាក់​ព្រាត់ប្រាស​និរាស​គ្រួសារ​ទាំង​អយុត្តិធម៌​បែបនេះ។

ស្របពេល​ពលរដ្ឋ​ខ្មែរ​ទូទៅ ជួបជុំ​ក្រុម​គ្រួសារ​សប្បាយ​រីករាយ និង​ដើរ​លេង​កម្សាន្ត​សើច​ក្អាកក្អាយ ប៉ុន្តែ​ក្រុម​សាច់ញាតិ​នៃ​អ្នក​ជាប់​ឃុំឃាំង​ដោយសារ​រឿង​នយោបាយ​ពី​ការ​ដឹកនាំ​តាម​បែប​តវង្ស​ត្រកូល​របស់​លោក ហ៊ុន សែន បែរ​ជា​បន្ត​រង​ការ​ឈឺចាប់ និង​សម្រក់​ទឹកភ្នែក នៅពេល​ពួកគេ​បាន​នាំ​យក​ចំណី​អាហារ និង​លុយ​កាក​ទៅ​សួរ​សុខទុក្ខ​អ្នក​ជាប់ឃុំ​នយោបាយ​ទាំង​នោះ ដែល​ត្រូវ​ជា​ជីតា ឪពុក និង​ប្ដី ដល់​ពន្ធនាគារ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

ប្រពន្ធ​របស់​លោក ស៊ុន ធន់ មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ជាប់​ឃុំឃាំង​អស់​ជិត ៣ឆ្នាំ​មក​នេះ គឺ​លោកស្រី សេង ចាន់ថន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៦ មេសា​ថា នៅ​ថ្ងៃ​ទី២ នៃ​ពិធី​បុណ្យ​ចូលឆ្នាំ លោកស្រី​បាន​នាំ​កូនប្រុស​ទាំង ៤​នាក់ និង​ចៅៗ ពីរ​នាក់ ទៅ​សួរ​សុខទុក្ខ​ប្ដី​ដល់​ពន្ធនាគារ​ត្រពាំង​ថ្លុង ដើម្បី​ឱ្យ​កូន​ៗ និង​ចៅ​ៗ បាន​ជូន​លុយ​កាក និង​អាហារ​បន្តិចបន្តួច​ទៅ​ឪពុក និង​ជីតា​ដោយ​ផ្ទាល់។ លោកស្រី​បន្ត​ថា គ្រួសារ​លោកស្រី ខុស​ប្លែក​ឆ្ងាយ​ពី​គ្រួសារ​ខ្មែរ​ទូទៅ​ដែល​សប្បាយ​រីករាយ នៅពេល​យក​បាយ​សម្ល និង​លុយ​កាក់​ជូន​អ្នក​មាន​គុណ​នៅ​ស្រុក​កំណើត ប៉ុន្តែ​កូន​ៗ របស់​លោកស្រី​បែរ​ជា​ឈឺចាប់ និង​សម្រក់​ទឹកភ្នែក​នៅ​ពេល​បាន​ជួប​មុខ​ឪពុក​ផ្ទាល់​នៅ​ក្នុង​ពន្ធនាគារ។

លោកស្រី សេង ចាន់ថន៖ «​កូន​ទាំង​អស់​ហ្នឹង ស្រក់​ទឹកភ្នែក យំ​ទាំង​អស់​គ្នា​តែ​ម្ដង ពេល​ដែល​ឃើញ​ប៉ា​នៅ​ក្នុង​ពន្ធនាគារ​អ៊ីចឹង​។ ពួកគាត់​យំ ខ្ញុំ​មាន​អារម្មណ៍​ថា​ក្ដុកក្ដួល ខ្លោចផ្សា​ណាស់ ខ្លោចផ្សា​មែនទែន នៅ​ពេល​ឃើញ​ពួកគាត់​បែប​ហ្នឹង​។ ពួកគាត់​យំ ពួកគាត់​សំពះ​ប៉ា​របស់​គាត់ ពួកគាត់​លុត​ជង្គង់​នៅ​នឹង​ដី សំពះ​បាទ​ជើង​ប៉ា​របស់​គាត់ ហើយ​គាត់​នាំគ្នា​យំ​តែ​ម្ដង កូន​ៗ ប្រុស​ទាំង​៤​របស់​ខ្ញុំ គាត់​ស្រក់​ទឹក​ភ្នែក គាត់​ឈឺ​ចាប់ គាត់​ក្ដុកក្ដួល​នៅពេល​ឃើញ​ប៉ា​គាត់​អ៊ីចឹង​។ ហើយ​ប៉ា​គាត់​បាន​ផ្ដែផ្ដាំ បាន​និយាយ​ប្រាប់​សព្វ​បែប​សព្វ​យ៉ាង ពី​ការ​រៀនសូត្រ ការ​ធ្វើ​ដំណើរ និង​ប្រឹងប្រែង​ប្រកប​មុខរបរ​ខ្លះ​ដើម្បី​ចិញ្ចឹម​ជីវិត​បណ្ដើរ​រៀន​បណ្ដើរ»

