សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​​សោះកក្រោះ ខណៈ​​សមាជិក​​គ្រួសារ​​​កំពុង​ជាប់​​ពន្ធនាគារ

សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​យ៉ាង​សោះ​កក្រោះ ខណៈ​ក្រុម​គ្រួសារ​គេ​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រោះ​រឿង​នយោបាយ។ មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ការ​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់ និង​បន្ត​ឃុំ​សកម្មជន​បក្ស​ប្រឆាំង​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​បាត់បង់​សិទ្ធិ​សេរី។

ថ្មីដ្បិត​តែ​រដ្ឋាភិបាល ហាម​ឃាត់​មិន​ឲ្យ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​ជា​ផ្លូវ​ការ​ក៏​ដោយ ពលរដ្ឋ​ទូទៅ​អាច​ជួបជុំ​សាច់​ញាតិ​របស់​ខ្លួន​ដោយ​ផ្ទាល់ ឬ​តាម​មធ្យោបាយ​ផ្សេងៗ ទៀត ដោយ​រីករាយ ប៉ុន្តែ​ប្លែក​អី​សាច់​ញាតិ​សកម្មជន​បក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ឃុំ មិន​បាន​សប្បាយ​ដូច​ពលរដ្ឋ​ផ្សេង​នោះ​ទេ។

ភរិយា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ព្រៃវែង លោកស្រី ប៊ុត សាម៉ាក់ ដែល​ស្វាមី​ខ្លួន​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស រៀបរាប់​ទាំង​អួល​ដើម​ក​ថា លោកស្រី​ឃើញ​គ្រួសារ​គេ​ផ្សេង​នៅ​ក្បែរ​ផ្ទះ​លោកស្រី មាន​ការ​ជួបជុំ​សប្បាយ​ចិត្ត ប៉ុន្តែ​ងាក​មក​ផ្ទះ​លោក​ស្រី​វិញ ប្តី​ជា​ជន​បង្គោល​គ្រួសារ ត្រូវ​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌។ លោក​ស្រី​បន្ត​ថា ក្នុង​ឱកាស​ឆ្នាំ​ថ្មី លោក​ស្រី​អុជ​ធូប បន់ស្រន់​សូម​ឲ្យ​ស្វាមី​លោក​ស្រី រួច​ផុត​ការ​ចោទ​ប្រកាន់ និង​ទទួល​បាន​យុត្តិធម៌​ឡើង​វិញ៖ « កណ្ដោចកណ្ដែង​ណាស់​ពូ ! ធ្លាប់​តែ​រាល់​ឆ្នាំ​ជួប​គ្រួសារ តែ​ដល់​ពេល​ឥឡូវ​អត់​ជួបជុំ​អ៊ីចឹង ខ្ញុំ​អត់​សប្បាយ​ចិត្ត​ទេ​មាន​ការ​ពិបាក​អ៊ីចឹង ព្រោះ​គាត់ ( ប្តី ) ជួយ​ការងារ​ជា​បង្គោល​មួយ ប៉ុន្តែ​ឥឡូវ​សល់​ខ្ញុំ​ម្នាក់​ឯង​ចិញ្ចឹម​កូន​បី​នាក់​ទៀត »

សកម្មជន​គណបក្ស​ប្រឆាំង​នៅ​​ស្រុក​ព្រះ​ស្ដេច ខេត្ត​ព្រៃវែង លោក ឃុត ច្រឹក ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ខែ​មីនា។ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ករណី​បង្ហោះ​សារ​នៅ​លើ​ ​ហ្វេសប៊ុក​ បំផុស​ព័ត៌មាន​ក្លែងក្លាយ​ធ្វើ​ឲ្យ​មាន​ការ​ជ្រួលច្របល់​ក្នុង​សង្គម។

