ប្រពន្ធ​​របស់​​សកម្មជន​​បក្ស​​ប្រឆាំង​​ដែល​​កំពុង​​ជាប់​ឃុំ​​ជាង​១​ឆ្នាំ​​ទាមទារ​​ឲ្យ​​ដោះលែង​ប្តី

ដោយ ជាតិ ចំណាន
2021.03.28
ប្រពន្ធ​​របស់​​សកម្មជន​​បក្ស​​ប្រឆាំង​​ដែល​​កំពុង​​ជាប់​ឃុំ​​ជាង​១​ឆ្នាំ​​ទាមទារ​​ឲ្យ​​ដោះលែង​ប្តី ប្រពន្ធ​របស់​​សកម្មជន​​គណបក្ស​សង្គ្រោះជាតិ​​ដែល​​កំពុង​​ជាប់​ឃុំ​​បន្ត​ទទូច​សុំឲ្យ​​រដ្ឋាភិបាល​​លោក ហ៊ុន សែន ​ដោះលែង​ប្តី​របស់​​ពួកគាត់​​ឲ្យ​មាន​សេរីភាព​វិញ ក្រោយការឃុំខ្លួនរយៈពេល១ឆ្នាំ។
រូប៖ គេ​ផ្ដល់​ឱ្យ

សកម្មជនគណបក្ស​ប្រឆាំង​មួយចំនួន​​ត្រូវបាន​​របប​ក្រុង​ភ្នំពេញ​​ចាប់​ឃុំខ្លួន​​ក្នុងពន្ធនា​គារ​​ជាងមួយ​ឆ្នាំហើយ​ ​គិតត្រឹម​ចុងខែ​មីនានេះ ​ប៉ុន្តែ​​តុលាការ​មិន​ទាន់​​រកឃើញ​​កំហុ​ស​​របស់​​ពួកគេ​​​​បែបណា​​នៅឡើយ​ទេ ​ខណៈ​សហគមន៍ជាតិ​ ​និង​អន្តរជាតិ​ចាត់​ទុក​ថា​ ​ជារឿង​​នយោបាយ។

ប្រពន្ធ​ប្រធាន​​ប្រតិបត្តិ​​គណបក្ស​​សង្គ្រោះ​ជាតិ​​នៅ​​ខេត្ត​កំពង់ឆ្នាំង​លោក កែវ ថៃ គឺ​លោកស្រី សំ ចិន្តា ថ្លែងថា ​វាជារឿងអយុត្តិធម៌​បំផុតសម្រាប់ប្ដីរបស់លោកស្រី ​ដែល​អាជ្ញាធររដ្ឋាភិបាល​ចាប់​ឃុំ​ខ្លួន​គាត់​ក្នុង​ពន្ធនាគារ​​ព្រៃស​ ​(ម១) ​ទាំងគ្មានកំហុស​​អស់​រយៈពេល​ ១ឆ្នាំ​ មកហើយ​។ លោកស្រីទទូចស្នើសុំឲ្យ​រដ្ឋាភិបាល​ដោះ​លែង​ប្តីលោក​ស្រី​និង​សកម្ម​ជន​នយោបាយ​ដែល​កំពុងជាប់​ឃុំទាំងអស់​ឲ្យមាន​សេរី​ភាព​ឡើងវិញ៖ «​ចង់​ឲ្យដោះលែងគាត់ព្រោះគាត់អត់ខុសអីទេ ហើយការចាប់ខ្លួនគាត់នេះ ក៏អត់មានដីកាដែរ ឥឡូវនេះ ចាប់គាត់រយៈពេលជាង ១ឆ្នាំ​ ហើយ មិន​​ទាន់​រ​ក​​យុត្តិធម៌ឲ្យ​គាត់ផង។ យកគាត់ទៅឃុំខ្លួននេះអត់មានភស្តុតាងអីផង។ ដោះលែងគាត់សិនទៅ។ គាត់អត់ខុសអីផង យកគាត់ទៅឃុំក្នុងពន្ធនាគារ វា​អយុត្តិធម៌​ហួស​ហេតុ​»