លោកស្រី​បន្ថែម​ថា នេះ​ជា​លើកទី១ ដែល​កូន​ប្រុស​ទាំង ៤​នាក់​បាន​ទៅ​ជួប​ឪពុក តាំង​ពី​ឪពុក​បាន​ជាប់​ពន្ធនាគារ​អស់​ជាច្រើន​ឆ្នាំ​មក​នេះ ដែល​កន្លង​មាន​តែ​កូន​ប្រុស​ច្បង​ម្នាក់​ប៉ុណ្ណោះ ដែល​ឆ្លៀត​ចូល​ទៅ​សួរ​សុខទុក្ខ​ឪពុក។ លោក ស៊ុន ធន់ គឺ​ជា​គ្រូបង្រៀន និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​តាំង​ពី​ខែ​មិថុនា ឆ្នាំ២០២០ និង​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទ​រួមគំនិតក្បត់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​ញុះញង់​មិន​ឲ្យ​យោធា​ស្តាប់​បង្គាប់ កាល​ពី​ខែ​មីនា ឆ្នាំ​២០២២​។ លោក និង​សមាជិក​បក្ស​ប្រឆាំង ១២​នាក់​ទៀត ត្រូវ​តុលាការ​សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ៗ ៥​ឆ្នាំ ប៉ុន្តែ​តម្រូវ​ឲ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ៣​ឆ្នាំ ៨​ខែ។

លោកស្រី សេង ចាន់ថន លើកឡើង​ទៀត​ថា មន្ត្រី​ពន្ធនាគារ​អនុញ្ញាត​ឱ្យ​លោក​ស្រី កូន និង​ចៅ​បាន​ជួប​សួរ​សុខទុក្ខ​លោក ស៊ុន ធន់ បាន​រយៈពេល​ខ្លី​ត្រឹម ១៥​នាទី​ប៉ុណ្ណោះ ខណៈ​កូន​ប្រសារ​លោកស្រី មិន​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ក្នុង​ពន្ធនាគារ​ឡើយ ដោយសារ​មិន​មាន​កាត​ចាក់​វ៉ាក់សាំង​កូវីដ​១៩។

លោកស្រី សេង ចាន់ថន«គាត់​មាន​អារម្មណ៍​ថា រំភើប​បាន​ជួប​កូន ពេល​ណឹង​ហើយ គាត់​ផ្ដាំ​ថា កូន​ទាំង​អស់​គ្នា ពី​ថ្ងៃ​ហ្នឹង​ទៅ ប្រសិន​បើ​កូន​រវល់ មិន​បាច់​ទៅ​ជួប​ប៉ា​ញយ​ពេក​ទេ គ្រាន់​តែ​ផ្ញើ​ថវិកា​តិចតួច​ទៅ​បាន​ហើយ មិន​បាច់​ចាំ​ទៅ​ទៀត​ទេ ព្រោះ​ផ្លូវ​ឆ្ងាយ​អស់​សោហ៊ុយ​ឡាន​ច្រើន»