សាច់ញាតិ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​ ដែល​ម្ដាយ​លោក​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ឆ្នាំង ឱ្យ​អាស៊ី​សេរី​ដឹង​ថា ក្នុង​ទិដ្ឋភាព​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​នេះ ក្រុម​គ្រួសារ​​លោក​រក​ស្នាម​ញញឹម​មិន​ឃើញ​ទេ ដោយ​ម្ដាយ និង​បង​ថ្លៃ កំពុង​ឃុំ​ព្រោះ​រឿង​នយោបាយ។ កូន​ប្រុស​លោកស្រី ជុំ ស៊ីនឿន ស្នើ​ទៅ​រដ្ឋាភិបាល​គិតគូរ​ឡើង​វិញ​ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ម្តាយ និង​បង​ថ្លៃ​របស់​លោក។ ពេល​នេះ​លោក​កំពុង​ព្យាយាម​សម្របសម្រួល ដើម្បី​ស្នើ​សាច់ញាតិ​លោក​អាច​នៅ​ក្រៅ​ឃុំ​បាន៖ « ធម្មតា​គ្រួសារ​យើង​ជុំ​គ្នា​ដល់​ពេល​បុណ្យ​អ៊ីចឹង​ជួបជុំ​តែ​ដល់​ពេល​គាត់ ( ម្ដាយ និង​បង​ថ្លៃ ) អ៊ីចឹង​មាន​បាន​ជួបជុំ​ឯ​ណា នៅ​ផ្ទះ​រៀង​ខ្លួន មើល​សោះកក្រោះ​អាណោចអាធ័ម​ព្រោះ​ក្នុង​គ្រួសារ​ជាប់​ដល់​ទៅ​មនុស្ស​ពីរ​នាក់ »

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពង់ឆ្នាំង លោកស្រី ជុំ ស៊ីនឿន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពេល​ជូន​កូន​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី២២ ខែ​ធ្នូ ដោយ​ចោទ​ប្រកាន់​ថា លោកស្រី​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​នេសាទ។​

មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​លោក សំ សុគង់ ឲ្យ​ដឹង​ថា គិត​មក​ដល់​ថ្ងៃ​ទី១៥ ខែ​មេសា សកម្មជនគណបក្សចំនួន០៨នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន និង​ចោទ​ប្រកាន់ ដែល​ការ​ចាប់​ខ្លួន​គិត​ចាប់​ពី​ខែ​មករា ឆ្នាំ២០២០។ លោក​ថា ពេល​នេះ​ក្រុម​មេធាវី កំពុង​ស្វះស្វែង​តាម​ផ្លូវ​ច្បាប់ ដើម្បី​ឲ្យ​អ្នក​ជាប់ឃុំ​ទាំង​នោះ ទទួល​បាន​សេរីភាព​ឡើង​វិញ៖ « អ្នក​ដែល​ជា​គាត់​ជា​អ្នក​ជាប់​ឃុំ​ចាស់​​មុន​​នឹង​ក្រុម​មេធាវី​ដាក់​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍​សាលា​មិន​ទាន់​បាន​កំណត់​ការ​ជំនុំជម្រះ ហើយ​អ្នក​ដែល​កំពុង​ជាប់​ឃុំ​ថ្មីៗ ក្រុម​មេធាវី​បាន​ដាក់​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន »

លោក សំ សុគង់ ថ្លែង​ថា ខណៈ​ជំងឺ​កូវីដ-១៩ កំពុង​រាតត្បាត ទាំង​សកម្មជន និង​ទាំង​មេធាវី​ពិបាក​ជួប​កូន​ក្ដី​ដោយសារ​ខាង​ពន្ធនាគារ​មាន​ការ​រឹត​បន្តឹង​ការ​ជួបជុំ។

សកម្មជនទាំង៨នាក់នោះ ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​ជំងឺ​កូវីដ-១៩ កំពុង​រាតត្បាត​ជុំវិញ​ពិភព​លោក។ តុលាការ បាន​ចោទ​ប្រកាន់​ពួក​គេ​ដូចៗ គ្នា ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់​ឲ្យ​យោធា​មិន​ស្ដាប់​បញ្ជា និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ ហើយ​បញ្ជូន​ពួក​គេ​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស (ម១-ព្រៃ​ស)។ កាល​ពី​ថ្ងៃ​ទី១៣ ខែ​មេសា សកម្មជន​គណបក្ស​ទី៨ ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ព្រៃវែង​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ជុំ ចាន់ ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ពាក់ព័ន្ធ​នឹង​បទ​ល្មើស ​ រួមគំនិត​ក្បត់ជាតិ​ ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​កុំ​ឱ្យ​យោធា​ស្ដាប់​បង្គាប់។

សង្គម​ស៊ីវិល​យល់​ថា ការ​ចាប់​ខ្លួន​​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ពេល​នេះ គឺ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។