លោកស្រី សំ ចិន្តា ​រៀបរាប់បន្តថា ​ចាប់តាំងពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវបាន​រំលាយ​មក​ ប្តីលោកស្រី ​មិនបានធ្វើ​សកម្មភាព​នយោបាយ​អ្វីឡើយ​ ពោលគឺគាត់​នៅតែផ្ទះ​និង​ធ្វើ​ជាគ្រូបង្រៀន​ភាសាអង់គ្លេសតាម​អ៊នឡាញ​(Online ) ​ប៉ុន្តែនៅព្រឹកថ្ងៃទី២៦​ ខែមីនា​ឆ្នាំ​២០២០ ​ស្រាប់តែ​មានប៉ូលិស​ខេត្តកំពង់​ឆ្នាំង​​​​ជា​ច្រើន​នាក់​ បាន​ឡោមព័ទ្ធ​ចាប់​ប្តី​លោក​ស្រី​ដល់ក្នុង​ផ្ទះ​ហើយ​យកទៅ​ឃុំខ្លួន​តែម្តង។ ប្រពន្ធ​របស់​សកម្មជនបក្ស​ប្រឆាំងរូបនេះត្អូញត្អែថា ​ចាប់តាំង​ពីអាជ្ញាធរ​ចាប់ឃុំខ្លួនប្តី​លោកស្រីមក ​បណ្តាល​ឲ្យ​គួ្រសារលោក​ស្រីជួប​វិបត្តិផ្លូវ​ចិត្ត​ និង​វិបតិ្តសេដ្ឋកិច្ច​ក្នុង​គ្រួសារធ្ងន់ធ្ងរ៖ «តាំងពីអត់ពីគាត់មក ជាធម្មតាទេ ​ត្រូវ​ផ្តល់​ថវិកា​ឲ្យ​គាត់​ចាយ​ក្នុង​ពន្ធនាគារ​ផង​ ហើយ​ក្រុម​គ្រួសារ​នេះ​ផង ហើយ​ប្រាក់​ខែ​គាត់​ គេ​កាត់អស់ទៀត ដូច្នេះអត់មានលុយផ្តល់ឲ្យគាត់ ធ្វើឲ្យគ្រួសារនេះពិបាក។ សុខភាពគាត់នៅក្នុងពន្ធនាគារ ក៏អត់សូវស្រួលដែរ គាត់ឡើងឈាម និងអាស៊ីត។ ឥឡូវខ្ញុំក៏មិនបានសួរសុខទុក្ខគាត់ជាងមួយខែហើយ។ យើងមិនដឹងថា គាត់ខុសអីរឿងអី ស្រាប់តែយកគាត់ទៅឃុំខ្លួន។ នេះប៉ះលើគ្រួសារខ្ញុំ ចុះបើប៉ះលើគ្រួសារអស់លោកវិញ តើមានផលវិបាកម៉េចដែរ»

មិនខុសគ្នា​ប៉ុន្មានឡើយ​ ប្រពន្ធរបស់​សកម្មជនបក្សប្រឆាំង​នៅខេត្តស្វាយរៀងលោក យឹម សារ៉េត ​គឺ​លោកស្រី អ៊ុក ចន្ធី ​ រៀបរាប់ថា ​ការចាប់ឃុំខ្លួនប្តី​លោកស្រី ​នៅក្នុង​ពន្ធនាគារ​ទាំងគ្មានកំហុស​ជាង ១ឆ្នាំ មកនេះ ​ធ្វើឲ្យគ្រួសារ​លោកស្រីទទួល​រង​ការ​ឈឺចាប់​ហួសប្រមាណ។ លោកស្រីបន្តថា ​ជាង ១ឆ្នាំ មក​ហើយ​តុលាការ ​មិន​​ទាន់​​​រក​ឃើញ​ទោស​​កំហុស​​របស់​គាត់នៅឡើយ ​ដូច្នេះរដ្ឋាភិបាល ​និងតុលាការ ​គួរតែ​ប្រគល់​សេរីភាព​ជូនគាត់ឡើងវិញ ​មិនគួរ​ពន្យាពេលឃុំខ្លួនបន្ត​ទៀត​នោះទេ៖ «ការឈឺចាប់នេះហួសថ្លែង គាត់​ក៏​ឈឺចាប់​ យើង​ជា​គ្រួសារ​នេះ​ក៏ឈឺចាប់។ ឈឺចាប់​ដោយ​សារ​គិត​ថា ប្តី​មិន​បាន​ធ្វើ​អ្វី​ខុស​គេ​ចាប់​យក​ទៅ​ឃុំខ្លួន​ប៉ះពាល់​ទាំងសុខភាព ​ប៉ះពាល់​ទាំង​ជីវភាព​ សព្វបែប​សព្វយ៉ាង​ទាំងអស់​ ជំពាក់​បំណុល​ធនាគារ​ផង ឥឡូវ​នេះ​មិន​ដឹង​រក​អីសង​គេវិញ។ ដីស្រែ​អី​យើង​បញ្ចាំ​អស់​ហើយ។ ​ឥឡូវនេះ ​មានតែ​​សំណូមពរ​ហើយ​សំណូមពរ​ទៀត សូមដោះលែង​គាត់​មក​វិញ​មក ​១ឆ្នាំ ​ហើយយកគាត់ទៅឃុំខ្លួននេះ គ្មានបានប្រយោជន៍អីទេ»

CNRP_wife_call_for_release_28_03_2021_02.jpg
ប្រពន្ធរបស់​សកម្មជន​គណបក្សសង្គ្រោះជាតិ​ ដែល​កំពុង​ជាប់ឃុំ​ ​បន្តទទូចសុំឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ​ដោះលែងប្តីរបស់​ពួកគាត់​ឲ្យមានសេរីភាពវិញនៅចំពេលការឃុំខ្លួនរយៈពេល១ឆ្នាំ។