ចំណែក​សាច់ញាតិ​របស់​អ្នក​ទោស​នយោបាយ​ម្នាក់​ទៀត គឺ​លោក អ៊ុក សៅសុធារ៉ា បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ភ្លើងទៀន នៅ​ខេត្ត​ពោធិ៍សាត់ ដែល​ត្រូវ​អាជ្ញាធរ​ឃុំឃាំង តាំង​ពី​ខែ​មីនា​ឆ្នាំ​២០២២ ពី​បទ​ក្លែងបន្លំ​ឯកសារ ក៏​មាន​កូន​ទៅ​សួរ​សុខទុក្ខ​លោក​ដល់​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​ដែរ នា​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​។ កូន​ប្រុស​របស់​លោក អ៊ុក សៅសុធារ៉ា គឺ​លោក អ៊ុក សៅសុភារិន បាន​លើកឡើង​ថា លោក​បាន​នាំ​ប្រពន្ធ និង​កូន​ទៅ​ជួប​ជីតា​របស់​ពួកគេ​ក្នុង​ពន្ធនាគារ។ លោក អ៊ុក សៅសុភារិន បន្ត​ថា លោក​សោកស្ដាយ នៅ​ពេល​ឃើញ​គេ​ដទៃ​យួរ​ស្រាក់​នាំគ្នា​ទៅ​វត្ត​ធ្វើ​បុណ្យ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ ប៉ុន្តែ​គ្រួសារ​របស់​លោក​បែរ​ជា​យក​ម្ហូប​អាហារ​ទៅ​ពន្ធនាគារ។

លោក​បន្ថែម​ថា លោក​ត្រូវ​ចំណាយ​លុយ​ទិញ​សំបុត្រ​ចូល​សួរ​សុខទុក្ខ​ឪពុក​ក្នុង​ពន្ធនាគារ​ម្នាក់​ចំនួន ២​ម៉ឺន​រៀល ហើយ​មន្ត្រី​ពន្ធនាគារ អនុញ្ញាត​ឱ្យ​លោក​យក​ម្ហូប​អាហារ​ក្រៀម​ៗ ចូល​ពន្ធនាគារ​ប៉ុណ្ណោះ ដូច​ជា​ត្រី​ងៀត សាច់​លីង និង​អង្ករ​៥​កំប៉ុង និង​មិន​អនុញ្ញាត​ឱ្យ​យក​បាយ​ចូល ឬ​អង្ករ​លើស​ពី​៥​កំប៉ុង​ឡើយ ដោយសារ​ក្នុង​ពន្ធនាគារ​មាន​លក់​អង្ករ។ លោក អ៊ុក សៅសុភារិន បាន​ជួប​សួរ​សុខទុក្ខ​ឪពុក​បាន​ប្រហែល​កន្លះ​ម៉ោង និង​បាន​ជូន​លុយ​ឪពុក ២៥​ម៉ឺន​រៀល​សម្រាប់​ចាយវាយ​មួយ​ខែ​នៅ​ក្នុង​ពន្ធនាគារ។

លោក អ៊ុក សៅសុភារិន«​ខ្ញុំ​អត់​បាន​សន្ទនា​ជាមួយ​គាត់​ច្រើន​ទេ ខ្ញុំ​និយាយ​តែ​តិចតួច​សួរ​គាត់​រឿង​ខាង​ក្នុង​ពិបាក​យ៉ាងម៉េច​ៗ អ៊ីចឹង ហើយ​ក៏​ទុក​ពេល​ឱ្យ​គាត់​ជួប​ចៅ ព្រោះ​គាត់​នឹង​ចៅ​ទាំងពីរ​។ គាត់​បាន​លេង បាន​ថើប​ចៅ កាន់​ដៃ​អ៊ីចឹង​។ ពុក​ខ្ញុំ​នៅ​ខាង​ក្នុង​ចៅ​នៅ​ខាង​ក្រៅ លូក​ដៃ​តាម​ចម្រឹង​ទ្វារ ដើម្បី​ចាប់​ដើម្បី​ថើប​ចៅ»

ក្រុម​សាច់ញាតិ​អ្នក​ជាប់ឃុំ​ទាំង​នេះ បន្ត​ទទូច​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សាច់ញាតិ​របស់​ពួកគាត់​វិញ ខណៈ​ពួកគាត់​ចាត់ទុក​ថា វា​ជា​រឿង​នយោបាយ ដែល​កើត​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដ៏​អយុត្តិធម៌​បំផុត​លើ​អ្នក​នយោបាយ​ប្រឆាំង​។ បច្ចុប្បន្ន​នេះ មាន​សកម្មជន​នយោបាយ និង​អ្នកទោស​មនសិការ​ជាង ៧០​នាក់ កំពុង​ជាប់​ឃុំ ព្រោះ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ស្រប​តាម​ច្បាប់។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក នុត សវនា បាន​លើកឡើង​ថា ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី គ្រប់​ពន្ធនាគារ និង​មណ្ឌល​កែប្រែ​ទាំង​អស់​បាន​រៀបចំ​កម្មវិធី​តាម​បែប​សាសនា​ដូច​ជា​សូត្រ​មន្ត ស្រង់​ព្រះ និង​កា​លេងកម្សាន្ត​ល្បែង​ប្រជាប្រិយ​ខ្មែរ។ លោក​ក៏​បញ្ជាក់​ថា នៅ​តាម​ពន្ធនាគារ មិន​អនុញ្ញាត​ឱ្យ​មន្ត្រី​ពន្ធនាគារ​ទាមទារ​ឱ្យ​បង់​លុយ​សម្រាប់​ពលរដ្ឋ​ចូល​ទៅ​សួរ​សុខទុក្ខ​សាច់ញាតិ​ក្នុង​ពន្ធនាគារ​ឡើយ។

លោក នុត សវនា៖ «មាន​ការ​លេង​ល្បែង​ប្រជាប្រិយ មាន​ការ​ធ្វើ​ពិធី​ស្រង់​ព្រះ ធ្វើ​ពិធី​សូត្រ​មន្ត​តាម​បែប​សាសនា»

មន្ត្រី​នាំពាក្យ​សមាគម​អាដហុក​(Adhoc)លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា អំឡុង​ពេល​មាន​ពិធីបុណ្យ​ទាន​កម្សាន្ត​ធំ​ៗ ក្រុម​គ្រួសារ​នៃ​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​សកម្មជន​បរិស្ថាន​ជាដើម មិន​បាន​សប្បាយ​រីករាយ​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ឡើយ ដោយសារ​ពួកគាត់​ត្រូវ​ប្រឈម​នឹង​ការ​ព្រាត់ប្រាស​និរាស​សមាជិក​គ្រួសារ ដោយសារ​ការ​ចាប់ចង​យក​ទៅ​ឃុំឃាំង​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​យ៉ាង​អយុត្តិធម៌។

លោក ស៊ឹង សែនករុណា«យើង​ឃើញ​ជាក់ស្ដែង ឱ្យ​តែ​អ្នក​ចង់​ធ្វើ​នយោបាយ តែងតែ​ត្រៀម​លក្ខណៈ និង​ទទួល​រង​ទុក្ខទោស​ដូច្នេះ​ឯង​។ អ៊ីចឹង​ហើយ បាន​យើង​ឃើញ​ថា ក្រុម​គ្រួសារ​របស់​អ្នក​ទោស​នយោបាយ គឺ​ភាគ​ច្រើន ឃើញ​ថា​មាន​ការ​រង​ទុក្ខទោស ការ​បែកបាក់​គ្រួសារ រស់នៅ​មិន​មាន​ភាព​សប្បាយ​រីករាយ ដូច​គ្រួសារ​គេ​ផ្សេង​ៗ​ទៀត»

ក្រុម​សាច់ញាតិ​បាន​លើកឡើង​ទៀត​ថា ឪពុក​និង​ប្ដី​របស់​ពួកគាត់ ជា​មនុស្ស​ល្អ​ស្លូតត្រង់​ក្នុង​សង្គម និង​ចូលរួម​ធ្វើ​នយោបាយ ដើម្បី​ជួយ​កែប្រែ​ឱ្យ​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ពេញលេញ និង​រស់នៅ​មាន​សេចក្ដី​សុខ និង​មាន​ការ​ហូបចុក​ឱ្យ​បាន​គ្រប់គ្រាន់ ប៉ុន្តែ​បែរ​ជា​ត្រូវ​ចាប់ចង​ខុស​ប្លែក​ពី​អ្នក​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​សម្លាប់​មនុស្ស​ខ្លះ ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ទៅ​វិញ។ រីឯ​មន្ត្រី​សិទ្ធិ​មនុស្ស ចង់​ឱ្យ​អ្នក​នយោបាយ​នៅ​កម្ពុជា ដើរ​តាម​គន្លង​នៃ​របប​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​បាន​ត្រឹមត្រូវ តាម​រយៈ​ការ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​នយោបាយ ដែល​មាន​និន្នាការ​ផ្ទុយ​នឹង​គណបក្ស​កាន់អំណាច ខណៈ​សង្គម​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ ឱ្យ​តម្លៃ​ខ្ពស់​ទៅ​ប្រជា​ពលរដ្ឋ ដើម្បី​ចូលរួម​ធ្វើ​សកម្មភាព​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ស្នើ​ឱ្យ​អង្គការ​សហប្រជាជាតិ​កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។