លោក​ កែវ ថៃ ​និង​លោក យឹម សារ៉េត ​គឺស្ថិត​ក្នុងចំណោម​សកម្មជនគណបក្ស​សង្គ្រោះជាតិ​ជាច្រើន​នាក់ទៀត ​ដែល​ត្រូវបាន​អាជ្ញាធរ​របបក្រុងភ្នំពេញ ​ចាប់ខ្លួន​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់​​កាលពីដើម​ឆ្នាំ២០២០។ តុលាការបានចោទប្រកាន់​ពួកគេដូចៗគ្នា ​គឺពីបទរួមគំនិតក្បត់ ​ញុះញង់​ឲ្យយោធិន​មិន​ស្តាប់បង្គាប់ ​និងញុះញង់ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋជាអាទិ៍ ​ហើយ​ដាក់ឃុំ​ខ្លួនក្នុង​ពន្ធនាគាព្រៃស ​(ម១-ព្រៃស)។ សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ធ្លាប់​បានបើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​របស់​សកម្មជនបក្ស​ប្រឆាំង​ទាំងនេះ​ដែរ ​កាលពីដើមឆ្នាំ​២០២១​នេះ ​​ប៉ុន្តែ​លើកពេល​ទៅវិញក្រោម​ហេតុ​ផលនៃ​ការរាតត្បាត​ជំងឺកូវីដ-១៩។

ទាក់ទងករណីនេះ ​អាស៊ីសេរី ​មិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល​លោក ផៃ ស៊ីផា​ និងអ្នកនាំ​ពាក្យក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន បាននោះ​ទេ ដោយ​ទូរស័ព្ទ​ចូលពុំ​មានអ្នកទទួល។

នាយករង​ទទួលបន្ទុក​ផ្នែកឃ្លាំមើល​ និង​ការពារសិទ្ធិមនុស្ស​នៃអង្គកាលីកាដូ​ (LICA​DHO) ​លោក ​អំ សំអាត ​មានប្រសាសន៍ថា ​តុលាការ​មិនគួរ​ពន្យាពេល​ឃុំខ្លួន​សកម្ម​ជន​នយោ​បាយ​ទាំងនេះទៀតនោះទេ ​ព្រោះការឃុំខ្លួននេះ​​បាន​បណ្តាល​ឱ្យសហគមន៍​ជាតិ​និងអន្តរជាតិ​ ​ជាពិសេស​អង្គការសហប្រជាជាតិរិះគន់ថា ​ជាការ​ធ្វើទុក្ខបុកម្នេញ​លើសកម្មជន​បក្សប្រឆាំង​ទាំងបំពានច្បាប់៖ «ករណីនេះ ខ្ញុំយល់ថា ទី១ គួរតែអនុវត្តតាមនីតិវិធីឲ្យបានលឿន កុំ​ឲ្យ​មាន​ការ​ពន្យាពេល​ក្នុង​ការ​ឃុំខ្លួន​ ដែល​វាអាច​ជារឿង​ខុស​ច្បាប់។ ទី២​​ បើរក​ទៅ​មិន​ឃើញ​មាន​កំហុស​ដូចការ​ចោទ​ប្រកាន់​ទេ​ គួរតែ​ដោះលែង​អ្នកទាំង​អស់នេះ​ឲ្យ​មាន​សេរីភាព ឬ​មួយ​ក៏ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អា​សន្ន​​ ដើម្បី​​ឲ្យ​គាត់​មាន​សេរីភាព ​ដោយសារទី​១​ វ័យ ​ទី២ ​ស្ថានភាព​ជំងឺកូវីដ»

កាល​ពី​ថ្ងៃទី១១ ខែមីនា សភាអឺរ៉ុបបាន​អនុម័ត​សេចក្តីសម្រេចចំនួន​ ២៥ចំណុច ថ្កោល​ទោស​អំពើ​រំលោភសិទ្ធិមនុស្ស និង​ការ​ធ្លាក់​ចុះដុនដាប​នៃលទ្ធិ​​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ នៅក្នុងនោះ ​សហភាពអឺរ៉ុប​ ក៏ទា​មទារឱ្យ​​​អាជ្ញាធរ​​កម្ពុជា ​​លុប​ចោល​​​សាល​ក្រម​ផ្តន្ទាទោស​​មន្ត្រី​​ជាន់ខ្ពស់​​បក្ស​ប្រឆាំង​​ ​ដោះលែង​​ និង​​ទម្លាក់​ចោល​​បទចោទ​​ប្រឆាំង​នឹង​​សកម្មជន​​គណបក្ស​​សង្គ្រោះជាតិ​​ជាបន្ទាន់​​ និង​​ដោយ​​ឥត​លក្ខ​ខណ្ឌ​ ព្រមទាំង​​ទាម​ទារ​​ឲ្យ​​គណបក្ស​​សង្គ្រោះជាតិ​​រស់​​ឡើង​វិញ​​ផងដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។